ក្រុម​ស្ត្រី​ភៀសខ្លួន​តស៊ូ​មតិ​តាម​បណ្ដាញ​សង្គម

ដោយ អាស៊ីសេរី
2023.12.03
ក្រុម​ស្ត្រី​ភៀសខ្លួន​តស៊ូ​មតិ​តាម​បណ្ដាញ​សង្គម ក្រុម​ស្ត្រី​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ បាន​រួម​គ្នា​តស៊ូ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក មាន​ឈ្មោះថា គណៈ​ស្ត្រី​ក្លាហាន​។
Screenshot

ក្រុម​ស្ត្រី​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ បាន​រួម​គ្នា​តស៊ូ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក មាន​ឈ្មោះថា គណៈ​ស្ត្រី​ក្លាហាន​។ អ្នក​ការពារ​សិទ្ធិមនុស្ស លើកទឹកចិត្ត​នៃ​ការ​តស៊ូ​មតិ​នេះ និង​ជំរុញ​ឱ្យ​ការប្រើ​សេរីភាព​បញ្ចេញមតិ​នេះ​ដោយ​អហិង្សា។

ស្ត្រី​សកម្មជន​ដីធ្លី សកម្មជន​នយោបាយ ស្ត្រី​ពលករ និង​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម បើ​ទោះ​ជា​ពួកគាត់​រស់នៅ​លើ​ទឹក​ដី​ថៃ ជា​ប្រទេស​ដែល​ពុំ​សូវ​មាន​សុវត្ថិភាព​ក្ដី ប៉ុន្តែ ក្រុម​ស្ត្រី​ទាំងនោះ បាន​រួម​គ្នា​រៀបចំ​ការ​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេសប៊ុក​ជា​ប្រចាំ​ថ្ងៃ ពី​បញ្ហា​សង្គម នយោបាយ បញ្ហា​ស្ត្រី ការរំលោភ​សិទ្ធិ និង​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​កម្ពុជា​ជាដើម។

ការផ្សាយ​ផ្ទាល់​ចេញពី​ទំព័រ​ហ្វេសប៊ុក ដែល​ឈ្មោះថា គណៈ​ស្ត្រី​ក្លាហាន អ្នក​រៀបចំ​ការផ្សាយ និង​អ្នក​ផ្សាយ ភាគច្រើន​ជា​ស្ត្រី ពួកគាត់​ជា​ក្រុមការងារ​ផង ដែល​ប្រធាន​វិល​ជុំ​ផង ដែល​ក្រុមការងារ​នេះ​មាន​គ្នា​ជាង ១០​នាក់។

ស្ត្រី​ភៀសខ្លួន​បញ្ហា​នយោបាយ និង​ជា​សមាជិក​គណៈ​ស្ត្រី​ក្លាហាន លោកស្រី ហុង អាន ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ក្រុម​គណៈ​ស្ត្រី​ក្លាហាន​នេះ មានកំណើត​ដំបូង​នៅ​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៩ ប៉ុន្តែ​ដោយសារ​រដ្ឋាភិបាល​បាន​ចាប់ខ្លួន​សមាជិក​ក្រុម​នេះ​ជា​បន្តបន្ទាប់ ទើប​សមាជិក​ក្រុម​ស្ត្រី​នេះ​មួយចំនួន ភៀសខ្លួន មក​ប្រទេស​ថៃ​។ លោកស្រី​ឱ្យ​ដឹង​ទៀត​ថា មុនដំបូង​ក្រុម​ស្ត្រី​តស៊ូ​មតិ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រៀងៗ​ខ្លួន តែ​ចាប់​ពី​ខែវិច្ឆិកា​មក ក្រុម​ស្ត្រី​បាន​រួម​គ្នា បង្កើត​គណៈ​ស្ត្រី​ក្លាហាន​ដើម្បី​តស៊ូ​មតិ​តាម​បណ្ដាញ​សង្គម។

គណៈ​ស្ត្រី​ក្លាហាន​ដែល​តស៊ូ​មតិ​តាម​បណ្ដាញ​សង្គម​នេះ បង្កើត​ឡើង​ដើម្បី​ធ្វើការងារ​ជា​ក្រុម រៀន​ធ្វើជា​មេដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ និង​ជំរុញ​ឱ្យ​ការ​ផ្សព្វផ្សាយ​ឱ្យ​មាន​ប្រសិទ្ធភាព និង​មិន​ប្រកាន់​បក្ខពួក។

សមាជិក​ក្រុម​នេះ​ម្នាក់ទៀត​លោកស្រី នួន នឿ ជា​សកម្មជន​ដីធ្លី និង​នយោបាយ មកពី​ខេត្ត​បាត់ដំបង​។ លោកស្រី​សម្រេច​ចូលរួម​ការ​បញ្ចេញ​មតិ​ក្នុង​ក្រុម​នេះ ព្រោះ​លោកស្រី​មិន​ពេញ​ចិត្ត​ការ​ដឹកនាំ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែងតែ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង​។ លោកស្រី​រំលឹក​ថា មុន​ពេល​លោកស្រី ភៀសខ្លួន​មក​នៅ​ប្រទេស​ថៃ លោកស្រី​ធ្លាប់​បាន​ចូលរួម​ទាមទារ​បញ្ហា​សង្គម​ច្រើន ដូចជា​ចូលរួម​ស្ត្រី​ថ្ងៃ​សុក្រ និង​សកម្មជន​ដីធ្លី​ជាដើម ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម​។ លោកស្រី​ប្រាប់​ដែរ​ថា នៅពេល​លោកស្រី​ចូលរួម​ការ​ផ្សាយ​នេះ ក៏​មាន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា តាម​ជេរប្រមាថ និង​គំរាម​សម្លាប់ លោកស្រី នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ។

ចំណែក​សមាជិក​ក្រុម​នេះ​ម្នាក់ទៀត​ជា​ស្ត្រី​ខ្មែរក្រោម លោកស្រី គឹម ធីឡឺយ អាយុ​៦១ មកពី​ខេត្ត​ព្រះ​ត្រពាំង ភៀសខ្លួន​មក​ប្រទេស​ថៃ តាំងពី​ឆ្នាំ​២០០៨​ម្ល៉េះ ដោយសារ​អាជ្ញាធរ​វៀតណាម​ធ្វើ​ទុក្ខបុកម្នេញ និង​បំបិទ​សិទ្ធិ​សេរីភាព​។ លោកស្រី​យល់​ថា ដើម្បី​ឱ្យ​ការ​តស៊ូ​មតិ​ទទួល​បាន​ជោគជ័យ ទាល់តែ​មានការ​ព្រួត​ដៃ​សាមគ្គី​គ្នា រវាង​ខ្មែរក្រោម ខ្មែរ​កណ្ដាល​។ លោកស្រី​រំលឹក​ថា លោកស្រី ក៏បាន​លើក​ឡើង​ពី​បញ្ហា​ខ្មែរក្រោម​មក​ជជែក នៅក្នុង​កម្មវិធី​ផ្សាយ​របស់​គេហទំព័រ​គណៈស្ត្រី​ក្លាហាន​។

ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ តែងតែ​ធ្វើ​សកម្មជន​តស៊ូ​មតិ តាម​រូបភាព​ផ្សេងៗ​គ្នា អ្នកខ្លះ​ប្រើប្រាស់​បណ្ដាញ​ដើម្បី​បញ្ចេញមតិ អ្នក​ខ្លះទៀត ប្រមូល​ផ្តុំគ្នា​ទាមទារ​ដើម្បី​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​កម្ពុជា អ្នកខ្លះ​ទៀត​ដាក់​ញត្តិ​ទៅ​អង្គការ​សហប្រជាជាតិ បណ្ដា​ស្ថានទូត​ប្រទេស​សេរី​នានា ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ ដោះស្រាយ​វិបត្តិ​នយោបាយ និង​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ជាដើម។

ទាក់ទង​រឿង​នេះ​ដែរ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា លើកឡើង​ថា ការ​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម​របស់​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ ជា​ការ​អនុវត្ត​សិទ្ធិ​របស់​ក្រុម​ស្ត្រី​ទាំងនោះ​ដែល​ត្រូវ​ការពារ​ដោយ​ច្បាប់​។ លោក​បន្ត​ថា ការ​បញ្ចេញមតិ​របស់​ក្រុម​ស្ត្រី​ទាំងនេះ ក៏​ជា​ឱកាស​ធ្វើ​ឱ្យ​រដ្ឋាភិបាល អាច​ទទួល​ស្ដាប់​នូវ​មតិ​របស់​ក្រុម​ស្ត្រី​មាន​មតិ មិន​ស្រប​នឹង​ទស្សន​របស់​រដ្ឋាភិបាល​។ ទោះ​យ៉ាងណា មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ចង់​ឃើញ ក្រុម​ស្ត្រី​និយាយ​ក្នុង​កម្មវិធី​ផ្សាយ​តាម​បណ្ដាញ​សង្គម​ប្រកបដោយ​វិជ្ជាជីវៈ និង​មិន​បង្ក​ភាព​ហិង្សា​ជាដើម។

ចាប់​តាំង​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​ផ្ដាច់មុខ​កាលពី​ឆ្នាំ​២០១៧ មកដល់​សព្វថ្ងៃ​នេះ អ្នក​នយោបាយ សកម្មជន​សិទ្ធិមនុស្ស អ្នកសារព័ត៌មាន និង​សកម្មជន​ដីធ្លី​ជាដើម បាន​ភៀសខ្លួន​មក​ប្រទេស​ថៃ​ជា​បន្តបន្ទាប់​។ បច្ចុប្បន្ន​មាន​ជនភៀសខ្លួន​ខ្មែរ​ជាង​១២០​នាក់ កំពុង​រស់​នៅ​ប្រទេស​ថៃ ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៃ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
អ្នកឃ្លាំមើល​បារម្ភ​ថា ការ​បន្ត​តែង​តាំង​អ្នក​មាន​ប្រវត្តិ​ជា​ឧក្រិដ្ឋជន ធ្វើ​ជា​ទី​ប្រឹក្សា​លោក ហ៊ុន សែន និង​រដ្ឋាភិបាល ធ្វើ​ឱ្យ​ជាតិ​ខូច​ប្រយោជន៍
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។