សាច់​ញាតិ​ជន​រងគ្រោះ​ដែល​ជន​ជាតិចិន​ព្រួត​គ្នា​វាយ​នៅ​ក្រុង​ប៉ោយប៉ែត​ថា អាជ្ញាធរ​មិន​មាន​ចេតនា​ចាប់​ជនដៃ​ដល់​មក​ដាក់​ទោស​ឡើយ

ដោយ សុជីវី
2022.05.16
Share on WhatsApp
Share on WhatsApp
សាច់​ញាតិ​ជន​រងគ្រោះ​ដែល​ជន​ជាតិចិន​ព្រួត​គ្នា​វាយ​នៅ​ក្រុង​ប៉ោយប៉ែត​ថា អាជ្ញាធរ​មិន​មាន​ចេតនា​ចាប់​ជនដៃ​ដល់​មក​ដាក់​ទោស​ឡើយ ​ក្រុម​ប្រដាប់​អាវុធ​ជន​ជាតិ​ចិន​បាន​វាយ​ពលរដ្ឋខ្មែរ​មួយ​គ្រួសារ​រស់​នៅ​ក្រុង​ប៉ោយប៉ែត​ឱ្យរងរបួសធ្ងន់ធ្ងរ កាល​ពី​ដើម​ខែមីនា ឆ្នាំ២០២២។
រូប៖ កាំម៉េរ៉ាសុវត្ថិភាព។

ពលរដ្ឋខ្មែរ​មួយ​គ្រួសារ​រស់​នៅ​ក្រុង​ប៉ោយប៉ែត​ ដែល​រងការ​វាយ​ដំ​ពី​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ចិន​កាល​ពី​ដើម​ខែមីនា រិះគន់​អាជ្ញាធរថា អសមត្ថភាព​ក្នុងការ​តាម​ចាប់​ជន​ល្មើស​ទាំង​នោះ​យក​មក​ដាក់​ទោស​តាម​ច្បាប់។ សាច់ញាតិ​ជនរងគ្រោះ ខកចិត្ត​ចំពោះ​អាជ្ញាធរ​ដែល​បណ្ដោយ​ឱ្យជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​ទាំង​នោះ មាន​សិទ្ធិបើកបរ​រថយន្ត​ដោយ​សេរី​ក្នុង​ក្រុង​ប៉ោយប៉ែត ដោយ​គ្មាន​អើពើ​ចាប់​ខ្លួន​ពួក​គេ​ឡើយ។ មន្រ្តីសង្គម​ស៊ីវិល​ផ្នែក​សិទ្ធមនុស្ស​យល់​ថា រឿង​នេះទំនង​ជា​អាជ្ញាធរ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​ទទួល​សំណូក​ពី​ជនជាតិ​ចិន។

ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​ជនជាតិ​ចិន​បាន​លើក​គ្នា​ព្រួត​វាយ​ដំ​ដល់​ក្នុង​ផ្ទះ​កាល​ពី​ខែមីនា អស់​សង្ឃឹម​នឹងអាជ្ញាធរ​ដែល​មិន​បាន​អើពើ​តាម​ចាប់​ជន​ល្មើស​ទាំង​នោះ​យក​មក​ដាក់​ទោស​តាម​ច្បាប់​ឡើយ។ ពួកគាត់ សង្ស័យ​ថា អាជ្ញាធរ​អាច ទទួល​លុយ​សំណូក​ពី​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ចិន​ទាំង​នោះ ដើម្បី​ជា​ផ្នូរ​នឹង​ការ​ដោះលែង​ឱ្យ​ពួកគេ​មាន​សេរីភាព

ម្ដាយ​ស្រ្តី​រង​គ្រោះ គឺ​លោកស្រី រ៉ា នី ប្រាប់​វិទ្យុ​អាសេរី​នៅ​ថ្ងៃ​ទី១៥ ខែឧសភា​ថា គ្រួសារ​លោកស្រី ឈឺ​ចាប់​បំផុត នៅពេល​ដែល​ឃើញ​ជនជាតិ​ចិន​ប្រដាប់​អាវុធ​ទាំង​នោះ​រស់​នៅ​យ៉ាង​មាន​សេរី ដោយ​គ្មាន​អាជ្ញាធរ​ណាហ៊ាន​អនុវត្តច្បាប់​លើ​ពួកគេមិន​តែ​ប៉ុណ្ណោះ លោកស្រីថា ក្រុមជនល្មើស​ទាំង​នោះ ​ក៏​បាន​ចាត់​តាំង​តំណាង​ជា​ស្រ្តី​ខ្មែរ​ម្នាក់​ទៅ ព្រមាន​ដល់​គ្រួសារ​លោកស្រី ដើម្បី​ឱ្យ​ដក​ពាក្យ​បណ្ដឹង​ពី​អាជ្ញាធរ និង​ព្រម​ទទួល​យក​ប្រាក់​សំណង​ថ្លៃ​ខូចខាត​សម្ភារៈ និង​ថ្លៃព្យាបាលជំងឺ​កូន​លោកស្រី

