ប្រធាន​សភា​​សន្យា​ចំពោះ​មុខ​មេដឹកនាំ​វៀតណាម​ថា នឹង​បន្ត​ជួយ​វៀតណាម​ដែល​រស់នៅ​ខ្មែរ​ខុស​ច្បាប់

ដោយ ខាន់ លក្ខិណា
2023.12.03
ប្រធាន​សភា​​សន្យា​ចំពោះ​មុខ​មេដឹកនាំ​វៀតណាម​ថា នឹង​បន្ត​ជួយ​វៀតណាម​ដែល​រស់នៅ​ខ្មែរ​ខុស​ច្បាប់ ប្រធានរដ្ឋសភា​កម្ពុជា​ថ្មី អ្នកស្រី ឃួន សុដារី (ឆ្វេង) ជួបលោក វួង ឌិញហ័រ (​VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម កាលពីថ្ងៃទី២ ធ្នូ​ ២០២៣។
រូប៖ ហ្វេសប៊ុករដ្ឋសភា

ប្រធាន​រដ្ឋសភា​កម្ពុជា​ថ្មី​សន្យា​ចំពោះមុខ​មេដឹកនាំ​វៀតណាម​ថា នឹង​បន្ត​ជួយ​ពលរដ្ឋ​វៀតណាម​រស់នៅ​ខ្មែរ​ហើយ​ខ្វះ​ឯកសារ​ផ្លូវ​ច្បាប់។ ការ​សន្យា​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​ថា ជា​ហានិភ័យ​សម្រាប់​កម្ពុជា ដែល​មាន​ព្រំដែន​ជាប់​វៀតណាម។

ប្រធានរដ្ឋសភា​កម្ពុជា​ថ្មី អ្នកស្រី ឃួន សុដារី បាន​សន្យា​ចំពោះមុខ​ប្រធាន​រដ្ឋសភា​វៀតណាម​ថា នឹង​បន្ត​ជួយ​ដល់​ពលរដ្ឋ​វៀតណាម​ដែល​រស់នៅ​ខ្មែរ ពាក់ព័ន្ធ​នឹង​ការ​ខ្វះ​ឯកសារ​ផ្លូវ​ច្បាប់ ស្រប​ពេល​ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​បាន​ចូល​សញ្ជាតិ​ខ្មែរ និង​ជាង ១០​ម៉ឺន​នាក់​ទៀត ទទួល​បាន​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍។

ការ​សន្យា​នេះ ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​រវាង​ប្រធានរដ្ឋសភា​វៀតណាម លោក វឿង ឌិញហ្វេ និង​ប្រធាន​រដ្ឋសភា​ថ្មី​កម្ពុជា​អ្នកស្រី ឃួន សុដារី នៅ​ថ្ងៃ​ទី១ ធ្នូ អំឡុង​ពេល​អ្នកស្រី ឃួន សុដារី ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល សភា​កម្ពុជា​-​ឡាវ​-​វៀតណាម នៅ​ទីក្រុង​ហាណូយ ថ្ងៃទី​៣០ វិច្ឆិកា ដល់​ថ្ងៃទី​២ ធ្នូ។

សារព័ត៌មាន Vietnam Plus ឱ្យ​ដឹង​ថា ក្នុង​ជំនួប​នោះ ប្រធាន​រដ្ឋសភា​វៀតណាម បាន​អបអរ​ចំពោះ​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ពឹង​ថា ជោគជ័យ​នេះ នឹង​បង្កើន​ទំនាក់ទំនង បែប​ប្រពៃណី​របស់​កម្ពុជា និង​វៀតណាម​កាន់តែ​ល្អ​ប្រសើរ​ឡើង។

ក្រៅពី​អបអរ​ជោគជ័យ​គណបក្ស​កាន់​អំណាច​នោះ ប្រធានរដ្ឋសភា​វៀតណាម លោក វឿង ឌិញហ្វេ បាន​ស្នើ​ប្រធានរដ្ឋសភា​កម្ពុជា​អ្នកស្រី ឃួន សុដារី ឱ្យ​បន្ត​ផ្តល់​បរិយាកាស​អំណោយ​ផល សម្រាប់​សហគមន៍​វៀតណាម ដែល​កំពុង​រស់​នៅ និង​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា។

