ស្តូបមិត្តភាពកម្ពុជាវៀតណាមនៅខេត្តសៀមរាបរងការបំផ្លាញដោយគ្រាប់បែក ក្នុងពេលពលរដ្ឋបារម្ភបាត់បង់ដីទៅវៀតណាម ដោយសារគម្រោង CLV
ស្តូបមិត្តភាពកម្ពុជាវៀតណាមនៅខេត្តសៀមរាបរងការបំផ្លាញក្នុងពេល ដែលពលរដ្ឋមួយចំនួនព្រួយបារម្ភ ខ្លាចបាត់បង់ទឹកដីទៅវៀតណាម ដោយសារគម្រោង CLV។ មន្ត្រីសង្គមស៊ីវិលមើលឃើញថា ទង្វើនេះជាមធ្យោបាយសម្ដែងមតិរបស់ពលរដ្ឋដោយលាក់លៀម ដើម្បីផ្ញើសារទៅរដ្ឋាភិបាលឱ្យដោះស្រាយក្ដីកង្វល់រួមរបស់ពួកគាត់។
ក្រោយពីស្តូបមិត្តភាពកម្ពុជាវៀតណាម ត្រូវជនសង្ស័យបំផ្លាញ អាជ្ញាធរបានពង្រាយកម្លាំងប្រដាប់អាវុធចម្រុះជាច្រើននាក់ យាមល្បាតយ៉ាងប្រុងប្រយ័ត្ន ហាមមិនឱ្យមហាជនចូលក្នុងបរិវេណស្តូបនោះឡើយ។ ផ្នែកខ្លះតាមដងផ្លូវនៅក្បែរតំបន់នោះ សមត្ថកិច្ចបានដាក់រនាំង ឬបារ៉ាស់ ហាមមិនឱ្យអ្នកដំណើរឆ្លងគាត់។
ពលរដ្ឋមួយគ្រួសារ មានទីលំនៅកៀកនឹងស្តូបនោះថ្លែងសុំមិនបញ្ចេញឈ្មោះឱ្យដឹងថា ពួកគាត់កំពុងដេកលក់ កណ្ដាលយប់ ស្រាប់តែមានសំឡេងផ្ទុះដូចគ្រាប់បែក នៅត្រង់ចំណុចស្តូបនេះ ធ្វើឱ្យពួកគាត់ភ្ញាក់ពីដំណេក។
ព្រះសង្ឃគង់នៅវត្តមួយ ក្នុងខេត្តសៀមរាបមានថេរដីកាសុំមិនបញ្ចេញព្រះនាមព្រោះបារម្ភពីសុវត្ថិភាព មានថេរដីកាថា ទង្វើនេះ អាចជាកំហឹងរបស់ពលរដ្ឋដែលកំពុងកើតទុកមិនសុខចិត្ត នឹងរដ្ឋាភិបាលមិនផ្ដាច់ខ្លួនពីគម្រោង CLV ចេញ។
ព្រះអង្គបន្ថែមថា ពលរដ្ឋខ្មែរឈឺចាប់បៀមក្នុងចិត្ត ខ្លាចក្រែងបាត់បង់ទឹកដី ទៅប្រទេសវៀតណាមបន្ថែមទៀត ព្រោះបច្ចុប្បន្នរដ្ឋាភិបាលបានរឹតត្បិតសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋគ្រប់រូបភាព។
ព្រះសង្ឃលាក់ព្រះនាម៖ «អាចជាកម្ដៅដែលប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត គាត់អាចជាការឈឺចាប់ចារទុកជាប្រវត្តិសាស្ត្រនានា យើងដឹងហើយថាប្រវត្តិសាស្ត្រវៀតណាមតែងតែឈ្លានពានកម្ពុជា ទៅពួកគាត់អាចយកជាកំហឹងហ្នឹងជាទៅលើជនជាតិវៀតណាម»។
ស្តូបមិត្តភាពកម្ពុជាវៀតណាម ដែលអាជ្ញាធរទើបនឹងសាងសង់រួចរាល់ មិនទាន់សម្ពោធនៅឡើយទេ ឋិតនៅក្បែររង្វង់មូលអប្សរា ក្បែរផ្លូវ ៦០ ក្នុងក្រុងសៀមរាប ត្រូវជនមិនស្គាល់មុខលួចបំផ្លាញ កាលពីយប់ម៉ោង ២ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។ មកទល់ពេលនេះ អាជ្ញាធរខេត្តសៀមរាប មិនទាន់បង្ហាញលទ្ធផលស៊ើបអង្កេតជាសាធារណៈនៅឡើយទេ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យសាលាខេត្តសៀមរាប លោក លី វណ្ណៈ បាននៅឡើយទេ នៅថ្ងៃទី២៩ សីហា ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ពលរដ្ឋដែលបំផ្លាញស្តូបមិត្តភាព-កម្ពុជាវៀតណាមជាមនុស្សជាតិនិយមជ្រុល និងមានចិត្តចង្អៀតចង្អល់។
