អាជ្ញាធរ​គ្រោង​​ដុត​បំផ្លាញ​គ្រឿងញៀន​ជាង ៥​តោន ពី​ការ​រឹបអូស​ក្នុង​រយៈពេល ១៨​ខែ

ដោយ ហេង រស្មី
2021-06-25
Share
អាជ្ញាធរ​គ្រោង​​ដុត​បំផ្លាញ​គ្រឿងញៀន​ជាង ៥​តោន ពី​ការ​រឹបអូស​ក្នុង​រយៈពេល ១៨​ខែ គ្រឿង​ញៀន​ដែល​អាជ្ញាធរ​រឹប​អូស​បាន និង​ដុត​បំផ្លាញ​ចោល​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៦។
RFA/Leng Maly

អាជ្ញាធរ​គ្រោង​នឹង​ដុត​បំផ្លាញ​ចោល​គ្រឿង​ញៀន​ជាង ៥​តោន នៅ​ក្នុង​ទិវា​ប្រឆាំង​គ្រឿងញៀន​អន្តរជាតិ​ពិភពលោក​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៦ មិថុនា​ខាងមុខនេះ​។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ស្វាគមន៍ ចំពោះ​វិធានការ​នេះ ប៉ុន្តែ​បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​គួរតែ​ស្វែងរក​ប្រភព​នៅ​ពីក្រោយ​ខ្នង ការ​ជួញដូរ​ថ្នាំញៀន​នេះ ដើម្បី​យក​មក​កាត់ទោស​តាមច្បាប់។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃទី​២៤ មិថុនា ថា ឆ្នាំនេះ​អាជ្ញាធរ​នៅ​មិន​ទាន់​កំណត់​នឹង​យក​ថ្ងៃ​ណាមួយ​ពិត​ប្រាកដ​ដើម្បី​ប្រារព្ធ​ទិវា​ប្រឆាំង​គ្រឿងញៀន​អន្តរជាតិ​ទេ ដោយ​រង់ចាំ​សេចក្ដី​សម្រេច​ពី​រដ្ឋាភិបាល​ជាមុន​សិន។

លោក​បញ្ជាក់​ថា សមត្ថកិច្ច​ក្នុង​រយៈពេល​ជាង​១​មួយឆ្នាំ​កន្លង​ទៅ​នេះ​បាន​រឹបអូស​ថ្នាំញៀន​ចំនួន ជាង​៥ តោន (.០៥០Kg) ដើម្បី​ដុត​បំផ្លាញ​ចោល ហើយ​អាជ្ញាធរ​បាន​ជ្រើសរើស​យក​ខេត្ត​ចំនួន ៤ គឺ​ទីក្រុង​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​បាត់ដំបង ឬ​ខេត្ត​បន្ទាយមានជ័យ បាន​ន័យ​ថា​កន្លែង​ណា​ដែល​ចាប់​បាន​គ្រឿងញៀន​ច្រើន​ជាងគេ គឺ​ត្រូវ​ប្រារព្ធ​ពិធី​ដុត​បំផ្លាញ​ចោល​នៅ​ទីនោះ៖ «ឥឡូវនេះ​យើង​កំពុង​ប្រមូល​ផ្តុំ មាន​គណៈកម្មការ​២​ចូលរួម​។ ទី​១​គណៈកម្មការ​ប្រមែប្រមូល​ទ្រព្យសម្បត្តិ​សារធាតុ​ញៀន​ដើម្បី​ដុត​បំផ្លាញ​របស់​ក្រសួង​យុត្តិធម៌​។ មួយទៀត​នៅ​តាម​បណ្ដា​ខេត្ត​នីមួយៗ​គឺ​មាន​ក្រុមការងារ​គេ​មួយ​ដើម្បី​ប្រមែប្រមូល​គ្រឿងញៀន ដើម្បី​សម្រាប់​ដុត​បំផ្លាញ​គឺ​មាន​ព្រះរាជអាជ្ញា​ខេត្ត​ទាំងអស់​ជា​ប្រធាន មាន​នគរបាល​ចូលរួម»

លោក​បន្ត​ថា គ្រឿងញៀន​ដែល​ត្រូវ​ដុត​បំផ្លាញ​ចោល​ចែក​ចេញ​ជា​ពីរ​ប្រភេទ គឺ​គ្រឿង​ញៀន​ណា​ដែល​មិន​មាន​សារធាតុ​គីមី គឺ​ត្រូវ​ធ្វើ​ដុត​បំផ្លាញ​ចោល​តែម្ដង ហើយ​សម្រាប់​គ្រឿងញៀន​ណា​ដែល​មាន​សារធាតុ​គីមី គឺ​ក្រុម​អ្នកជំនាញ​ដោយ​នឹង​ធ្វើ​បន្សាប​សិន មុននឹង​ដុត​បំផ្លាញ​ចោល ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង ប្រធាន​អង្គការ​ខាណា លោក ជួប សុខចំរើន ដែល​អង្គការ​របស់​លោក​បាន​ធ្វើ​កិច្ចការ​ច្រើន​ពាក់ព័ន្ធ​នឹង​រឿង​គ្រឿងញៀន​នេះ បាន​ទេ​ដោយ​ទូរស័ព្ទ​មិន​មាន​អ្នក​ទទួល។

