អ្នកឃ្លាំមើល​បារម្ភ​ពី​គ្រោះថ្នាក់​ដល់​ជាតិ បើ​កម្ពុជា​ខ្វះ​ឯករាជ្យ​ក្នុង​ការ​ជីក​ព្រែក​ធ្វើ​ផ្លូវ​ទឹក​សម្រាប់​ដឹក​ទំនិញ

ដោយ យ៉ង ចាន់តារា
2023.12.15
អ្នកឃ្លាំមើល​បារម្ភ​ពី​គ្រោះថ្នាក់​ដល់​ជាតិ បើ​កម្ពុជា​ខ្វះ​ឯករាជ្យ​ក្នុង​ការ​ជីក​ព្រែក​ធ្វើ​ផ្លូវ​ទឹក​សម្រាប់​ដឹក​ទំនិញ មេដឹកនាំកម្ពុជាដឹកនាំដោយលោក ហ៊ុន ម៉ាណែត ចូលរួមវេទិកា​ជំរុញ​វិនិយោគ និងពាណិជ្ជកម្ម​កម្ពុជា-វៀតណាម​២០២៣ កាលពីថ្ងៃទី១២ ធ្នូ ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នក​តាមដាន​បញ្ហា​សង្គម​យល់​ឃើញ​ថា ការ​ជីក​ព្រែក​ត​ភ្ជាប់​ពី​ទន្លេ​មេគង្គ​ទៅ​កាន់​សមុទ្រ​ក្នុង​ខេត្ត​កែប សម្រាប់​បង្កើត​ផ្លូវទឹក​ដឹកជញ្ជូន​ទំនិញ​ដោយ​ខ្លួនឯង ជា​រឿង​ចាំបាច់​ដែល​កម្ពុជា​ត្រូវធ្វើ ដើម្បី​ឈប់​ពឹងពាក់​ផ្លូវទឹក​ប្រទេស​វៀតណាម​។ ប៉ុន្តែ​ពួកគេ​បារម្ភ​ថា ចិន​អាច​ទាញ​យក​ផល​ចំណេញ​ពី​កម្ពុជា។ អ្នក​តាមដាន​ការ​អភិវឌ្ឍ​សង្គម ចង់ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​ទាំង​កម្លាំង និង​ថវិកាជាតិ ក្នុង​ការ​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ដោយ​ខ្លួនឯង ដើម្បី​ទទួល​បាន​ភាព​ឯករាជ្យ​កាន់​កាប់​ព្រែក​ជីក​នេះ ហើយ​មិន​គួរ​ពឹងផ្អែក​ជំនួយ​ហិរញ្ញវត្ថុ​ពី​ប្រទេស​ចិន​ទាំងស្រុង​នោះ​ទេ។

អ្នក​អត្ថាធិប្បាយ​បញ្ហា​នយោបាយ លោក គឹម សុខ សង្កេត​ឃើញ​ថា វៀតណាម​កំពុង​តាមដាន​ខ្លាំង​ចំពោះ​គម្រោង​ជីក​ព្រែក​របស់​កម្ពុជា ពីព្រោះ​វៀតណាម​យល់​ថា គម្រោង​នេះ នឹង​ធ្វើ​ឱ្យ​ខ្លួន​ប្រឈម​ការ​ខាតបង់​ប្រយោជន៍​សេដ្ឋកិច្ច​ច្រើន ដោយ​សារ​កន្លង​ទៅ វៀតណាម​អាច​គាប​សង្កត់​លើ​នាវាចរណ៍​ពាណិជ្ជកម្ម​ផ្លូវទឹក​អន្តរជាតិ​របស់​កម្ពុជា។ ជាពិសេស លោក​ថា វៀតណាម​ក៏​ត្រូវ​ខាតបង់​សេដ្ឋកិច្ច​ដែរ ពីព្រោះ​កម្ពុជា​អាច​បើក​ឱ្យ​មាន​លំហូរ​នាំចូល​ទំនិញ​ពី​ចិន​តាម​ព្រែក​នេះ ជំនួស​ឱ្យ​ទំនិញ​នាំចូល​ពី​ប្រទេស​វៀតណាម។

