នាវាកងទ័ពជើងទឹកអាមេរិកចាកចេញពីកំពង់ផែកម្ពុជា បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេល ៥ថ្ងៃ
2024.12.22

បន្ទាប់ពីចូលចត និងបំពេញទស្សនកិច្ចរយៈពេល ៥ថ្ងៃ ដោយបានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹក និងថ្នាក់ដឹកនាំកម្ពុជាមក ពេលនេះនាវាចម្បាំងរបស់សហរដ្ឋអាមេរិកឈ្មោះ យូអេសអេស សាវាណាហ៍ (USS Savannah) ឬLCS 28 បានចាកចេញពីកំពង់ផែកម្ពុជាហើយ។ អ្នកឃ្លាំមើលនយោបាយអន្តរជាតិ លើកឡើងថា ដំណើរទស្សនកិច្ចរបស់កងនាវាចម្បាំងសហរដ្ឋអាមេរិក នៅកម្ពុជា គឺផ្ដោតសំខាន់ទៅលើទំនាក់ទំនងផ្នែកសន្តិសុខយោធាក្នុងតំបន់ ប៉ុន្តែមិនអាចធ្វើឱ្យកម្ពុជាបែរខ្នងពីចិនបាននោះទេ។
នាវាចម្បាំងរបស់សហរដ្ឋអាមេរិកឈ្មោះ យូអេសអេស សាវាណាហ៍ (USS Savannah) ឬLCS 28 បានចាកចេញពីកំពង់ផែស្វយ័តក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែធ្នូ ដោយបញ្ចប់ទស្សនកិច្ចលើកដំបូងនៃនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅក្នុងរយៈពេល ៨ ឆ្នាំមកនេះ ដោយមានមន្ត្រីជាន់ខ្ពស់របស់កងនាវិកកម្ពុជា ជាច្រើនរូបបានជូនដំណើរ។
មេបញ្ជាការប្រចាំនៅបញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិក នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោកឧត្ដមនាវី ស៊ែមញូល ផាផារ៉ូ (Samuel J. Paparo) បានដើរពិនិត្យមើលនាវា នៅក្នុងកំពង់ផែ ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងភ្នំពេញ និងនៅក្រុងព្រះសីហនុ។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា ឱ្យដឹងនៅលើទំព័រហ្វេសប៊ុក(Facebook) កាលពីថ្ងៃទី២០ ខែធ្នូ លោក ស៊ែមញូល ផាផារ៉ូ បានមានប្រសាសន៍ថា «ទស្សនកិច្ចរបស់កងនាវិកអាមេរិកនេះ គឺជាព្រឹត្តិការណ៍សំខាន់ នៅក្នុងភាពជាដៃគូដែលលោកអះអាងថា កំពុងចម្រើនឡើងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា»។ ឧត្ដមនាវីអាមេរិករូបនេះ បន្តថា «ភាពជាដៃគូនេះបានចាប់ផ្ដើមឡើង កាលពីជិត ៧៥ ឆ្នាំមុន ហើយជាមួយនឹងការចាប់ផ្ដើមនៃទំនាក់ទំនងនេះ បានបង្ហាញឱ្យឃើញពីចំណងមិត្តភាពយូរអង្វែង រវាងប្រទេសទាំងពីរ នៅក្នុងការបន្តធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ និងលើកកម្ពស់សន្តិសុខ និងស្ថិរភាពក្នុងតំបន់»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី២១ ខែធ្នូ។
ទាក់ទងទៅនឹងរឿងនេះ អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ឃើញថា វត្តមានកងនាវារបស់សហរដ្ឋអាមេរិកនៅកម្ពុជា គឺជាសញ្ញាល្អមួយ នៃការចាប់ផ្ដើមស្ដារតុល្យភាពទំនាក់ទំនងការទូតរបស់កម្ពុជា ជាមួយនឹងប្រទេសមហាអំណាចលោកសេរី និងកុម្មុយនិស្ត។
លោក ឯម សុវណ្ណារ៉ា៖ «ការស្ដារហ្នឹង វាត្រូវការពេលវេលា ទាមទារការយល់គ្នា ការព្រមព្រៀងគ្នារៀបចំធ្វើសមយុទ្ធយោធា ហើយនិងការឆ្លើយតបរបស់កម្ពុជា ពាក់ព័ន្ធនឹងការបើកលំហសិទ្ធិសេរីភាព លំហប្រជាធិបតេយ្យ ដោះលែងអ្នកទោសមនសិការ រឿងហ្នឹងគឺអាស្រ័យលើភាគីកម្ពុជា ជាអ្នកសម្រេច។ ប៉ុន្តែបើយើងមើលពីស្ថានភាពបច្ចុប្បន្ន ហាក់មិនមានភាពធូរស្បើយទេ។ ការចាប់ចងនៅតែមាន អ៊ីចឹងដូចជាមិនទាន់មានទស្សនវិជ្ជមានទេ ជុំវិញការស្ដារទំនាក់ទំនងនេះ»។
នាវាចម្បាំងសហរដ្ឋអាមេរិក ឈ្មោះ យូអេសអេស សាវាណាហ៍ (USS Savannah) ឬLCS 28 បានចូលចតនៅកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដែលនៅក្បែរមូលដ្ឋានកងទ័ពជើងទឹករាម កាលពីថ្ងៃទី១៦ ខែធ្នូ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ។
ឧត្ដមនាវីអាមេរិក លោក ស៊ែមញូល ផាផារ៉ូ បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយបានពិភាក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅរវាង កម្ពុជា និងសហរដ្ឋអាមេរិក។ ក្រៅពីមានជំនួបជាមួយលោក ហ៊ុន ម៉ាណែត ហើយនោះ លោក ស៊ែមញូល ផាផារ៉ូ ក៏បានជួបពិភាក្សាការងារជាមួយអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន ដោយលោក វង្ស ពិសេន បានស្នើឱ្យសហរដ្ឋអាមេរិកពិនិត្យលទ្ធភាពរៀបចំសមយុទ្ធយោធា «ឆ្មាំអង្គរ» រវាងកងទ័ពកម្ពុជា និងសហរដ្ឋអាមេរិកឡើងវិញ បន្ទាប់ពីកម្ពុជាបានលុបចោលដោយខ្លួនឯងរួចមក ហើយងាកទៅធ្វើសមយុទ្ធជាមួយចិនវិញនោះ។
ជុំវិញរឿងនេះ អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ សង្កេតឃើញថា ដំណើរទស្សនកិច្ចរបស់កងនាវាចម្បាំងសហរដ្ឋអាមេរិក នៅកម្ពុជានេះ ផ្ដោតសំខាន់ទៅលើទំនាក់ទំនងផ្នែកសន្តិសុខយោធាក្នុងតំបន់ ប៉ុន្តែមិនអាចធ្វើឱ្យកម្ពុជាបែរខ្នងពីចិនបាននោះទេ ដោយសារមេដឹកនាំកម្ពុជា ត្រូវការឥទ្ធិពលចិនជាចាំបាច់ដើម្បីពង្រឹងអំណាចផ្ទាល់ខ្លួន។
លោក គឹម សុខ៖ «ទោះបីមានទំនាក់ទំនងជាមួយយោធាអាមេរិក ឃើញរូបភាពល្អូកល្អិនបន្តិច នៅរយៈកាលចុងក្រោយនេះក៏ដោយ គឺគ្រាន់តែដើម្បីដោះសម្ពាធខ្លួនឯងខ្លះប៉ុណ្ណោះ។ ក៏ប៉ុន្តែ រដ្ឋាភិបាលត្រកូលហ៊ុនហ្នឹង ក៏មិនអាចងាកខ្លួនចេញពីចិន ដែលជាមិត្តគ្រប់យុទ្ធសាស្ត្ររបស់ខ្លួនដែរ។ ហេតុដូច្នេះ ក្ដីសង្ឃឹមថាដោះលែងអ្នកទោសនយោបាយខ្មែរនៅពេលនេះ គឺមានមិនច្រើនទេ»។
នៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃទី១៨ ខែធ្នូ លោកឧត្ដមនាវីអាមេរិក ស៊ែមញូល ផាផារ៉ូ បានលើកឡើងថា «សហរដ្ឋអាមេរិកកំពុងឃ្លាំមើលឥរិយាបថរបស់ទំនាក់ទំនងនៃកងទ័ពរំដោះប្រជាជនចិន នៅមូលដ្ឋានជើងទឹកសមុទ្ររាមរបស់កម្ពុជា ហើយលោកសង្ឃឹមថា សហរដ្ឋអាមេរិកនឹងអាចចូលទៅទស្សនកិច្ចនៅមូលដ្ឋានមួយនេះ នៅពេលខាងមុខ ដើម្បីកំណត់ឱ្យកាន់តែច្បាស់ពីសកម្មភាពរបស់ចិននៅទីនោះ»។
ទាក់ទងនឹងមូលដ្ឋានទ័ពជើងទឹករាមនេះដែរ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានសន្យាជាមួយទីប្រឹក្សាសន្តិសុខជាតិជប៉ុនលោក អាគីបា តាខេអូ (Akiba Takeo) កាលពីថ្ងៃទី២០ ធ្នូ ថា កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់រួចរាល់ ខណៈជប៉ុនជាប្រទេសសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។