ទោះជា​យ៉ាងណា ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​លោក សន ជ័យ បញ្ជាក់​ថា ជា​ទម្លាប់​ការ​ដុត​បំផ្លាញ​គ្រឿងញៀន​នេះ​ធ្វើឡើង​ធម្មតា​ប៉ុណ្ណោះ ដើម្បី​បង្ហាញ​ស្នាដៃ​របស់​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប​កន្លងមក​។ លោក​ថា នៅ​មាន​គ្រឿងញៀន​ជាច្រើន​ទៀត​ដែល​សមត្ថកិច្ច​បង្ក្រាប​មិន​អាច​បាន គឺ​ប្រភេទ​គ្រឿងញៀន ដែល​បាន​ទៅ​ដល់​ដៃ​អ្នកប្រើប្រាស់ និង​ក្រុម​យុវជន។ លោក​សួរ​ថា តើ​ទំហំ​នៃ​ការបំផ្លាញ​មាន​សភាព​ធ្ងន់ធ្ងរ​ប៉ុណ្ណា? ហេតុដូច្នេះ​ហើយ​បានជា​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ចំនួន​គ្រឿងញៀន​គ្រប់​ប្រភេទ​ដែល​សមត្ថកិច្ច​មិន​ទាន់​បង្ក្រាប​បាន គឺជា​ចំណុច​ដែល​គួរ​ឱ្យ​បារម្ភ ខណៈ​ដែល​តួលេខ​នៃ​អ្នក​ចែកចាយ និង​អ្នកប្រើប្រាស់​នៅ​មាន​ចំនួន​ច្រើន​នៅ​ឡើយ៖ «កម្រិត​ដែល​គេ​បារម្ភ​ខ្លាំង​គឺ​ការ​ទំនាក់ទំនង​រវាង​សកម្មភាព​បទល្មើស​ចែក​ចាយ​គ្រឿងញៀន​នេះ​វា ពាក់ព័ន្ធ​ជាមួយ​នឹង​បទល្មើស​ពុករលួយ។ អីចឹង​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​គេ​រក​ឃើញ​ថា បទល្មើស​ល្មោភ​អំណាច​ក្ដី ការ​ឆក​ល្វែង​នៃ​ការអនុវត្ត​ច្បាប់ និង​ពុករលួយ​នេះ គឺជា​ប្រភេទ​នាំ​ឱ្យ​មាន​វិនាសកម្ម​ដល់​ធនធាន​មនុស្ស»

ចំណែក​អ្នកវិភាគ​សង្គម​លោក​បណ្ឌិត មាស នី មានប្រសាសន៍​ថា ប្រជាពលរដ្ឋ​ទូទៅ​មើល​ឃើញ​ថា សមត្ថកិច្ច​សព្វថ្ងៃ​នេះ​ចាប់​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន ភាគច្រើន គឺជា​អ្នកប្រើប្រាស់ និង​អ្នក​រកស៊ី​តូចតាច​ប៉ុណ្ណោះ។ ចំណែក​មេខ្លោង​ដែល​រកស៊ី​គ្រឿងញៀន មាន​ខ្នង​បង្អែក​ធំៗ មាន​ចាប់​បាន​ខ្លះ ប៉ុន្តែ​មិន​បាន​ជាប់ឃុំ​យូរ​ឆ្នាំ​ទេ ហើយ​បើ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ក៏​មិន​ស្នាក់​នៅ​វេទនា​ដូច​អ្នក​ជាប់ឃុំ​ផ្សេងទៀត​ដែរ គឺ​មេខ្លោង​ទាំងនោះ​មាន​បន្ទប់​ពិសេស​ស្នាក់នៅ ហើយ​ក្រោយ​មក​ត្រូវ​ដោះលែង​វិញ៖ «ហើយ​រឿង​ដែល​សំខាន់​ដែល​យើង​មើល​នៅក្នុង​ករណី​ដែល​មាន​កន្លង​មក​ហើយ​គឺ​ចាប់​បាន​មួយ​ដែល​ច្រើនតែ​អ្នក​មិន​មាន​ខ្នងបង្អែក។ អ៊ីចឹង​ការ​អនុវត្ត​ច្បាប់​នៅ​ស្រុក​យើង​ច្រើនតែ​មិន​មាន​ប្រសិទ្ធភាព អំពើពុករលួយ និង​បក្សពួកនិយម​ក៏​វា​ផ្សំគ្នា​ទាំងអស់ ដែល​ធ្វើ​ឱ្យ​ការ​បង្ក្រាប​គ្រឿងញៀន​ធ្វើ​ទៅ​មិន​មាន​ប្រសិទ្ធភាព យើង​ក៏​មិនដឹង​ថា ការ​ជួញ​គ្រឿងញៀន​ក្នុង​ចំណោម​អ្នកមាន​អំណាច​មិន​ដឹង​ថា មាន​ជម្រៅ​ប៉ុណ្ណា បើ​ទោះ​បី​ជា​ទៅ​ឃើញ​ហើយ ក៏​យើង​អត់​ហ៊ាន​និយាយ​ដែរ»

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ឱ្យ​ដឹង​ថា គិត​ចាប់​ពី​ខែ​មិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃទី ២៤ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​សមត្ថកិច្ច​ចាប់​បាន​គ្រឿងញៀន​ចំនួន​ជាង ៥​តោន និង​ជន​ល្មើស​ទាំង​អ្នកជួញ​ដូរ​នឹង​អ្នកប្រើប្រាស់​ជាង ២​ម៉ឺន​នាក់​(២០.០២៥​នាក់​) ក្នុង​នោះ​មាន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន​ជាង ៨០០​នាក់​(៨២៣​នាក់)។ ក្នុងចំណោម​ជនបរទេស​ទាំងនោះ ជន​ជាតិចិន​ច្រើន​ជាងគេ​គឺ​មាន​ចំនួន ៣០០​នាក់ ក្រៅពីនោះ​មាន​ជនជាតិ​ជប៉ុន អូស្ត្រាលី រុស្ស៊ី វៀតណាម និង​ជនជាតិ នីហ្សេរីយ៉ា ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល