យុវជនថា បក្សកាន់អំណាចបង្កើតក្រុមបំពុលសង្គមកាន់តែខ្លាំង បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាច
2023.11.13

យុវជនអះអាងថា គណបក្សកាន់អំណាចកំពុងពង្រឹងក្រុមវាយប្រហារនៅលើបណ្ដាញសង្គមកាន់តែខ្លាំង ដើម្បីបំពុលសង្គម និងគំរាមកំហែងអ្នករិះគន់រដ្ឋាភិបាល ក្រោយពេលលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាច។ ពួកគាត់យល់ថា ការបង្កើតក្រុមព័ត៌មានបំពុលសង្គមនេះមិនមែនជាដំណោះស្រាយសម្រាប់ជាតិ និងការប្រកួតប្រជែងដោយតម្លាភាព និងយុត្តិធម៌នោះទេ។
យុវជនលើកឡើងថា ព័ត៌មានដែលពួកគេបង្ហោះនៅលើបណ្ដាញសង្គមត្រូវបានក្រុមផ្សព្វផ្សាយតាមបណ្ដាញសង្គមរបស់បក្សកាន់អំណាចធ្វើសកម្មភាពតាមហ្វេសប៊ុកវាយប្រហារលើបុគ្គល និងស្ថាប័នជាដើម។ ក្រុមធ្វើសកម្មភាពជាប្រព័ន្ធនោះបានប្រើប្រាស់គណនីក្លែងក្លាយចូលបញ្ចេញមតិ ឬផ្ញើរូបភាពច្រើនដងដោយគ្មានសីលធម៌។
យុវជនគណបក្សភ្លើងទៀនដែលកំពុងភៀសខ្លួននៅប្រទេសថៃលោក ផន ផាន់ណា សង្កេតឃើញថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត កំពុងពង្រឹងក្រុមការងារវាយប្រហារតាមបណ្ដាញសង្គម ដើម្បីប្រឌិតព័ត៌មានក្លែងក្លាយ និងគំរាមកំហែងអ្នករិះគន់ដើម្បីកុំឲ្យយុវជនជន ចាប់អារម្មណ៍រឿងរ៉ាងសំខាន់ៗរបស់ប្រទេសជាតិ ហើយងាកទៅចាប់អារម្មណ៍រឿងឥតប្រយោជន៍វិញ។ លោកថានិន្នាការបែបនេះជាសកម្មភាពធ្វើនយោបាយទុច្ចរិត។
លោក ផន ផាន់ណា៖ «រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បែរជារាំខ្ទប់ព័ត៌មានមហាជនក្នុងការដឹងឮ ថា តើទុក្ខលំបាករបស់ប្រជាពលរដ្ឋហ្នឹងនៅត្រង់ណា អ៊ីចឹងខ្ញុំមើលទៅការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត មិនមែនស្រឡាញ់ប្រជាពលរដ្ឋពិតប្រាកដទេ គឺមានតែរាំខ្ទប់ប្រជាពលរដ្ឋបិទសិទ្ធិបញ្ចេញមតិ ជាពិសេសយើងឃើញហើយថា នៅតាមបណ្ដាញសង្គមព្យាយាមរារាំងគ្រប់មធ្យោបាយ។ វាលំបាកការធ្វើព័ត៌មានប៉ុន្តែយើងអត់បោះបង់ទេ ដោយយើងនៅតែធ្វើដើម្បីឱ្យព័ត៌មានពិតទៅដល់ប្រជាជនខ្មែរទាំងមូលបានឃើញ»។
ប្រតិកម្មនេះបន្ទាប់ពីនៅក្នុងរយៈពេលចុងក្រោយនេះ ក្រុមសង្គ្រាមព័ត៌មានអ៊ីនធឺណិត ដែលគេដឹងកន្លងមកថា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងបង្កើនធ្វើសកម្មភាពចេញអុកឡុកតាមរយៈការប្រើប្រាស់គណនីហ្វេសប៊ុកក្លែងក្លាយចូលបញ្ចេញមតិដោយសរសេរសារឆ្លើយតប ដូចជាសារអសុរោះជេរប្រមាថជាដើមនៅតាមបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនយោបាយប្រឆាំង សង្គមស៊ីវិល អ្នកវិភាគ និងបណ្ដាសារព័ត៌មានឯករាជ្យជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក ហ៊ុន ម៉ាណែត ដើម្បីបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី១២ ខែវិច្ឆិកា។
ជុំវិញរឿងនេះ យុវជនចលនាមាតាធម្មជាតិកញ្ញា ភួង កែវរស្មី លើកឡើងថា សកម្មភាពក្រុមអុកឡុកនៅលើអ៊ីនធឺណិតបានកើនឡើងជាងពេលមុនតាមរយៈបង្កើតតំណភ្ជាប់(Link) និងគណនីហ្វេសប៊ុកក្លែងក្លាយចូលបញ្ចេញមតិប្រើពាក្យអសុរោះ ជេរប្រមាថ ដើម្បីតាមរំខានយុវជនសង្គមដែលផ្សព្វផ្សាយទាក់ទងបញ្ហាបរិស្ថាន ធានធានធម្មជាតិ ព្រមទាំងការអប់រំពលរដ្ឋឱ្យមានចំណេះដឹង និងស្វែងរកដំណោះស្រាយនៅលើបណ្ដាញសង្គម។ កញ្ញាយល់ថា របៀបបន្សាបព័ត៌មានដែលមហាជនរិះគន់រដ្ឋាភិបាលនៅលើបណ្ដាញសង្គម ឬធ្វើឱ្យចំនួនអ្នកគាំទ្រថយចុះនេះ គ្មានឥទ្ធិពលលើពលរដ្ឋដែលយល់ដឹងពីវិធីសាស្ត្រនៅពីក្រោយរឿងបំពុលសង្គមនោះទេ។
កញ្ញា ភួង កែវរស្មី៖ «វាបន្តកើតមានម្តងហើយម្តងទៀតជាច្រើនជំនាន់មកហើយ តាំងពីមានបណ្ដាញសង្គមមកគឺយើងឃើញក្រុមប្រភេទហ្នឹងនៅធ្វើការបែបហ្នឹង ហើយរស់រហូតដល់បច្ចុប្បន្នដែលធ្វើការវាយប្រហារបំភ្លៃព័ត៌មាន បន្លប់ស្ថានការណ៍ទាំងអស់ហ្នឹងដែរ អ៊ីចឹងគ្មានអ្វីក្រៅពីយើងជាប្រជាពលរដ្ឋខ្លួនឯង យើងឃើញមួយលុបចោលមួយ (Block) ឃើញពីរលុបចោលពីរចាប់ពីខ្លួនរបស់យើងទាំងអស់គ្នាដោយមិនគាំទ្រទៅលើព័ត៌មានក្លែងក្លាយទាំងអស់ហ្នឹង»។
កាលពីឆ្នាំ២០១៧ សារបែកធ្លាយចេញពីអ៊ីម៉ែលរបស់រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាមនុស្សជំនិតរបស់លោក ហ៊ុន ម៉ាណែត គឺ លោក គឹម សន្ដិភាព បានបង្ហាញពីការបង្កើតក្រុមសង្គ្រាមព័ត៌មានតាមអ៊ីនធឺណិត ដែលមានឈ្មោះជាភាសាអង់គ្លេសថា សាយប៊ឺ វ៉ររូម (Cyber War Room)។
ក្រុមនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដែលមានលោក ហ៊ុន ម៉ាណែត និងលោក ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការសម្របសម្រួលព័ត៌មាន និងសាធារណមតិបច្ចុប្បន្ននេះជាប្រធាន និងមានអនុប្រធានជាច្រើនរូប ដូចជា លោក សុខ ពុទ្ធិវុធ កូនប្រសាលោក ហ៊ុន សែន លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាកូនប្រុសលោក ឌិត មន្ទីរ អតីតប្រធានតុលាការកំពូល ព្រមទាំងលោក គឹម សន្តិភាព និងមន្ត្រីច្រើននាក់ទៀត។
សកម្មភាពរបស់ក្រុមនេះ គឺតាមដាន និងគ្រប់គ្រងព័ត៌មាននានាលើបណ្ដាញសង្គម ព្រមទាំងរៀបចំវិធានការនានាដើម្បីទប់ស្កាត់ ឆ្លើយតប និងវាយបកទៅលើមជ្ឈដ្ឋានរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។
ក្រុមយុវជនអំពាវនាវដល់រដ្ឋាភិបាលបើកលំហប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងងាកមកប្រកួតប្រជែងគ្នាក្នុងផ្លូវសុចរិត ហើយត្រូវក្លាហានទទួលយកមតិរិះគន់ទៅដោះស្រាយកែលម្អដើម្បីប្រយោជន៍ជាតិជាជាងធ្វើនយោបាយមិនស្អាតស្អំតាមរយៈបង្កើតក្រុម នៅលើបណ្ដាញសង្គមបង្កើតព្រឹត្តិការណ៍លុបព្រឹត្តិការណ៍ ឬក្រុមវាយប្រហារអ្នកដែលមាននិន្នាការផ្ទុយរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។