គ្រូបង្រៀននៅវិទ្យាល័យប្រសូតិនាំគ្នាផ្ដិតមេដៃសុំដកនាយកសាលា
2023.03.09
គ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ កំពុងប្រមូលស្នាមមេដៃគ្នាដាក់ទៅអង្គភាព ប្រឆាំងអំពើពុករលួយ(ACU) ដើម្បីសុំដកតំណែងនាយកសាលា ដោយចោទថា ជាអ្នកដឹកនាំបែបផ្ដាច់ការ ប្រព្រឹត្តអំពើពុករលួយ និងប្រើប្រាស់ពាក្យអសុរោះជេរប្រមាថសិស្ស អាណាព្យាបាល និងគ្រូបង្រៀនថ្នាក់ក្រោម។
ក្រុមគ្រួបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ស្ថិតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង បានលើកឡើងថា ពួកគាត់ភាគច្រើនមិនអាចស៊ូទ្រាន់ នឹងការដឹកនាំបែបផ្ដាច់ការ និងការប្រើប្រាស់ពាក្យសម្ដីអសុរោះគ្មានសីលធម៌របស់នាយកសាលាបច្ចុប្បន្នទៀតទេ ហើយចង់ដកនាយករូបនេះចេញពីតំណែង។
គ្រូបង្រៀនថ្នាក់ទី១២ ខាងជីវវិទ្យាលោក អ៊ាង សំអ៊ីម ប្រាប់អាស៊ីសេរីនៅថ្ងៃទី៨ មីនា នេះថា គ្រូជាង៧០%ក្នុងចំណោមគ្រូបង្រៀនសរុបប្រហែល១០០នាក់ រួមទាំងអាណាព្យាបាលសិស្សជាច្រើននាក់ផ្សេងទៀត បានទូរស័ព្ទ និងផ្ញើសារមកលោក ដើម្បីប្រមូលស្នាមមេដៃដាក់ពាក្យប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយដកនាយកសាលាឈ្មោះ ចាន់ គឹមសែន ចេញពីតួនាទី។ លោកបន្តថា នាយកសាលាលោក ចាន់ គឹមសែន តែងសម្រេចធ្វើអ្វីមួយតាមអំពើចិត្ត។
ដូចជាការរៃអង្គាសថវិកាសិស្ស និងអាណាព្យាបាលសិស្សសម្រាប់យកមកអភិវឌ្ឍសាលា ហើយមិនដែលបើកសិទ្ធិឱ្យគ្រូបង្រៀនទាំងអស់ បញ្ចេញមតិយោបល់ម្ដងណាឡើយនៅក្នុងកិច្ចប្រជុំ និងថែមទាំងមិនដែលឱ្យដឹងពីការចំណូលចំណាយក្នុងសាលាឡើយ។ លោកបន្ថែមថា លើសពីនេះ នាយកសាលាក៏តែងប្រើពាក្យសម្ដីចម្អេះចម្អាបជេរទៅលើសិស្ស អាណាព្យាបាលសិស្ស និងគ្រូបង្រៀន យ៉ាងបើកចំហដោយមិនគិតពីផលប៉ះពាល់ក្នុងនាមជាគំរូអ្នកដឹកនាំស្ថាប័នអប់រំនោះទេ។
លោក ចាន់ គឹមសែន៖ «ម៉ែហ្អែងសុទ្ធតែពួកឆ្កួត។ ម៉ែឪហ្អែងនៅក្រោមអាចម៍រហូតទាល់តែអាចម៍ឈប់រាគ។ ក្រៅពីហ្នឹង មានអាគ្រូចោលម្សៀត អាគ្រូមួយរៀលៗ និងពាក្យជេរច្រើនណាស់ ដែលមិនអាចទទួលយកបាន»។
