បក្ស​ប្រឆាំង និង​ពលរដ្ឋ​រិះគន់​ចំពោះ​ការ​ដំឡើង​តំណែង​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី

ដោយ សេក បណ្ឌិត
2024.02.17
បក្ស​ប្រឆាំង និង​ពលរដ្ឋ​រិះគន់​ចំពោះ​ការ​ដំឡើង​តំណែង​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​លោក ហ៊ុន ម៉ានី ប្អូនប្រុសពៅរបស់លោក ដែលទើបត្រូវបានស្នើជាឧបនាយករដ្ឋមន្ត្រី។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ានី

គណបក្សប្រឆាំង​អ្នកវិភាគ និង​ពលរដ្ឋ​មួយ​ចំនួន​រិះគន់​ចំពោះ​គម្រោង​ដំឡើង​តំណែង​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី។

ពួកគាត់​ថា នាយករដ្ឋមន្ត្រី ជា​បង​ដំឡើង​តំណែង​ឲ្យ​ប្អូន​ខ្លួនឯង​យ៉ាងដូច​ច្នេះ គឺ​ឆ្លុះបញ្ចាំង​ពី​ការ​ដឹកនាំ​បែប​បក្ខពួក​និយម និង​ពង្រឹង​អំណាច​ក្រុម​គ្រួសារ​និយម ដែល​នាំ​ឲ្យ​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ក្នុង​សង្គម។

មន្ត្រី​គណបក្សប្រឆាំង និង​អ្នកវិភាគ​នយោបាយ​មើល​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត ចង់​ដំឡើង​តំណែង​ឲ្យ​ប្អូន​គឺ​លោក ហ៊ុន ម៉ានី ឲ្យ​ទៅ​កាន់​ដំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​នៅ​ពេល​នេះ គឺ​អាច​ជា​ការ​ដោះស្រាយ វិបត្តិ​ធំៗ​មួយ​ចំនួន​ដែល​កំពុង​កើត​មាន​ឡើង​ក្នុង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន និង​ទំនាស់​ផល​ប្រយោជន៍​ផ្ទៃក្នុង​បក្ស​កាន់​អំណាច។

អតីត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន មើល​ឃើញ​ថា ក្រៅ​ពី​នេះ​ទៀត​ការ​ដំឡើង​តំណែង​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី នៅ​ពេល​នេះ​ក៏​ជា​សេនារីយោ​មួយ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ក្នុង​ការ​បន្ត​អំណាច​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ​បក្ខពួក​និយម​ដើម្បី​ពង្រឹង​អំណាច​ក្រុម​គ្រួសារនិយម​ឲ្យ​មាន​សុវត្ថិភាព។

លោក​បន្ត​ថា ការ​ធ្វើ​បែប​នេះ នាំ​ឲ្យ​រដ្ឋាភិបាល​ថ្មី បន្ត​ពី​ឪពុក​មក​កូន ក្លាយជា​រដ្ឋាភិបាល​មាន​ក្បាល​ធំ​ចម្លែក​ជាងគេ​នៅ​លើ​ពិភពលោក និង​ជា​ការ​ផ្ទេរអំណាច​តពូជ។

លោក អ៊ំ សំអាន៖ «រដ្ឋាភិបាល​ក្បាល​ធំ​អ៊ីចឹង​មិនមែន​ចិញ្ចឹម​ប្រជាពលរដ្ឋ​ទេ​គឺ​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ចិញ្ចឹម​រដ្ឋាភិបាល​ហ្នឹង​តាមរយៈ​ការ​ចាប់​ជំរិត​ប្រជាពលរដ្ឋ​ឲ្យ​បង់ពន្ធ​ចូល​រដ្ឋ និង​នាំ​ឲ្យ​មាន​អំពើពុករលួយ​បក្ខពួក​និយម គ្រួសារ​និយម រំលោភ​អំណាច មាន​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ចុះ​ខ្សោយ​នីតិរដ្ឋ​និង​អភិបាលកិច្ច​ល្អ​...»

