មន្ត្រីកងទ័ពជើងទឹកអាមេរិកជជែកការងារជាមួយកងទ័ពកម្ពុជាពាក់ព័ន្ធបញ្ហាប្រឈមដែនសមុទ្ររួម
2024.12.16

ក្រុមនាវិកនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក (US) កំពុងបំពេញទស្សនកិច្ច និងពិភាក្សាការងារជាមួយកងទ័ពជើងទឹកកម្ពុជាដោយផ្ដោតលើការដោះស្រាយបញ្ហាប្រឈមរួមផ្នែកសន្តិសុខលំហសមុទ្រ បន្ទាប់ពីចូលចតនាវាចម្បាំងឈ្មោះ យូអេសអេស សាវាណាហ៍ (USS Savannah) ឬ LCS 28 នៅកំពង់ផែស្វយ័តក្នុងខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ។ ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិយល់ថា ការចូលចតនាវាចម្បាំងអាមេរិកនៅដែនសមុទ្រកម្ពុជានាពេលនេះ គឺជាយុទ្ធសាស្ត្រដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ដើម្បីកុំឱ្យបន្តផ្ដេកផ្ដួលលើប្រទេសចិន (China) កុម្មុយនិស្តតែម្ខាង។
មេបញ្ជាការ នៃនាវាចម្បាំងសហរដ្ឋអាមេរិក យូអេសអេស សាវាណាហ៍ (USS Savannah) ឬ LCS 28 លោក ដាន ស្លេដស៍ (Dan Sledz) កំពុងដឹកនាំក្រុមនាវិកកងទ័ពជើងទឹកសហរដ្ឋអាមេរិកជាង ១រយនាក់ (១០៣នាក់) បំពេញទស្សនកិច្ចដ៏កម្រនៅកម្ពុជា និងបានចូលចតនាវាចម្បាំងឈ្មោះ យូអេសអេស សាវាណាហ៍ នៅកំពង់ផែស្វយ័តក្នុងខេត្តព្រះសីហនុដែលស្ថិតមិនឆ្ងាយប៉ុន្មានពីមូលដ្ឋានកងទ័ពទឹកជើងទឹករាមកម្ពុជាដែលមានការព្រួយបារម្ភពីវត្តមានយោធាចិន។
ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញឱ្យដឹងតាមទំព័រហ្វេកប៊ុក (Facebook) នៅថ្ងៃទី១៦ ខែធ្នូថា នាវាចម្បាំង ដែលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ គឺជានាវាចម្បាំងការពារតំបន់ឆ្នេរ មានចំណាត់ថ្នាក់ឯករាជ្យ។ អាមេរិកបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមនាវិកនៃកងទ័ពជើងទឹកអាមេរិកនឹងមានកម្មវិធី និងសកម្មភាពមួយចំនួនជាមួយកងយោធពលខេមរភូមិន្ទកម្ពុជា ដើម្បីលើកកម្ពស់ការសម្របសម្រួលគ្នា និងការឆ្លើយតបចំពោះបញ្ហាប្រឈមរួមគ្នា ផ្នែកសន្តិសុខលំហសមុទ្រ រវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ស្ថានទូតអាមេរិកបញ្ជាក់ថា នាវាចម្បាំងឈ្មោះ យូអេសអេស សាវាណាហ៍ ចូលចតនៅកំពង់ផែស្វយ័តនេះ គឺជាប្រភេទនាវាការពារតំបន់ឆ្នេរដែលផ្ដោតលើបេសកកម្ម មានភាពរហ័ស និងងាយបត់បែនសម្រាប់ប្រតិបត្តិការនៅជិតឆ្នេរ ហើយក៏អាចធ្វើប្រតិបត្តិការនៅលើលំហសមុទ្របានដែរ។ នាវាចម្បាំងនេះ នឹងមានវត្តមាននៅកម្ពុជារហូតដល់ថ្ងៃទី២០ ខែធ្នូ។
នេះគឺជាលើកទីមួយហើយដែលនាវាចម្បាំង យូអេសអេស សាវាណាហ៍ ចូលចតក្នុងដែនសមុទ្រកម្ពុជាបន្ទាប់ពីខកខានអស់រយៈពេល ៨ឆ្នាំកន្លងមក ខណៈកម្ពុជារងការចោទប្រកាន់ថា បានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិនកាលពីឆ្នាំ២០១៩ ក្នុងការអនុញ្ញាតឱ្យកងទ័ពចិនតាំងមូលដ្ឋានទ័ពនៅក្នុងកំពង់ផែទ័ពជើងទឹករាម។ ចាប់តាំងពីឆ្នាំ២០០៧ មក កងនាវិកនៃកងទ័ពជើងទឹកអាមេរិកបានចូលចតនាវាចម្បាំងរបស់ខ្លួននៅកម្ពុជាចំនួន ២៧គ្រឿងហើយ រីឯការចូលចតនាវាចម្បាំង យូអេសអេស សាវាណាហ៍ នៅកម្ពុជាលើកនេះ គឺស្ថិតក្នុងបរិបថមួយដែលកម្ពុជាត្រូវបានគេមើលឃើញថា បានអនុញ្ញាតឱ្យចិនបង្ហាញ និងពង្រីកឥទ្ធិពលយោធានៅកម្ពុជា និងក្នុងតំបន់កាន់តែខ្លាំងតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្រសួងការពារជាតិកម្ពុជាចាត់ទុកការចូលចតរបស់នាវាចម្បាំងអាមេរិកនេះ គឺដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ក្រសួងការពារជាតិកម្ពុជាប្រកាសថា មេបញ្ជាការ នៃនាវាចម្បាំងអាមេរិក យូអេសអេស សាវាណាហ៍ (USS Savannah) ឬLCS 28 លោក ដាន ស្លេដស៍ (Dan Sledz) ដែលដឹកនាំក្រុមនាវិកចំនួន ១០៣នាក់ ក៏គ្រោងមានជំនួបទ្វេភាគីជាមួយមេបញ្ជាការដ្ឋានមូលដ្ឋានសមុទ្ររាម និងរៀបចំព្រឹត្តិការណ៍កីឡារវាងក្រុមនាវិកកម្ពុជា និងនាវិករបស់នាវាចម្បាំងអាមេរិក ក្នុងគោលបំណងលើកកម្ពស់ភាពស្និទ្ធស្នាល និងសាមគ្គីភាព។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រី ម៉ាលី សុជាតា ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៦ ខែធ្នូ។
ចំណែក អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍ និងជាសហស្ថាបនិកអង្គការប្រជាធិបតេយ្យខ្មែរ (KDO) លោក សេង វណ្ណលី យល់ថា ការចូលចតនាវាចម្បាំងអាមេរិកនៅកម្ពុជានាពេលនេះ អាចជាការដាក់សម្ពាធបន្ថែមលើរដ្ឋាភិបាលកម្ពុជាដែលអាមេរិកតែងតែបារម្ភអំពីការបង្កើនទំនាក់ទំនងស្អិតល្មួតជាមួយចិនដែលអាចបង្កហានិភ័យដល់សន្តិសុខក្នុងតំបន់។ បន្ថែមពីនេះ លោកថា ក៏អាចជាសារមួយរបស់អាមេរិកបង្ហាញទៅប្រទេសចិនថា រដ្ឋាភិបាលក្រុងភ្នំពេញបច្ចុប្បន្នអាចនឹងមិនស្មោះស្ម័គ្រក្នុងការរឹតចំណងវិស័យការពារជាតិជាមួយចិនតែម្ខាងឡើយ នៅពេលដែលអាមេរិក និងសម្ពន្ធមិត្តនៅតែបន្តដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នជាពិសេសពាក់ព័ន្ធបញ្ហាប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្ស។
លោក សេង វណ្ណលី៖ «ការចុះចតនាវាលើកនេះ អាចជាផ្នែកមួយនៃការធ្វើតេស្ដសាកល្បងសមត្ថភាពកំពង់ផែទឹកជ្រៅកម្ពុជាដែរ លទ្ធភាពដែលថា កម្ពុជាអាចផ្ទុកនាវាប្រភេទទម្ងន់ធ្ងន់បែបនេះកម្រិតណា ហើយក៏អាចនឹងស្វែងរកយល់ពីបញ្ហាផ្សេងៗជុំវិញថា មានការផ្ដល់មូលដ្ឋានកំពង់ផែជើងទឹករាមមួយផ្នែកឱ្យចិនក្ដោបក្ដាប់ផ្ដាច់មុខ អាចជាផ្នែកមួយប្រមែប្រមូលទិន្នន័យពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងយោធារវាងកម្ពុជា និងចិនដែរ»។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ លើកឡើងថា យុទ្ធសាស្ត្ររបស់អាមេរិកពិតជាមានប្រសិទ្ធភាពសម្រាប់ដាក់សម្ពាធលើរដ្ឋាភិបាលត្រកូល ហ៊ុន ដើម្បីស្ដារទំនាក់ទំនងក្នុងវិស័យការពារជាតិ។ លោកយល់ថា ទោះអាមេរិកកំពុងប្រើយុទ្ធសាស្ត្រក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជាលើវិស័យការពារជាតិ ក៏អាមេរិកនឹងមិនទម្លាក់ចោលការដាក់សម្ពាធឱ្យរដ្ឋាភិបាលកម្ពុជាឱ្យគោរពសិទ្ធមនុស្ស និងស្ដារប្រជាធិបតេយ្យឡើងវិញឡើយ។ បន្ថែមពីនេះ លោកថា ការចូលចតនាវាចម្បាំងអាមេរិកនៅកម្ពុជានេះ ក៏ជាសារបញ្ជាក់អំពីការទប់ទល់នឹងឥទ្ធិពលចិននៅកម្ពុជា។
