ពលករ​ខ្មែរ​ធ្វើ​ការ​សំណង់​នៅ​​ថៃ​នឹក​ស្រុក​កំណើត តែ​គ្មាន​លុយ​មក​លេង​នៅ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ដោយ ប្រាជ្ញ ចេវ
2024.10.02
ពលករ​ខ្មែរ​ធ្វើ​ការ​សំណង់​នៅ​​ថៃ​នឹក​ស្រុក​កំណើត តែ​គ្មាន​លុយ​មក​លេង​នៅ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ ពល​ការិនី​ខ្មែរ​មួយ​ក្រុម​នេះ កំពុង​ចង​ដែក​ធ្នឹម​ស្ពាន នៅ​ការដ្ឋាន​សង់​ស្ពាន​មួយ​កន្លែង​នៅ​ខេត្ត ណាខន ប៉ាថុម (Nakhon Pathom) ប្រទេស​ថៃ នៅ​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០២០។
រូប៖ ពលករផ្ដល់ឱ្យ

ពលករ​ខ្មែរ​ធ្វើ​ការ​សំណង់​នៅ​ប្រទេស​ថៃ​ភាគ​ច្រើន​​ ខកខាន​ទៅ​លេង​ស្រុក​កំណើត នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ ដោយ​សារ​តែ​គ្មាន​លុយ​កាក់​​ ខណៈ​ពលករ​ខ្មែរ​ខ្លះ​ទៀត​ត្រូវ​​ប៉ូលិស​ថៃ​ចាប់​ដាក់​គុក ដោយសារ តែ​គ្មាន​លិខិត​ឆ្លង​ដែន​ត្រឹម​ត្រូវ។ ពួកគាត់​ថា​ នៅ​ពេល​បុណ្យ​ទាន​ម្ដង​ៗ មាន​តែ​ខាំ​ធ្មេញ​សង្កត់​ចិត្ត ហើយ​​​រហូត​ពេល​ខ្លះ​ដេក​យំ​ តូច​ចិត្ត​នឹង​ខ្លួន​ឯង​ មិន​ដឹង​ពេល​ណា​បាន​អាច​​មាន​ជីវភាព​សមរម្យ​ បាន​ជួប​ជុំ​គ្រួសារ​ពេល​បុណ្យ​ទាន​​ម្ដងៗ។

ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​ជា​ ច្រើន​កំពុង​តែ​ ប្រារព្ធ​ពិធី​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ ធ្វើ​បុណ្យ​ទាន​ឧទ្ទិស​កុសល​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ និង​ជួប​ជុំ​គ្រួសារ​​ ជិត​ឆ្ងាយ​ ពលករ​ខ្មែរ​មួយ​ចំនួន​ធំ​ ​ធ្វើ​ការ​​នៅ​ប្រទេស​ថៃ ពុំ​បាន​សម្រាក​ពី​ការងារ​ ដើម្បី​មក​ជួប​ជុំ​គ្រួសារ នៅ​ឯ​ស្រុក​កំណើត​នោះ​ទេ​ ព្រោះ​គ្មាន​លុយ​​កាក់ គ្រប់គ្រាន់​សម្រាប់​ធ្វើ​ដំណើរ​ ហើយ​ពលករ​ខ្មែរ​ ​ខ្លះ​ទៀត​ត្រូវ​បាន​ប៉ូលិស​ថៃ ចាប់​ដាក់​គុក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​ពុំ​អាច​ទៅ​ជួប​ជុំ​ គ្រួសារ​​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ។

ពលករ​ខ្មែរ​​ធ្វើ​ការ​សំណង់​នៅ​ប្រទេស​ថៃ​ លោក វឿន ពុទ្ធារឹទ្ធ ដែល​មាន​ស្រុក​កំណើត​នៅ​ស្រុក​ ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣០ ខែ​កញ្ញា ថា​​ ជាង​៥​ឆ្នាំ​ហើយ​ លោក​ពុំ​ដែល​បាន​មក​លេង​ស្រុក​កំណើត​ ជួប​ជុំ​គ្រួសារ និង​ធ្វើ​បុណ្យ​ទាន នៅ​​រដូវ​ភ្ជុំ​បិណ្ឌ​​​នោះ​ទេ​ ព្រោះ​គ្មាន​លុយ។

