វៀតណាមពង្រាយកម្លាំងហាមឃាត់សកម្មជនខ្មែរក្រោមមិនឱ្យជួបថ្នាក់ដឹកនាំកម្ពុជានៅថ្ងៃបុណ្យកឋិន
2024.11.05
អាជ្ញាធរវៀតណាមពង្រាយកម្លាំងហាមឃាត់មិនឱ្យសកម្មជនខ្មែរក្រោមប្រមាណ ៦០នាក់ជួបថ្នាក់ដឹកនាំកម្ពុជាដែលហែកឋិនទៅកម្ពុជាក្រោម។ សកម្មជនខ្មែរក្រោមចាត់ទុកសកម្មភាពរបស់អាជ្ញាធរវៀតណាមនេះគឺជាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ការលើកឡើងរបស់សកម្មជនខ្មែរក្រោមទាំងនេះ ធ្វើឡើងក្រោយភរិយារបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី និង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រអ្នកស្រី ម៉ែន សំអន នៅថ្ងៃទី០៤ ខែវិច្ឆិកា បានដឹកនាំមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន និងប្រជាពលរដ្ឋ ដង្ហែអង្គកឋិនទានចេញពីរាជធានីភ្នំពេញ ទៅកាន់វត្តពោធិគិរីវង្សារាម ឬ វត្តស្វាយសៀមថ្មីក្នុងខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម។
សកម្មជនខ្មែរក្រោម លោក ថាច់ ង៉ា លើកឡើងថា អស់ពេលពីរថ្ងៃហើយដែលអាជ្ញាធរវៀតណាមខេត្តព្រះត្រពាំងប្រមាណ ៣០នាក់បានដាក់វេនគ្នាយាមផ្ទះរបស់លោកមិនឱ្យចេញទៅណា ជាពិសេសមិនឱ្យលោកទៅចូលរួមបុណ្យកឋិនទាន។ លោកអះអាងថា មូលហេតុដែលអាជ្ញាធរវៀតណាមឃ្លាំមើលលោកគឺដោយសារតែលោកធ្លាប់សរសេរលិខិតទៅកាន់ថ្នាក់ដឹកនាំកម្ពុជាឱ្យជួយអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលវៀតណាម ដោះលែងសកម្មជនខ្មែរក្រោមដែលកំពុងជាប់ពន្ធនាគារ។
លោក ថាច់ ង៉ា ថា អាជ្ញាធរវៀតណាមក៏បានហាមឃាត់សកម្មជនខ្មែរក្រោមប្រមាណ ៦០នាក់ផ្សេងទៀតមិនឱ្យទៅចូលរួមបុណ្យកឋិនទានដូចរូបលោកដែរ។ លោកចាត់ទុកសកម្មភាពរបស់អាជ្ញាធរវៀតណាមនេះគឺជាការរំលោភបំពានសេរីភាពជំនឿសាសនា។
លោក ថាច់ ង៉ា៖ «គេព័ទ្ធជុំវិញផ្ទះយើង គេធ្វើដូចយើងជាកម្ចាត់មេរោគមួយក៏យើងមិនដឹង ក៏ប៉ុន្តែគំនិតគេសំដៅមកខ្ញុំបាទនេះឯង គេថាខ្ញុំដើរទៅណាក៏ឃ្លាំមើល និងហាមឃាត់គ្រប់វិធីសាស្ត្រទាំងអស់ដើម្បីកុំឱ្យបងប្អូនខ្មែរក្រោមហ្នឹងទៅជួបបងប្អូនខ្មែរកណ្ដាលដែលធ្វើកឋិនមហាសាមគ្គីខ្មែរនៅដែនដីកម្ពុជាក្រោមយើងនេះ»។
ចំណែកសកម្មជនម្នាក់ទៀតរស់នៅខេត្តមាត់ជ្រូកដែលវៀតណាមហៅថា អានយ៉ាង (An Giang) លោក ចៅ លីណា ថា នគរបាលវៀតណាមមួយក្រុម និងប្រធានភូមិបានចុះសួរលោកដល់ផ្ទះនាំក្នុងរយៈ៥ថ្ងៃចុងក្រោយមកនេះ ពាក់ព័ន្ធនឹងការទៅចូលរួមបុណ្យកឋិនទាន។ លោកថា នគរបាលវៀតណាមថ្ងៃអាទិត្យនេះបានហាមឃាត់មិនឱ្យលោកទៅផ្សារ និងទាមទារលោកលុបវីដេអូពីសកម្មភាពពួកគេផងដែរ។
លោក ចៅ លីណា ព្រួយបារម្ភថា អាជ្ញាធរវៀតណាមអាចនឹងចាប់ខ្លួនសកម្មជនខ្មែរក្រោមបន្តទៀត ដូច្នេះលោកអំពាវនាវដល់អង្គការសិទ្ធិមនុស្សអន្តរជាតិ និងពលរដ្ឋខ្មែរទូទាំងពិភពលោកជួយតាមដានករណីនេះ។
លោក ចៅ លីណា៖ «ខ្ញុំមានសំណូមពរទៅដល់សហព័ន្ធខ្មែរកម្ពុជាក្រោម ឬអង្គការសិទ្ធិមនុស្សអន្តរជាតិនៅទូទាំងពិភពលោក សូមជួយសង្កេតមើលដល់សកម្មជនសិទ្ធិមនុស្សនៅដែនដីកម្ពុជាក្រោមផងដែរ សព្វថ្ងៃនេះអាជ្ញាធរវៀតណាមកំពុងរឹតត្បិតសេរីភាពយ៉ាងខ្លាំងក្លា ខ្ញុំមានសំណូមពរប៉ុណ្ណឹង ហើយថ្ងៃមុខថ្ងៃក្រោយបើខ្ញុំមានបញ្ហាត្រូវបាត់ខ្លួន គ្រោះថ្នាក់អ្វី ឬក៏មានរឿងអ្វីនោះ គឺមិនមែនជារឿងចៃដន្យទេ គឺអាជ្ញាធរវៀតណាមគេប៉ុនប៉ងធ្វើអ្វីមួយនៅថ្ងៃក្រោយ ខ្ញុំសូមអរគុណ»។
ចំណែកតារាចម្រៀងមកពីទឹកដីកម្ពុជាក្រោម លោក ថាច់ សាថេន បានលើកឡើងលើទំព័រហ្វេសបុករបស់លោក កាលពីចុងខែតុលាកន្លងទៅថា លោកសោកស្ដាយដែល លោក និងតារាចម្រៀងផ្សេងទៀតមិនបានចូលរួមកម្មវិធីបុណ្យកឋិនទាននៅកម្ពុជាក្រោម គឺដោយសាររដ្ឋាភិបាលវៀតណាមហាមឃាត់ ដោយលើកហេតុផលឬលេសថា ខ្លាចមានចំនួនមនុស្សចូលរួមច្រើនពេក មិនអាចគ្រប់គ្រងបាន។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះ ពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី៤ វិច្ឆិកា។
អាជ្ញាធរវៀតណាមខេត្តលង់ហោដែលវៀតណាមហៅថាខេត្ត វិញឡុង (Vinh Long ) កាលពីខែមីនា បានចាប់ផ្សឹកព្រះសង្ឃគង់នៅវត្តប្រជុំពលមង្គលបូរី ឬហៅថាវត្តទ្រនំសេកចំនួន៥អង្គរួមមាន ព្រះចៅអធិការវត្តទ្រនំសេកព្រះភិក្ខុ ថាច់ ចន្ទតារា និងព្រះភិក្ខុ យឿង ខាយ និងចាប់ឃុំខ្លួនពលរដ្ឋខ្មែរក្រោមចំនួនបីនាក់ក្រោមបទចោទប្រកាន់ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ និង ពីបទ «ការចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនមនុស្សដោយខុសច្បាប់» តាមមាត្រា ១៥៧ នៃក្រមព្រហ្មទណ្ឌវៀតណាម។ គិតមកទល់ពេលនេះ មានព្រះសង្ឃ សកម្មជន និងពលរដ្ឋខ្មែរក្រោមចំនួន ១៣អង្គនាក់ហើយត្រូវបានអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគារ។
របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកឆ្នាំ២០២៣ លើកឡើងថា រដ្ឋាភិបាលកុម្មុយនិស្តវៀតណាមបន្តធ្វើទុកបុកម្នេញទៅលើក្រុមជនជាតិភាគតិច សាសនា ជាពិសេសជនជាតិភាគតិចនៅតំបន់ខ្ពង់រាបកណ្ដាល ខ្ពង់រាបខាងជើង និងជនជាតិខ្មែរក្រោមដែលនៅភាគខាងត្បូងប្រទេសវៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកតែងស្នើឱ្យរដ្ឋាភិបាលវៀតណាមបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនទាំងនេះ និងបើកលំហសេរីភាពជំនឿសាសនាឡើងវិញ។
ងាកមកពិធីហែកឋិនទានរបស់ថ្នាក់ដឹកនាំកម្ពុជា កាលពីថ្ងៃចន្ទទៅកាន់វត្តក្នុងទឹកដីកម្ពុជាក្រោមវិញ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនបានចូលរួមហែទៅទេ ប៉ុន្តែលោកទាំងពីរបានចូលរួមជូនដំណើរមុនចេញពីទីក្រុងភ្នំពេញ។ ក្នុងគ្រួសារលោក ហ៊ុន សែន អ្នកដែលដឹកនាំហែកឋិនទៅកាន់វត្តពោធិគិរីវង្សារាម ឬ វត្តស្វាយសៀមថ្មីក្នុងខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម មានអ្នកស្រី ប៊ុន រ៉ានី លោក ហ៊ុន ម៉ានី និង ហ៊ុន ម៉ានិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។