រដ្ឋសភា​នឹង​បោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​លើ​ការ​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​ស្របតាម​ស្នើ​របស់ លោក ហ៊ុន ម៉ាណែត។

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន​មាន​ឧបនាយករដ្ឋមន្ត្រី​ចំនួន​១០​នាក់ និង​ទេសរដ្ឋមន្ត្រី​២១​នាក់ ដូច្នេះ​ប្រសិន​បើ​តែងតាំង​លោក ហ៊ុន ម៉ានី ម្នាក់ទៀត នឹង​ឡើង​ដល់​ចំនួន ១១​នាក់ ហើយ​ទេសរដ្ឋមន្ត្រី​នឹង​មាន​ចំនួន​ដល់​ទៅ ២៣​នាក់ និង​រដ្ឋមន្ត្រី មាន​៣០​នាក់។ ដូច្នេះ​បើ​គិត​សរុប​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ចាប់​ពី​អនុរដ្ឋលេខាធិការ រហូត​ដល់​នាយករដ្ឋមន្ត្រី មាន​ចំនួន ប្រហែល ១​ពាន់​៦ រយ​នាក់ (,៦០០​នាក់)

ចំណែក​ប្រជាពលរដ្ឋ និង​យុវជន​មួយចំនួន​វិញ​ក៏​មើលឃើញ​ស្រដៀង​គ្នា​នេះ​ដែរ។ ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ កញ្ញា រឿយ ស៊ីន ចាត់ទុក​ការ​តែងតាំង លោក ហ៊ុន ម៉ានី នេះ​គឺជា​ការ​ពង្រឹង​អំណាច​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​ឡើយ។

កញ្ញា រឿយ ស៊ីន៖ «ខ្ញុំ​មើល​ឃើញ​ថា គាត់​តែងតាំង​គឺជា​ការតែងតាំង​បន្ត​ពូជ​មិនមែន​បន្តវេន បើ​ដូច​ថា យុវជន​គឺ​បន្តវេន​ទៅ​ដូចជា​ទំពាំង​ស្នងឫស្សី ដើម្បី​ប្រទេសជាតិ ប៉ុន្តែ​គ្រួសារ​ត្រកូល​ហ៊ុន​នេះ គឺ​គាត់​ធ្វើ​របៀប​បន្ត​ពូជ ដើម្បី​តែ​ក្រុម​គ្រួសារ​របស់​គាត់ គាត់​មិនដែល​ជួយ​ប្រជាពលរដ្ឋ​យើង​ឱ្យ​មាន​សិទ្ធិ​សេរីភាព​មាន​តែ​ការ​គាបសង្កត់»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា ការ​តែងតាំង​លោក ហ៊ុន ម៉ានី នេះ​គឺ​ស្របតាម​ស្មារតី​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ជាប់ឆ្នោត។

លោក សុខ ឥសាន៖ «គ្រួសារនិយម​គ្រួសារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្នា គ្រួសារ​ទេវតា​អាហ្នឹង​វា​អ៊ីចឹង វា​ជា​និន្នាការ​គណបក្ស​ណាក៏ដោយ កាលណា​ឈ្នះ​ឆ្នោត​មិន​អាច​យក​មន្ត្រី​គណបក្ស​ផ្សេង​យក​មក​តែងតាំង​ទេ គឺ​គណបក្ស​ណា​ឈ្នះ​ឆ្នោត​គឺ​គណបក្ស​នោះ​យក​មន្ត្រី​របស់​ខ្លួន​មក​តែងតាំង​ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា មាន​នីតិវិធី​ធ្វើ​ត្រឹមត្រូវ»