លោកស្រី រ៉ានី អះអាងថា គ្រួសារ​លោកស្រី​មិន​ត្រូវ​ការ​ប្រាក់​ជំងឺ​ចិត្ត​ពី​ក្រុម​ជនល្មើស​ទាំង​នោះ​ឡើយ គឺ​លោកស្រី​ចង់​ឃើញ​អាជ្ញាធរអនុវត្ត​ច្បាប់​ឱ្យ​មានប្រសិទ្ធភាព ដោយចាប់​ក្រុមជន​ល្មើស​ទាំង​នោះ​មក​ដាក់​ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់៖ «ចង់​គេ (ជនជាតិ​ចិនសង​យើង​ប៉ុន្មាន​ម៉ឺន​ដុល្លា​ ក៏​មិន​ស្មើ​គេ​មក​វាយ​កូន​ខ្ញុំ​ទេ។ កូនស្រី​ខ្ញុំ​និយាយ​អី​តែ១ម៉ឺន​ដុល្លា ១០០ម៉ឺន​ដុល្លា ក៏​អត់​ចង់​ដែរ​ វា​ឈឺចាប់​ខ្មាស​គេ​ណាស់​រាល់ថ្ងៃ​ហ្នឹង។ កូន​ខ្ញុំ​ឱ្យ​តែ​ឃើញ​តំណាង​ហ្នឹង​មក​ កូន​ខ្ញុំ​ឆេះ​ឆួល។ ខ្ញុំ​ចង់​ឱ្យ​សមត្ថកិច្ច ធ្វើ​ចិន​តាម​ច្បាប់។ គេ​ (អាជ្ញាធរខឹង​ក៏​ខឹង​ទៅ​ នេះ​បើ​គេ​ (អាជ្ញាធរតាម​ចាប់​មែន​ចាប់​បាន​តាំង​ពី​ដំបូង គេ​មិន​ទុក​ដល់​ថ្ងៃ​នេះ​ទេ​»

លោកស្រី រ៉ានី ឱ្យ​ដឹង​ទៀត​ថា មក​ដល់​ពេល​នេះ កូនស្រី​លោកស្រី​ឈ្មោះ ធីតា នៅតែ​បន្ត​តាម​ដាន​សុខភាព​ពី​ក្រុម​គ្រូពេទ្យ និង​ត្រូវ​លេប​ថ្នាំជា​ប្រចាំចំណែក​ឯ​កូន​ប្រសារ​វិញ មាន​អាការៈខុស​ប្រក្រតី​ដោយ​សារ​តែ​រងការ​វាយ​ដំ​ពី​ក្រុម​ជនដៃ​ដល់​ប៉ះ​ទង្គិច​ខួរ​ក្បាល​ធ្ងន់ធ្ងរ។

កាល​ពី​ដើមខែមីនា ​​ជនជាតិចិន​មួយ​ក្រុម​មាន​គ្នា​ជាង១០នាក់ ​និង​ក្រុមកូនចៅជាង២០នាក់ ដែលស្លៀកសំលៀកបំពាក់សន្តិសុខ ដោយមានដំបង​ឆក់ ញញួរ​ និង​បំពង់ដែក បានសម្រុក ចូល​ផ្ទះ​លោក​ស្រី រ៉ានី​ ព្រួតវាយ​កូនលោក​ស្រី​ ឈ្មោះ​ ធីតា​ ​​និង​កូន​ប្រសារ​ ទាំង​កម្រោល។ លោកស្រី​រ៉ានី ​ថា​ពេល​ជនល្មើស​ទាំង​នោះ​ធ្វើ​សកម្មភាព​យ៉ាង​ព្រៃផ្សៃ​មក​លើ​គ្រួសារ​លោកស្រី មិន​មាន​ពលរដ្ឋ​ណា​ហ៊ាន​ចូល​ជួយ​ឡើយ ដោយសារ​ក្រុម​ជនជាតិចិន​ទាំង​នោះ​មាន​កាំភ្លើង និង​ព្រួតវាយ​ដំទាត់​ធាក់​កូន​ស្រី​ឈ្មោះ​ ធីតា និង​កូនប្រសារ​បណ្ដាល​ឱ្យ​បាក់ថ្គាម ​និង​រងបួសក្បាល​ធ្ងន់​។

ទាក់ទង​បញ្ហា​នេះ អធិការង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៅ​ក្រុង​ប៉ោយប៉ែត​លោក ព្រហ្ម ពិសិដ្ឋ ថ្លែងថា លោក​មិន​ហ៊ាន​និយាយ​ពី​បញ្ហានេះ​ឡើយ​ ដោយ​លោក​ជំរុញ​ឱ្យ​វិទ្យុ​អាស៊ីសេរី​សួរ​ទៅ​អាជ្ញាធរ​ថ្នាក់​ខេត្ត​វិញ។

ចំណែក អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក រ៉ែម វីរៈ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ដោយ​លោក​ឆ្លើយ​ថា សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី៖ «សុំ​មិន​បំភ្លឺ ករណី​កម្លាំង​នគរបាល​កំពុង​បន្ត​នីតិ​វិធី​»

ជុំវិញរឿងនេះ​ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(ADHOC)​ខេត្ត​បន្ទាយ​មានជ័យ​លោក ស៊ុំ ច័ន្ទគា​ សង្កេតឃើញ​ថា អាជ្ញាធរ​មិន​មាន​ឆន្ទៈ​ក្នុងការ​អនុវត្ត​ច្បាប់​លើ​ក្រុម​ជន​ល្មើស​ទាំង​នោះ​ទេ ដោយ​លោក​សង្ស័យថា អាជ្ញាធរ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​លុយ​សំណូក​ពី​ក្រុម​ជនល្មើស​ទាំង​នោះ។ លោក អំពាវនាវ​ដល់​ក្រសួង​ពាក់ព័ន្ធ​ឱ្យ​ស៊ើប​អង្កេត​ឱ្យបាន​ច្បាស់​លាស់​លើ​មន្រ្តី​ដែល​ប្រព្រឹត្ត​អំពើពុករលួយ និង​ត្រូវ​តាម​ចាប់​ជន​ល្មើស​ទាំង​នោះ​ឱ្យ​ខាង​តែ​បាន​ ដើម្បី​បញ្ចៀស​រាល់​ការ​រិះគន់ និង​ផ្តល់យុត្តិធម៌​ដល់​គ្រួសារ​ជនរងគ្រោះ៖ «យើង​នៅ​តែ​រក្សា​នូវ​គោល​ជំហរ ថា​មន្រ្តី​ទាំងអស់​ហ្នឹង​ មិន​ទាន់​បាន​អនុវត្ត​ច្បាប់​ឱ្យ​បាន​ពេញលេញ​ ដើម្បី​តាម​ចាប់​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​យក​ដាក់​ទោស​តាម​ច្បាប់​ទេ។ ដោយសារ​តែ​ជន​ដែល​ប្រព្រឹត្ត​ហ្នឹង ឃើញ​ថត​សែលហ្វី ​(selfie) ជា​មួយ​អ្នកធំ ជា​មួយ​អ្នក​នេះ ជាមួយ​អ្នក​នោះ។ ឱ្យ​តែ​មាន​ខ្សែ​អ្នកធំ​ ជនបរទេស​ដែល​ប្រព្រឹត្ត​នៅ​ស្រុក​ខ្មែរ ចេះ​តែ​រួចខ្លួន​ អ៊ីចឹង​ច្បាប់​យក​ទៅ​អនុវត្ត​ដើម្បី​ស្ថិរភាព ឱ្យ​មាន​របៀបរាប់រយ​ក្នុង​សង្គម​នោះ វា​ក្លាយ​ជា​ច្បាប់​ ត្រឹម​ការ​វាស់វែង​ទៅ​លើ​ការ​សូក​ប៉ាន់​លុយ។ យក​លុយ​ធ្វើ​ការ​សម្របសម្រួល​ឬ​យ៉ាង​ម៉េច?​»

មន្រ្តី​សង្គមស៊ីវិល​រូប​នេះ ព្រួយ​បារម្ភ​ថា បើ​អាជ្ញាធរ​មិន​ឈរ​លើ​ភាព​អព្យាក្រឹត្យ​ និង​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​នឹង​វាយ​ធ្វើ​បាប​ដល់​ពលរដ្ឋ​ម្ចាស់​ស្រុក​តាម​អំពើ​ចិត្ត​បន្ត​ទៀត ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល