តុលាការ​គួរ​ស៊ើបអង្កេត​លើ​លោក ហ៊ុន ម៉ាណែត «ករណី​ឆបោក​របស់​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា»

ដោយ ខាន់ លក្ខិណា
2024.12.02
តុលាការ​គួរ​ស៊ើបអង្កេត​លើ​លោក ហ៊ុន ម៉ាណែត «ករណី​ឆបោក​របស់​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា» រូបឯកសារ៖ (កណ្ដាល) លោក ហ៊ុន ម៉ាណែត និង​អ្នកស្រី ឡេង ចាន់ណា ​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) និង​សហការី​របស់​អ្នកស្រី (ឆ្វេង) នៅ​ក្នុង​ពិធី​បញ្ចូល​សមាជិក​គណបក្សប្រជាជន នៅ​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុក Oknha Leng Channa

ពលរដ្ឋ​រងគ្រោះ និង អ្នក​ឃ្លាំមើល​ទាមទារ​ឱ្យ​តុលាការ​ស៊ើបអង្កេត​លើ​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​របស់​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ខណៈ​ពលរដ្ឋ​រងគ្រោះ ចាត់​ទុក​ការ​កោះហៅ មន្ត្រី​ជាន់ខ្ពស់​ពីរ​រូប ក្នុង​ជួរ​រដ្ឋាភិបាល គឺ​លោក ស៊ាន បូរ៉ាត និង​លោក ស ថាវី ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​សៀមរាប​ថា គ្រាន់​តែ​ជា​ចំណាត់ការ​ដើម្បី​បោក​បញ្ឆោត​ចិត្ត​ពលរដ្ឋ តែ​មិន​ដោះស្រាយ​បញ្ហា​ឱ្យ​ពិត​ប្រាកដ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថា មន្ត្រី​ណា​ដែល​ពាក់ព័ន្ធ គឺ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​មន្ត្រី​នោះ​មិន​ទាក់ទង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។

ពលរដ្ឋ ដែល​ចាញ់​បោកប្រាក់​ទៅ​ក្រុមហ៊ុន ប្រ៊ីលាន​ស៊ីធី​របស់​អ្នកស្រី ឡេង ចាន់ណា លើក​ឡើង​ថា ពួកគាត់​គ្មាន​សង្ឃឹម​ថា ទទួល​បាន​ដំណោះស្រាយ​សមរម្យ​ឡើយ ទោះបី​ជា​តុលាការ​កោះហៅ​លោក ស៊ាន បូរ៉ាត់ និង លោក ស ថាវី ទៅ​បំភ្លឺ​ក្នុង​នាម​សាក្សី​ក៏​ដោយ។ ពួកគាត់​អះអាង​ថា សំណុំ​រឿង​ឆបោក​របស់​ក្រុមហ៊ុន​នេះ អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​មាន​អំណាច ខ្ពស់​ជាង​នេះ​ទៀត ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​តុលាការ​មិន​ហ៊ាន​ដោះស្រាយ ហើយ​បង្ក​ឱ្យ​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ រង​ទុក្ខ​វេទនា និង​ជំពាក់​បំណុល​វ័ណ្ឌក។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា សាលាដំបូង​ខេត្ត​សៀមរាប បាន​ចេញ​ដីកា​ពីរ​ផ្សេង​គ្នា​កោះ​ហៅ​អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​លោក ស ថាវី និង​អនុ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក ស៊ាន បូរ៉ាត ឱ្យ​ចូល​បំភ្លឺ ក្នុង​នាម​ជា​សាក្សី នៅថ្ងៃទី១១ និងថ្ងៃទី១៨ ខែ​ធ្នូ ខាង​មុខ​នេះ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ឆបោក និង​សម្អាត​ប្រាក់​ក្នុង​សំណុំ​រឿង​ឆបោក​របស់​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា។

ពលរដ្ឋ​ដែល​ចាញ់​បោក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ការ​កោះ​ហៅ​មន្ត្រី​ជាន់ខ្ពស់​ទាំង​ពីរ​នាក់ ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ក្នុង​នាម​ជា​សាក្សី គ្រាន់​តែ​ជា​របៀប​បង្កើត​ព្រឹត្តិការណ៍​ឱ្យ​ពលរដ្ឋ​រងគ្រោះ បន្ត​រង់​ចាំ​ដំណោះស្រាយ និង​មិន​ចេញ​តវ៉ា។ លោក​ថា ពលរដ្ឋ​រងគ្រោះ មិន​មាន​សង្ឃឹមលើ​ចំណាត់​ការ​បែប​នេះ​ទេ ពីព្រោះ​សំណុំ​រឿង​នេះ អូស​បន្លាយ​ជាង ១ ឆ្នាំ​ទៅ​ហើយ ទើប​តែ​ឃើញ​តុលាការ​កោះ​ហៅ​មន្ត្រី​ធំៗ ដែល​ពាក់ព័ន្ធ​ទៅ​សួរ​នាំ ក្នុង​នាម​ត្រឹម​តែ​ជា​សាក្សី។

ពលរដ្ឋ៖ «ដូច​ឡេង ចាន់ណា គេ​ដាក់​គុក​ៗៗ ដូច​ពួក​ខ្ញុំ​មិន​បាន​ឃើញ​គេ​នៅ​ក្នុង​គុក ម៉េច​ផង អត់​ដែល​បាន​ឃើញ​ផង។ ពេល​យូរ​បន្តិច​គេ​កម្រើក​បន្តិច​ទៅ ដើម្បី​ឱ្យ​យើង​មាន​ទឹក​ចិត្ត​អ៊ីចឹង មួយ​ខែ​ពី​ខែ មួយ​ឆ្នាំ​ក្រោយ​ទៀត គេ​កម្រើក​បន្តិច​អ៊ីចឹង​ទៅ ប្រហែល​ជា​គេ​ធ្វើ​អ៊ីចឹង​ហើយ​រឿង​ហ្នឹង។ គ្រាន់​តែ​ធ្វើ​ជា​កោះ​ហៅ​អ៊ីចឹង​ទៅ មួយ​ឆ្នាំ​ហើយ មួយ​ឆ្នាំ​ជាង គិត​ទៅ​ទើប​កោះ​ហៅ​យក​ទៅ​ឱ្យ​បំភ្លឺ មិន​ដឹង​ទៅ​បំភ្លឺ​អី បើ​រាប់​ឆ្នាំ​ហើយ»

លោក​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅថ្ងៃទី១ ខែ​ធ្នូ ថា ប្រជាពលរដ្ឋ​រងគ្រោះ​ចាញ់​បោក​ក្រុមហ៊ុន ឡេង ចាន់ណា រហូត​ដល់​រាប់​ពាន់​គ្រួសារ គឺ​ព្រោះ​តែ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត លើ​ការ​ធានា​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ដូចជា លោក ស៊ាន បូរ៉ាត ជាដើម។ លោក​ថា ពេល​នេះ ប្រជាពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន​កំពុង​ជួប​វិបត្តិ​ក្នុង​ជីវិត នោះ​គឺ​បញ្ហា​បំណុល​វ័ណ្ឌក ។

ពលរដ្ឋ៖ «អ្នក​ដែល​រងគ្រោះ​វា​មាន​ច្រើន​ណាស់ ដែល​ពូ​ទាក់ទង​ទៅ​ខាង​នោះ អ្នក​ខ្លះ​ក៏​រត់​ចោល​ផ្ទះ​ទៅ អ្នក​ខ្លះ​ក៏​ទៅ​ជា​វង្វេង​នឹង​លុយ​ក៏​មាន ហើយ​អ្នក​ខ្លះ​ចង​ក​ក៏​មាន ច្រើន​គេ​ទាក់ទង​មក​ខ្ញុំ បើ​តាម​ខ្ញុំ​ដឹង ២០ ទៅ ៣០ នាក់ វា​ពាក់ព័ន្ធ​នឹង​ផ្លូវ​ចិត្ត​ហ្នឹង»

តំណាង​ប្រជាពលរដ្ឋ​ដែល​ចាញ់​បោក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅថ្ងៃទី១ ខែធ្នូ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា លោក​មិន​បាន​ដឹង​ស៊ី​ជម្រៅ​ទេ អំពី​ផ្ទៃ​ក្នុង​នៃ​ការ​ពាក់ព័ន្ធ​គ្នា រវាង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល និង​អ្នកស្រី ឡេង ចាន់ណា។ ប៉ុន្តែ​លោក​ថា ករណី​ឆបោក​របស់​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ក៏​អាច​មាន​ការ​ពាក់ព័ន្ធ​ខ្លះ​ដែរ ជាមួយ​លោក ស៊ាន បូរ៉ាត ពីព្រោះ​លោក ស៊ាន បូរ៉ាត តែងតែ​មាន​វត្តមាន​ជាមួយ​អ្នកស្រី ឡេង ចាន់ណា ក្នុង​ការ​ប្រជុំ​និង​បង្រៀន​របស់​ក្រុមហ៊ុន។

លោក​ថា ករណី​ឆបោក​នេះ អាច​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ធំៗ ពីព្រោះ​ទោះបីជា​ប្រជាពលរដ្ឋ​រងគ្រោះ ជួប​វិបត្តិ​ជីវិត​ធ្ងន់ធ្ងរ​រហូត​ដល់​មាន​ការ​គំរាមកំហែង​ពី​ធនាគារ ម្ចាស់​បំណុល​ផង ក៏​នៅ​តែ​រដ្ឋាភិបាល និង​តុលាការ​មិន​ដោះស្រាយ​ជួយ​ប្រជាពលរដ្ឋ។

តំណាង​ប្រជាពលរដ្ឋ៖ «រឿង​ហ្នឹង​ដោះស្រាយ​អត់​ចេញ ដោយសារ​តែ វា​ពាក់ព័ន្ធ​ផង ហើយ​លុយ​ក៏​វា​ច្រើន ហើយ​ក៏​មិន​ដឹង​ថា លុយ​ហ្នឹង​ទៅ​ណា​អស់ ហើយ​ដោយសារ​តែ​ឡេង ចាន់ណា គាត់​អត់​មាន​ទ្រព្យ​អត់​អី​អ៊ីចឹង ។ បើ​សិន​ជា ឡេង ចាន់ណា មាន​ទ្រព្យ​មាន​ដី​ច្រើន អា​ហ្នឹង​ប្រហែល​ជា​អាច​ដោះស្រាយ​លឿន ប៉ុន្តែ​ដោយសារ​តែ ឡេង ចាន់ណា គាត់​មាន​ដី​ខ្លះ ប៉ុន្តែ​គាត់​យក​ទៅ​បញ្ចាំង​ឱ្យ​គេ​អស់»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​លោក ស ថាវី និង លោក ស៊ាន បូរ៉ាត បាន​នៅ​ឡើយ​ទេ នៅថ្ងៃទី១ ខែធ្នូ។

ក្នុង​ក្រប​ខណ្ឌ​រដ្ឋ​លោក ស៊ាន បូរ៉ាត មាន​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​ និង​កីឡា និង​ជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ នៅ​គណបក្ស​ ប្រជាជន​កម្ពុជា​វិញ លោក ស៊ាន បូរ៉ាត មាន​តួនាទី​ជា​សមាជិក​គណៈកម្មការ​កណ្ដាល​របស់​គណបក្ស និង​ជា​អនុប្រធាន​យុវជន​គណបក្ស​ថ្នាក់​កណ្ដាល។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​នាយករដ្ឋមន្ត្រី​លោក មាស សុភ័ណ្ឌ បានទេ។ យ៉ាងណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១ ខែ​ធ្នូ ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ចូល​ដៃ​ជាមួយ​ក្រុមហ៊ុន​ទុច្ចរិត ដែល​មាន​ប្រវត្តិ​បោក​ប្រាស់​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​ថា មន្ត្រី​ណា​ដែល​ពាក់ព័ន្ធ គឺ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​មន្ត្រី​ទាំង​នោះ ដែល​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​យុត្តាធិការ​របស់​តុលាការ។

នៅ​ពេល​សាក​សួរ អំពី​លទ្ធភាព​នៃ​ការ​ស៊ើបអង្កេត​លើ​ការ​ពាក់ព័ន្ធ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា គឺ​អាស្រ័យ​ទៅ​លើ​ចំណាត់​ការ​របស់​តុលាការ។

លោក សុខ ឥសាន៖« អា​ហ្នឹង​អាស្រ័យ​លើ​តុលាការ ពីព្រោះ​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ និង​យុត្តិធម៌ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ហ្នឹង។ អ៊ីចឹង​បើ​មាន​ករណី​ដែល​តុលាការ​យល់​ឃើញ​យ៉ាង​ម៉េច អា​ហ្នឹង​អាស្រ័យ​ទៅ​ចំណាត់​ការ​របស់​តុលាការ​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​សៀមរាប​លោក យិន ស្រាង បានទេ នៅថ្ងៃទី១​ ខែធ្នូ។

អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ​លោក វ៉ន ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ីសេរីនៅថ្ងៃទី១ ខែធ្នូ ថា អំពើ​ឆបោក​របស់​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា មាន​ទម្រង់​ជា​ប្រព័ន្ធ ដែល​មាន​អ្នក​ផ្ដួច​ផ្ដើម​គំនិត និង​មាន​ក្រុម​មនុស្ស​ដែល​មាន​តួនាទី​ធំៗ ក្នុង​រដ្ឋាភិបាល​ចេញ​មុខ​ធានា​អះអាង​ឱ្យ​ប្រជាពលរដ្ឋ​ជឿជាក់ ទើប​អាច​អូស​ទាញ​បាន​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ ឱ្យ​ហ៊ាន​ខ្ចី​លុយ​ធនាគារ​ដាក់​ទុន​ជាមួយ​ក្រុមហ៊ុន​នេះ។

លោក វ៉ន ចាន់ឡូត ថា តុលាការ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក៏​ត្រូវ​ស៊ើប​អង្កេត លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រសិន​បើ​ស្ថាប័ន​ទាំង​ពីរ​នេះ មាន​ឆន្ទៈ​រក​ដំណោះស្រាយ​ដោយ​យុត្តិធម៌​ជូន​ពលរដ្ឋ​រងគ្រោះ ដោយ​លោក​លើក​ហេតុផល​ថា សកម្មភាព​របស់​លោក ហ៊ុន ម៉ាណែត កន្លងមក ក៏​ជា​ការ​ជួយ​សម្រួល​ឱ្យ​ប្រជាពលរដ្ឋ​ជឿជាក់ លើ​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ដែរ។

លោក វ៉ន ចាន់ឡូត៖ «នាយករដ្ឋមន្ត្រី​ក៏​បាន​ចូល​ប្រឡូក​ប្រឡាក់​នៅ​ក្នុង​គម្រោង​របស់ ឡេង ចាន់ណា យើង​ឃើញ​មាន​ចូលរួម​ក្នុង​កម្មវិធី​នានា និង​មាន​នូវ​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ទទួល​យក​អំណោយ​ពី​ឧក្រិដ្ឋ​ជន​ទាំងអស់​នេះ។ ដូច្នេះ​នៅ​ក្នុង​កិច្ច​ការ​នៃ​ការ​ស៊ើបអង្កេត​នៃ​អំពើ​ពុករលួយ ដែល​គេ​កំណត់​សកម្មភាព​ទាំងអស់​នេះ វា​ដែល​ជា​ការ​ជួយ​សម្រួល​មួយ ដើម្បី​ឱ្យ​មាន​នូវ​ការ​ជឿ​ទុក​ចិត្ត ពី​សំណាក់​អតិថិជន និង​ពី​ប្រជាពលរដ្ឋ»

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​រងគ្រោះ នៅ​តែ​ស្ងៀមស្ងាត់​មិន​

ចេញ​តវ៉ា នោះ​ប្រជាពលរដ្ឋ នឹង​នៅ​តែ​បន្ត​រង​ទុក្ខវេទនា និង​ពិបាក​ទទួល​បាន​ដំណោះស្រាយ​ឆាប់ៗ​ពី​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។