ពលរដ្ឋ​ដែល​អះអាង​ថា ពួកគេ​ចាញ់បោក​ក្រុមហ៊ុន​ប្រ៊ីលានស៊ីធី​បារម្ភ​ពី​ម្ចាស់បំណុល​រឹបអូស​ផ្ទះ

ដោយ សេក បណ្ឌិត
2024.02.28
ពលរដ្ឋ​ដែល​អះអាង​ថា ពួកគេ​ចាញ់បោក​ក្រុមហ៊ុន​ប្រ៊ីលានស៊ីធី​បារម្ភ​ពី​ម្ចាស់បំណុល​រឹបអូស​ផ្ទះ
Photo: RFA

ពលរដ្ឋ​ដែល​អះអាង​ថា ពួកគេ​ចាញ់បោក​ក្រុមហ៊ុន​ប្រ៊ី​លាន​ស៊ី​ធី របស់ ឧកញ៉ា ឡេង ចាន់ណា បារម្ភ​ពី​ម្ចាស់បំណុល​រឹបអូស​ទ្រព្យសម្បត្តិ ខណៈ​ម្ចាស់​ក្រុមហ៊ុន និង​អាជ្ញាធរ​យឺតយ៉ាវ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​។ ពួកគាត់​ខកចិត្ត​ដែល​សមត្ថកិច្ច​គ្មាន​វិធានការ​ជាក់លាក់​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ឧកញ៉ា ឡេង ចាន់ណា ឱ្យ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់។

ប្រជាពលរដ្ឋ​ដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​លក់​អចលវត្ថុ​របស់ ឧកញ៉ា ឡេង ចាន់ណា កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ភ័យខ្លាច និង​មាន​បញ្ហា​ផ្លូវចិត្ត​ដោយសារ​ពួកគាត់​លក់​ទ្រព្យសម្បត្តិ​អស់ពី​ខ្លួន​ហើយ ប៉ុន្តែ​នៅ​មិន​គ្រប់​សង​បំណុល​ធនាគារ។

ពលរដ្ឋ​រស់នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប លោកស្រី ភូន ស្រូ ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា លោកស្រី​បាន​ខ្ចី​លុយ​ធនាគារ​ចំនួន ៦​ម៉ឺន​ដុល្លារ (៦០.០០០) ដើម្បី​ដាក់​ប្រាក់​វិនិយោគ​ជាមួយ អ្នកស្រី ឡេង ចាន់ណា។ លោកស្រី​បន្ត​ថា បច្ចុប្បន្ន​លក់​ម៉ូត និង​ទ្រព្យសម្បត្តិ​អស់ពី​ខ្លួន ដើម្បី​បង់​សង​ធនាគារ ដោយ​ក្នុង​មួយ​ខែ​លោកស្រី​ចំណាយ​លុយ​ចំនួន ១​ពាន់ ៦​រយ​ដុល្លារ។

លោកស្រី ភូន ស្រូ៖ «​ខ្ញុំ​គ្រាន់តែ​សំណូមពរ​ឱ្យ​សម្ដេចម៉ែ​ជួយ​កូនចៅ​ផង បើ​មិន​អ៊ីចឹង​ទេ​កូនចៅ​មិន​រស់​ទៀត​ទេ ឱ្យ​កូនចៅ​ទៅ​រស់​នៅឯណា​ប្រសិនបើ​ប្លង់​ផ្ទះ ប្លង់ដី ធនាគារ​រឹបអូស​អស់​ឱ្យ​កូនចៅ​ទៅ​នៅឯណា​សូម្បីតែ​រាល់ថ្ងៃ ១​រៀល​ខ្មែរ​ក៏​គ្មាន​នៅ​ហ្នឹង​ខ្លួន​ផង»

លោកស្រី ភូន ស្រូ មានកូន​៣​នាក់​នៅក្នុង​បន្ទុក​គ្រួសារ និង​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​ឪពុកម្ដាយ​ចាស់ជរា​បន្ថែម​ទៀត ។ លោកស្រី​ថា ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ពី អ្នកស្រី ឡេង ចាន់ណា ដើម្បី​សង​ធនាគារ​ទេ លោកស្រី​អាច​នឹង​ឱ្យ​កូន​ឈប់​រៀន។

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ខេត្ត​សៀមរាប លោកស្រី យំ សំអាង រៀបរាប់​ថា លោកស្រី​លក់​ដីស្រែ និង​ចងការ​ប្រាក់​ឯកជន​បន្ថែម​ទៀត ដើម្បី​យក​លុយ​មក​សងបំណុល​ធនាគារ ពីព្រោះ​ប្លង់​ផ្ទះ​នៅ​ធនាគារ​។ ស្ត្រី​វ័យ ៥៥​ឆ្នាំ​រូប​នេះ គ្មាន​មុខរបរ​ជា​អចិន្ត្រៃយ៍ ដើម្បី​ចិញ្ចឹមជីវិត​នោះ​ទេ គឺ​រំពឹង​លុយ​កូន​ផ្ញើ​មក​ពី​ប្រទេស​ថៃ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

លោកស្រី យំ សំអាង៖ «ម៉ូតូ​ចាស់ៗ​ក៏​លក់​អស់ហើយ​ពីព្រោះ​ទុក្ខ​កង្វល់​ដូចៗ​គ្នា មាន​អ្នកណា​ថា មាន​លុយ​បង់​ធនាគារ​ទេ ដល់​ខែ​យឺត​ពេល​គេ​មក​ថា មក​ស្ដី គេ​មក​សួរនាំ​ហេតុអ្វី​ក៏​យឺត​ពេល​ដើម​មក​ម៉េច​ក៏​បង់​ធនាគារ​ស្រួល​ម្ល៉េះ ហើយ​នៅតែ​រក្សា​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន មីង​មិន​ហ៊ាន​និយាយ​ប្រាប់​ធនាគារ​ទេ ថា​គាត់​យក​ទៅ​ដាក់​ក្រុមហ៊ុន មិន​ដែល​ហ៊ាន​និយាយ​ទេ រហូតមកដល់​ឥឡូវ នេះ​ទើប​គេ​ដឹង​ដោយសារ​មាន​ផុស​តាម​បណ្ដេញ​សង្គម​ទើប​ធនាគារ​គេ​ដឹង»

ក្រៅពី​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប បាន​ចាញ់​បោក​ក្រុមហ៊ុន​ប្រ៊ីលាន ស៊ីធី របស់​ឧកញ៉ា ឡេង ចាន់ណា អស់ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ផុងខ្លួន​នឹង​បំណុល​វ័ណ្ឌក ហើយ​នៅ​មាន​ពលរដ្ឋ​តាម​បណ្ដា​ខេត្ត​មួយចំនួន​ទៀត ដូចជា បាត់ដំបង កំពង់ធំ និង​ខេត្ត​កំពង់ចាម ជាដើម កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព។

កាល​ពី​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ រដ្ឋបាល​ខេត្តសៀមរាប​បាន​អញ្ជើញ​ក្រុម​ពលរដ្ឋ​ជួប​ដោះស្រាយ​ជាមួយ​អ្នកស្រី ឡេង ចាន់ណា អគ្គនាយិកា​ក្រុមហ៊ុន​ប្រ៊ីលាន ស៊ីធី និង​អនុប្រធាន​ក្រុមហ៊ុន​ពីរ​រូប ព្រមទាំង​មេក្រុម​ទាំង ២៥​នាក់​នៃ​ក្រុមហ៊ុន​មួយ​នេះ នៅ​ទីស្នាក់ការ​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ក្រុង​សៀមរាប។ ទោះជា​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ​យ៉ាង​ក្ដី ប៉ុន្តែ​ពលរដ្ឋ​នៅតែ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​នៅ​ឡើយ​ទេ។ ដោយឡែក អ្នកស្រី ឡេង ចាន់ណា ក៏​មិន​បាន​បង្ហាញ​ពី​ឆន្ទៈ​ចង់​សង​ប្រាក់​ត្រឡប់​ទៅ​ពលរដ្ឋ​វិញ​ដែរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អគ្គនាយិកា​ក្រុមហ៊ុន​ប្រ៊ីលាន ស៊ីធី ឧកញ៉ា ឡេង ចាន់ណា និង​អភិបាល​ខេត្ត​សៀមរាប លោក ប្រាក់ សោភ័ណ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​បាន នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ។

ជុំវិញ​បញ្ហា​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​សម្របសម្រួល និង​ពន្លឿន​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ ជាជាង​ដាក់បន្ទុក​លើ​ពួកគាត់​បន្ថែម។

លោក អំ សំអាត៖ «ត្រូវ​ពិនិត្យមើល​ជាក់ស្ដែង​ពីព្រោះ​បញ្ហា​ដែល​កើតមានឡើង​នៅ​មូលដ្ឋាន អាជ្ញាធរ​ដែនដី​គួរតែ​ពិនិត្យ​ទៅលើ​លទ្ធភាព​ផ្សេងៗ​ទៅ​ហើយ ជជែក​ជាមួយ​ក្រុមហ៊ុន​ធ្វើការ​ដោះស្រាយ ដូចជា​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន អចលនទ្រព្យ​របស់​ក្រុមហ៊ុន​ធ្វើ​យ៉ាងណា​យើង​ជែក​ដោះស្រាយ​ជាមួយគ្នា​ដែល​អាច​ស្វែងរក​ដោះស្រាយ​ណាមួយ​ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា»

ឧកញ៉ា ឡេង ចាន់ណា គឺ ជា​អគ្គនាយិកា​ក្រុមហ៊ុន​ប្រ៊ីលាន ស៊ីធី ដែល​បោះទុន​រកស៊ី​លក់​បុរី និង​ពុះ​ដី​ឡូតិ៍​លក់ នៅ​ខេត្ត​កំពង់ធំ និង​ខេត្តសៀមរាប ចាប់​តាំងពី​ឆ្នាំ​២០២២​មក ហើយ​ឧកញ៉ា រូប​នេះ​ក៏​ជា​សកម្មជន​បក្ស​កាន់អំណាច​មួយ​រូប​ដែល​សកម្ម​ចុះ​មូលដ្ឋាន​ញឹកញាប់​ជាមួយ លោក ហ៊ុន ម៉ាណែត ផង​ដែរ។

ទោះជា​យ៉ាងណា កន្លងទៅ​គេ​សង្កេតឃើញ ក្រុម​អ្នក​រកស៊ី​អចលនទ្រព្យ​មួយចំនួន​ទទួល​បាន​គោរមងារ​ជា ឧកញ៉ា ដើរ​អូសទាញ និង​ឆបោក​លុយ​ពលរដ្ឋ​រាប់​លាន​ដុល្លារ ប៉ុន្តែ​ពួកគេ​បែរ​អាច​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់ ហើយ​អ្នក​ខ្លះទៀត​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ ខណៈ​ពលរដ្ឋ​រងគ្រោះ​នៅតែ​មិន​ទទួល​បាន​ភាព​យុត្តិធម៌។

ក្រុម​ពលរដ្ឋ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ច្បាប់​លើ​អ្នកស្រី ឡេង ចាន់ណា ដើម្បី​ឱ្យ​អ្នកស្រី សង​ប្រាក់​ពួកគាត់​ត្រឡប់​វិញ បើ​មិន​ដូច្នេះ​ទេ​ពួកគាត់​ប្រឈម​នឹង​ធនាគារ​រឹបអូស​ទ្រព្យសម្បត្តិ ហើយ​កូនៗ​របស់​ពួកគាត់​នឹង​បាត់បង់​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។