លោក អ៊ាង សំអ៊ីម ដែលបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិអស់រយៈពេល២៩ឆ្នាំហើយនោះ ថ្លែងទៀតថា អ្វីដែលលោកបានលើកឡើងនេះ សុទ្ធតែមានភស្តុតាង និងមានការដឹងឮពីគ្រូ សិស្ស និងអាណាព្យាបាលសិស្ស។ បន្ថែមពីនេះ លោកបញ្ជាក់ថា ក្នុងមួយឆ្នាំៗ សាលារកចំណូលបានពីការផ្ញើកង់ម៉ូតូ និងជួលតូបលក់ដូរក្នុងសាលាប្រហែល៦៧លានរៀល ប៉ុន្តែលោកនាយកមិនបានយកលុយទាំងនោះមកអភិវឌ្ឍសាលាឡើយ ផ្ទុយទៅវិញ គឺតែងតែរៃអង្គាសថវិកាពីកូនសិស្សនិងអាណាព្យាបាល ដើម្បីសាងសង់អ្វីមួយនៅក្នុងសាលា។ គ្រូបង្រៀនដដែលនេះបញ្ជាក់ថា នៅពេលចុងក្រោយនេះ លោក ចាន់ គឹមសែន ចេញគម្រោងអភិវឌ្ឍសួនច្បារ ហើយបានសម្រេចរៃអង្គាសសិស្សក្នុងម្នាក់ចំនួន១០ដុល្លារ។
ជុំវិញការចោទប្រកាន់នេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយបំភ្លឺពីលោកនាយកវិទ្យាល័យ ហ៊ុន សែន ប្រសូតិលោក ចាន់ គឹមសែន បានទេ ដោយលោកអះអាងថា ទូរសព្ទរបស់លោកពិបាកនិយាយឆ្លើយឆ្លងគ្នានៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
លោក ចាន់ គឹមសែន៖ «បាទ! ទូរស័ព្ទខ្ញុំ វាឡងទៅឡងមក ដូចទៅវិញទៅមក»។
ចំណែកប្រធានការិយាល័យអប់រំស្រុកស្វាយទាបលោក អ៊ុក មាលតី បានលើកឡើងថា លោកបានដឹងពីទំនាស់រវាងគ្រូបង្រៀននិងនាយកសាលា ហ៊ុន សែន ប្រសូតិនេះហើយតាមរយៈការបង្ហោះវីដេអូនៅក្នុងគណនីហ្វេសប៊ុករបស់លោកគ្រូ អ៊ាង សំអ៊ីម។ លោកបន្តថា កាលពីថ្ងៃទី៧ មីនា ការិយាល័យអប់រំស្រុក បានត្រឹមហៅលោក អ៊ាន សំអ៊ីម មកសួរនាំបញ្ជាក់ការពិតនូវអ្វីដែលលោកបានលើកឡើងនៅក្នុងវីដេអូចោទប្រកាន់ទៅលើនាយកសាលារបស់ខ្លួន ហើយការិយាល័យអប់រំស្រុកគ្មានសិទ្ធិទៅសម្របសម្រួលភាគីទាំងពីរឡើយ។
លោក អ៊ុក មាលតី ៖ «ខ្ញុំគិតថា មិនមានវិធានការអីទេ បើសម្របសម្រួលគ្នាបានក៏សម្របសម្រួលគ្នាទៅ បើសម្របសម្រួលគ្នាមិនបាន ចាត់ការតាមណាតាមទៅ ទៅតាមផ្លូវច្បាប់ទៅ។ ព្រោះអង្គភាពរួមតែមួយជាមួយគ្នា ហើយមានការល្អក់កករគ្នាបន្តិចបន្តួច ក៏ធ្វើ(ប្ដឹងតាមច្បាប់)ទៅ ហើយឥឡូវមិនទាន់ត្រូវគ្នានៅឡើយទេ»។
កាលពីថ្ងៃទី៥ មីនា លោក អ៊ាង សំអ៊ីម បានបង្ហោះវីដេអូមួយតាមគណនីហ្វេសប៊ុករបស់លោក ដើម្បីស្នើឱ្យសាលាខេត្ត រួមទាំងមន្ទីរអប់រំ យុវជន និងកីឡា និងការិយាល័យអប់រំស្រុក ជួយអន្តរាគមន៍បញ្ឈប់ការអង្គាសថវិកាសិស្សនៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ និងត្រូវចាត់វិធានការលើការប្រើប្រាស់ពាក្យសម្ដីជេរប្រមាថ និងពាក្យអសុរោះពីនាយកសាលា។
នៅក្នុងវីដេអូដែលមានរយៈពេលជាង ១៣នាទី មានអ្នកចែករំលែកបន្តតាមបណ្ដាញសង្គមហ្វេសប៊ុក(Share)ជិត១ពាន់នាក់ និងអ្នកចូលទៅសរសេរក្នុងខ្ទង់ខម្មិន(Commet)ជិត២០០នាក់ ភាគច្រើនជាអាណាព្យាបាលសិស្ស និងអតីតសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ។ អ្នកចូលទៅសរសេរខម្មិនស្ទើរទាំងអស់ បានគាំទ្រការចោទប្រកាន់ទៅនាយកសាលាលោក ចាន់ គឹមសែន។
ជាមួយគ្នានេះ គ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ សុំមិនបញ្ចេញឈ្មោះម្នាក់បានលើកឡើងថា អ្វីដែលលោក អ៊ាង សំអ៊ីម បានរៀបរាប់នៅក្នុងវីដេអូនោះ សុទ្ធតែជាការពិតនិងបានកើតឡើងរាប់ឆ្នាំមកហើយ មិនដែលមានអ្នកណាហ៊ានទម្លាយឱ្យគេដឹងឮនោះទេ។
មន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្សនៃសមាគមអាដហុក(Adhoc)លោក ស៊ឹង សែនករុណា យល់ឃើញថា ជាគោលការណ៍រដ្ឋាភិបាល ហាក់មិនបានគាំទ្រឱ្យមានមន្ត្រីក្នុងវិស័យអប់រំ មានអាកប្បកិរិយាពុំគួរសម ដូចជាការជេរប្រមាថ និងប្រើប្រាស់ពាក្យសម្ដីអសុរោះដល់សិស្ស ហើយក្រសួងស្ថាប័នពាក់ព័ន្ធ គួរតែបើកការស៊ើបអង្កេតរឿងនេះឱ្យបានច្បាស់ ដើម្បីដាក់ពិន័យឬអនុវត្តច្បាប់ ដើម្បីកុំឱ្យមានរឿងស្រដៀងគ្នានេះនៅក្នុងសង្គមតទៀត។
លោក ស៊ឹង សែនករុណា៖ «កាលណាយើងជាអ្នកដឹកនាំនៅក្នុងស្ថាប័នមួយ ហើយជាពិសេសជាសាលារៀនទៅទៀត ជាកន្លែងបណ្ដុះថ្នាលមនុស្សទៅទៀត បែរជាទៅប្រើប្រាស់ពាក្យសម្ដីនិងកាយវិការមិនសមរម្យបែបហ្នឹង វាជាគំរូអាក្រក់មួយ»។
មន្ត្រីសង្គមស៊ីវិលរូបនេះចង់ឱ្យក្រសួងអប់រំ យុវជន និងកីឡា គួរដាក់ប្រអប់សម្រាប់ទទួលពាក្យបណ្ដឹងនៅតាមសាលារៀនទាំងអស់ ដើម្បីផ្ដល់ភាពងាយស្រួលដល់គ្រូឬសិស្ស អាចដាក់ពាក្យបណ្ដឹងអនាមិកជុំវិញបញ្ហានៅក្នុងសាលារៀនរបស់ខ្លួន ជៀសវាងការកើតមានរឿងមិនពេញចិត្តរាប់ឆ្នាំ ហើយទុកចោលមិនបានប្ដឹងស្វែងរកកិច្ចអន្តរាគមន៍។ លោកជឿជាក់ថា ប្រសិនបើធ្វើបែបនេះ នឹងអាចជួយកាត់បន្ថយរឿងមិនប្រក្រតីជាពិសេសអំពើពុករលួយកើតឡើងតាមសាលារៀនបានច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។