ក្រុម​យុវជន​មិន​គាំទ្រ​គម្រោង​តំបន់​ត្រីកោណ​ពិសេស (CLV) ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​សង្គម​ឱ្យ​មាន​សេរីភាព​ឡើង​វិញ

ដោយ ម៉ៅ សុធានី
2024.07.26
ក្រុម​យុវជន​មិន​គាំទ្រ​គម្រោង​តំបន់​ត្រីកោណ​ពិសេស (CLV) ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​សង្គម​ឱ្យ​មាន​សេរីភាព​ឡើង​វិញ (រូបថតឯកសារ) យុវជន​នៅប្រទេស​កូរ៉េ​ខាង​ត្បូង​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​​រដ្ឋាភិបាលលោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០១៨។
រូបពីពលរដ្ឋ

គ្រួសារ និង​យុវជន​ក្រៅ​ប្រទេស​ប្រកាស​មិន​គាំទ្រ និង​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ពិសេស ឬ​ហៅថា CLV ដើម្បី​ទាមទារ​​រដ្ឋាភិបាល​ឱ្យ​​ដោះលែង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ពលរដ្ឋ​ផ្សេង​ទៀត​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ ពួកគាត់​ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន និង​ពលរដ្ឋ​ដែល​ហ៊ាន​និយាយ​បញ្ហា​ដី​ទឹក​ដី​ថា ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ធ្វើ​ឱ្យ​បាត់បង់​អធិបតេយ្យ​ជាតិ។

គ្រួសារ និង​យុវជន​នៅ​ក្រៅ​ប្រទេស​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​ការ​បញ្ចេញ​មតិ​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​បូរណភាព​ទឹក​ឱ្យ​មាន​សេរីភាព​ឡើយ​វិញ ដោយ​ឥត​លក្ខខណ្ឌ ពីព្រោះ​ការ​ចាប់​សកម្មជន​ទាំង​នោះ​គឺ​មិន​បាន​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់​សង្គម​ជាតិ​ឡើយ។

យុវជន​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េ​ខាងត្បូង (South Korea) ប្រមាណ ១ពាន់​នាក់ (.០០០) គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ពិសេស ​ដែល​រដ្ឋាភិបាល​បាន​ដាក់​បញ្ចូល​ខេត្ត​ទាំង៤​ ទៅ​ក្នុង​គម្រោង​នោះ។ បាតុកម្ម​នឹង​ធ្វើ​នៅ​ថ្ងៃទី១១ ខែសីហា ខាងមុខ​នេះ ពួកគាត់​ក៏​ទាមទារ​តុលាការ​ឱ្យ​​ដោះលែង​ពលរដ្ឋ​ចំនួន​ ៥នាក់​រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធិ លោក ចក់ ប៊ានមុន្នី និង​លោក ធែល ធីលែន ឱ្យ​មាន​សេរីភាព​ឡើងវិញ។

អនុ​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ លោក ម៉ាត់ វណ្ណី  ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី២៦ ខែ​កក្កដា ថា មូលហេតុ​ ដែល​ពលរដ្ឋ​ខ្មែរ​ជួបជុំ​គ្នា​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​​រដ្ឋាភិបាល​​រឿង​កាត់​ខេត្ត​ចំនួន៤​ ឱ្យ​ទៅ​​ប្រទេស​វៀតណាម​ក្រោម​រូបភាព​អភិវឌ្ឍន៍ គឺ​ដោយសារ​ពួកគាត់​មើល​ឃើញ​ថា គម្រោង​តំបន់​ត្រីកោណ​ពិសេស​នេះ​ អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​បូរណភាព​ទឹកដី ធនធាន​ធម្មជាតិ និង​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត​ចំនួន៤​នោះ។ លោក​បន្ត​ថា យុវជន​ប្រមាណ ១ពាន់​នឹង​ជួបជុំ​គ្នា​នៅ​ទីលាន​ជុងកាក់ (Junghak) ក្នុង​ក្រុង​សេអ៊ូល (Seoul) ដើម្បី​សម្ដែង​មតិ​អំពី​ការ​មិន​គាំទ្រ លោក ហ៊ុន សែន បាន​ប្រើ​អំណាច​ផ្ដាច់ការ​ចាប់ចង​សកម្មជន និង​ពលរដ្ឋ​តាម​អំពើ​ចិត្ត ហើយ​បន្ត​ទៅ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​​ប្រទេស​កូរ៉េ​ខាងត្បូង​ ដើម្បី​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​​ឱ្យ​គិត​គួរ​អំពី​ផល​ប្រយោជន៍​ជាតិ និង​ដក​ខ្លួន​ចេញ​ពី​គម្រោង CLV នេះ​ជា​បន្ទាន់។

លោក ម៉ាត់ វណ្ណី៖ «ភ្ជាប់​ជាមួយ​គ្នា​នេះ​ដែរ គឺ​យើង​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​ដោះលែង​អ្នក​ដែល​និយាយ​ពាក់ព័ន្ធ​ពីព្រោះ​អី វា​មិនមែន​ជា​បទ​ល្មើស​អី​ទេ​ពីព្រោះ​ការ​និយាយ​គឺជា​រឿង​ព្រួយ​បារម្ភ។ ក្នុង​នាម​គាត់​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​ហេតុអ្វី​គាត់​និយាយ​មិន​បាន យើង​សិក្សា​ទៅ​ការ​និយាយ​របស់​គាត់នេះ​គឺ​មិន​មាន​ព្យសនកម្ម​អត់​មាន​វិនាសកម្ម​ទៅ​ដល់​ស្ថាប័ន​មួយ​ណា​ទេ រឿង​អី​ទៅ​ចាប់​គាត់​ដាក់​ពន្ធនាគារ​អីចឹង​វា​អាក្រក់​មើល​ណាស់»

មិន​ខុសគ្នា​នេះ​ដែរ ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង​ប្រមាណ ១០០នាក់​ក៏​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ដដែល​នេះ​នៅ​ទីក្រុង​ប៉ារីស (Paris) នៅ​២​ម៉ោង​រសៀល ដើម្បី​រួមគ្នា​ប្រឆាំង​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម និង​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំងអស់​លើ​ពលរដ្ឋ​ដែល​គិតគូរ​ពី​បញ្ហា​ទឹក​ដី។

ប្រពន្ធ​លោក សាន សិទ្ធិ គឺ​លោកស្រី ស្វាយ ពៅ ថ្លែង​ថា​លោកស្រី​តក់ស្លុត និង​មិន​អាច​ទទួល​យក​បាន​ចំពោះ​ការណ៍​ដែល​តុលាការ​ចោទប្រកាន់​ប្ដី​លោកស្រី​ពី​បទ «ញុះញង់»។ លោកស្រី​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទាំងអស់​លើ​ប្ដី និង​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

លោកស្រី ស្វាយ ពៅ៖ «គំនិត​ខ្ញុំ​ប្រសិនបើ​គាត់​ខុស​មែន​ឱ្យ​យក​អា​វីដេអូ​ហ្នឹង​មក​ចាក់ ហើយ​ឱ្យ​ជួយ​វិភាគ​វែកញែក​វិញ​តិច​មក​រក​អ្នក​ច្បាប់​ដូចគ្នា​វិភាគ​វែកញែក​មក ហើយ​ប្ដី​ខ្ញុំ​ក៏​អ៊ីចឹង​ដែល​គាត់​គ្រាន់តែ​អង្គុយ​ស្ដាប់​ហេតុអ្វី​ត្រូវ​ចាប់​ជាប់​ទោស​ជា​អ៊ីចឹង​ដែរ។ ពួក​ខ្ញុំ​បាន​ត្រឹមតែ​អ្នក​អង្គុយ​ស្ដាប់​អ៊ីចឹង​វា​អត់​មាន​អី​ដែល ថា គ្រាន់តែ​អ្នក​ស្ដាប់​ហ្នឹង​ខុស​ដែល​អ៊ីចឹង​អ្នក​ស្ដាប់​ហ្នឹង​ខុស​ដែរ​ចាប់​អ្នក​ស្ដាប់​ប៉ុន្មាន​លាន​នាក់​ហ្នឹង​យក​មក​ដាក់​ទោស​ទាំងអស់​មក​អ៊ីចឹង»

ទន្ទឹម​គ្នា​នេះ​ដែរ គណ​បក្ស​កម្លាំង​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅថ្ងៃទី២៦ ខែកក្កដា បង្ហាញ​ពី​ការ​សោកស្ដាយ​ដែល​រដ្ឋាភិបាល​ចាប់​ខ្លួន​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធិ លោក ចក់ ប៊ានមុន្នី និង​លោក ធែល ធីលែន ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌។ គណ​បក្ស​កម្លាំង​ជាតិ ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន និង​ពលរដ្ឋ​ចំនួន៥នាក់​នេះ​គឺជា​ការ​គំរាមកំហែង​បាក់​ស្មារតី និង​រារាំង​យុវជន​សម្ដែង​មតិ​ពី​ក្ដី​កង្វល់​អំពី​គម្រោង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេសCLV។ គណ​បក្ស​កម្លាំង​ជាតិ ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​យក​ខេត្ត​ចំនួន​មក​អភិវឌ្ឍន៍​នេះ​ឡើង​វិញ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​យុវជន​ចំនួន​៥រូប​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

តុលាការ ក្រោម​ការ​បញ្ជា​ពី​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​សម្រុក​ចាប់​ខ្លួន​ពលរដ្ឋ និង​អ្នក​ធ្វើ​ការងារ​សង្គម​ដែល​រិះគន់​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេសCLV ចំនួន៥​នាក់​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ក្រោម​បទ​ចោទ«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

ការ​ចាប់​ពលរដ្ឋ និង​យុវជន​ចំនួន​៥នាក់​នេះ​គឺ​បន្ទាប់​ពី​ពួកគាត់​បង្ហោះ​វីដេអូ និង​សរសេរ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​ផល​ប្រយោជន៍​ជាតិ​ដោយសារ​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស (CLV) ឬ​ហៅ​ថា​តំបន់មុំ៣ ដែល​ស្ថិត​នៅ​ភាគ ឦសាន​នៃ​ប្រទេស​កម្ពុជា ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​ឡាវ ប៉ុន្តែ​លោក ហ៊ុន សែន បែរជា​ចាត់​ទុក​អ្នក​រិះគន់​ពី​តំបន់​មុំ៣​ដែល​គំនិត​ផ្ដួចផ្ដើម​របស់​លោក​ថា ជា​សកម្មភាព«ចង់​បះ​បោរ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង អ្នកនាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៦ ខែ​កក្កដា។

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក្រោម​ចង្អុល​បញ្ជា​ពី​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន រង​ការ​រិះគន់ និង​ស្ដី​បន្ទោស​ពី​ប្រជាពលរដ្ឋ​ជុំ​ទិស​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​ពលរដ្ឋ និង​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ ដើម្បី​បំពេញ​មហិច្ឆតា​របស់​ខ្លួន​ដោយ​មិន​គិត​ពី​គុណវិបត្តិ​របស់​ជាតិ​ត​ទៅ​ថ្ងៃ​មុខ។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ដែល​បញ្ចេញ​មតិ​ពី​បញ្ហា​បូរណភាព​ទឹកដី​របស់​ខ្លួន ហើយ​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។