លោក​បន្ត​ថា នៅ​ពេល​ដែល​បុណ្យ​ទាន​ម្ដង​ៗ​ ឃើញ​គ្រួសារ​គេ​ជួប​ជុំ​គ្នា ​សើច​លេង​សប្បាយ​ ទៅ​វត្ត​វ៉ា​ធ្វើ​បុណ្យ​ទាន​ លោក​មាន​អារម្មណ៍​ថា នឹក​ស្រុក​កំណើត​ជា​ខ្លាំង​ ។ ការណ៍​នេះ​ ធ្វើ​ឱ្យ​លោក​ និង​ប្រពន្ធ ​ពេល​ខ្លះ ដេក​យំ តូច​ចិត្ត​នឹង​ខ្លួន​ឯង​ថា ហេតុ​អ្វី​ បាន​ជីវិត​នេះ​ ជួប​តែ​ការ​​លំបាក​​ ធ្វើការ​សំណង់​នៅ​ប្រទេស​គេ​ បាន​ថវិកា បន្តិច​បន្តូច​មក ក៏​សម្រាប់​តែ​ទុក​ត​វីសា (VISA) ​ បង់​ធនាគារ ​ចំណាយ​លើ​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ខ្លះ និង​ផ្ញើ​ទៅ​ឱ្យ​គ្រួសារ​នៅ​ឯ​ស្រុក​ខ្លះ។

លោក វឿន ពុទ្ធារឹទ្ធ៖ «វា​ពុំ​មាន​លុយ​ទៅ​(លេង​ស្រុក)ខ្ញុំ​មិន​ដែល​បាន​ទៅ​លេង​ភ្ជុំបិណ្ឌ ប្រហែល​ជា​៣ ​៤ទៅ​៥ឆ្នាំ​ហើយ មិន​ដែល​បាន​ទៅ​លេង​ភ្ជុំបិណ្ឌ​នឹង​គេ សូម្បី​តែ​ម្ដង​។ វា​ពុំ​មាន​លុយ​ទៅ»

លោក វឿន ពុទ្ធារឹទ្ធ ធ្វើ​ការ​នៅ​ក្រុង​បាងកក (Bangkok) ប្រទេស​ថៃ​ ជា​មួយ​នឹង​​ពលករ​ខ្មែរ​មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ​ដូច​បាត់ដំបង ពោធិ៍សាត់ និង​ព្រៃវែង​ ជាង​១០០​នាក់។ លោក​ថា ឆ្នាំ​នេះ ​អ្នក​ដែល​ទៅ​លេង​ស្រុក ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​​​​មាន​​​តែ ១០នាក់​ប៉ុណ្ណោះ។ ពួក​គាត់​ថា ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​​ថៃ​នេះ​ភាគ​ច្រើន​ មួយ​ឆ្នាំ​ទៅ​លេង​ស្រុក​បាន​តែ​ម្ដង​គត់ គឺ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ។

ចំណែក ពលករ​ខ្មែរ​​​​ម្នាក់​​ទៀត​មាន​ស្រុក​កំណើត​ នៅ​ខេត្ត​ព្រៃវែង ​លោក ស្វាយ សារឿន ក៏​មិន​បាន​ទៅ​លេង​ស្រុក​ ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​នោះ​ដែរ​ ព្រោះ​កន្លែង​ធ្វើ​ការ​អត់​ឈប់​សម្រាក រួម​នឹង​គ្មាន​លុយ។ ប៉ុន្តែ​ លោក និង​​ពលករ​ដទៃ​ទៀត​បាន​ផ្ញើ​លុយ​​ ជូន​ពុក​ម្ដាយ និង​សាច់​ញាតិ​ខ្លះ​ នៅ​ឯ​ស្រុក​ នៅ​ក្នុង​​រដូវ​ភ្ជុំបិណ្ឌ​​​តាម​ទំនៀមទម្លាប់។

លោក ស្វាយ សារឿន មិន​អាច​ទៅ​ស្រុក​កំណើត​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ បាន​ ដោយ​សារ​តែ​ ​លោក​រវល់​ធ្វើ​ការ ក្រែង​បាន​ថវិកា​ខ្លះ​ដើម្បី​បង់​ធនាគារ​ ដែល​លោក​ជំពាក់​ ជិត ១​ម៉ឺន​ដុល្លារ។ ការណ៍​នេះ​តម្រូវ​ឱ្យ​លោក និង​ប្រពន្ធ​ធ្វើ​ការ​​ដោយ​ពុំ​គិត​ពី​ការ​នឿយ​ហត់ និង​​ថ្ងៃ​សម្រាក​បាន​ត្រឹម​ត្រូវ​​នោះ​ទេ​ ​បើ​ទោះ​បី​ថ្ងៃ​បុណ្យ​ទាន​ក្ដី។

ទោះ​បី​ជា​ពលករ​ទាំងនោះ ពុំ​បាន​ទៅលេង​ ស្រុក​កំណើត​ នៅ​ស្រុក​ខ្មែរ​ ដើម្បី​ជួប​ជុំ​សាច់ញាតិ​ ធ្វើ​បុណ្យ​ទាន​​ក្ដី​ ប៉ុន្តែ ​ពលករ​ខ្មែរ​ខ្លះ​ បាន​​ឆ្លៀត​​​ពេល​ទំនេរ​ពី​ការងារ ទៅ​វត្ត​នៅ​ក្បែរ​ៗ​កន្លែង​ធ្វើ​ការ​ ក្នុង​ប្រទេស​ថៃ​ ដើម្បី​ប្រគេន​ចង្ហាន់​ និង​ទេយ្យទាន​មួយ​ចំនួន​ដល់​ព្រះសង្ឃ​ ជា​ការ​ឧទ្ទិស​កុសល ​ដល់​សាច់​ញាតិ​ ដែល​បាន​ស្លាប់​តាម​ជំនឿ​ ដែល​ពលរដ្ឋ​ខ្មែរ ​តែង​តែ​ គោរព​ជឿ​ជា​យូរ​មក​ហើយ។

ដោយ​ឡែក ​ពលករ​ខ្មែរ​​ខ្លះ​ទៀត ពុំ​បាន​ទៅ​លេង​ស្រុក​កំណើត​​នោះ​​ទេ​ ដោយ​ សារ​តែ​ត្រូវ​បាន​ ប៉ូលិស​ថៃ​ចាប់​ខ្លួន​ដាក់​គុក​​ ដោយ​សារ​តែ​គ្មាន​លិខិត​ឆ្លង​ដែន​ត្រឹម​ត្រូវ។ ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ខេត្ត​ប៉ាថុមថានី (Pathum Thani) ប្រទេស​ថៃ លោក ប៉ែន ប៊ុនថន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ ជាង​៣ខែ​មក​នេះ មាន​ពលករ​ខ្មែរ​ ដែល​លោក​ស្គាល់​ជាង ១ពាន់​នាក់​ហើយ ដែល​ត្រូវ​បាន​ប៉ូលិស​​ ចាប់​ខ្លួន​ដាក់​គុក​ ដោយ​សារ​តែ​គ្មាន​លិខិត​ឆ្លង​ដែន​ត្រឹម​ត្រូវ ក្នុង​នោះ​ ក៏​មាន​ ក្រុម​ការងារ​របស់​លោក​១០​ក៏​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ដែរ​ កាល​ពី​ដើម​ខែ​កញ្ញា ដែល​ ​ពុំ​ទាន់​បាន​ដោះលែង​ នោះ​ឡើយ។ ការណ៍​នេះ​ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​បារម្ភ ហើយ​ខកខាន បាន​​ជួប​ជុំ​គ្រួសារ​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ។

លោក ប៉ែន ប៊ុនថន៖ «ជា​ការ​សោកស្ដាយ​មួយ​ដែរ​ ដែល​យើង​មាន​ស្ថានទូត​កម្ពុជា​របស់​យើង​ ប្រចាំ​នៅ​ប្រទេស​ថៃ ​គឺ​ជំនួស​មុខ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដែល​មើល​ការ​ខុស​ត្រូវ​ ពលករ​ មក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​។ ធម្មតា​ដូច​ជា​ម៉ែឪ​របស់​ពួក​គាត់​មួយ​ដែរ​ តែ​ភាគ​ច្រើន និយាយ​រួម​ទៅ​ពេល​ខ្ញុំ​​ តេ (ហៅ​ទូរស័ព្ទ)​ទៅ​ មិន​ដែល​ឃើញ​លើក​(ទូរស័ព្ទ)

ចាប់​តាំង​ពី​ខែ​មិថុនា​ដល់​ខែ​កញ្ញា អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​ពលករ​ខ្មែរ​ចំណាក​ស្រុក​ខុស​ច្បាប់​មាន​ចំនួន​ជិត​ ៤ម៉ឺន​នាក់ (៣៩.៧៣៦)នាក់ ហើយ​ក្នុង​នោះ​មាន ពលករ​ខ្មែរ​ជាង​២​រយ​នាក់ (២៥៩នាក់ ត្រូវ​បាន​កាត់​ទោស​ ហើយ​ ពលករ​ខ្មែរ​​ខ្លះ អាច​​ប្រឈម​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៥​ខែ​ ទៅ​១​ឆ្នាំ​​ តាម​បទល្មើស​ជាក់​ស្ដែង​។

ពលករ​ខ្មែរ​ ទាំង​នោះ ស្នើ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​ស្ថាន​ទូត​ខ្មែរ​ ប្រចាំ​នៅ​ប្រទេស​ថៃ ឱ្យ​ចុះ​សួរសុខទុក្ខ​ពួកគាត់ ដើម្បី​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ និង​លុប​បំបាត់​ ក្រុម​មេ​ខ្យល់ ឬ​ក្រុមហ៊ុន​ទាំង​ឡាយ​ដែល​ រំលោភ​​​សិទ្ធិ​ពលករ​ខ្មែរ បោក​ប្រាស់​ពួក​គាត់​ ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បើ​ពុំ​ដូច្នោះ​ទេ ពលករ​ខ្មែរ​កាន់​តែ​មាន​ជីវភាព​លំបាក​គ្មាន​​លុយ​ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ​និង​ថ្លៃ​​ធ្វើ​ដំណើរ​មក​លេង​ស្រុក​កំណើត​ពេល​បុណ្យ​ទាន​ម្ដង​ៗ​នោះ​ឡើយ។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​កម្ពុជា ​ប្រចាំ​ប្រទេស​ថៃ​ ដើម្បី​ឆ្លើយ​តប​ជុំ​វិញ​រឿង​នេះ​ បាន​ទេ នៅ​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា។ រីឯ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក​ កត្តា អ៊ន ក៏​ពុំ​អាច​ទាក់ទង​បាន​ទេ ​នៅ​ថ្ងៃ​ទី​០១ ខែ​តុលា ដោយ​ហៅ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIREA) លោក ឌិន ពុទ្ធី មើល​ឃើញ​ថា ពលករ​ខ្មែរ​ដែល​ធ្វើការ​ក្នុង​ប្រទេស​ថៃ ភាគច្រើន​ពួក​គាត់​មិន​បាន​វិល​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត​ក្នុង​រដូវ​ភ្ជុំ​នេះ​ទេ ព្រោះ​ពលករ​​ខ្មែរ​មាន​បញ្ហា​​​​ជីវភាព​ខ្វះខាត​ ​ មាន​ការងារ​តិច​តួច​ និង​កន្លែង​​ខ្លះ​គ្មាន​ការងារ​ធ្វើ​តែ​ម្ដង ដោយ​សារ​តែ​ការ​ចាញ់​បោក​ក្រុម​មេ​ខ្យល់ ឬ​​​ក្រុមហ៊ុន ដែល​ធានា​​​​ពួក​គាត់​ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តាមរយៈ​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​​ ផ្សេង​ៗ​ ដែល​ធ្វើ​ឱ្យ​ពលករ​ទាំង​នោះ​ ពុំ​អាច​មាន​ជីវភាព​ល្អ​ប្រសើរ​បាន​ឡើយ។

លោក ឌិន ពុទ្ធី៖ «ក្រសួង​ទាំង​អស់ ប្រសិន​បើ​ពុំ​បាន​តាម​ដាន ពិនិត្យ​ទៅ​លើ​ក្រុមហ៊ុន​ ដែល​នាំ​ពលករ​ចេញ​ទេ​ អាហ្នឹង​ វា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ឬ​ការ​កេងប្រវ័ញ្ច​ អី​ផ្សេង​ៗ​ អា​ហ្នឹង​ជា​រឿង​ធម្មតា​ទេ។ រដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង ត្រូវ​តែ​យក​ចិត្ត​ទុក​​ដាក់ តាមដាន​​ពាក់ព័ន្ធ​រឿង​ហ្នឹង»

របាយការណ៍​អង្គការ​សង់ត្រាល់ (Central) ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ធ្វើ​ការងារ​ស្របច្បាប់ និង​មិន​ស្របច្បាប់​ជិត ២​លាន​នាក់​នៅ​ប្រទេស​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។