លោក សុខ ឥសាន៖ «អាហ្នឹងជាមនុស្សភ្លេចកំណើតហើយយើងទាំងអស់គ្នាដែលជាខ្មែរ នៅក្នុងប្រទេសរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសារអ្នកណា គឺដោយសាររណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលមានការជួយគាំទ្រពីកងកម្លាំងវៀតណាម»។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា ទង្វើនេះគឺជាកំហឹងរបស់ពលរដ្ឋ ដែលមិនពេញចិត្តនឹងគម្រោង CLV បង្កប់រូបភាពឈ្លានទឹកដីខ្មែរ។ លោកយល់ថា រដ្ឋាភិបាលគួរតែទទួលយកក្ដីកង្វល់របស់ពលរដ្ឋដោះស្រាយ ដោយត្រូវដកគម្រោងCLVចេញ។
លោក អ៊ុំ សំអាន៖ «រដ្ឋាភិបាលគួរតែធ្វើទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋមានកំហឹងចំពោះការឈ្លានពានពីសំណាក់ប្រទេសវៀតណាមនេះ ដោយវាយស្តូបយួនដែលមាននៅគ្រប់ខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជាហ្នឹងហើយ ដាក់មកវិញដោយរូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ អីជាដើម»។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប លោក អ៊ិន គង់ជិត មិនគាំទ្រចំពោះការសម្ដែងមតិដោយហិង្សានោះទេ ។
តែយ៉ាងណាលោកសង្កេតថា បច្ចុប្បន្នពលរដ្ឋហាក់គ្មានមធ្យោបាយបញ្ចេញមតិដោយបើកចំហនោះឡើយ ទើបពួកគាត់បង្ខំចិត្តប្រើប្រាស់រូបភាពនេះដោយលាក់លៀម។
លោក អ៊ិន គង់ជិត៖ «គាត់ប្រើប្រាស់រូបភាពដោយមិនបញ្ចេញមុខ ហើយជាមធ្យោបាយសុខសុវត្ថិភាពដើម្បីពួកគាត់ដែរ ព្រោះពួកគាត់គ្មានមធ្យោបាយដែលបញ្ចេញមតិ ទៅពួកគាត់ប្រើរូបភាពនេះដើម្បីចង់ផ្ញើ សារទៅរាជរដ្ឋាភិបាលឱ្យប្រែមកជាស្ដាប់កង្វល់របស់ពួកគាត់»។
ទោះបីជាយ៉ាងណាក្ដី ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត សង្ស័យថា ការបំផ្ទុះនេះអាចជាឈុតឆាក របស់អាជ្ញាធរដើម្បីចាប់មនុស្សតាមទំនើងចិត្ត ក្នុងពេលដែលពលរដ្ឋកំពុងប្រតិកម្មខ្លាំង នឹងគម្រោង CLV៖
លោក ម៉ែន ណាត៖ «យើងសង្ស័យថាមានការរៀបចំឈុតឆាក ដើម្បីរៀបចំផែនការចាប់មនុស្សដាក់ឃុំបន្ថែមទៀត ដើម្បីបង្ក្រាបផ្ទៃក្នុងខ្លួនឯងខណៈពេលដែលប្រជាជនខ្មែរកំពុងតាមពាវនាវរដ្ឋាភិបាលឲ្យដកចេញពីគម្រោងCLV»។
អាជ្ញាធរលោក ហ៊ុន ម៉ាណែតចាប់បានសកម្មជនប្រឆាំងនឹងគម្រោង CLV តាមទំនើងចិត្តប្រមាណ ជិត ១០០នាក់។
កាលពីចុងឆ្នាំ២០១៧ សារព័ត៌មានវៀតណាមបានចុះផ្សាយថា ភាគីកម្ពុជាបានរាយការណ៍ទៅក្រសួងការពារជាតិវៀតណាម ស្នើសុំថវិកាចំនួនជាង ៧លានដុល្លារអាមេរិក (៧.៨០០.០០០) ដើម្បីកសាងស្តូបមិត្តភាពវៀតណាម-កម្ពុជា ចំនួន ១៧ នៅកម្ពុជា ក្នុងបំណងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ស្តូបមិត្តភាព-កម្ពុជាទាំងនេះ មានរូបទាហានវៀតណាមម្នាក់ ទាហានឡាវម្នាក់ និងរូបស្ត្រីខ្មែរម្នាក់ពកូនខ្ចី។
កន្លងទៅក៏មានករណីមានជនមិនស្គាល់មុខបានលួចដុត និងវាយបំបែក ស្តូបមិត្តភាពកម្ពុជា-វៀតណាម ឋិតក្នុងខេត្តព្រះវិហារ និង ខេត្តបន្ទាយមានជ័យ ដោយសារពលរដ្ឋមិនពេញចិត្តនឹងរដ្ឋាភិបាលកសាងស្តូបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។