រីឯ​អ្នកវិភាគ​សង្គម និង​នយោបាយ លោក គឹម សុខ វិញ មើល​ឃើញ​ថា ការ​តែងតាំង​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​ពេល​នេះ បង្ហាញ​ថា លោក ហ៊ុន ម៉ា ណែត លែង​ទុក​ទុក្ខចិត្ត​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួ​រដ្ឋាភិបាល​មួយ​ចំនួន​ធំ ក្នុង​ផែនការ​ទ្រទ្រង់​អំណាច​ត្រកូល​ហ៊ុន​ឲ្យ​រឹងមាំ​យូរ​អង្វែង ដូច្នេះ​ការ​តែងតាំង លោក ហ៊ុន ម៉ានី នេះ​គឺ​ជា​ការ​ពង្រឹង​វិស័យ​អំណាច​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ា ណែត ដោយ​គេ​ប្រើ​យុទ្ធសាស្ត្រ​រុញ លោក ហ៊ុន ម៉ានី ឲ្យ​មាន​អំណាច​កៀក​នឹង​នាយករដ្ឋមន្ត្រី ហើយ​ដើរតួ​ជា​សំណាញ់​ក្រសោប​អំណាច​ប្រកប​ដោយ​សុវត្ថិភាព និង​ជា​ខែល​សម្រាប់​បង្ក្រាប​កុំ​ឲ្យ​មាន​ចរន្ត​បះបោរ​ផ្ទៃក្នុង​បក្ស។

លោក គឹម សុខ៖ «ពីព្រោះ​អី​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​វា​សំខាន់​ជាងគេ ករណី​រដ្ឋាភិបាល​មាន​ភាព​ច្របូកច្របល់​យ៉ាងណា គឺ​អា​ផ្ទៃក្នុង​ស៊ីវិល​វា​នឹង​ផ្ទុះ​មុន​គេ មុន​កងទ័ព​ទៅទៀត អ៊ីចឹង​ហើយ​បានជា​ឲ្យ ហ៊ុន ម៉ានី ពង្រឹង​ការ​ត្រួតពិនិត្យ​ផ្ទៃ​ក្នុង​ហ្នឹង និង​មាន​អំណាច​ស្នូល​ប្រហាក់ប្រហែល​នាយករដ្ឋមន្ត្រី ក្នុង​ការ​គ្រប់គ្រង​ត្រួតពិនិត្យ​គ្រប់​ស្ថាប័នរដ្ឋ​ទាំងអស់»

ក្រៅពី​ត្រៀម​តែងតាំង លោក ហ៊ុន ម៉ានី ឱ្យ​ឡើង​ជា​ឧបនាយករដ្ឋមន្ត្រី​នោះ កន្លង​ទៅ​លោក ហ៊ុន ម៉ាណែត ក៏បាន​តែងតាំង​លោក នេត សាវឿន ដែល​ត្រូវជា​បងថ្លៃ​ជីដូនមួយ​របស់​លោក​ឡើ​ង​ជា​ឧបនាយករដ្ឋមន្ត្រី និង​ទទួលបន្ទុក​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី នៅ​ពេល​អវត្តមាន​របស់​លោក​ដែរ ខណៈ​ឪពុកក្មេក​របស់​លោក គឺ​លោក ពេជ សោភ័ន តែងតាំង​ជា​ទេសរដ្ឋមន្ត្រី ។ ចំណែក លោក ហ៊ុន សែន ដែល​ជា​ឪពុក​បង្កើត ក៏​នឹង​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា ហើយ​ទទួល​ភារកិច្ច​ប្រមុខ​រដ្ឋ​ស្ដីទី។ នេះ​នៅ​មិនទាន់​គិតដល់​បងប្អូន បង​បង្កើត និង​បងប្អូន​សាច់ថ្លៃ​ជាច្រើន​នាក់​ទៀត ព្រមទាំង​សាច់ញាតិ ជិត​ឆ្ងាយ​របស់ លោក ហ៊ុន ម៉ាណែត ដែល​កំពុង​កាន់​តួនាទី​សំខាន់ៗ​នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ​ទាំង​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ ព្រមទាំង​ក្ដោបក្ដាប់​សេដ្ឋកិច្ច​ស្រុក​ខ្មែរ​ទាំងមូល​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
អ្នកវិភាគ​ថា​លោក ហ៊ុន សែន កំពុង​ប្រើ​ល្បិច​កម្ទេច​អ្នក​ប្រជាធិបតេយ្យ ដោយ​ការ​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។