សមត្ថកិច្ច​ឃាត់ខ្លួន​​​ប៉ូលិស​ចរាចរណ៍​ខណ្ឌ​៧​មករា​ម្នាក់ ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី

ដោយ ម៉ៅ សុធានី
2021-09-10
Share

មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ទៅលើ​មន្ត្រី​នគរបាល​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​ម្នាក់​ឈ្មោះ ម៉ាត់ ពិសី ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​នារី​ម្នាក់ អ្នក​ជិះ​ម៉ូតូ មិន​គោរព​ច្បាប់​ចរាចរណ៍ បណ្ដាល​ឱ្យ​រង​របួស កាល​ពី​យប់​ថ្ងៃទី៨ ខែ​កញ្ញា។

នាយករង​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ទង្វើ​របស់​មន្ត្រី​នគរបាល​ខណ្ឌ​៧​មករា មិនមែន​ជា​ការ​អនុវត្ត​​ច្បាប់​ចរាចរណ៍​នោះ​ទេ ប៉ុន្តែ​ជា​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់​ទោស​ទៅវិញ៖ «ទាក់ទង​នឹង​មន្ត្រី​នគរបាល​ចរាចរណ៍​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ឲ្យ​រងរបួស​នេះ មិនមែន​ជា​ការអនុវត្ត​​ច្បាប់​ទេ គឺ​គាត់​ធ្វើ​ហួស​ដែន​កំណត់​ហើយ ដោយ​គាត់​ទៅជា​ប្រព្រឹត្ត​បទល្មើស​ហិង្សា ដោយ​ចេតនា​។ ដូច​នេះ ទី​១ គាត់​ត្រូវ​ទទួល​ទោស តាម​ក្រមព្រហ្មទណ្ឌ ហើយ​ទី​២ គាត់​ត្រូវ​ទទួលរង​ពិន័យ​ពី​ស្ថាប័ន​។ ហើយ​ចំពោះ​បទល្មើស​ហិង្សា​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​...»

លោក អំ សំអាត បន្ត​ថា ប្រសិនបើ​ជនរងគ្រោះ​ជិះ​ម៉ូតូ មិន​បាន​ពាក់មួក​សុវត្ថិភាព មន្ត្រី​ចរាចរណ៍​អាច​ផាក​ពិន័យ ទៅលើ​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ដោយ​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​នោះ​ទេ។

គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី​៩ ខែកញ្ញា បាន​បកស្រាយ​ថា មន្ត្រី​អន្តរាគមន៍​ដែល​បាន​បង្ក​ការ​រង​របួស​ដល់​ស្ត្រី​ម្នាក់​បណ្តាល ឱ្យ​បែកក្បាល​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា បន្ទាប់​ពី​ពេល​កើតហេតុ​រួច។ ប្រសិនបើ​ស្រាវជ្រាវ​ហើយ​ឃើញថា មាន​កំហុស មន្ត្រី​បង្ក​នោះ នឹង​ត្រូវ​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ និង​អនុវត្ត​តាម​វិន័យ​កងកម្លាំង ផង​ដែរ​។ រីឯ​អ្នកបើកបរ​ល្មើសច្បាប់ ដែល​បើកបរ​គេច​ពី​សមត្ថកិច្ច ក៏​នឹង​ត្រូវ​អនុវត្ត​តាមច្បាប់​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល