ពលរដ្ឋ​រិះគន់​អាជ្ញាធរ​អប្សរា​បណ្តោយ​ឱ្យ​អ្នកមាន​លុយ​មានអំណាច​សង់​ផ្នូរ​ខ្មោច​ចិន​មួយ​ធំ​ក្នុង​តំបន់​អង្គរ

ដោយ ម៉ៅ សុធានី
2024.09.12
ពលរដ្ឋ​រិះគន់​អាជ្ញាធរ​អប្សរា​បណ្តោយ​ឱ្យ​អ្នកមាន​លុយ​មានអំណាច​សង់​ផ្នូរ​ខ្មោច​ចិន​មួយ​ធំ​ក្នុង​តំបន់​អង្គរ ម៉ុង​ខ្មោច​ចិន ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ជាប់​នឹង​ព្រែក​បុរាណ ក្នុង​ស្រុក​ប្រាសាទ​បាគង​ខេត្តសៀមរាប កាល​ពី​​ថ្ងៃទី៨ កញ្ញា ២០២៤។
ពលរដ្ឋ​ផ្ដល់​ឱ្យ

ពលរដ្ឋ​រស់នៅ​តំបន់​អង្គរ​រិះគន់​អាជ្ញាធរ​ជាតិ​អប្សរា បណ្តែតបណ្តោយ​ឱ្យ​បុគ្គល​មាន​លុយ​មាន​អំណាច សាងសង់​ម៉ុង​ខ្មោច​ចិន​យ៉ាង​ធំ (​ផ្នូរ​កប់ខ្មោច​)​ជាប់​នឹង​ព្រែក​បុរាណ ឋិត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ នៃ​ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប។

ពួកគាត់​ថា ការ​សាងសង់​នេះ ប៉ះពាល់​តំបន់​បុរាណ​ស្ថាន​កេរដំណែល​បុព្វបុរស​ខ្មែរ បន្សល់ទុក​តាំងពី​សម័យ​អង្គរ។

ពលរដ្ឋ​រស់នៅ​តំបន់​អង្គរ និង​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ បាន​ចាត់ទុក​ការ​បណ្តែតបណ្តោយ​ឱ្យ​មាន​ការ​សាងសង់​ម៉ុង​ខ្មោច​ចិន (​ផ្នូរខ្មោច ) ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ បណ្តាល​ឱ្យ​បាត់បង់​សោភ័ណភាព​បរិស្ថាន​តាម​បណ្តោយ​ព្រែក​បុរាណ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

ពលរដ្ឋ​រស់នៅ​តំបន់​អង្គរ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១១ កញ្ញា ថា អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​រឹតត្បិត​មិន​ឱ្យ​ពលរដ្ឋ​សាងសង់​ផ្ទះ និង​ជួសជុល​ផ្ទះសម្បែង ក៏ប៉ុន្តែ​បែរជា​អនុញ្ញាត​ឱ្យ​សាងសង់​ម៉ុង​ខ្មោច​ចិន​យ៉ាង​ធំ​នៅ​តំបន់​អង្គរ​ទៅវិញ​។

លោក​ថា ម៉ុង​ខ្មោច​ចិន​នោះ​គេ​សាងសង់​ដោយ​លាក់បាំង​ជាច្រើន​ឆ្នាំ​មក​ហើយ នៅ​គ្រា​ដែល​អាជ្ញាធរ​ឈូសឆាយ​សំអាត​បរិស្ថាន​តាម​បណ្តោយ​ព្រែក​បុរាណ ស្រាប់តែ​ផុស​ឡើង​ម៉ុង​ខ្មោច​ចិន​យ៉ាង​ធំ​មួយ ជាប់​នឹង​មាត់ទឹក។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «មិនមែន​ជា​ខ្មោច​ចិន​ចំ​ទេ អាច​ជា​ខ្មោច​ចិន​មានពូជ​សន្ដាន​ជា​ខ្មែរ​ក្នុងនាម​ខ្ញុំ​ជា​ប្រជាជន​ខ្ញុំ​អន់ចិត្ត​ណាស់​យូរហើយ ព្រោះតែ​អ្នកមាន​ជាមួយ​អ្នកក្រ​ក៏​ខ្ញុំ​អន់ចិត្ត​ដែរ រាល់ថ្ងៃ​ខ្ញុំ​អន់ចិត្ត​ណាស់​ខ្លះ​ធ្វើ​បាន​ក៏​អ្នកខ្លះ​ធ្វើ​មិនបាន បក​មក​មើល​ប្រជាជន​រស់នៅ​វិញ​អន់​ជាង​ខ្មោច»

ម៉ុង​ខ្មោច​ចិន​ដែល​សាងសង់ ក្នុង​តំបន់​អង្គរ​មាន​ទទឹង​ជាង ១០ ម៉ែត្រ បណ្តោយ​ជិត ២០ ម៉ែត្រ នៅ​ជាប់​នឹង​មាត់​ព្រែក​បុរាណ​មួយ ឬ​ហៅថា​ប្រព័ន្ធ​រំដោះ​ទឹក​បុរាណ ដែល​មាន​បណ្ដាញទឹក​ហូរ​ចាប់ពី​ភ្នំ​គូលែន​ឆ្ពោះ​ទៅ​កាន់​បឹង​ទន្លេសាប ក្បែរ​ប្រាសាទ​ព្រះ​គោ ក្នុងស្រុក​ប្រាសាទបាគង កៀក​នឹង​ផ្លូវជាតិ​លេខ​០៦​។

ពលរដ្ឋ​បាន​ចុះ​ដល់ទី​តាំង​ម៉ុង​ខ្មោច​ចិន​នោះ អះអាង​ថា តំបន់​នោះ​ជា​កន្លែង​ភ្ញៀវ​ទេសចរ​តែងតែ​ដើរ​កម្សាន្ត​គយគន់​ទេសភាព និង​ជិះទូក​កម្សាន្ត​តាម​បណ្តោយ​ព្រែក​បុរាណ។

អ្នកជំនាញ​ផ្នែក​ព្រះពុទ្ធសាសនា និង​ជា​គ្រូអាចារ្យ លោក ម៉ាលី សានី ពន្យល់​ថា ប្រពៃណី​ចិន​មាន​ជំនឿ​សង់​ផ្នូរ​ឪពុក​ម្តាយ ឬ​កុងម៉ា នៅ​ជាប់​មាត់ទឹក ព្រោះ​គេ​ជឿ​ថា អាច​រកស៊ី​មានបាន​និង​ត្រជាក់ត្រជុំ។

តែ​យ៉ាងណា​លោក​ថា តំបន់​ដែល​សង់​ម៉ុង​ខ្មោច​នោះ ជាប់​នឹង​រចនាសម្ព័ន្ធ​ព្រែក​បុរាណ កេរដំណែល​របស់​បុព្វបុរស​ខ្មែរ​អាជ្ញាធរ​ជាតិ​អប្សរា គួរតែ​ចុះ​ពិនិត្យ និង​ដោះស្រាយ​ជាបន្ទាន់ ដើម្បី​ឱ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត។

លោក ម៉ាលី សានី៖ «ព្រោះ​អាជ្ញាធរ​អប្សរា​គាត់​តែងតែ​ចុះ​ត្រួតពិនិត្យ​ផ្ទះ​ប្រជាពលរដ្ឋ​មិន​ឲ្យ​សាងសង់​សំណង់​អនាធិបតេយ្យ​អី​ផ្ដេសផ្ដាស ខុសពី​ច្បាប់​គេ​បាន​កំណត់​ទេ ហើយ​គាត់​សាងសង់​ផ្នូរខ្មោច​ប៉ុណ្ណា​ណី​ហ្នឹង​។ ក៏​ដឹង​ផ្នូរខ្មោច​កប់​មួយរយ​ឆ្នាំ មួយ​ពាន់​ឆ្នាំ​ក៏​មិនអាច​គាស់​មកវិញ​បាន​ដែរ»

សេចក្តី​សម្រេច​លេខ​៧០ ស្តី​ពី​ការកំណត់​បទដ្ឋាន​នៃ​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១ និង​តំបន់​២ ក្នុង​តំបន់​រមណីយដ្ឋាន​សៀមរាប​-​អង្គរ ចែងថា ដីធ្លី​ទាំងអស់​ឋិត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​មាន​កាតព្វកិច្ច ថែរក្សា គ្រប់គ្រង និង​អភិវឌ្ឍន៍​ប្រកបដោយ​ចេរភាព​។ ហាមឃាត់​ដាច់ខាត ក្នុង​ការទិញ​លក់​ដី​របស់​ឈ្មួញ ក្នុង​គោលដៅ​ធ្វើ​អាជីវកម្ម​យក​ទៅ​សាងសង់​សំណង់​អគារ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាចទាក់ទង​សុំ​ការ​បកស្រាយ​រឿងនេះ​ពី​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី​១១​កញ្ញា ដោយ​ទូរ​សព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក​។

រីឯ​ប្រធាន​ក្រុម​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ លោក ស៊ុំ ម៉ាប់ ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ជុំវិញ​រឿង​នេះ​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ហៀក សេងហួត យល់ថា អាជ្ញាធរ​ជាតិ​អប្សរា​គួរតែ​ដោះស្រាយ​បញ្ហា​នេះ​តាមច្បាប់​ប្រសិនបើ​បណ្តែតបណ្តោយ​អាច​នឹង​មាន​ការសាងសង់​បន្ថែម​ទៀត ប៉ះពាល់​ដល់​តំបន់​រមណីយដ្ឋាន​អង្គរ​រយៈពេល​វែង។

លោក​ថា រចនាសម្ព័ន្ធ​ព្រែក​បុរាណ​ដែល​មាន​បណ្តាញ​ទឹក​ហូរ​ចេញពី​ភ្នំ​គូលែន ឆ្ពោះ​ទៅ​កាន់​តំបន់​បឹង​ទន្លេសាប​គឺជា​ផ្នែក​មួយ​នៃ​តំបន់​បេតិកភណ្ឌ ដែល​អាជ្ញាធរ​អប្សរា​គួរតែ​អភិរក្ស​ឱ្យ​ល្អ តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល។

លោក ហៀក សេងហួត៖ «ការ​សហប្រតិបត្តិការ​គ្នា​តាំងពី​ឆ្នាំ​១៩៩២​មក តំបន់​នោះ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​មាន​ការ​ទន្ទ្រាន​អី យក​ដី​មក​ធ្វើជា​សម្បត្តិ​ខ្លួនឯង ឬ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុរាណ​ស្ថាន​អ៊ីចឹង​ណាស់»

របាយការណ៍​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​ដឹង​ថា តំបន់​រមណីយដ្ឋាន​អង្គរ​មាន​ផ្ទៃដី​សរុប ជាង ៤​ម៉ឺន​ហិកតារ (៤១.០០០)​ដោយមាន​ពលរដ្ឋ​រស់​នៅ ចំនួន ១១៣​ភូមិ ក្នុងស្រុក​ចំនួន​៥ គឺ​ស្រុក​បាគង ស្រុក​បន្ទាយស្រី ស្រុក​អង្គរធំ ស្រុក​ពួក និង​ក្រុង​សៀមរាប។

ពលរដ្ឋ​ទទូច​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ផ្លាស់​ប្តូរ​ម៉ុង​ខ្មោច​នោះ ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​ដើម្បី​អភិរក្ស​ទីតាំង​បុរាណ​ស្ថាន​កេរដំណែល​របស់​បុព្វបុរស​ខ្មែរ​ឱ្យ​ដូច​ទម្រង់​ដើម​វិញ និង​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិរក្ស និង​ថែទាំ​តំបន់​បេតិកភណ្ឌ​ពិភពលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។