អ្នកច្បាប់ថា តុលាការគួរតែស៊ើបអង្កេតអ្នកពាក់ព័ន្ធក្នុងករណីឆបោករបស់លោក លី សាម៉េត
2024.11.05
សមត្ថកិច្ចបានឃាត់ខ្លួន ឧកញ៉ា លី សាម៉េត ភ្លាមៗ កាលពីយប់ថ្ងៃទី៤ វិច្ឆិកា ក្រោយពីលោក ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
អ្នកច្បាប់លើកឡើងថា ករណីចាប់ខ្លួនលោក លី សាម៉េត នេះ មានភាពមិនប្រក្រតីជាច្រើន ពីព្រោះថា សមត្ថកិច្ចអាចចាប់ខ្លួនបុគ្គលនេះបាន ក្រោយពីលោក លី សាម៉េត បានចេញមុខសារភាព និងបានឆ្លើយលុបលាងថា ខ្លួនឆបោកលុយគេ មិនជាប់ពាក់ព័ន្ធជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភានោះទេ។
អ្នកឃ្លាំមើលពីបញ្ហាសង្គមលើកឡើងថា តុលាការគួរតែស្នើទៅសភា ឱ្យព្យួរអភ័យឯកសិទ្ធិលោក ហ៊ុន សែន ពីប្រធានព្រឹទ្ធសភា ដើម្បីបន្តនីតិវិធីស៊ើបអង្កេតករណីទីប្រឹក្សារបស់លោក គឺឧកញ៉ា លី សាម៉េត ដែលធ្លាប់និយាយថា លោកយកលុយគេដែលបានមកពីការបោកប្រាស់ប្រគល់ឱ្យទៅលោក ហ៊ុន សែន។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ ឱ្យដឹងកាលពីយប់ថ្ងៃទី៤ វិច្ឆិកា ថា ជារឿងគួរសង្ស័យជាច្រើនទៀត ដែលសមត្ថកិច្ចអាចចាប់ខ្លួន លោក លី សាម៉េត បាន បន្ទាប់ពីលោក លី សាម៉េតចេញមុខសារភាពថា លោកបានបោកប្រាស់លុយគេ។
លោក គឹម សុខ៖ «លោក ហ៊ុន សែន ចាប់អ្នកណាក៏បានដែរ។ កាន់តែច្បាស់ទៅទៀត ទាល់តែលោក លី សាម៉េត ចេញមុខលាងលោក ហ៊ុន សែន មិនជាប់ពាក់ព័ន្ធលោក ហ៊ុន សែន ទើបសមត្ថកិច្ចចាប់ខ្លួនបាន។ នៅមានរឿងអាថ៌កំបាំងជាច្រើនទៀត ដែលថា លោក ហ៊ុន សែន ជាប់ពាក់ព័ន្ធជាមួយលោក លី សាម៉េត។ ទាល់តែស៊ើបអង្កេតលើលោក ហ៊ុន សែន ពាក់ព័ន្ធនឹងលោក ហ៊ុន សែន ថា លោក លី សាម៉េត បោកគេជាច្រើនដង។ លោក លោក លី សាម៉េត យកលុយទៅឱ្យលោកហ៊ុន សែន និងករណីជាច្រើនទៀត»។
ការថ្លែងរបស់លោក គឹម សុខ នេះ នៅក្រោយពីសមត្ថកិច្ចបានចាប់ខ្លួន លោក លី សាម៉េត ពីខែត្រព្រះសីហនុ បញ្ជូនខ្លួនមកស្នងការរដ្ឋានរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៤ វិច្ឆិកា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក ស ថេត អគ្គស្នងការនគរបាលជាតិកាលពីយប់ថ្ងៃទី៤ វិច្ឆិកា ដើម្បីសុំសួរថា តើសមត្ថកិច្ចនឹងមានចំណាត់ការយ៉ាងណាបន្តទៀត លើករណីលោក លី សាម៉េត នេះ?
សមត្ថកិច្ចឃាត់ខ្លួន លោក លី សាម៉េត បានក្រោយពីលោក បានចេញមុខសារភាពតាមវីដេអូខ្លីមួយកាលពីថ្ងៃទី៤ វិច្ឆិកា។ លោក លី សាម៉េត បានលើកដៃសំពះលោក ហ៊ុន សែន ដែលថា ជាអ្នកមានគុណរបស់លោក។ លោក លី សាម៉េត ថា លោកបានបោកលុយគេមែន ហើយអះអាងថា មិនជាប់ពាក់ព័ន្ធជាមួយលោក ហ៊ុន សែន ទេ ដោយគ្រាន់តែលោកប្រើឈ្មោះរបស់លោក ហ៊ុន សែន ក្នុងការដើរបោកប្រាស់គេ។
លោក លី សាម៉េត៖ «ខ្ញុំបាទ លី សាម៉េត បានសាងកំហុសយ៉ាងធ្ងន់ធ្ងរបំផុត ដែលធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ម្ចាស់ខ្ញុំរបស់សម្ដេច។ ខ្ញុំបាទ បានយកឈ្មោះសម្ដេចទៅប្រើ ដើម្បីយកលុយគេ នេះជារឿងពិត ហើយក៏មិនមែនជាលើកទី១ ដែរ ហើយមិនតែប៉ុណ្ណោះ ថាថវិកាលុយទាំងអស់នោះ យកទៅជូនសម្ដេចទៀត» ។
ការចេញមុខសារភាពនេះ ក្រោយពីលោក ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុក កាលពីថ្ងៃទី៧ ខែតុលា ដោយអះអាងថា ឧកញ៉ា លី សាម៉េត តែងប្រើឈ្មោះរបស់លោក ដើម្បីឆបោកលុយគេអស់រាប់លានដុល្លារ។ អ្នកដែលចាញ់បោក លី សាម៉េតនេះ រាប់ទាំងអតីតអភិបាលស្រុកល្វាឯមលោក កន សុខកាយ ចំនួន ៣០ម៉ឺនដុល្លារ ដើម្បីរត់ការឱ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ និងមនុស្សផ្សេងមួយចំនួនទៀត។
កាលពីដើមខែតុលានេះ លោក ហ៊ុន សែន មិនបានបញ្ជាឱ្យតុលាការចាប់ខ្លួនលោក លី សាម៉េត ទេ ដោយគ្រាន់តែចាត់ឱ្យមេធាវីរបស់លោក គឺ លោក គី តិច ទទួលបណ្ដឹងជនរងគ្រោះ។
ក្រោយការបង្ហោះសាររបស់លោក ហ៊ុន សែន បានមួយថ្ងៃសមត្ថកិច្ចបានចូលត្រួតពិនិត្យផ្ទះរបស់ឧកញ៉ា លី សាម៉េត នៅក្នុងខណ្ឌឫស្សីកែវ ប៉ុន្តែមិនឃើញឧកញ៉ា លី សាម៉េត នៅក្នុងផ្ទះឡើយ។ ក្រៅពីនេះ លោក ហ៊ុន សែន ក៏បានស្នើឱ្យតុលាការបង្កកទ្រព្យសម្បត្តិឧកញ៉ារូបនេះ។ មកទល់ពេលនេះ តុលាការមិនទាន់បានបង្ហាញទ្រព្យសម្បត្តិលោក លី សាម៉េត និងអ្នកជាប់ពាក់ព័ន្ធទៀតនៅឡើយទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសុំសួរអំពីរឿងនេះបន្ថែមបាននៅឡើយទេ កាលពីយប់ថ្ងៃទី៤ វិច្ឆិកា។
ទោះបីជាយ៉ាងនេះក្ដី លោកមេធាវី គង់ សំអុន មានប្រសាសន៍ថា តុលាការឬសមត្ថកិច្ចគួរតែស៊ើបអង្កេតបន្ថែមទៀតថា តើអ្នកណាខ្លះ ជាប់ពាក់ព័ន្ធនឹងរឿងឆបោកនេះ។ លោកបន្ថែមថា បើតាមច្បាប់អ្នកដែលលោក លី សាម៉េត ធ្លាប់បញ្ចេញឈ្មោះកន្លងមក តុលាការគួរតែស៊ើបអង្កេតពីរឿងនេះដែរ។
មេធាវី គង់ សំអុន៖ «តាមផ្លូវច្បាប់តុលាការត្រូវតែស្រាវជា្រវហើយ ដើម្បីចង់ដឹងថា តើរឿងនេះពិត ឬមិនពិត។
ដោយឡែក សម្រាប់អតីតអភិបាលស្រុកល្វាឯម ដែលយកលុយទៅសូកប៉ាន់លោក លី សាម៉េតចំនួន ៣០ម៉ឺនដុល្លារនោះវិញ លោក គង់ សំអុន តុលាការក៏ត្រូវកោះហៅមកសួរនាំពីបទសូកប៉ាន់តាមច្បាប់ប្រឆាំងអំពើពុករលួយដែរ។
លោក គង់ សំអុន៖ «អ្នកសូក និងអ្នកទទួលសំណូក គឺមានទោសដូចគ្នា ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ និងច្បាប់ប្រឆាំងអំពើពុករលួយ»។
គិតចាប់តាំងពីថ្ងៃទី៧ តុលា មកត្រឹមថ្ងៃទី៤ វិច្ឆិកា នេះ មានរយៈពេលជិត ១ខែ ទើបសមត្ថកិច្ចចាប់ខ្លួនលោក លី សាម៉េត បាន។ ការចាប់ខ្លួនបាននេះ ក្រោយពេល លោក លី សាម៉េត បានចេញវីឌីអូ លុបលាងថា រឿងលោកឆបោកមិនជាប់ពាក់ព័ន្ធជាមួយ លោក ហ៊ុន សែន និងដែលថា លោកមិនដែលស្គាល់ផ្ទះលោក ហ៊ុន សែន ជាដើម។ ការសារភាពកំហុសនេះ ខុសពីកាលពីមុន ដែលលោកអះអាងថា លោកអាចចេញចូលផ្ទះលោក ហ៊ុន សែន ពេលណាក៏បាន។
អ្នកឃ្លាំមើលពីបញ្ហាយុត្តិធម៌សង្គមលើកឡើងថា បើសិនជាលោក លី សាម៉េត មិនចេញមុខជួយលុបលាងជួយលោក ហ៊ុន សែន ទេ ទំនងជាពេលនេះ សមត្ថកិច្ចមិនទាន់ចាប់ខ្លួនលោក លី សាម៉េត បាននៅឡើយ។
ពួកគេបានលើកឡើងទៀតថា មនុស្សដែលនៅជុំវិញលោក ហ៊ុន សែន មួយចំនួនជាប់ឈ្មោះ បោកប្រាស់គេក្រៅពីលោក លី សាម៉េត នេះ អ្នកខ្លះមានងារជាជំនួយការរបស់លោកថែមទៀតផង ដូចជាលោក ដួង តារា ដែលតុលាការទើបចាប់ខ្លួនថ្មីៗ នេះ និងករណីឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ប្រមូលលុយពីអតិថិជនទិញផ្ទះរបស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា តែមិនបានផ្ដល់ផ្ទះជូនអតិថិជនកិច្ចព្រមព្រៀង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។