សង្គម​ស៊ីវិល​ប្រតិកម្ម​នឹង​ក្រសួង​អប់រំ​ដែល​ឱ្យ​សិស្ស​​ឈប់​សំរាក​យូរ​ដើម្បី​គាំទ្រ​កីឡា​ស៊ីហ្គេម

ដោយ សេក បណ្ឌិត
2023.03.25
Share on WhatsApp
Share on WhatsApp
សង្គម​ស៊ីវិល​ប្រតិកម្ម​នឹង​ក្រសួង​អប់រំ​ដែល​ឱ្យ​សិស្ស​​ឈប់​សំរាក​យូរ​ដើម្បី​គាំទ្រ​កីឡា​ស៊ីហ្គេម រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន។
រូប៖ ហ្វេសប៊ុក​លោក ហង់ ជួនណារ៉ុន

មន្ត្រី​សង្គម​ស៊ីវិល និង​សិស្ស​និស្សិត​មួយចំនួន​លើកឡើង​ថា ការ​ផ្លាស់ប្ដូរ​ថ្ងៃ​ឈប់​សម្រាក​របស់​សិស្សានុសិស្ស​ដើម្បី​ឱ្យ​ចូលរួម​គាំទ្រ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម (Sea Games) និង​អាស៊ាន​ប៉ារ៉ាហ្គេម (Asean Para Games) អាច​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​ពួកគេ។ ជាមួយ​គ្នា​នេះ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អ្នក​នយោបាយ​កុំ​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ​ពី​ព្រឹត្តិការណ៍​កីឡា​មួយ​នេះ។

សិស្ស​និស្សិត​មួយ​ចំនួន​ព្រួយ​បារម្ភ​ពី​ការរៀនសូត្រ​របស់​ពួកគេ ខណៈ​ការអប់រំ​នៅ​ក្រោយ​ពេល​មាន​ជំងឺឆ្លង​ជំងឺ​កូវីដ​១៩ នៅ​មិនទាន់​វិល​មក​សភាព​ដើម​វិញ​នៅ​ឡើយ។ ក្តី​បារម្ភ​នេះ កើតឡើង​បន្ទាប់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​អនុញ្ញាត​ឱ្យ​សិស្ស​ឈប់សម្រាក ឬ​វិស្សមកាល​ធំ ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​កីឡា​ស៊​ហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម រយៈពេល​ជិត​មួយ​ខែ។

និស្សិត​ឆ្នាំ​ទី​៤ នៅ​សកល​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ លោក រឿង សារ៉ាយ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៤ មីនា ថា លោក​ត្រេកអរ​ចំពោះ​ការ​អនុញ្ញាត​ឱ្យ​ឈប់សម្រាក ដែល​ផ្ដល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​មួយ​នេះ។ តែ​យ៉ាងណា ក្នុង​នាម​ជា​និស្សិត​ដែល​ជិត​បញ្ចប់​ការ​សិក្សា និង​ត្រូវ​មាន​ការ​ប្រឡង​នៅ​ចុងខែ​មេសា​ផង​នោះ លោក​បារម្ភ​ថា សាលា​របស់​លោក​នឹង​ផ្លាស់ប្ដូរ​ការ​ប្រឡង​ដោយ​ផ្ទាល់ ទៅ​ប្រឡង​តាមរយៈ​ប្រព័ន្ធ​អនឡាញ​ដែល​វា​ជា​ការ​លំបាក​មួយ​សម្រាប់​សិស្ស។ «»

កាលពី​ថ្ងៃទី​២៣ មីនា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពី​ការ​អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​គ្រប់​កម្រិត ទាំង​រដ្ឋ និង​ឯកជន ឈប់សម្រាក​រយៈពេល​ជិត​មួយ​ខែ គឺ​ចាប់ពី​ថ្ងៃទី​២០ មេសា ដល់​ថ្ងៃទី​១៨ ឧសភា ដើម្បី​ចូលរួម​ថែរក្សា​សណ្ដាប់ធ្នាប់ សុវត្ថិភាព និង​ចូលរួម​គាំទ្រ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ក្នុង​ពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។ តែ​ក្រោយ​មាន​ប្រតិកម្ម​ពី​អាណាព្យាបាល និង​សិស្ស​មួយចំនួន​ថា ការ​ឈប់​សម្រាក​នេះ​នឹង​ប៉ះពាល់​ដល់​ការ​បង់​ថ្លៃ​សាលា ការ​សិក្សា និង​ការ​ប្រឡង​នានា ក្រសួង​ក៏​បាន​កែប្រែ​លិខិត​ក្នុង​ថ្ងៃ​ដដែល ដោយ​អនុញ្ញាត​ឱ្យ​មាន​ការ​រៀប​ចំ​បង្រៀន និង​ប្រឡង តាមរយៈ​ប្រព័ន្ធ​អនឡាញ ឬ​ដោយ​ផ្ទាល់ តាម​តម្រូវការ​ជាក់ស្ដែង។

ជាទូទៅ​ថ្ងៃ​ឈប់សម្រាក ឬ​វិស្សមកាល​ធំ របស់​សិស្សានុសិស្ស ចាប់​ផ្តើម​នៅ​ខែ​កក្កដា ហើយ​ការ​ផ្លាស់ប្ដូរ​ពេលវេលា​ឈប់សម្រាក​ដើម្បី​តម្រូវ​ឱ្យ​ចំ​ថ្ងៃ ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​បែបនេះ អាច​នឹង​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស ដែល​ទើប​ចូលរៀន​បានតែ​ជាង ៣​ខែ​ប៉ុណ្ណោះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក រស់ សុវាចា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​ក្ដី​កង្វល់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៤ មីនា។

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី យល់​ឃើញ​ថា​មាន​ផល​ប៉ះពាល់​ខ្លះៗ​ដល់​ការសិក្សា និង​ការ​ប្រឡង​របស់​សិស្ស ដែល​តម្រូវ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​កាលបរិច្ឆេទ​ប្រឡង និង​កម្មវិធីសិក្សា​មួយចំនួន​។ តែ​យ៉ាងណា អ្នកស្រី​ថា ក្រសួង​អប់រំ និង​រដ្ឋាភិបាល​មិន​ត្រូវ​ធ្វើ​សកម្មភាព​អូសទាញ​ដោយ​បង្ខំ​ឱ្យ​បុគ្គលិក​អប់រំ ឬ​សិស្សានុសិស្ស ចូលរួម​ព្រឹត្តិការណ៍​ដោយ​គ្មាន​ការ​ស្ម័គ្រចិត្ត​ពី​ពួកគេ ដើម្បី​ផលប្រយោជន៍​មុខមាត់​និង​ប្រជាប្រិយភាព​របស់​ខ្លួន​នោះ​ឡើយ។ «»

ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ឧសភា។ ព្រឹត្តិការណ៍​កីឡា​នេះ ធ្វើឡើង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រៀងរាល់​ពីរ​ឆ្នាំ​ម្តង ដើម្បី​ជួយ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ ការ​យល់ដឹង និង​ការ​ឯកភាព​គ្នា​ក្នុង​សហគមន៍​អាស៊ីអាគ្នេយ៍ និង​ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​មនុស្ស​រាប់​លាន​នាក់​នៅក្នុង​តំបន់។

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល យល់​ថា រដ្ឋាភិបាល​កម្ពុជា ហាក់​មាន​ចេតនា​កេង​ចំណេញ​នយោបាយ ជាជាង​មាន​ចេតនា​លើក​កម្ពស់​វិស័យ​កីឡា ដោយ​ការប្រើប្រាស់​វេទិកា​កីឡា​ស៊ីហ្គេម ដើម្បី​បង្ហាញ​សមិទ្ធផល​នានា ក្រោម​ការ​ដឹកនាំ​របស់​លោក ដល់​ភ្ញៀវ​អន្តរជាតិ ដែល​មក​ចូលរួម​បាន​ឃើញ។ ជាមួយ​គ្នា​នេះ គណបក្ស​កាន់អំណាច បាន​ដាក់​កាលបរិច្ឆេទ​ប្រកួត​កីឡា​នៅ​ជិត​ពេល​ឃោសនា​បោះឆ្នោត​នៅ​ខែ​កក្កដា គឺ​មាន​ចេតនា​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជា​ពលរដ្ឋ​តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។