ពលករ​ខ្មែរ​ដែល​ប្រកប​របរ​លក់ដូរ​តាមផ្លូវ​នៅ​​ថៃ​បារម្ភ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ

ដោយ ហ៊ុំ ចំរើន
2024.10.01
ពលករ​ខ្មែរ​ដែល​ប្រកប​របរ​លក់ដូរ​តាមផ្លូវ​នៅ​​ថៃ​បារម្ភ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ (រូបឯកសារ​តំណាង) រាន​លក់​បាយ​ម្ហូបអាហារ​ខ្មែរ នៅ​ខេត្តប៉ាថុមថានី ប្រទេសថៃ កាល​ពី​ថ្ងៃ​ទី១០ ខែតុលា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលករ​ខ្មែរ​មួយចំនួន​ដែល​ប្រកប​របរ​លក់ដូរ​តូចតាច​តាម​ដងផ្លូវ​នៅ​ប្រទេស​ថៃ ព្រួយបារម្ភ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​ដាក់​ពន្ធនាគារ ហើយ​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​កម្ពុជា​វិញ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​។ ក្ដី​បារម្ភ​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ថៃ​បាន​ប្រកាស​នឹង​ចាត់វិធានការ​តឹងរ៉ឹង​លើ​ពលករ​បរទេស​ទាំងឡាយ ដែល​លក់ដូរ​តាម​ដងផ្លូវ​នៅ​ទីក្រុង​បាងកក ដោយ​មិន​មាន​ការ​លើកលែង​ឡើយ។

ក្រុម​ពលករ​ខ្មែរ​ប្រកប​របរ​លក់ដូរ​តាម​ដងផ្លូវ​នៅ​ប្រទេស​ថៃ​លើកឡើង​ថា ប្រសិនបើ​អាជ្ញាធរ​ថៃ​ចាត់វិធានការ​តឹងរ៉ឹង​មែន​នោះ នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ធ្ងន់ធ្ងរ ពីព្រោះ​ពួកគាត់​មានកូន​តូចៗ​នៅក្នុង​បន្ទុក ហើយ​គ្មាន​ការងារ​ផ្សេង​ក្រៅពី​របរ​មួយ​នេះ​ឡើយ។

ពលការិនី​ប្រកប​របរ​លក់​ស្លាបមាន់​អាំង​តាម​ដងផ្លូវ​នៅ​ទីក្រុង​បាងកក លោកស្រី ស៊ីនួន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា របរ​នេះ​លោកស្រី​អាច​រក​ប្រាក់​ចំណូល​បាន​ប្រមាណ ៨០០​បាត ឬ​ប្រហែល​២៥​ដុល្លារ​ក្នុង​មួយថ្ងៃ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ស្ត្រី​វ័យ​៣៤​ឆ្នាំ​រូប​នេះ បារម្ភ​ខ្លាច​អាជ្ញាធរ​ថៃ​មិន​ឱ្យ​លោកស្រី​លក់ដូរ​ដែល​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ។ ស្ត្រី​មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​រូប​នេះ​លក់​ស្លាបមាន់​អាំង​ជាមួយ​ប្ដី និង​មានកូន​អាយុ​ក្រោម ១៣​ឆ្នាំ ២​នាក់ ក្នុង​នោះ​កូន​ម្នាក់​អាយុ ១២​ឆ្នាំ និង​កូន​ម្នាក់ទៀត​អាយុ​៩​ឆ្នាំ គឺ​ពួកគេ​កំពុង​សិក្សា​នៅ​ទីក្រុង​បាងកក។ លោកស្រី​បន្ថែម​ថា ការ​លក់ដូរ​មួយ​រយៈ​នេះ​ពុំ​មាន​អាជ្ញាធរ​ថៃ​មក​សួរនាំ​នោះ​ទេ ប៉ុន្តែ​លោកស្រី​នៅតែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព ពីព្រោះ​លោកស្រី​ទទួល​ដំណឹង​ថា អាជ្ញាធរ​ថៃ​នឹង​រឹង​បន្តឹង​ការ​អនុវត្ត​ច្បាប់​ទៅលើ​ពលករ​បរទេស​ដែល​លក់ដូរ​តាម​ដងផ្លូវ។

លោកស្រី ស៊ីនួន៖ «ចុះ​គេ​ដឹង​ថា ខ្មែរ​បើ​យើង​និយាយ​គេ​តែ​ហ្មង​គេ​ថា​តាង​ដាវ​មែន​នឹង ខ្ញុំ​ថា ខ្ញុំ​មាន​ថៅកែ​តើ ប៉ុន្តែ​ថៅកែ​ខ្ញុំ​អត់​បាន​មក​ទេ។ គេ​ថាបើ​មាន​ថៅកែ​ឱ្យ​ថៅកែ​មក​ឈរ​ជាមួយ ឱ្យ​មក​ឈរ​លក់​ជាមួយ​អាហ្នឹង​លក់​បាន។ រាល់ថ្ងៃ​ខ្ញុំ​ភ័យ​ដែរ ខ្ញុំ​នឹក​ឃើញ​ថា ប្ដី​ទៅ​លក់​បើសិនជា​គេ​ចាប់​អី​ចប់​ហើយ ព្រោះ​អី​ថ្ងៃមុន​អ្នក​ក្បែរ​ផ្ទះ​ខ្ញុំ​នឹង​គេ​ចាប់​ដែរ គាត់​លក់​ខ្លួនឯង​ដែរ គាត់​លក់​ទឹក។ ចិត្ត​ខ្ញុំ​មិន​ចង់​មក​ថៃ​ទេ ប៉ុន្តែ​នៅ​ខ្មែរ​មិនដឹង​រកស៊ី​អី មាន​ការងារ​រោងចក្រ»

ចំណែក​ប្ដី​របស់​លោកស្រី​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះថា សព្វថ្ងៃ​នេះ​លោក​លក់​ស្លាបមាន់​អាំង​បណ្ដើរ​រំពៃមើល​អាជ្ញាធរ​ថៃ​បណ្ដើរ ដើម្បី​ត្រៀមខ្លួន​រត់គេច ព្រោះ​លោក​មិន​ចង់ឱ្យ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​នោះ​ទេ ដែល​ប្រឈម​នឹង​ជាប់គុក ឬ​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ។ បុរស​សម្បុរ​ស្រអែម​មាឌ​ស្គម​ស្ដែង​រូប​នេះ​ឱ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​មុន​អាជ្ញាធរ​ថៃ​ធ្លាប់​ចុះ​មក​សួរនាំ​លោក​ពី​ការលក់ដូរ​នេះ​ដែរ ប៉ុន្តែ​គ្រានោះ​លោក​អាច​ដោះស្រាយ​បាន ហើយ​បន្ត​លក់ដូរ​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។ ពលករ​វ័យ​៣៥​ឆ្នាំ​រូប​នេះ​ទិញ​ស្លាបមាន់​ដែល​ដាក់​លក់​នៅ​លើ​ទី​ពី​ផ្សារ យក​មក​ផ្សំ​គ្រឿង​ដោយ​ខ្លួនឯង ហើយ​អាំង​លក់​តាម​ដងផ្លូវ​នៅ​ក្បែរ​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង​នៅ​កណ្ដាល​ទីក្រុង​បាងកក ចាប់ពី​ម៉ោង ៣​រសៀល ដល់​៨​យប់​ទើប​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ។ លោក​ថា របរ​នេះ​អាច​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព និង​ផ្ដល់​ឱ្យ​កូន​ទាំងពីរ​នាក់​បាន​សិក្សា​រៀនសូត្រ​បាន ដូច​កូន​ជនជាតិ​ថៃ​ដែរ។

លោកស្រី ស៊ីនួន៖ «គេ​មក​សួរនាំ​ដែរ​យើង ចេះ​បន់​ឱ្យ​លោកតា​លោកយាយ​ទៅណា​បាន​សេចក្ដីសុខ គេ​ច្រណែន​ផង គេ​យើង​លក់​ដាក់​គេ​ច្រណែន ជនជាតិ​ថៃ គេ​ថា​រកស៊ី​មុខរបរ​របស់​គេ គេ​សំខាន់​គេ​ថា​យើង​មក​លួច​លុយ​ប្រទេស​គេ​យក​ទៅ​ចាយ។ យើង​ខឹង​ដែរ តែ​យើង​ធ្វើ​ចេះតែ​ទប់​កំហឹង​ទៅ បើ​យើង​ទាល់ច្រក​ហើយ​ធ្វើ​ម៉េច​។ កាល​នឹង​កូន​ខ្ញុំ​នៅ​តូច ទើប​ប៉ៅ​ទឹកដោះ គោ តែ​ចេះតែ​ទ្រាំៗ​នឹង​ឃើញ​បើ​ទៅផ្ទះ​មិន​ដឹង​ថា រកស៊ី​អី»

