ស្ថានទូតអាមេរិក ចាប់ផ្ដើមកម្មវិធីអបអរទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា ឆ្នាំ២០២២
2022.01.28

ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ បានរៀបចំកម្មវិធីជួបជុំគ្នា ដើម្បីអបអរសាទរនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ហៅកាត់ថា AmCam2022 ដោយមានការទទួលទានម្ហូបអាហារ លេងល្បែងកំសាន្ត និងការប្រគំតន្ត្រីជាដើម។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក មឺហ្វី (Patrick Murph) ថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី២៧ ខែមករាថា សហរដ្ឋអាមេរិកធ្វើការរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងយូរអង្វែង រវាងសហរដ្ឋអាមេរិក និងប្រជាជនកម្ពុជា និងពលរដ្ឋ ក្នុងតំបន់អាស៊ីអាគ្នេយ៍។
សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយប្រទេសកម្ពុជា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន នៅឆ្នាំ២០២២ លើវិស័យអាទិភាពរួមគ្នា ក្នុងនោះការពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងតំបន់ដោយសារជំងឺរាតត្បាតជាសាកល ដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថាននៅតំបន់ទន្លេមេគង្គ វិបត្តិអាកាសធាតុ និងការអភិវឌ្ឍធនធានមនុស្ស។
ស្ថានទូតអាមេរិកកំពុងផ្ដោតលើប្រធានបទចំនួន៤ រួមមាន ការវិនិយោគរបស់អាមេរិក លើវិស័យសុខភាព សុខុមាលភាព និងវិបុលភាពសេដ្ឋកិច្ច និងប្រជាជននៅទូទាំងតំបន់អាស៊ាន។ សហរដ្ឋអាមេរិកគាំទ្រសេចក្ដីប្រាថ្នារបស់ប្រជាជននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការចង់មានអនាគតមួយ ដែលមានលទ្ធិប្រជាធិបតេយ្យ និងវិបុលភាពច្រើន។
លោកឯកអគ្គរដ្ឋទូត ប៉ាទ្រីក មឺហ្វី បន្តថា ទំនាក់ទំនងផ្លូវការរវាងសហរដ្ឋអាមេរិក និងអាស៊ាន មានរយៈពេល ៤៥ឆ្នាំមកហើយ ហើយសហរដ្ឋអាមេរិក នៅតែបន្តភាពជាដៃគូ យ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងឆ្នាំ២០២២ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។