បទល្មើស​គ្រឿងញៀន​កើន​ឡើង​នៅ​ដើម​ឆ្នាំ២០២៤ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ២០២៣

ដោយ សេក បណ្ឌិត
2024.03.06

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ៦៣ថ្ងៃ ដើម​ឆ្នាំ២០២៤ សមត្ថកិច្ច​បង្ក្រាប​បាន​ការ​ជួញដូរ​គ្រឿងញៀន​ ៦៥៩ករណី ព្រម​ទាំង​ឃាត់​ខ្លួន​មនុស្ស​ .៨៩៩នាក់។

ក្នុង​រយៈ​ពេល​១​ខែ​ដើម​ឆ្នាំ២០២៤ នេះ ករណី​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ខុស​ច្បាប់​មាន​ការ​កើន​ឡើង បើ​ប្រៀបធៀប​ទៅ​និង​រយៈ​ពេល​ដូច​គ្នា កាល​ពី​ឆ្នាំ២០២៣ កន្លង​ទៅ។

អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើ​ការងារ​ទាក់ទង​បញ្ហា​សង្គម និង​យុវជន ព្រួយ​បារម្ភ​ជា​ខ្លាំង ចំពោះ​ការ​ជួញដូរ និង​ការ​ប្រើប្រាស់​គ្រឿងញៀន ដែល​ចេះ​តែ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

មន្ត្រី​ផ្នែក​តស៊ូ​មតិ នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) អ្នកនាង សាក់ កន្និការ យល់​ឃើញ​ថា បច្ចុប្បន្ន​នេះ​ស្រប​ពេល ដែល​ប្រទេស​កម្ពុជា កំពុង​មាន​បញ្ហា​សេដ្ឋកិច្ច​ធ្លាក់​ចុះ មាន​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន បាន​ងាក​ទៅ​ប្រកប​របរ​ជួញដូរ​គ្រឿងញៀន ដោយសារ​តែ​វា​ងាយ​នឹង​ធ្វើ​ឱ្យពួក​គេ​ស្រួល​រក​ប្រាក់។

អ្នកនាង កន្និការ បញ្ជាក់​ទៀត​ថា នៅ​ពេល​ដែល​គ្រឿងញៀន កាន់តែ​រីក​រាល​ដាល​ឡើង គឺ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​ច្រើន ដូចជា ធ្វើ​ឱ្យ​យុវជន​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ប្រើ វង្វេង​ស្មារតី កើត​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ ព្រម​ទាំង​កើត​មាន​អំពើ​លួច ឆក់ ដែល​បង្ក​ឱ្យ​កើត​មាន​អសន្តិសុខ​ដល់​សហគមន៍។

អ្នកនាង សាក់ កន្និការ៖ «ក្រុម​យុវជន​មួយ​ចំនួន ដែល​គាត់​រៀន​បណ្ដើរ​ធ្វើការ​បណ្ដើរ​អ្នក​ខ្លះ​គាត់​ធ្វើការ​ពេល​យប់ រហូត ដល់ គាត់​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក ដោយសារ​បារម្ភ​អំពី​សុវត្ថិភាព​របស់​គាត់ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន ដូច​នៅ​សហគមន៍​របស់​ខ្ញុំ​ជា​ដើម យើង​រស់​នៅ​តំបន់​ជាយ​ក្រុង​ភ្នំពេញ​ទេ ប៉ុន្តែ​ពេល​យប់​ព្រលប់​ខ្ទង់​ម៉ោង៨-៩ គឺ​ប្រជាពលរដ្ឋ​ខ្លះ​គាត់​អត់​ហ៊ាន​ដើរ​ទេ។ ជា​ពិសេស នៅ​កែង​ផ្ទះ​របស់​គាត់ ដែល​ងងឹត គឺ​គាត់​មិន​សូវ​ហ៊ាន​ដើរ​ទៅ​ទេ ពីព្រោះ​គាត់​បារម្ភ​ថា នៅ​ទីនោះ​អាច​ជា​កន្លែង ដែល​គេ​ជួញដូរ​គ្រឿងញៀន»

ការ​ព្រួយ​បារម្ភ​របស់​សង្គម​ស៊ីវិល​នេះ គឺ​ស្រប​ពេល​ដែល​សកម្មភាព​ជួញដូរ​គ្រឿង​ញៀន​នៅ​តែ​កើន​ឡើង។

អគ្គលេខាធិការ​នៃ​អគ្គ​លេខាធិការដ្ឋាន ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក មាស វីរិទ្ធិ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា រយៈ​ពេល ៦៣ថ្ងៃ នៃ​យុទ្ធ​នា​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​​នា​ដើម​ឆ្នាំ​២០២៤​ សមត្ថកិច្ច​បាន​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ ៦៥៩ករណី ហើយ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​ ៣.៨៩៩នាក់។

លោក ​មាស​ វីរិទ្ធិ ​បញ្ជាក់​ទៀត​ថា​ក្នុង​រយៈ​ពេល​១​ខែ​ដើម​ឆ្នាំ​២០២៤​នេះ​ ករណី​បង្ក្រាប​គ្រឿងញៀន​ខុស​ច្បាប់​មាន​ការ​កើន​ឡើង ​បើ​ប្រៀប​ធៀប​ទៅ​និង​រយៈ​ពេល​ដូច​គ្នា ​កាល​ពី​ឆ្នាំ​២០២៣ ​កន្លង​ទៅ​។​

លោក មាស វីរិទ្ធិ៖ «យើង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​ត្រីកោណ​មាស​ទេ ​ដូច្នេះ​ក្រុម​ឧក្រិដ្ឋ​ជន​ចម្រុះ​ជាតិសាសន៍​នាំ​ពី​តំបន់​ត្រីកោណ​មាស ​ចូល​ប្រទេស​ឡាវ ​ចេញ​ពី​ឡាវ​មក​កម្ពុជា​តាម​ច្រក​ភាគ​ឦសាន ​មាន​ច្រក​ត្រពាំង​គ្រៀល​ខេត្ត​ស្ទឹង​ត្រែង​និង​ច្រក​មួយ​ទៀត ​កំពង់​ស្រឡៅ​ក្នុង​ខេត្ត​ព្រះវិហារ ​ពីរ​ខេត្ត​នឹង​គួរ​ឱ្យ​កត់​សំគាល់​។​ ជាក់​ស្ដែង​ដើម​ខែ​មីនា​នេះ ​យើង​រក​ឃើញ​គ្រឿងញៀន​ដែល​ក្រុម​ឧក្រិដ្ឋ​ជន​ផ្លុង​ចោល​ព្រម​ទាំង​ឈាន​ទៅ​ដល់​ការ​រក​ឃើញ​អ្នក​ដឹកជញ្ជូន​ ដែល​ជា​ជនជាតិ​ខ្មែរ​ផង»

របាយការណ៍​របស់​ក្រសួង​មហា​ផ្ទៃ ​ឱ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០២៣ ​សមត្ថកិច្ច​បាន​បង្ក្រាប​​បទល្មើស​គ្រឿង​​ញៀន​ចំនួន​ ៧.០៦២ករណី ​ហើយ​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​ជាង​ ១​ម៉ឺន​ ៧​ពាន់​ (១៧.៣៦៣)​នាក់។ ​ក្នុង​ចំណោម​​ឧក្រិដ្ឋ​ជន​​ដែល​​សមត្ថ​​កិច្ច​​ឃាត់​​ខ្លួន​នោះ​ ​មាន​ជន​បរទេស​ ៤៤១​​នាក់ ​មក​​ពី​​ ១៥​សញ្ជាតិ។

លោក​ មាស ​វីរិទ្ធិ ​ឱ្យ​ដឹង​ថា​ក្នុង​ចំណោម​ជន​បរទេស​ ១៥​សញ្ជាតិ​នោះ ​មាន​​​​ជន​ជាតិ​វៀតណាម​ ជនជាតិ​ថៃ ​ឡាវ ​ជនជាតិ​អាមេរិក ​ឥណ្ឌូនេ​ស៊ី​ ហើយ​ជនជាតិ​ចិន​ចំនួន​​​ច្រើន​​ជាង​គេ​។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​(PDP) ​លោក ​យ៉ង់ គឹមអេង ​មានប្រសាសន៍​ថា​លោក​ចង់​ឃើញ​រដ្ឋាភិបាល​ធ្វើ​ការ​បង្ក្រាប​ ទៅ​លើ​សកម្ម​ភាព​ជួញដូរ​គ្រឿងញៀន​ជា​ប្រចាំ ​ដោយ​មិន​ដក​ដៃ​ ព្រម​ទាំង​ការ​អនុវត្ត​វិធានការ​ឱ្យ​បាន​យូរ​អង្វែង​ដោយ​លុបបំបាត់​គ្រឿងញៀន​ ឱ្យ​បាន​ទាំងស្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នោះ​ទើប​ជា​ការ​ប្រសើរ​។

លោក ​យ៉ង់ ​គឹមអេង​៖ «​យើង​គ្រាន់​តែ​ទៅ​ដល់​កន្លែង​ណា​? ​ភូមិណា​?​ នៅ​ក្នុង​ឃុំ​ណា​ក៏​មាន​ការ​លើក​ឡើង​អំពី​ក្មេង​ប្រើប្រាស់​គ្រឿងញៀន​​ដែរ។​ ​បញ្ហា​នេះ​ប្រជាពល​រដ្ឋ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ជា​រួម​។​ ​ជា​ទូទៅ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ជុំវិញ​​បញ្ហា​គ្រឿង​ញៀន​នេះ​ ដោយសារ​តែ​​បាន​បង្ក​ផល​វិបាក​ខ្លាំង​ទៅ​ដល់​យុវជន ​ទៅ​ដល់​ប្រ​ជាពលរដ្ឋ​និង​សន្តិសុខ​សហគមន៍​ ដោយសារ​តែ​ការ​បង្ក្រាប​​ឃើញ​មាន​ជា​ហូរ​ហែ ប៉ុន្តែ​​វា​មិន​ឃើញ​មាន​ការ​ថមថយ​ គួរ​ឱ្យ​កត់​សំគាល់​និង​ជា​ទី​ទុក​ចិត្ត​នៅឡើយ»។​​​​​​​​​​​​​

អង្គការ​ក្រៅ​រដ្ឋាភិបាល​រក​ឃើញ​ថា​ បច្ចុប្បន្ន​គ្រឿងញៀន​ មិន​ត្រឹម​តែ​រាតត្បាត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​និង​ទី​ប្រជុំជន​ធំ​ៗ​ប៉ុណ្ណោះ​ទេ ​សូម្បី​តែ​នៅ​តំបន់​ដាច់​ស្រយាល របស់​ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ ​ក៏​គ្រឿងញៀន​វាយលុក​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ​ស សុខា​ ធ្លាប់​បាន​ថ្លែង​កាល​ពី​អំឡុង​ខែ​ធ្នូ​ ឆ្នាំ​២០២៣​ ថា ​កាល​ពី​មុន ​ប្រទេស​កម្ពុជា​ គ្រាន់​តែ​ជា​តំបន់​ឆ្លង​កាត់​គ្រឿងញៀន​ប៉ុណ្ណោះ ​ប៉ុន្តែ​បច្ចុប្បន្ន​​បាន​ក្លាយ​ជា​កន្លែង​ផលិត​ និង​លក់​ក្នុង​ស្រុក​តែ​ម្តង​។

លោក ​ស សុខា ​បាន​ថ្លែង​ទៀត​ថា ​អ្នក​ជាប់​ពន្ធនាគារ​សរុប​ក្នុង​ឆ្នាំ២០២៣ ​គឺ​មាន​ចំនួន​ជាង​ ៤​ម៉ឺន​ ២​ពាន់​នាក់​ (៤២.២៣៤) ​ហើយ​​ជាង​ពាក់​កណ្ដាល នៃ​អ្នក​ជាប់​ឃុំ​ទាំង​នោះ ​គឺ​ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន​ ខណៈឆ្នាំ២០២២ មាន​​អ្នក​ជាប់​ឃុំ​សរុប​​ជិត​ ៤​ម៉ឺន​នាក់ (៣៩.០០០) ​នៅ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស។

លោក​ថា បើ​អាជ្ញាធរ​គ្មាន​វិធានការ​អ្វី​នោះ​ទេ ចំនួន​អ្នក​ជាប់​ពន្ធនាគារ​ អាច​នឹង​កើន​ដល់ ៥ម៉ឺន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។