ពលករ​ខ្មែរ​មួយ​គ្រួសារ​នេះ​ប្រកប​របរ​លក់​ស្លាបមាន់​អាំង​នៅ​ទីក្រុង​បាងកក​ប្រហែល​៨​ឆ្នាំ​ហើយ ពួកគេ​ចូល​មក​ប្រទេស​ថៃ​ដោយ​ស្របច្បាប់​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដោយសារ​អត់​ការងារ​ធ្វើ​នៅ​ប្រទេស​កំណើត។

ស្រដៀង​គ្នា​នេះ​ដែរ ពលការិនី​ប្រកប​របរ​លក់​ម៉ាស​នឹង​ទឹក​អាកុល​លាងដៃ​តាម​ដងផ្លូវ​នៅ​ទីក្រុង​បាងកក​លោកស្រី ស្រី មុំ ថ្លែង​ថា ក្រោយពី​ទទួល​ដំណឹង​ថា អាជ្ញាធរ​ថៃ​នឹង​បោសសំអាត​ជនបរទេស​ដែល​លក់ដូរ​តាម​ដងផ្លូវ​មក លោកស្រី​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ព្រោះ​ខ្លាច​បាត់បង់​ការងារ ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​។​ពល​ការិនី​វ័យ ៣៩​ឆ្នាំ​រូប​នេះ មាន​ស្រុកកំណើត​នៅ​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង លោកស្រី​បាន​ប្រកប​របរ​លក់ដូរ​នៅ​ទីក្រុង​បាងកក​ប្រមាណ ៤​ឆ្នាំ​ហើយ ពោល​គឺ​ចាប់តាំងពី​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ​១៩​រហូត​មក។ លោកស្រី​ថា កាលពី​លក់ដូរ​២​ឆ្នាំ​ដំបូង​លោកស្រី​អាច​រក​ប្រាក់​ចំណូល​ពីរ​បរ​មួយ​ប្រមាណ ៥​ពាន់​បាត ឬ​ស្មើ​ប្រហែល​១៦០​ដុល្លារ​ក្នុង​មួយថ្ងៃ។ ប៉ុន្តែ​បច្ចុប្បន្ន​ចំណូល​បាន​ថយ​ចុះ​ស្ទើរ​រក​ប្រាក់​គ្រប់​ដោះស្រាយ​ជីវភាព​គ្រួសារ ពោល​គឺ​លក់​បាន​ប្រាក់​ប្រហែល ៧០០​បាត ឬ​ស្មើនឹង​ជាង​២០​ដុល្លារ​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ប្ដី​លោកស្រី​បាន​ធ្លាក់ខ្លួន​ឈឺ​មិន​អាច​ធ្វើការ​ងារ​បាន។ សព្វថ្ងៃ​លោកស្រី​មានកូន​អាយុ​ជាង ១០​ឆ្នាំ​ម្នាក់ និង​កូន​អាយុ ៥​ឆ្នាំ​ម្នាក់​រស់នៅ​ជាមួយ​នៅ​ប្រទេស​ថៃ ដូច្នេះ​ប្រសិនបើ​អាជ្ញាធរ​ថៃ​ហាម​មិន​ឱ្យ​លោកស្រី​លក់ដូរ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​គ្រួសារ។

លោកស្រី ស្រី មុំ៖ «យើង​មិនអាច​រក​បាន​បើ​គេ​រឹត បន្តឹង​មានន័យ​ថា យើង​អត់​មាន ចំណូល​ផង​យើង​មានតែ​ចំណាយ​នឹង គឺ​ឧទាហរណ៍​កន្លែង​នៅ​គឺ​អត់​មានបាន​ថា គេ​រឹត​បន្តឹង​យើង​ឈប់​នឹង​គេ​អត់​យក​លុយ​យើង​ណា យើង​ត្រូវតែ​ចេញ​លុយ​ឱ្យ​គេ ។ បើ​និយាយ​ទៅ​ខ្ញុំ​ចំណូល​តែម្នាក់ឯង​គឺ​ដាប​បណ្ដោយ ខ្ញុំ​ធ្វើ​ម្នាក់​ចិញ្ចឹម​គ្រួសារ លំបាក​ខ្លាំង​ណាស់ ព្រោះ​ខ្ញុំ​នៅ​ខ្មែរ​និយាយ​ឱ្យ​ខ្លី​ទៅ ខ្ញុំ​អត់​មានអី​ដែរ​ហ្នឹង»

ក្ដីបារម្ភ​របស់​ក្រុម​ពលករ​ខ្មែរ​នេះ​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ថៃ កាលពី​ថ្មី​នេះ​បាន​ប្រកាស​នឹង​ចាត់វិធានការ​លើ​ជន​អន្តោ​ប្រវេ​សន្ត​ដែល​ប្រកប​របរ​លក់ដូរ​តាម​ដងផ្លូវ ដោយ​មិន​មាន​ការលើកលែង​ឡើយ​។ សារព័ត៌មាន​មតិ​ជន (Matichun) របស់​ថៃ​ចុះផ្សាយ​កាលពី​ថ្ងៃទី​១៩ កញ្ញា​ថា អភិបាលក្រុង​បាងកក លោក សាត់​ឆាត សិទ្ធិ​ផាន់​(Chadchart Sittipunt) បាន​ចុះហត្ថលេខា​លើ​សេចក្ដី​ប្រកាស​របស់​សាលាក្រុង​បាងកក កាល​ពី​ថ្ងៃទី​១៩ កញ្ញា ដោយ​ហាម​មិន​ឱ្យ​ជនបរទេស​លក់ដូរ​តាម​ដងផ្លូវ នៅ​ទីក្រុង​បាងកក ហើយ​អាជ្ញាធរ​ថៃ​នឹង​ចាត់វិធានការ​តឹងរ៉ឹង​លើ​រឿង​នេះ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​អង្គភាព​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សាកសួរ​អំពី​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៦ ខែ​កញ្ញា។

ទោះជា​យ៉ាងណា​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា វិធានការ​របស់​អាជ្ញាធរ​ថៃ​នេះ​នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលករ​ខ្មែរ​ដែល​ប្រកប​របរ​លក់ដូរ​តូចតាច​តាម​ដងផ្លូវ​នៅ​ប្រទេស​ថៃ​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ថៃ ជួយ​ដល់​ពលករ​ទាំងនោះ​ឱ្យ​បាន​ឆាប់ ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ចំណាក​ស្រុក។

លោក ស៊ុំ ច័ន្ទគា៖ «អ៊ីចឹង​យើង​ថា មាន​ការ​បិទ​នូវ​មុខរបរ​បណ្ដេញ​អត់ឱ្យ​លក់​ចាត់វិធានការ​តឹងរ៉ឹង ប្រជាពលរដ្ឋ​ខ្មែរ​គឺជា​អ្នករងគ្រោះ​ខ្លាំង គឺ​ខ្វះ​ខ្លាំង​ទៅលើ​ជីវភាព​របស់​គាត់ ។ ប៉ះពាល់​ខ្លាំង​ទៅលើ​ការរស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង ហើយ​នៅក្នុង​ប្រទេស​ថៃ​ហ្នឹង​ក៏​ពិបាក​ដែរ ព្រោះ​ពិបាក​ទៅ​រក​ការងារ​ធ្វើ​ពិបាក​អី​ដែរ។ អ៊ីចឹង ខ្ញុំ​គិត​រដ្ឋាភិបាល​ខ្មែរ​និង​រដ្ឋាភិបាល​ថៃ​គួរតែ​និយាយ​គ្នា យកចិត្តទុកដាក់​ទាំង​អស់ហ្នឹង ថា​តើ​ការងារ​ណាមួយ​ដែល​អាច​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​របស់​យើង​បាន​ដែល​ទៅ​ធ្វើ​នៅ​ស្រុក​គេ»

របាយការណ៍​របស់​ក្រសួង​ការងារ​បង្ហាញ​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ធ្វើ​ការងារ​ស្របច្បាប់ និង​មិន​ស្រប​ច្បាប់ ចំនួន ១​លាន ២​សែន​នាក់ ធ្វើការ​នៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​សង់ត្រាល់​បង្ហាញ​ថា មាន​ពលករ​ខ្មែរ​ជាង ២​លាន​នាក់​កំពុង​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ថៃ ក្នុង​នោះ​ពលករ​មួយចំនួន​ប្រកប​របរ​លក់ដូរ​តាម​ដងផ្លូវ​នៅ​ទីក្រុង​បាងកក និង​នៅ​តាម​ខេត្ត​នានា​ក្នុង​ប្រទេស​មួយ​នេះ។ កាលពី​១៩ ខែ​សីហា ឆ្នាំ​២០២៣ សមត្ថកិច្ច​ថៃ នៅ​ខេត្ត​ភិតបុរី (Phit Bori) បាន​ចាប់ខ្លួន​ស្ត្រី​ពលករ​ខ្មែរ​បី​នាក់ ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ដោយ​ចោទ​ពី​បទ​លួច​លក់​ត្រីប្រឡាក់​គ្មាន​ការអនុញ្ញាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។