ជុំវិញ​រឿង​នេះ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២ ធ្នូ​ថា លោក​ព្រួយ​បារម្ភ ពីព្រោះ​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ និង​ការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ពលរដ្ឋ​វៀតណាម អាច​មាន​ភាព​មិន​ប្រក្រតី ជា​ពិសេស​ពាក់ព័ន្ធ​បញ្ហា​អំពើពុករលួយ​ជាដើម។

លោក​ថា ការ​ព្រួយ​បារម្ភ​នេះ មិនមែន​ជា​ការរើសអើង និង​ប្រកាន់​ជាតិ​សាសន៍​នោះ​ទេ ពីព្រោះ​ប្រទេស​ណា​ក៏​មាន​ជនជាតិ​វៀតណាម និង​បរទេស ផ្សេងៗ​រស់ នៅ​ដែរ ប៉ុន្តែ​មុន​នឹង​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ និង​ការ​ផ្ដល់​សញ្ជាតិ​ឱ្យ​នោះ គេ​តែងតែ​វាយ​តម្លៃ និង​ពិនិត្យ​ច្បាស់លាស់ ដែល​ផ្ទុយ​ពី​កម្ពុជា។

លោក រ៉ុង ឈុន ក៏​បាន​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យមើល និង​អន្តរាគមន៍​ទៅ​មេដឹកនាំ​វៀតណាម​ឱ្យ​បញ្ឈប់​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរក្រោម និង​ពលរដ្ឋ ខ្មែរ​ដែល​ចូល​ទៅ​លេង​ទឹកដី​កម្ពុជា​ក្រោម​បន្ត​ទៀត​ផង​ដែរ។

លោក រ៉ុង ឈុន៖ «មាន​ការ​រឹតត្បិត ការគាបសង្កត់​គ្រប់សព្វ​បែប​យ៉ាង ហើយ​រដ្ឋាភិបាល កម្ពុជា មិនដែល​លឺ​សូរ​ការ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​វៀតណាម​ឱ្យ​គោរព​ឱ្យ​យក​ចិត្តទុក​ដាក់ ផ្ដល់​សិទ្ធិ​ដល់​ខ្មែរក្រោម​នោះ​ទេ។ អានេះ​ជា​ចំណុច​ខុសគ្នា បើ​យើង​ធៀប ពី​មេដឹកនាំ​កម្ពុជា ទៅ​នឹង​មេដឹកនាំ​វៀតណាម»

ជារឿយៗ មេដឹកនាំ​វៀតណាម តែងតែ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​មើល​ថែ និង​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​កម្ពុជា​កន្លង​មក និង​បច្ចុប្បន្ន។

ផ្ទុយ​ទៅ​វិញ មេដឹកនាំ​កម្ពុជា មិនដែល​បាន​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​គោរព​និង​យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​រស់នៅ​ក្រោម​ការ​គាប​សង្កត់​របស់​អាជ្ញាធរ​ឬ​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​ទៅលេង​កម្ពុជា​ក្រោម​នោះ​ម្តងម្កាល​នោះ​ឡើយ។

ជាក់ស្តែង កាលពី​ថ្ងៃទី៦ តុលា អាជ្ញាធរ​វៀតណាម បាន​ឃាត់​រថយន្ត​ក្រុង ៣​គ្រឿង របស់​ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​ខ្មែរ​ជាច្រើន​ម៉ោង ដោយ​គ្រាន់ តែ​ពួកគាត់ ធ្វើ​ដំណើរ​ទៅ​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​នៅ​វត្ត​ផ្នោកំបុត ក្នុង​ខេត្ត​ព្រះត្រពាំង។ កាល​នោះ​អាជ្ញាធរ​វៀតណាម ថែម​ទាំង​ចុះ​ទៅ​ហាម​អ្នក​លក់​ដូរ និង​បាយ ម្ហូប កុំឱ្យ​លក់​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​ព្រះ​សង្ឃ​ទៀត​ផង។

លើស​ពី​នេះ អាជ្ញាធរ​វៀតណាម​តែងតែ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដូចជា គំរាមកំហែង ប្រើ​អំពើ​ហិង្សា និង​ចាប់​ដាក់​ពន្ធនាគារ​ជាដើម បន្ទាប់​ពួកគាត់​តស៊ូ​មតិ​រក្សា​អត្តសញ្ញាណ​ជនជាតិ​ដើម​ខ្មែរក្រោម និង​រៀន​ច្បាប់ ស្ដីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិ​ដើម។ ប៉ុន្តែ​ករណី​ទាំងនេះ រដ្ឋាភិបាល​ការដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បែរ​ជា​នៅ​ស្ងៀមស្ងាត់​ទៅវិញ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២ ធ្នូ ថា រដ្ឋាភិបាល​កម្ពុជា មិន​ហ៊ាន​បដិសេធ​ចំពោះ​សំណើ​វៀតណាម​ឡើយ ដោយសារតែ លោក ហ៊ុន សែន ធ្លាប់​ចុះ​ហត្ថលេខា លើ​ឯកសារ​សារាចរ​ណែនាំ​ចំពោះ​និគមជន​វៀតណាម កាលពី​ឆ្នាំ​១៩៨៦ ដោយ​ថែរក្សា​ជនជាតិ​វៀតណាម​នៅ​រស់​ខុសច្បាប់​ឱ្យ​មាន​សិទ្ធិ​ដូច​ពលរដ្ឋ​ខ្មែរ​ដែរ។

លោក ម៉ែន ណាត៖ «មេដឹកនាំ​សភា​[​អ្នកស្រី ]​ឃួន សុដារី ក្ដី [​លោក ]​ហ៊ុន ម៉ា​ណែ​ត ក្ដី [​លោក ]​ហ៊ុន សែន ក្ដី ពួកគាត់​ត្រូវ​ភ្ញាក់​រលឹក ដើម្បី​ការពារ​បូរណភាព​ទឹកដី ការពារ​អធិបតេយ្យ​ផលប្រយោជន៍​ខ្មែរ​មិន​ចេះ​អឺ​អើ នឹង​ការ​ស្នើសុំ​នានា ជា​ឱឡារិក ជាមួយ​វៀតណាម​ទេ ព្រោះ​វៀតណាម​ជា​ប្រទេសជិតខាង ហើយ​វៀតណាម​មាន​ប្រវត្តិ​ឈ្លានពាន​យូរអង្វែង​សម្រាប់​កម្ពុជា ដូច្នេះ​យើង​ត្រូវ​មាន​ការ​ប្រយ័ត្ន។ ការ​ប្រយ័ត្ន​នោះ​គ្មាន​អី ពិបាក​ទេ​តែ​យក​ច្បាប់​អន្តោប្រវេសន៍​យក​ច្បាប់​សញ្ជាតិ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​ចាត់វិធានការ​លើ​ជន​ពុករលួយ​នានា​ក្នុង​ជួរ​មន្ត្រី​រដ្ឋាភិបាល​ហើយ​រឹត​បន្តឹង​ការ​ស្នើ​នានា»

យោង​តាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​ឱ្យ​ដឹង​ថា គិត​មក​ត្រឹម​ឆ្នាំ​២០២២ ពលរដ្ឋ​វៀតណាម​ជាង ១០​ម៉ឺន​នាក់​ទទួល​បាន​ប័ណ្ណ​ស្នាក់នៅ​ស្របច្បាប់​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ពលរដ្ឋ​វៀតណាម​ជិត ១០០​នាក់ បាន​ចូល​សញ្ជាតិ​ខ្មែរ​ពេញ​លេញ។

ប្រធាន​សមាគម​ខ្មែរ​-​វៀតណាម លោក ស៊ឹម ជី ប្រាប់​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃទី៩ វិច្ឆិកា​ថា ពលរដ្ឋ​វៀតណាម​ទទួល​បាន ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ពី​ក្រសួង​មហាផ្ទៃ ជាង ១០ ម៉ឺន​នាក់ (១០០.០០០) នោះ ពេល​នេះ ពួកគេ​មួយ​ចំនួន​កំពុង​ព្យាយាម​បំពេញ​លក្ខខណ្ឌ​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​ទទួល​បាន​សញ្ជាតិ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។