ចិន​ប្ដេជ្ញា​ផ្ដល់​ប្រាក់​កម្ចី​លើ​វិស័យ​ដឹកជញ្ជូន​កម្ពុជា ខណៈ​ហេដ្ឋារចនាសម្ពន្ធ​មួយចំនួន​រង​ការរិះគន់​គ្មាន​គុណភាព និង​អភិបាលកិច្ច​ល្អ

ដោយ មាន ឫទ្ធិ
2024.09.12
ចិន​ប្ដេជ្ញា​ផ្ដល់​ប្រាក់​កម្ចី​លើ​វិស័យ​ដឹកជញ្ជូន​កម្ពុជា ខណៈ​ហេដ្ឋារចនាសម្ពន្ធ​មួយចំនួន​រង​ការរិះគន់​គ្មាន​គុណភាព និង​អភិបាលកិច្ច​ល្អ ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន​ ចាន់ថុល ថ្លែង​ក្នុងពិធិបើកពិព័រណ៍អន្តរជាតិចិនលើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម នៅប្រទេសចិន កាលពីថ្ងៃទី៨ កញ្ញា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ស៊ុន ចាន់ថុល

ប្រទេស​ចិន​កុម្មុយនិស្ត​ប្ដេជ្ញា​ផ្ដល់​ជំនួយ​បច្ចេកទេស​លើ​ការ​កសាង​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​។ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​មន្ត្រី​បក្ស​ប្រឆាំង​ព្រួយបារម្ភ​ថា កម្ពុជា​អាច​នឹង​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​ចិន​វ័ណ្ឌក ខណៈ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ពន្ធ​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​មួយចំនួន​គ្មាន​គុណភាព និង​ជំរុញ​ឱ្យ​កម្ពុជា​ទទួល​បាន​អភិបាលកិច្ច​ល្អ​នៅ​ឡើយ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណ​លី កត់សម្គាល់​ថា នា​រយៈពេល​ចុងក្រោយ​នេះ រាល់​ជំនួប​រវាង​ក្រុម​មន្ត្រី​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​ចិន ភាគី​កម្ពុជា​តែង​ស្នើសុំ​កញ្ចប់​លុយ​កម្ចី​ថ្មីៗ​បន្ថែម​ពី​ចិន ដើម្បី​ជំរុញ​ការ​កសាង​ផ្លូវថ្នល់ និង​ស្ពាន ដែល​លោក​សង្ស័យ​ថា រដ្ឋាភិបាល​កម្ពុជា​ទំនង​កំពុង​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​។ ទោះជា​យ៉ាងណា លោក​ថា លុយ​ដែល​ខ្ចី​ពី​ចិន​ភាគច្រើន​យក​មក​ធ្វើ​ផ្លូវថ្នល់ និង​ស្ពាន គឺ​រដ្ឋាភិបាល​កម្ពុជា​មិនទាន់​គ្រប់គ្រង​ឱ្យ​មាន​តម្លាភាព និង​គណនេយ្យ​ភាព​នៅឡើយ។

លោក សេង វណ្ណ​លី៖ «កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​វិនិយោគ កម្ចី​ជាដើម​ហ្នឹង​ក្រោយៗ​មក​នេះ ខ្ញុំ​គិតថា ប្រហែលជា​រដ្ឋាភិបាល​មាន​បញ្ហា​ពាក់ព័ន្ធ​ការ​ចំណាយ ដើម្បី​ធ្វើ​ម៉េច​ធានា​និរន្តរភាព សេដ្ឋកិច្ច​ឱ្យ​ដំណើរការ​ទៅមុខ ជាពិសេស ដើម្បី​ការពារ​ពី​ប្រតិកម្ម​អវិជ្ជមាន​ពី​ប្រជាពលរដ្ឋ មជ្ឈដ្ឋាន​ទូទៅ​ដែល​គេ​មើល​ឃើញ​ថា ការ​អភិវឌ្ឍ​នេះ​វា​អត់​មាន​ចីរភាព​ការ​គ្រប់គ្រង​បំណុល ដូចជា​គ្រប់គ្រង​ការ​វិនិយោគ​ហ្នឹង​អត់​សូវ​មាន​តម្លាភាព និង​គណនេយ្យភាព។ អ៊ីចឹង​រដ្ឋាភិបាល​ព្យាយាម​ធ្វើ​ម៉េច បង្កើត​ឱ្យ​មាន​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ពន្ធ​រូបវន្ត ដូចជា អគារ​ផ្សេងៗ ដើម្បី​ឱ្យ​មើលឃើញ​រូបភាព​ពី​ខាងក្រៅ​ជា​ការ​អភិវឌ្ឍ​ពិតប្រាកដ​។ ប៉ុន្តែ យើង​ដឹង​ហើយ​ថា មាន​ការ​រិះគន់​សូម្បី​ប្រជា​ពលរដ្ឋ​ក្នុងស្រុក សាមញ្ញ​ទូទៅ​អាច​មើលឃើញ​ពី​កង្វះ​នៃ​ការគ្រប់គ្រង​ប្រកប​តម្លាភាព និង​គណនេយ្យភាព»

រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​នៅ​កម្ពុជា​ដែល​កើត​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​កម្ពុជា-ចិន បាន​ហុច​ផល​ជា​វិជ្ជមាន​លើ​វិស័យ​ដឹកជញ្ជូន​។ ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​អនុប្រធាន​ទី​១​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល ជាមួយ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ដឹកជញ្ជូន​ចិន​កាលពី​ថ្ងៃទី​០៩ ខែកញ្ញា​។ ចំណែក ភាគី​ចិន​សន្យា​ថា នឹង​បន្ត​ផ្ដល់​ប្រាក់​កម្ចី បច្ចេកទេស​បណ្ដុះបណ្ដាល​ធនធានមនុស្ស​កម្ពុជា និង​ជំរុញ​វិនិយោគិន​ចិន​មក​វិនិយោគ​លើ​វិស័យ​ដឹកជញ្ជូន ផ្លូវទឹក ផ្លូវ​សមុទ្រ កំពង់ផែ និង​ពហុ​មធ្យោបាយ​ដឹកជញ្ជូន​នៅ​កម្ពុជា​បន្ថែម​ទៀត។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង លោក ស៊ុន ចាន់ថុល ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១១ ខែ​កញ្ញា។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន សុថាវរិន្ទ្រ មាន​ប្រសាសន៍​ថា ស្ថានភាព​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ដែល​បន្ត​ខ្ចីប្រាក់​ពី​បរទេស ជាពិសេស​ពី​រដ្ឋាភិបាល​ចិន​យក​មក​កសាង​ប្រទេស​នោះ គឺជា​ឱកាស​របស់​ក្រុម​មន្ត្រី​គ្រាក់​មួយ​ចំនួន​ប្រព័ន្ធ​អំពើពុករលួយ កិបកេង​កម្ចី​បរទេស ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន ដោយសារតែ​រដ្ឋាភិបាល​បច្ចុប្បន្ន​គ្មាន​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង និង​ស្ថាប័ន​ឯករាជ្យ​ត្រួតពិនិត្យ​ការចាយវាយ និង​គ្រប់គ្រង​ប្រាក់កម្ចី​បរទេស។

លោក ម៉ែន សុថាវរិន្ទ្រ៖ «អ៊ីចឹង ខ្ញុំ​មើលទៅ​គ្រួសារ លោក ហ៊ុន សែន ដែល​នៅ​ពីក្រោយ​ហ្នឹង​គាត់​មិន​បាច់​ទៅ​រក​ចិន​វែងឆ្ងាយ​ទេ គឺ​មានតែ​ជជែក​គ្នា​កុំឱ្យ​គាត់​រឹងទទឹង​ដល់​ណា​ទៀត កម្ចី​ធ្ងន់ធ្ងរ​មែនទែន​ខ្ចី​គេ​វា​ច្រើន​ជ្រុល​ពេក​ហើយ​។ ចិន​ឱ្យ​ខ្ចី​ប៉ុន្តែ អត់​មាន​ចំណេញ​អី​ដល់​ខ្មែរ​សោះ ក្រុមហ៊ុន​ចិន​អ្នកធ្វើ អ្នកជំនាញ​ចិន​មក​ធ្វើ កម្មករ​ចិន​មក​ធ្វើ កម្មករ​ខ្មែរ​តិចតួច​ណាស់ មិន​បាន ១០​ភាគរយ​ផង គឺ​អត់​មាន​ចំណេញ​ខ្មែរ​ទេ គឺ​ចំណេញ​ចិន​ទាំងអស់ ការងារ​ទៅ​អត់​រួច​ទេ មានការ​កេងប្រវ័ញ្ច​ច្រើនណាស់ អ៊ីចឹង​បាន​ផ្លូវ​ធ្វើ​ទាំង​ប៉ុន្មាន​អត់​មានបាន​ជោគជ័យ​ទេ»

គិត​ត្រឹម​ត្រីមាស​ទី​១ ក្នុង​ឆ្នាំ​២០២៤ កម្ពុជា​ជំពាក់​បំណុល​បរទេស​ជាង ១១​ពាន់​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា​ជំពាក់​មិត្ត​ដែកថែប​ចិន​ច្រើន​ជាងគេ គឺ​ជាង ៤០%​។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្យាករណ៍​ថា នៅ​ដំណាច់ឆ្នាំ​២០២៤​នេះ កម្ពុជា​អាច​កើន​បំណុល​ជំពាក់​បរទេស​រហូត​ជាង ១២​ពាន់​លាន​ដុល្លារ​ដោយសារ​តម្រូវ​ការ​អភិវឌ្ឍ​ច្រើន​ដូចជា​ប្រព័ន្ធ​ហេដ្ឋារចនាសម្ពន្ធ ប្រព័ន្ធ​ធារាសាស្ត្រ និង​សាងសង់​ស្ពាន​ជាដើម។

ក្រុម​អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​យល់​ថា ពលរដ្ឋ​កម្ពុជា​អាច​នឹង​ពិបាក​ក្នុង​ការ​ទទួលផល​ប្រយោជន៍​ពិតប្រាកដ​ពី​វិស័យ​ដឹកជញ្ជូន ដោយសារតែ​គម្រោង​សាងសង់​ផ្លូវថ្នល់ និង​ស្ពាន​ភាគច្រើន គឺ​រដ្ឋាភិបាល​ដាក់​ឱ្យ​ដេញថ្លៃ និង​ត្រួតពិនិត្យ​ការសាងសង់​តែ​ជាមួយ​ក្រុម​បក្ខពួក និង​ក្រុមហ៊ុន​រដ្ឋអំណាច​ចិន ដោយ​ពុំ​អនុញ្ញាត​ឱ្យ​មានការ​វាយតម្លៃ​ផល​ប៉ះពាល់ និង​គុណភាព​ពី​ខាង​ភាគី​នៃ​ស្ថាប័ន​ឯករាជ្យ​ណាមួយ​នោះ​ទេ​។ មួយវិញទៀត អ្នកឃ្លាំមើល​រិះគន់​ថា គម្រោង​ផ្ដល់​ប្រាក់កម្ចី​ពី​ចិន​ដែល​ធ្វើ​ផ្លូវថ្នល់ និង​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​នា​ពេល​កន្លង​មក​ជាដើម គឺជា​យុទ្ធសាស្ត្រ​របស់​ចិន​ដែល​ពង្រីក​សេដ្ឋកិច្ច​តាមរយៈ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI) និង​សម្រួលការ​ងាយស្រួល​ដឹក​ធនធាន​ធម្មជាតិ​ចេញ​ពី​កម្ពុជា ដូចជា រ៉ែ ត្បូង ឈើប្រណិត និង​ថ្ម​ម៉ាប​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។