លោក គឹម សុខ៖ «អ្វីដែលអាមេរិកព្យាយាមធ្វើក្នុងការភ្ជាប់ទំនាក់ទំនង ជាមួយរដ្ឋាភិបាលត្រកូល ហ៊ុន ទោះបីជាដឹងថា រដ្ឋាភិបាលត្រកូល ហ៊ុន នៅតែមានទំនាក់ទំនងស្អិតល្មួតក៏ដោយទីមួយ អាមេរិកបារម្ភខ្វល់ខ្វាយមែនទែន ចំពោះឥទ្ធិពលយោធាចិនក្នុងតំបន់។ មានន័យថា ព្យាយាមទប់ទល់នឹងសាច់ដុំយោធាចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌូប៉ាស៊ីហ្វិក។ ទីពីររឿងសន្តិសុខ ក៏មិនអាចផាត់ចោលប្រជាធិបតេយ្យដែរ ពីព្រោះសន្តិសុខកម្ពុជាក៏ត្រូវភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលចែងអំពីអព្យាក្រឹត្យកម្ពុជា និងផ្ដល់អំណាចដល់ប្រជាពលរដ្ឋ»។
ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកត្រូវបានគេមើលឃើញថា មានភាពរកាំរកូស រីឯវិស័យការពារជាតិក្នុងក្របខ័ណ្ឌការរៀបចំធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរវាងកងទ័ពនៃប្រទេសពីរត្រូវបានផ្អាក បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបំផ្លាញប្រជាធិបតេយ្យកាលពីឆ្នាំ២០១៧។ ការបង្ហាញជំហររបស់អាមេរិក និងការសម្រេចបញ្ជូននាវាចម្បាំងរបស់ខ្លួនមកចូលកម្ពុជានៅលើកនេះ ក៏កើតមានក្រោយពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីន (Lloyd Austin) និងមន្ត្រីអាមេរិកគន្លឹះៗផ្សេងទៀតបានជជែកជាមួយរដ្ឋមន្ត្រីការពារជាតិលោក ទៀ សីហា ជាច្រើនលើកច្រើនសា ដើម្បីស្វែងរកឱកាស ស្ដារទំនាក់ទំនងវិស័យការពារឡើងវិញ។ កម្ពុជា និងអាមេរិកបានបញ្ជាក់ជំហរឡើងវិញនូវការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសន្ទនាទៅលើគោលនយោបាយការពារជាតិនៃប្រទេសទាំងពីរ កាលពីខែវិច្ឆិកា។
ភាគីកម្ពុជា និងចិនធ្លាប់បដិសេធជុំវិញការចោទប្រកាន់អំពីវត្តមានយោធាចិននៅមូលដ្ឋានកងទ័ពជើងទឹករាម ប៉ុន្តែមន្ទិលសង្ស័យជុំវិញរឿងនេះនៅតែមាន ហើយអាមេរិកបន្តតាមដានជាបន្តបន្ទាប់ ដោយសារភាគីចិនជាអ្នកជួយរដ្ឋាភិបាលកម្ពុជា ទាំងផ្នែកបច្ចេកទេស និងថវិកា ក្នុងការធ្វើទំនើបកម្មកំពង់ផែកងទ័ពជើងទឹករាម ដែលមានសន្ទុះខ្លាំងក្លានាពេលបច្ចុប្បន្ន៕
អត្ថបទនេះត្រូវបានធ្វើបច្ចុប្បន្នភាព នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយកែតម្រូវឈ្មោះមេបញ្ជាការ នៃនាវាចម្បាំងសហរដ្ឋអាមេរិក យូអេសអេស សាវាណាហ៍ (USS Savannah) ពីលោក សាំ ប៉ាប៉ារ៉ូ (Sam Paparo) មកជា លោក ដាន ស្លេដស៍ (Dan Sledz) វិញ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។