លោក គឹម សុខ៖ «ប្រសិនបើ​រដ្ឋាភិបាល ហ៊ុន ម៉ាណែត ធ្វើ​ដោយ​ឯករាជ្យ ដោយ​ស្នាដៃ​ខ្មែរ ដោយ​កម្លាំង​ខ្មែរ មិន​ពាក់ព័ន្ធ​ជាមួយ​វៀតណាម មិន​ពាក់ព័ន្ធ​ជាមួយ​ចិន ដោយ​គ្រាន់​តែ​ពិនិត្យ​អំពី​ច្បាប់ ដែល​ពាក់ព័ន្ធ​ទៅ​ទន្លេ​មេគង្គ ហើយ​សាងសង់​ដោយ​ខ្លួនឯង។ វា​ជា​ផលប្រយោជន៍​ធំ​ណាស់ សម្រាប់​ប្រជាជាតិ​ខ្មែរ នៅក្នុង​ធ្វើ​នាវាចរណ៍​ពាណិជ្ជកម្ម​ផ្លូវទឹក​អន្តរជាតិ​របស់​កម្ពុជា កុំឱ្យ​នៅ​ក្រោម​ការ​គាប​សង្កត់ អុកឡុក បែប​អាណានិគម​របស់​វៀតណាម»

លោក គឹម សុខ ថ្លែង​ទៀត​ថា ប្រសិនបើ​កម្ពុជា​យក​ជំនួយ​ពី​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន មក​សាងសង់​ព្រែកជីក​នេះ ចិន​ក៏​អាច​ប្រើប្រាស់​ព្រែកជីក​នេះ សម្រាប់​ចែកចាយ​ទំនិញ​របស់​ខ្លួន ចេញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ផ្សេងៗ ក្នុង​តំបន់​អាស៊ាន ហើយ​អាច​ប្រើប្រាស់​សម្រាប់​ធ្វើ​នាវាចរណ៍​នៃ​កងទ័ព ប្រសិន​បើ​ចិន​ត្រូវ​ទប់ទល់​នឹង​បញ្ហា​អសន្តិសុខ​ណាមួយ​នៅក្នុង​តំបន់។

ការ​លើកឡើង​របស់​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នេះ គឺ​បន្ទាប់ពី​រដ្ឋាភិបាល​វៀតណាម​បង្ហាញ​ជំហរ ហាក់​មិន​ចង់ឱ្យ​កម្ពុជា​អនុវត្ត​គម្រោង​ជីក​ព្រែក​បង្កើត​ផ្លូវទឹក​សម្រាប់​ដឹកទំនិញ​ដោយ​ខ្លួនឯង ដោយ​ភាគី​វៀតណាម​បាន​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត ពន្យល់​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​ជីក​ព្រែក​នេះ អំឡុង​លោក ហ៊ុន ម៉ាណែត បំពេញ​ដំណើរ​ទស្សនកិច្ច លើកដំបូង​រយៈពេល ២​ថ្ងៃ ពី​ថ្ងៃ​ទី១១ ដល់​ថ្ងៃទី​១២ ធ្នូ ទៅ​កាន់​ប្រទេស​វៀតណាម ចាប់​តាំង​ពី​លោក​ក្លាយជា​នាយករដ្ឋមន្ត្រី​កម្ពុជា​អស់​រយៈពេល​ជិត ៤​ខែ​មកនេះ​។ លោក ហ៊ុន ម៉ាណែត បាន​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) និង​ថ្នាក់ដឹកនាំ​កំពូល​មួយចំនួន​ទៀត​របស់​វៀតណាម។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​សុំ​ការ​ឆ្លើយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៤ ធ្នូ។ ប៉ុន្តែ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក តាន់ ហ្សង់ហ្វ្រង់ស័រ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១២ ធ្នូ ស្ដីពី​លទ្ធផល​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​ប្រទេស​វៀតណាម​នេះ​ថា មេដឹកនាំ​វៀតណាម​បាន​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត ពន្យល់​ពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដោយសារ​វៀតណាម​ព្រួយ​បារម្ភ​ថា គម្រោង​នេះ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ជីវចម្រុះ និង​បរិស្ថាន​ទន្លេ​មេគង្គ ដែល​ហូរ​ទៅ​កាន់​ប្រទេស​វៀតណាម។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ «ហេតុ​ដូចនេះ​ហើយ បានជា​ភាគី​វៀតណាម គាត់​បារម្ភ​ចង់បាន​ការ​ពន្យល់​បំភ្លឺ​មួយចំនួន ហើយ​កម្ពុជា​ដែល​យល់ថា គម្រោង​នេះ គឺជា​គម្រោង​ជំ​ទល់​មួយ​នៅពេល​ខាងមុខ សម្រាប់​បន្ត​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ជូន​សេចក្ដី​បំភ្លឺ​ទៅ​កាន់​ប្រទេស​វៀតណាម»

វៀតណាម​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​គម្រោង​ព្រែកជីក​នេះ ក្រោយពី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​របស់​រដ្ឋ​ចិន (CRBC) ជា​អ្នក​សិក្សា​ដើម្បី​ឈាន​ទៅ​ចុះ​កិច្ចព្រមព្រៀង​សាងសង់​គម្រោង​នេះ​។ ការ​សម្រេច​នេះ​ធ្វើឡើង នៅ​ពេល​លោក ហ៊ុន ម៉ាណែត ទៅ​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ចិន​កាល​ពី​ពាក់​កណ្ដាល​ខែ​តុលា។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន មើលឃើញ​ថា ការ​ទាមទារ​របស់​វៀតណាម​ឱ្យ​លោក ហ៊ុន ម៉ាណែត ពន្យល់​ពី​គម្រោង​ជីក​ព្រែក​នៅ​ចំពោះមុខ​នេះ បង្ហាញ​ថា វៀតណាម​អាក់អន់​ចិត្ត​នឹង​លោក ហ៊ុន ម៉ាណែត ដែល​ងាក​ទៅ​ជិត​ស្និទ្ធ​កាន់តែ​ខ្លាំង​ជាមួយ​ចិន និង​អនុញ្ញាត​ឱ្យ​នាវា​ចម្បាំង​ចិន​ពីរ​គ្រឿង​ចូល​ចត​នៅ​កំពង់ផែ​រាម។

លោក អ៊ុំ សំអាន៖ «លោក ហ៊ុន ម៉ាណែត គាត់​ជម្រាប​វៀតណាម​ពី​ព្រែកជីក​ហ្នឹង ជា​ការ​រាយការណ៍​ជូន​មេ ថា អត់​មាន​បញ្ហា​នោះ​ទេ ពីព្រោះ​ព្រែកជីក​ហ្នឹង កុំ​បារម្ភ​ពី​បញ្ហា​បរិស្ថាន​អ៊ីចឹង»

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ យល់​ថា គម្រោង​ជីក​ព្រែក​នេះ ប្រហែល​ជា​រឿង​នយោបាយ ដោយ​កម្ពុជា​ចង់​រើខ្លួន​ចេញ​ពី​វៀតណាម ហើយ​ងាក​ទៅ​អោបក្រសោប​ចិន​ទាំងស្រុង។

រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ប្រកាស​ដាក់​ចេញ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ប្រវែង ១៨០​គីឡូម៉ែត្រ ដើម្បី​ត​ភ្ជាប់​ពី​ទន្លេមេគង្គ​នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ទៅ​កាន់​សមុទ្រ​នៅក្នុង​ខេត្ត​កែប ដោយ​គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ ១,៧ ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​ឱ្យ​ហើយ​ក្នុង​រយៈពេល​៤​ឆ្នាំ។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រើ​ពេល ២៦​ខែ ដើម្បី​សិក្សា​លើ​គម្រោង​នេះ។ ក្រសួង​អះអាង​ថា គម្រោង​នេះ នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្ពុជា ជាពិសេស ជួយ​កាត់​បន្ថយ​រយៈពេល ចម្ងាយ និង​តម្លៃ​នៃ​ការ​ដឹក​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ រួម​ទាំង​ជួយ​កាត់​បន្ថយ​គ្រោះ​ជំនន់ និង​រក្សា​ទឹក​ទុក​សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​រាប់​សែន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។