មន្ត្រី​ការបរទេស​អាមេរិក​បន្ត​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ជុំវិញ​វត្តមាន​កងទ័ព​ចិន​នៅ​សមុទ្រ​រាម

2022.05.11
Share on WhatsApp
Share on WhatsApp
មន្ត្រី​ការបរទេស​អាមេរិក​បន្ត​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ជុំវិញ​វត្តមាន​កងទ័ព​ចិន​នៅ​សមុទ្រ​រាម (ឆ្វេង) លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា​ និងអ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) ​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​នៅក្នុងជំនួបទ្វេភាគីនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
រូប៖ Wendy R. Sherman

អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក អ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) បាន​បន្ត​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​របស់​សហរដ្ឋអាមេរិក​ជុំវិញ​វត្តមាន​កងទ័ព​ចិន និង​ការ​សាងសង់​សំណង់​ផ្សេងៗ​ នៅ​ឯ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម។

ការ​លើក​ឡើង​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក អ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា​នៅ​ឯសហរដ្ឋ​អាមេរិក​នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក​ក៍បាន​សរសេរ​ដែរ​ថា នៅ​ក្នុង​ជំនួប​នេះ អ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) បានលើកឡើង​ពី​ការ​ព្រួយ​បារម្ភ​ពាក់ព័ន្ធ​ការ​រឹតត្បិត​សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា ការកាត់​ទោស​លោក កឹម សុខា ការរឹត​បន្តឹង​សកម្មភាព​មេដឹកនាំ​អង្គការ​សង្គមស៊ីវិល និង​ជា​ពិសេស​ការ​ព្រួយ​បារម្ភ​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ខែមិថុនា ដែល​នឹង​ចូលមកដល់ រួមទាំង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ២០២៣​ខាងមុខ​នេះ​ផងដែរ។

ទាក់ទង​បញ្ហា​មីយ៉ាន់ម៉ា​ (Myanmar) វិញអ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) បាន​គាំទ្រ​លោក ប្រាក់ សុខុន ក្នុង​ការ​បំពេញ​តួនាទី​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ានសម្រាប់ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ឬភូមា។ ក៏​ប៉ុន្តែ​អ្នកស្រី​បាន​ជំរុញ​ឱ្យ​កម្ពុជា បំពេញ​តួនាទីឱ្យ​បាន​ពេញលេញ​ទៅតាម​កិច្ចព្រមព្រៀង​៥​ចំណុច​របស់​អាស៊ាន រួមទាំង​ធ្វើ​កិច្ច​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។

ក្រសួងការបរទេស​កម្ពុជា​នៅ​មិន​ទាន់​ឃើញ​ឆ្លើយ​តប​និង​ការ​ព្រួយ​បារម្ភ​របស់​អ្នកស្រី វិនឌី ហ្សឺម៉ាន​ (Wendy Sherman) នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅ​ឯ​សហរដ្ឋ​អាមេរិក​ដោយ​បាន​បដិសេធ​ជា​ថ្មីថាមិន​មាន​កងទ័ព​ចិន​នៅលើ​ទឹកដី​កម្ពុជា​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល