ក្រុមហ៊ុនហ្វេសប៊ុកដាក់ឱ្យប្រើប្រាស់នូវទំព័រ និងមុខងារថ្មីចំនួនពីរបន្ថែមទៀត
2018.08.03
ក្រុមហ៊ុននាំមុខគេខាងផ្នែកបណ្ដាញសង្គម គឺក្រុមហ៊ុនហ្វេសប៊ុក (Facebook) នៅតែបន្តកែសម្រួល និងអភិវឌ្ឍនូវមុខងារថ្មីៗ បន្ថែមទៀត សម្រាប់អ្នកប្រើប្រាស់ និងបន្ថែមទៅលើកម្មវិធីទាំងឡាយរបស់ខ្លួន រួមមាន ហ្វេសប៊ុក អ៊ីនស្តាក្រាម (Instagram) និងវ៉តសាប់ (WhatsApp)។ នៅពេលថ្មីៗ ក្រុមហ៊ុននេះក៏បានប្រកាសនូវការដាក់ចេញឱ្យប្រើប្រាស់នូវទំព័រ និងមុខងារថ្មីចំនួនពីរបន្ថែមទៀត។
តើទំព័រ និងមុខងារថ្មីនេះគឺជាអ្វី និងមានប្រយោជន៍បែបណាខ្លះដល់អ្នកប្រើប្រាស់?
ក្រុមហ៊ុនហ្វេសប៊ុកទើបតែប្រកាសដាក់ឱ្យប្រើប្រាស់នូវ ទំព័របណ្ណាល័យចំណេះដឹងផ្នែកប្រព័ន្ធឌីជីថល (Digital) និងគ្រោងបញ្ចេញមុខងារថ្មីមួយទៀតសម្រាប់កម្មវិធី Facebook និង Instagram គឺទាក់ទងនឹងមុខងារកំណត់ពេលវេលាដែលបានចំណាយលើ Facebook និង Instagram។
មុខងារសម្រាប់កំណត់ពេលវេលាដែលបានចំណាយលើហ្វេសប៊ុក និងអ៊ីនស្តាក្រាម ដែលក្រុមហ៊ុនហ្វេសប៊ុកបានប្រកាសកាលពីថ្ងៃទី១ ខែសីហាថា នឹងបង្ហាញពីពេលវេលាដែលអ្នកប្រើប្រាស់បានចំណាយជាមធ្យម និងមុខងារគ្រប់គ្រងពេលវេលា តាមរយៈការកំណត់ម៉ោងសម្រាប់ខ្លួនឯង និងកំណត់សារជូនដំណឹងចេញពីកម្មវិធី ទាំង Facebook និង Instagram។
អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុក និងអ៊ីនស្តាក្រាមនឹងបានឃើញមុខងារថ្មីនេះ នៅក្នុង“Settings” របស់កម្មវិធីទាំងពីរនេះ។ សម្រាប់កម្មវិធីអ៊ីនស្តាក្រាម នឹងបង្ហាញនូវពាក្យមួយឃ្លាថា “Your Activity” ចំណែកក្នុងកម្មវិធីហ្វេសប៊ុក នឹងបង្ហាញនូវពាក្យមួយឃ្លាថា “Your time on Facebook”។
ក្នុងផ្ទាំងមុខងារថ្មីនេះ អ្នកប្រើប្រាស់កម្មវិធីទាំងពីរអាចធ្វើការកំណត់ពេលវេលាជាក់លាក់ណាមួយ ដើម្បីឱ្យកម្មវិធីរំឭកអ្នកប្រើប្រាស់ថា ដល់ម៉ោងត្រូវឈប់ហើយ និងកំណត់ចំនួនម៉ោង ដែលកម្មវិធីត្រូវបិទរាល់ការជូនដំណឹងទាំងឡាយ ដែលបានផ្ញើមក រហូតដល់ពេលវេលាដែលអ្នកបានកំណត់។
បើទោះបីជាអ្នកប្រើប្រាស់បានបិទការជូនដំណឹងទាំងនោះក្តី ក៏ប៉ុន្តែការជូនដំណឹងទាំងនោះនៅតែរក្សាទុកនៅដដែលនៅត្រង់ចំណុច Notification។
ក្រុមហ៊ុនបណ្ដាញសង្គមហ្វេសប៊ុក បានឱ្យដឹងតាមរយៈការចេញផ្សាយរបស់ខ្លួន កាលពីថ្ងៃទី ១ ខែ សីហា ថាការបង្កើតមុខងារថ្មី ដើម្បីជួយអោយអ្នកប្រើប្រាស់ចេះគ្រប់គ្រងពេលវេលារបស់ខ្លួន ដែលចំណាយនៅលើហ្វេសប៊ុក និងអ៊ីនស្តាក្រាមនេះ ដោយមានការជំរុញ និងសហការជាមួយអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត និងក្រុមអង្គការ អ្នកសិក្សាស្រាវជ្រាវ ដែលបានផ្តល់ជាយោបល់នៅក្នុងសហគមន៍។ ក្រុមហ៊ុនហ្វេសប៊ុកមានបំណងចង់អោយ ពេលវេលារបស់អ្នកប្រើប្រាស់ដែលបានចំណាយទៅលើកម្មវិធីហ្វេសប៊ុក និងអ៊ីនស្តាក្រាមត្រូវតែមានគោលបំណង ភាពវិជ្ជមាន និងមានការជំរុញលើកទឹកចិត្ត។
របាយការណ៍ត្រីមាសរបស់ក្រុមហ៊ុនហ្វេសប៊ុក បង្ហាញថា រៀងរាល់ថ្ងៃមានអ្នកបើកប្រើប្រាស់ហ្វេសប៊ុក ជាមធ្យមជាង មួយពាន់លាន។ ចំណែកនៅកម្ពុជាមានអ្នកបើកប្រើប្រាស់សកម្មជាងប្រាំពីរលានគណនី។
កំណើននៃអ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុក និងអ៊ីនស្តាក្រាមយ៉ាងច្រើន ជារៀងរាល់ឆ្នាំនេះ បានធ្វើអោយក្រុមហ៊ុនហ្វេសប៊ុកបានក្លាយជាក្រុមហ៊ុនដែលនាំមុខគេខាងផ្នែកកម្មវិធីបណ្ដាញសង្គមនៅលើពិភពលោក។
ស្របពេលដែលក្រុមហ៊ុនមួយនេះទទួលបានប្រជាប្រិយភាព និងមានអ្នកប្រើប្រាស់នាំមុខគេនេះ ក្រុមហ៊ុនហ្វេសប៊ុកបានយល់ថា ខ្លួនមានទំនួលខុសត្រូវក្នុងការជួយដល់អ្នកប្រើប្រាស់ ឱ្យបានយល់ដឹងថាតើ ពេលវេលាច្រើនប៉ុណ្ណាដែលអ្នកប្រើប្រាស់បានចំណាយនៅលើកម្មវិធីដែលពួកគេបានបង្កើត។
ចំណែកទំព័របណ្ណាល័យចំណេះដឹងផ្នែកប្រព័ន្ធឌីជីថល ដែលបានប្រកាសដំណើរការជាផ្លូវការកាលពីថ្ងៃទី២ ខែសីហា នេះគឺជាបណ្ដុំនៃមេរៀនដែលជួយដល់យុវជនក្នុងការគិតឱ្យបានស៊ីជម្រៅ និងចែកចាយអ្វីមួយនៅលើអ៊ីនធឺណិតដោយមានការពិចារណា។
ទំព័រថ្មីនេះ មានមេរៀនចំនួន១៨ ដែលផ្តោតទៅលើ ឯកជនភាព និងកេរ្តិ៍ឈ្មោះ ការរុករកអត្តសញ្ញាណ ឥរិយាបថជាវិជ្ជមាន សុវត្ថិភាព និងការចូលរួមក្នុងសហគមន៍។
មេរៀនទាំង ១៨ ដែលមាននៅលើទំព័របណ្ណាល័យចំណេះដឹងផ្នែកប្រព័ន្ធឌីជីថលនេះ បច្ចុប្បន្នកំពុងដំណើរជាភាសាអង់គ្លេស និងគ្រោងដំណើរការជាភាសាផ្សេងទៀតចំនួន ៤៥ភាសាក្នុងពេលឆាប់ៗ។
ការចុះផ្សាយរបស់ក្រុមហ៊ុនហ្វេសប៊ុកបានឱ្យដឹងថា ទំព័របណ្ណាល័យចំណេះដឹងផ្នែកប្រព័ន្ធឌីជីថលនេះគឺជា ទំព័រចុងក្រោយបំផុត ដែលបានបន្ថែម ទៅក្នុងទំព័រ មជ្ឈមណ្ឌលចំណេះដឹងផ្នែកសុវត្ថិភាព។ ទំព័រថ្មីនេះត្រូវបានបញ្ចូលទៅក្នុងមជ្ឈមណ្ឌលចំណេះដឹងផ្នែកសុវត្ថិភាព ទំព័រព័ត៌មាន និងចំណេះដឹងផ្នែកសម្រាប់យុវជន ឬហៅថា Youth Portal៕