ស្ថាប័ន​​​ស្រាវជ្រាវ​​យុទ្ធសាស្ត្រ​អាមេរិក​ថា ការ​​បូម​ខ្សាច់​​ស្ដារ​​ជម្រៅ​​ទឹក​​នៅ​​មូលដ្ឋាន​​ទ័ព​រាម​ បម្រើ​​ប្រយោជន៍​​កម្ពុជា​​-​​ចិន​

ដោយ ទីន ហ្សាការីយ៉ា
2022.01.23
Share on WhatsApp
Share on WhatsApp
ស្ថាប័ន​​​ស្រាវជ្រាវ​​យុទ្ធសាស្ត្រ​អាមេរិក​ថា ការ​​បូម​ខ្សាច់​​ស្ដារ​​ជម្រៅ​​ទឹក​​នៅ​​មូលដ្ឋាន​​ទ័ព​រាម​ បម្រើ​​ប្រយោជន៍​​កម្ពុជា​​-​​ចិន​ រូបភាពពីផ្កាយរណបបង្ហាញពីសកម្មភាពរបស់​​​ម៉ាស៊ីន​ចាប់​​ខ្សាច់​ខ្នាត​ធំ​ពីរគ្រឿង​​អម​ដោយ​​ស្រឡាង​ដឹក​ខ្សាច់​មួយ​​ចំនួន​នៅ​ក្បែរ​ឆ្នេរ​នៃ​​មូល​ដ្ឋាន​​ទ័ព​ជើង​ទឹករាម កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។
រូប៖ CSIS/AMTI

ការ​អភិវឌ្ឍ​មូល​ដ្ឋាន​​​ទ័ព​​ជើង​ទឹក​​រាម​ ទី​ដែល​ត្រូវ​​បាន​​គេ​​សង្ស័យ​អំពី​​វត្ត​មាន​កង​ទ័ព​ចិន​​នោះ បាន​​ឈាន​មួយ​​កម្រិត​​ទៀត​ហើយ។ របាយការណ៍​​ចុង​ក្រោយបង្ហាញ​​​ពី​​​ម៉ាស៊ីន​បូម​ខ្សាច់ ឬ​ចាប់​ខ្សាច់ (Sand Dredger) និង​ស្រឡាង​ដឹក​ខ្សាច់មួយ​​ចំនួន​​កំពុង​​មាន​សកម្មភាព​ឥត​ឈប់​ឈរ​​នៅ​ទី​នោះ។ អ្នក​​ស្រាវ​​ជ្រាវ​​​ផ្នែក​​​ភូមិ​​សាស្ត្រ​​ន​យោ​បាយ​ថា បើ​រដ្ឋា​ភិបាល​មិន​បង្ហាញ​ព័ត៌​មាន​​ច្បាស់​លាស់ និង​តម្លាភាព​នោះ​ទេ ភាព​សម្រូង​ចម្រាស និង​មន្ទិល​សង្ស័យ​នៅតែ​បន្ត​កើត​មាន​តទៅ​ទៀត។

សកម្មភាព​​ថ្មី​​ចុង​ក្រោយ​​នៃ​​ការ​​អភិវឌ្ឍ​មូល​ដ្ឋាន​​ទ័ព​​ជើង​ទឹក​រាម​​នោះ គឺ​​ការ​​បូមខ្សាច់​នៅ​​សមុទ្រ ដែល​​ទំនង​​ជា​​ការ​ស្ដារ​ទី​តាំង​នោះ​​ឱ្យ​​កាន់​តែ​ជ្រៅ ដើម្បី​​អនុញ្ញាត​ឱ្យ​​នាវា​ចម្បាំង​​ខ្នាត​ធំ​​អាច​​ចូល​​ចត​​បាន។

គម្រោង​គំនិត​ផ្តួចផ្តើម​តម្លាភាព​លំហ​សមុទ្រ​អាស៊ី (Asia Maritime Transparency Initiative- AMTI) នៃ​​មជ្ឈមណ្ឌល​សិក្សា​អន្តរ​ជាតិ និង​​យុទ្ធសាស្ត្រ (CSIS) ដែល​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​​ចេញ​ផ្សាយ​​របាយការណ៍​​សង្ខេប​មួយ​កាល​ពី​ថ្ងៃ២១ ខែមករា​ថា មាន​​ម៉ាស៊ីន​ចាប់​​ខ្សាច់​ខ្នាត​ធំ​ពីរគ្រឿង​​អម​ដោយ​​ស្រឡាង​ដឹក​ខ្សាច់​មួយ​​ចំនួន​នៅ​ក្បែរ​ឆ្នេរ​នៃ​​មូល​ដ្ឋាន​​ទ័ព​ជើង​ទឹករាម។ ប្រភព​ដដែល​​ឱ្យ​ដឹង​​ថា បើ​​តាម​​រូប​ភាព​​ពី​ប្រព័ន្ធ​ផ្កាយ​​រណប​កាល​ពី​ថ្ងៃទី១៦ ខែមករា ម៉ាស៊ីន​ចាប់​​ខ្សាច់​ខ្នាត​ធំ​ទាំង​ពីរ​គ្រឿង​នោះ​បាន​​ទៅ​ដល់​ទី​តាំង​នោះ ចន្លោះពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ មករា និង​​បាន​​ស្ថិត​នៅ​ទី​នោះ​រហូត​មក។ ក្រៅ​ពី​តាម​រយៈ​ផ្កាយ​រណប គេ​​ក៏​​អាច​​មើល​​ឃើញ​​រូប​ភាព​ម៉ាស៊ីន​ចាប់​​ខ្សាច់​នោះ នៅ​ក្នុង​រូបថត​​ដែល​​​​​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិលោក ទៀ បាញ់ បាន​​បង្ហោះ​លើ​ហ្វេស​ប៊ុក​​កាល​​ពីថ្ងៃទី១៩ ខែមករា ផង​ដែរ។

របាយ​ការណ៍​​ដដែល​បន្ត​ថា គេ​​មិន​​ដឹង​ច្បាស់​​ពី​​វិសាល​ភាព​​នៃ​​ការ​​បូម​ខ្សាច់​ដែល​បាន​​គ្រោង​​ទុក​នោះ​ទេ ប៉ុន្តែ​នេះ​ជា​ការ​​អភិវឌ្ឍដ៏​​សំខាន់​​មួយ​​ក្នុង​​ការ​​ពង្រីក​​សមត្ថភាព​មូល​ដ្ឋាន​​ទ័ព​ជើង​ទឹក​​រាម។ មជ្ឈម​ណ្ឌល​សិក្សា​​អន្តរ​ជាតិ និង​​យុទ្ធ​សាស្ត្រ​ពន្យល់​ថា ទឹក​​រាក់​នៅ​មូល​ដ្ឋាន​​ទ័ព​រាម​​នា​ពេល​​បច្ចុប្បន្ន​នេះ អាច​ទទួល​​សំចត​បាន​​តែ​នាវា​ល្បាត​ខ្នាត​តូច​​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ កំពង់​ផែ​ទឹក​ជ្រៅ​នឹង​កាន់​តែ​មាន​​ប្រយោជន៍​​ដល់​​កងទ័ព​ជើង​ទឹក​​កម្ពុជា និង​​ចិន។ ស្ថាប័ន​​ដដែល​​សង្កត់​ធ្ងន់​ថា ​ការ​ស្ដារ​កំពង់​ផែ​ឱ្យ​​កាន់​​តែ​​ជ្រៅ​ចាំបាច់​​សម្រាប់​​ការ​​ចូល​​ចត​នាវា​ចម្បាំង​ខ្នាត​ធំ និង​​ជា​​ផ្នែក​​មួយ​​នៃ​​កិច្ច​ព្រមព្រៀង​​សម្ងាត់​​រវាង​​រដ្ឋា​ភិបាល​​កម្ពុជា និង​​ចិន ដែល​​ត្រូវ​បាន​​លើក​​ឡើង​​ក្នុង​​របាយ​ការណ៍​​កាល​​ពី​​ឆ្នាំ ២០១៩។

មជ្ឈមណ្ឌល​សិក្សា​​អន្តរ​ជាតិ និង​យុទ្ធ​សាស្ត្រ​​វាយ​​តម្លៃ​ថា សកម្មភាព​បូម​​ខ្សាច់ថ្មីៗ​នេះ បូក​រួម​​ទាំង​ការ​​ឈូស​ឆាយ​ដី និង​​ការ​វាយ​កម្ទេច​​សំណង់​​មួយ​​ចំនួន​ផងនោះ ស្ដែង​​ឱ្យ​​ឃើញ​ថា មូល​ដ្ឋាន​​ទ័ព​រាម​​កំពុង​​ត្រូវ​​បាន​​រៀបចំ​សម្រាប់​ការ​អភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​​សំខាន់។​

វិទ្យុអាស៊ី​សេរី​មិន​អាច​ទាក់​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​លោក ផៃ ស៊ីផាន និង​មេបញ្ជាការ​កង​ទ័ព​ជើង​ទឹក​លោក ទៀ វិញ រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិលោក ទៀ បាញ់ ដើម្បី​បក​ស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២២ ខែ​មករា ដោយ​ទូរ​ស័ព​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

កន្លង​មក​រដ្ឋាភិបាល​​កម្ពុជា តែង​​បដិសេធ​​អំពី​​មូល​ដ្ឋាន​ទ័ព​​ចិន​​នៅ​​កម្ពុជា ដោយ​សំអាង​​ហេតុ​ផល​​ថា រដ្ឋ​ធម្មនុញ្ញ​​កម្ពុជា​​មិន​​អនុញ្ញាត​​ឱ្យ​​មាន​​មូល​ដ្ឋាន​ទ័ព​​បរទេស​នៅ​​លើ​​ទឹក​ដី​​កម្ពុជា​​នោះ​​ឡើយ​។ ប៉ុន្តែ​រដ្ឋ​មន្ត្រី​​ក្រសួង​​ការពារ​ជាតិ​​កម្ពុជា លោក ទៀ បាញ់ ធ្លាប់​​បាន​​ទទួល​​ស្គាល់​​ថា ប្រទេស​​ចិន​​ពិត​ជា​​បាន​​ផ្តល់​​ថវិកា​​សម្រាប់​ការ​សាង​សង់​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​នៅ​ក្នុង​​មូល​​ដ្ឋាន​ទ័ព​​រាម​​ប្រាក​ដ​មែន។ យ៉ាងណា​ក្តី​​លោក​​អះ​អាង​ថា​​មិន​មែន​​ជា​​លក្ខ​ខណ្ឌ​​ដែល​​កម្ពុជា ត្រូវ​​អនុញ្ញាត​​ឱ្យ​​ចិន​ដាក់​​កង​ទ័ព​​លើ​​ទឹក​​ដី​​កម្ពុជា​​នោះ​​ទេ។

ជា​មួយ​គ្នា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​​ប្រកាស​​កាល​​ពី​​ខែ​ធ្នូ ឆ្នាំ២០២១​ថា លោក​លែង​​អនុញ្ញាត​​ឱ្យ​មាន​​ដំណើរ​ទស្សន​កិច្ច​​ទៅ​កាន់​​មូល​ដ្ឋាន​​ទ័ព​ជើង​ទឹក​រាម​​តទៅ​ទៀត​ហើយ ហើយ​​ក៏​ហាម​​មន្ត្រី​កម្ពុជា ក្នុ​ង​នោះ​​រួម​​ទាំង​លោក ទៀ បាញ់ ផង ឱ្យ​ឈប់​​និយាយ​​ពី​​រឿង​​មូល​ដ្ឋាន​​ទ័ព​រាម​​នេះ​តទៅ​ទៀត។

សារ​ព័ត៌​មាន​​របស់​​អាមេរិក The Wall Street Journal ចេញ​​ផ្សាយ​​កាល​ពី​​ខែ​​កក្កដា ឆ្នាំ​​២០១៩ ស្រង់​​សម្ដី​​ប្រភព​​ពី​​មន្ត្រី​​អាមេរិក​​មួយ​ចំនួន ដែល​​អះ​អាង​​ថា រដ្ឋាភិបាល​​កម្ពុជា​​និង​​ចិន បាន​​ចុះ​​កិច្ច​​ព្រម​ព្រៀង​​សំងាត់​​មួយ​​អនុញ្ញាត​​ឱ្យ​​ចិន​​ប្រើ​ប្រាស់​មូល​ដ្ឋាន​​កង​ទ័ព​​ជើង​​ទឹក​​រាម​​របស់​​កម្ពុជា​​ក្នុង​​រយៈ​ពេល ៣០​ឆ្នាំ និង​​អាច​​បន្ត​​រយៈពេល ១០ ឆ្នាំ​​ម្តង​​បន្ទាប់​​ពី​​នោះ​។ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​​នេះ ចិន​​អាច​​ដាក់​​កងទ័ព សព្វាវុធ និង​​នាវា​​យោធា​​របស់​​ខ្លួន​​នៅ​​មូល​ដ្ឋាន​​កង​ទ័ព​ជើង​ទឹក​​រាម​​របស់​​កម្ពុជា។

ទាក់​ទង​រឿង​នេះ អ្នក​​ស្រាវ​ជ្រាវ​​​ផ្នែក​​​ភូមិ​​សាស្ត្រ​​​នយោ​​បាយ លោក វណ្ណ ប៊ុនណា លើក​ឡើង​ថា​កម្ពុជា​មាន​សិទ្ធិ​អភិវឌ្ឍ​មូល​ដ្ឋាន​ទ័ព​របស់​ខ្លួន។ ប៉ុន្តែ​លោក​មើលឃើញ​ថា​កម្ពុជា​កំពុង​ក្លាយ​ជា​ទី​តាំង​ប្រកួត​ប្រជែង​ភូមិ​សាស្រ្ត​នយោ​បាយ និងសេដ្ឋ​កិច្ច​របស់​ប្រទេស​មហា​អំណាច ដោយ​សារ​ជំហរ​នយោ​បាយ​ការ​បរទេសលម្អៀង​របស់​រដ្ឋាភិបាល។ លោក​​បន្ត​ថា សហគមន៍​អន្តរ​ជាតិ ជាពិសេស​សហរដ្ឋអាមេរិក​ដាក់​ការ​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គម្រោង​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវ៉ាត​និង​ផ្លូវ(BRI) របស់​ចិន​ដែល​ផ្តោត​លើ​ការ​សាង​សង់​លើ​ហេដ្ឋា​ចរនា​សម្ព័ន្ធ​បម្រើ​ឱ្យ​ផលប្រយោជន៍​ពាណិជ្ជ​កម្ម​តែ​បង្កប់​ចេតនា​នយោ​បាយ​ផ្នែក​យោធា៖ «កម្ពុជា​ធ្វើ​យ៉ាង​មិច​កុំ​ឱ្យ​ទទួល​ការ​រិះគន់​លើ​ការ​អភិវឌ្ឍ​មូលដ្ឋាន​ទ័ព​នៅ​រាម​ហ្នឹង​បាន ទាល់​តែ​កម្ពុជា​ច្បាស់​លាស់​ខ្លួន​ឯង គម្រោង​ហ្នឹង​ជាគម្រោង​បម្រើ​ឱ្យ​កម្ពុជា​មិន​មែន​បម្រើ​ឱ្យ​មហិច្ឆតា​បរទេស​ណា​មួយ​ក្នុង​ការ​ដាក់មូល​ដ្ឋាន​ទ័ព​របស់​ខ្លួន ហើយ​ធ្វើ​រឿង​ហ្នឹង​បាន​ទាល់​តែ​កម្ពុជា​មាន​គោលនយោ​បាយ​ដែល​ទុក​ចិត្ត​បាន​ផ្តោត​សំខាន់​លើ​គោល​នយោ​បាយ​ការ​បរទេស​ចម្រុះពណ៌​ព្យាយាម​ទំនាក់​ទំនង​ជាមួយ​លោក​សេរី​សហរដ្ឋ​អាមេរិក និង​ចិន​ឱ្យ​បាន។ បើ​មិន​បាន​​ស្មើ​​គ្នា​​កុំ​ឱ្យ​តែ​ស្រឡាញ់​តែ​ម្ខាង​ហើយ​ធ្វើ​ម្ខាង​ទៀត​ទាស់​ចិត្ត​ដែល​កម្ពុជា​គួរ​គិត​គូរ​ពិចារ​ណា»។

លោក វណ្ណ ប៊ុនណា បញ្ជាក់​ថា​ដើម្បី​ជៀស​ផុត​ពី​សម្ពាធ​នៃ​ភូមិ​សាស្រ្តនយោ​បាយ​ការ​បរ​ទេស និង​ពឹង​ផ្អែក​លើ​ប្រទេស​មហា​អំណាច​តែ​ម្ខាង កម្ពុជា​ត្រូវប្រកាន់​ជំហរ​រដ្ឋ​អព្យាក្រិត្ស​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ដែល​មិន​អនុញ្ញាត​ឱ្យ​មាន​វត្ត​មាន ឬ​មូល​ដ្ឋាន​យោធា​បរ​ទេស​នៅ​លើ​ទឹក​ដី​កម្ពុជា​ពិត​ប្រាកដ។ លោក​បន្ថែម​ថា​ការបញ្ចាប់​ជម្លោះ​​នយោ​បាយ​ផ្ទៃ​ក្នុង​ទាក់​ទង​ទៅ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ​ក៏​ជា​ដើម​ចម​កំណត់​អំពី​ឯក​រាជ្យ​ភាព​ផ្នែកនយោ​បាយ​របស់​កម្ពុជា​ផង​ដែរ៕

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ទស្សន​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​អាមេរិក
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ទស្សន​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​អាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល