មន្ត្រីសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលមានគោលនយោបាយការពារសិទ្ធិពលរដ្ឋខ្មែរនៅបរទេស
2023.03.07

ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការរំលោភសិទ្ធិសេរីភាព និងការជួញដូរមនុស្សនៅបណ្ដាលប្រទេសមួយចំនួនពិតជាមានចំនួនច្រើនដូចការលើកឡើងរបស់ក្រសួងការបរទេសប្រាកដមែន។ ពួកគេស្នើដល់រដ្ឋាភិបាលគួរតែមានគោលនយោបាយការពារសិទ្ធិសេរីភាពពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស។
មន្ត្រីសង្គមស៊ីវិល អះអាងថា ការរំលោភសិទ្ធិសេរីភាពពលរដ្ឋខ្មែរ ដែលរស់នៅបណ្ដាលប្រទេសមួយចំនួននៅលើពិភពលោក កើតឡើងជាញឹកញាប់ ហើយរដ្ឋាភិបាលហាក់មិនសូវយកចិត្តទុកដាក់ជួយដល់ពួកគេនោះទេ។
មន្ត្រីផ្នែកការពារសិទ្ធពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន មានប្រសាសន៍ថា ពលរដ្ឋខ្មែរដែលរងនូវការរំលោភសិទ្ធិសេរីភាព និងអំពើជួញដូរមនុស្សនៅក្រៅប្រទេស គឺមានចំនួនច្រើនដូចដែលក្រសួងការបរទេសបានលើកឡើងពិតមែន។ លោកបន្ថែមថា ពលរដ្ឋខ្មែរដែលចំណាកស្រុកដោយស្របច្បាប់ និងខុសច្បាប់នៅក្រៅប្រទេស តែងតែជួបនូវបញ្ហារំលោភសិទ្ធិការងារ ដោយថៅកែមិនបើកប្រាក់ឈ្នួលឲ្យ ឬថៅកែមិនឲ្យឯកសារពាក់ព័ន្ធដូចជាលិខិតឆ្លងដែន ឬទិដ្ឋាការការងារជាដើម។ លោកបន្តថា នៅពេលពលរដ្ឋជួបប្រទះនូវបញ្ហាទាំងនេះ មន្ត្រីទូតខ្មែរប្រចាំនៅបណ្ដាលប្រទេសមួយចំនួន ជួយដល់ពលរដ្ឋដែលរងគ្រោះទាំងនោះបាន តិចតួចនៅឡើយ។
លោកបន្ថែមថា ពលរដ្ឋខ្មែរមួយចំនួន ដែលលួចឆ្លងដែនខុសច្បាប់តាមរយៈមេខ្យល់វិញ គឺភាគច្រើនពួកគាត់ចាញ់បោកមេខ្យល់ ដែលសន្យាថា មកប្រទេសថៃមានការងារល្អ មានប្រាក់ខែច្រើនជាដើម។
បើទោះបីជាពលរដ្ឋខ្មែរមកធ្វើការនៅក្រៅប្រទេសតែងតែចាញ់បោកមេខ្យល់ ក្រុមហ៊ុនឬរោងចក្រមិនបើកប្រាក់ខែឲ្យយ៉ាងណាក្ដី ក៏ពួកគាត់នៅតែបន្តឆ្លងដែនមកធ្វើការនៅក្រៅប្រទេសដដែល ដោយសារនៅក្នុងស្រុកគ្មានការងារធ្វើ។
លោក លឹង សុផុន បញ្ជាក់ថា ពលករដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកកម្ពុជាវិញក៏ដោយ ក៏ពួកគាត់នៅបានតែមួយរយៈក៏ត្រឡប់ទៅប្រទេសថៃវិញ។ លោកថា បញ្ហានេះដោយសារតែពលករភាគច្រើនជំពាក់ប្រាក់ធនាគារ ហើយបើបន្តនៅកម្ពុជានោះពួកគេគ្មានលទ្ធភាពដោះបំណុល ដូច្នេះហើយ ពួកគេត្រូវត្រឡប់មកប្រកបរបរនៅឯប្រទេសថៃវិញ ទោះជាមានហានិភ័យការងារ ឬត្រូវបានថៅកែរំលោភសិទ្ធិការងារក៏ដោយ។
លោកស្នើដល់រដ្ឋាភិបាលជួយបង្កើនការផ្សព្វផ្សាយ ដើម្បីក្លាយជាពលករស្របច្បាប់នៅក្រៅប្រទេស និងមានគោលនយោបាយបង្កើតការងារស្របតាមជំនាញ ដែលពលរដ្ឋចំណាកស្រុកមានរៀងៗ ខ្លួន។
លោក លឹង សុផុន៖ «ខ្ញុំចង់សំណូមពរដល់ស្ថាប័នពាក់ព័ន្ធជួយ ផ្ដល់ព័ត៌មានយ៉ាងម៉េចឲ្យដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនខ្មែរយើងហ្នឹងកំឡុងពេលដែលគាត់ស្វែងរកការងារហ្នឹង ជួយណែនាំគាត់ឲ្យច្បាស់លាស់ថា តើប្រជាពលរដ្ឋគួរធ្វើបែបណាដើម្បីឲ្យពួកគាត់ហ្នឹងទទួលបានសុវត្ថិភាពក្នុងការស្វែងរកការងារ ហើយឲ្យពួកគាត់មកដល់ហើយ ដូចថាមានថៅកែអ្វីត្រឹមត្រូវហើយ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ច្បាប់ការងារក្នុងប្រទេសថៃ»។
ប្រតិកម្មបែបនេះគឺ បន្ទាប់ពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានចេញផ្សាយលទ្ធផលបូកសរុបការងារប្រចាំឆ្នាំ២០២២ បង្ហាញថា ក្រសួងបានជួយគាំទ្រ សង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ ដល់ពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារការរំលោភសិទ្ធិសេរីភាពនៅបរទេស និងអំពើជួញដូរមនុស្សចំនួនជិត ៨ពាន់នាក់ (៧.៩៥៣)។ ក្នុងនោះមាននៅប្រទេសថៃ ឡាវ វៀតណាម មីយ៉ានម៉ា ឬភូមា និងប្រទេសផ្សេងទៀត។
ជុំវិញករណីនេះ ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ មីនានេះថា តួលេខដែលពលរដ្ឋរងការរំលោភសិទ្ធិសេរីភាព និងអំពើជួញដូរមនុស្សជិត ៨ពាន់នាក់នេះច្រើនគួរឲ្យភ្ញាក់ផ្អើល។ លោកយល់ថា រដ្ឋាភិបាល គួរលើកកម្ពស់ការងារក្នុងប្រទេស ដែលមានស្រាប់ឲ្យបានល្អប្រសើរ និងទទួលបានប្រាក់កម្រៃខ្ពស់អាចឲ្យពលរដ្ឋមានប្រាក់ចំណូលល្អ ដើម្បីជៀសវាងធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ លោកបន្ថែមថា កម្ពុជាជាប្រទេសអំណោយផលស្ទើរគ្រប់វិស័យ ជាពិសេស គឺវិស័យកសិកម្ម រដ្ឋាភិបាលគួរតែបន្ថែមមន្ត្រីជំនាញផ្នែកកសិកម្ម នៅតាមមូលដ្ឋានដើម្បីគាំទ្រដល់ការធ្វើកសិកម្មរបស់ពលរដ្ឋ ដើម្បីទទួលបានទិន្នផលខ្ពស់។ លោក រស់ សុដ្ឋា ស្នើដល់រដ្ឋាភិបាល ស្វែងរកដៃគូរពាណិជ្ជកម្មទាំងក្នុងតំបន់ និងពិភពលោកសម្រាប់ជំរុញឲ្យមានទីផ្សារល្អប្រសើរ សម្រាប់នាំចេញផលិតផលកសិកម្ម។
លោក រស់ សុដ្ឋា៖ «ទី១ គឺចង់ឲ្យរដ្ឋាភិបាលហ្នឹងគាត់កែលំអឧកាសការងារនៅក្នុងប្រទេសឲ្យបានច្រើន ដើម្បីកាត់បន្ថយការចេញទៅក្រៅប្រទេសព្រោះការចេញទៅក្រៅប្រទេសហ្នឹង គឺវាហានិភ័យច្រើនណាស់តាមខ្ញុំដឹង។ ខ្ញុំធ្លាប់ធ្វើការជាមួយអង្គការពលកម្មអន្តរជាតិ ការចេញក្រៅស្រុកវាហានិភ័យតាំងពីប៉ះពាល់ដល់សុខភាព បញ្ហាសន្តិសុខគ្រប់បែបយ៉ាងទាំងអស់។ ទី២ យើងត្រូវអប់រំផ្សព្វផ្សាយអំពីបញ្ហាការងារ បញ្ហាទីផ្សារ បញ្ហាការរំលោភសិទ្ធិមនុស្សផ្សេងៗ ឲ្យបានច្រើនទូលំទូលាយ ដោយសហការជាមួយអង្គការសង្គមស៊ីវិល សំណូមពរឲ្យមានប្រូចិចធ៍ (Project) ហ្មង គម្រោងអប់រំផ្សព្វផ្សាយអំពីបញ្ហាផលលំបាកផ្សេងៗ ពេលណាដែលយើងចេញទៅក្រៅស្រុក»។
របាយការណ៍របស់ក្រសួងការងារកម្ពុជា ឱ្យដឹងថា បច្ចុប្បន្ន មានពលករខ្មែរជាង ១លាន ២សែននាក់កំពុង ធ្វើការនៅប្រទេសថៃ។ ប៉ុន្តែរបាយការណ៍របស់អង្គការ (Central) បង្ហាញថា មានពលករខ្មែរកំពុង ធ្វើការដោយស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃប្រមាណ ២លាននាក់ ដោយមួយចំនួន ពួកគាត់ទទួលរងការរំលោភបំពានសិទ្ធិការងារ និងបាត់បង់ផលប្រយោជន៍ ដែលប៉ះពាល់ដល់បញ្ហាផ្នែកសេដ្ឋកិច្ចគ្រួសារ។
របាយការណ៍របស់ក្រសួងការងារឆ្នាំ២០២២ បង្ហាញថា ពលករខ្មែរកំពុងធ្វើការនៅក្រៅប្រទេសសរុបជាង ១លាន៣សែន (១.៣២១.៥០៦) នាក់ ក្នុងនោះនៅប្រទេសថៃមានពលករខ្មែរចំនួនជាង ១លាន ២សែន (១.២៣១.៥០៨) នាក់ នៅកូរ៉េជិត ៥ម៉ឺន (៤៩.៧៣៨) នាក់ នៅជប៉ុនជិត ២ម៉ឺន (១៦.៥៦២) នាក់ និងនៅតាមបណ្ដាលប្រទេសផ្សេងៗ ទៀត។
អ្នកឃ្លាំមើលបញ្ហាសង្គមសង្កេតឃើញថា បញ្ហាចំណាកស្រុកដោយខុសច្បាប់របស់ពលករខ្មែរកើតមានជាច្រើនឆ្នាំមកនេះ ជាចំណុចដែលរដ្ឋាភិបាលគួរយកចិត្តទុកដាក់ខ្ពស់។ ពួកគេបារម្ភថា កន្លងមករដ្ឋាភិបាលហាក់មិនសូវយកចិត្តទុកដាក់ដោះស្រាយនោះទេ ដែលធ្វើឱ្យពលរដ្ឋនៅតែបន្តឆ្លងដែនដោយខុសច្បាប់ ទៅរកការងារធ្វើនៅក្រៅប្រទេស ដែលងាយប្រឈមនឹងហានិភ័យផ្សេងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។