សង្គមស៊ីវិលថា អំពើចាប់ជំរិតបង្កឡើងដោយជនជាតិចិននៅខេត្តព្រះសីហនុ នឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងវិស័យទេសចរណ៍
មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលលើកឡើងថា សកម្មភាពរបស់ជនជាតិចិនមួយក្រុម ដែលធ្វើសកម្មភាពចាប់អូសជនរងគ្រោះញាត់បញ្ចូលទៅក្នុងរថយន្តក្នុងខេត្តព្រះសីហនុថ្មីៗ នេះ ប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ និងសណ្ដាប់ធ្នាប់សង្គម។
សកម្មភាពជនបរទេស ជាពិសេសជនជាតិចិនមួយចំនួនដែលជាញឹកញយធ្វើសកម្មភាពចាប់ជំរិតមនុស្ស និងប្រើអំពើហិង្សាតាមទីសាធារណៈ បានផ្ដើមកក្រើកឡើងវិញ បន្ទាប់ពីហាក់ស្ងប់ស្ងាត់មួយរយៈ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៨ ខែសីហាថា សកម្មភាពជនជាតិចិនមួយក្រុមដែលចាប់អូសទាញជនរងគ្រោះតាមដងផ្លូវ បញ្ចូលក្នុងរថយន្តថ្មីៗ នេះ អាចជាប់ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់ និងជម្លោះរឿងលុយកាក់ក្នុងមុខជំនួញពួកគេ។ ទោះជាយ៉ាងណាក្ដី អ្នកស្រី ថា ប្រជាពលរដ្ឋហាក់មិនសូវភ្ញាក់ផ្អើលឡើយ ខណៈករណីបែបនេះ បានកើតឡើងជាហូរហែក្នុងខេត្តព្រះសីហនុ ប៉ុន្តែសមត្ថកិច្ចហាក់មិនទាន់ចាត់វិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនោះទេ។
អ្នកស្រី ជៀប សុធារី៖ «កន្លងមកដូចមានការសម្លាប់គ្នា បាញ់គ្នាអីហ្នឹង ភាគច្រើន គឺរឿងលុយ។ ខ្មែរយើងពេលខ្លះមិនមែនជាជនប្រព្រឹត្តទេ គាត់ជាអ្នកបកប្រែភាសាចិន ឬតៃកុងឡាន ធម្មតាយើងយកសេវាពីថៅកែចិន ជាអ្នកបកប្រែភាសាខ្មែរចិន អ្នកបើកឡាន ថៅកែប្រើទៅណាទៅហ្នឹងហើយ អ៊ីចឹងខ្មែរយើងភាគច្រើនដូចរឿងនេះអ៊ីចឹង អ្វីដែលយើងព្រួយបារម្ភ គឺយើងព្រួយបារម្ភពីសុវត្ថិភាពយើងដែរព្រោះមិនដឹងមានរឿងអីខ្លះយើងអត់ដឹង ដល់ពេលមានបញ្ហាយើងមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ឬមានជាប់ពាក់ព័ន្ធក្នុងរឿងហ្នឹង»។
សមត្ថកិច្ចខេត្តព្រះសីហនុបានបើកប្រតិបត្តិការ និងស្ទាក់ចាប់បានជនសង្ស័យជនជាតិចិនចំនួន ៦នាក់ និងខ្មែរ ២នាក់នៅតាមបណ្ដោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុកាលពីយប់រំលងអធ្រាត្រថ្ងៃទី៦ ខែសីហា បន្ទាប់ពីពួកគេធ្វើសកម្មភាពបង្កការភ័យខ្លាចដល់ពលរដ្ឋនៅតំបន់ម្ដុំស្តុបផ្សារពាណិជ្ជកម្ម ខេត្តព្រះសីហនុដោយចាប់ញាត់បញ្ចូលជនរងគ្រោះចូលរថយន្តស៊េរីទំនើបទាំងកម្រោល ដឹកចេញភ្លាមៗ កាលពីយប់ថ្ងៃទី៥ ខែសីហា។ តាមរយៈវីដេអូត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គមក្រុមជនជាតិចិនទាំងនោះ បានចាប់ទាញជនរងគ្រោះចំនួន ២នាក់ និងបានស្រែកគំរាមឱ្យឡើងឡាន ហើយពលរដ្ឋនៅក្បែរនោះសង្ស័យថា ជាករណីចាប់ជំរិតទារប្រាក់ ក៏បានព្យាយាមទាញជនរងគ្រោះចេញពីរថយន្ត ប៉ុន្តែមិនអាចជួយសង្គ្រោះពួកគេបានឡើយ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចខេត្តព្រះសីហនុ ក៏រំដោះបានជនរងគ្រោះជនជាតិខ្មែរ និងជនជាតិចិនចំនួន ២នាក់ និងរឹបអូសបានកាំភ្លើងខ្លីរបស់ជនសង្ស័យចំនួន ២ដើម ខ្នោះដៃ ២គូ និងគ្រាប់កាំភ្លើងមួយចំនួន។ ជនសង្ស័យទាំង ៨នាក់ គឺសុទ្ធសឹងតែជាបុរស និងមិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ។
ពាក់ព័ន្ធបញ្ហានេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ស រដ្ឋា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ខែសីហា ថា ជនសង្ស័យទាំង ៨នាក់ នគរបាលមិនទាន់បញ្ជូនទៅតុលាការនៅឡើយ និងកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវអ្នកដែលពាក់ព័ន្ធ។ ទោះជាយ៉ាងណា លោកអះអាងថា ករណីជនបរទេសធ្វើសកម្មភាពបែបនេះ ថមថយបើធៀបនឹងឆ្នាំមុនៗ។ ក្រៅពីនេះ លោកថា ក៏បានដាក់ចេញវិធានការរឹតបន្តឹងដោយពង្រាយកងកម្លាំងយាមល្បាតជាប្រចាំនៅតាមកន្លែងងាយប្រឈមកើតបទល្មើសនៅក្រុងព្រះសីហនុ។
លោក ស រដ្ឋា៖ «ត្រង់ចំណុចនេះ យើងខំប្រឹងប្រែងគ្រប់ពេលវេលា មិនមែនតែករណីបែបនេះ ឱ្យតែមានករណីយើងត្រូវតែបង្ក្រាបទាំងអស់ អ៊ីចឹងពាក់ព័ន្ធ [ចំនួនបទល្មើស] ថយចុះ ថយឡើងហ្នឹងយើងឃើញមានការល្អប្រសើរជាងមុនពាក់ព័ន្ធការងារសន្តិសុខ»។
អ្នកសិក្សាសង្គម និងនយោបាយ លោក ប៉ោ មករា មើលឃើញថា ករណីជនជាតិចិនមួយចំនួន ដែលមិនខ្លាចញញើតនឹងការបង្កអសន្តិសុខនៅខេត្តព្រះសីហនុនេះ គឺជារឿងកើតឡើងដដែលៗ ដែលរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាននៅតែមិនអាចទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។ លោកយល់ឃើញថា បើរដ្ឋាភិបាលនៅតែគ្មានផែនការរឹតបន្តឹងច្បាប់លើជនបរទេស និងបណ្ដោយឱ្យជនជាតិចិនមួយចំនួន ដែលមានចរិតកោងកាចអាចធ្វើសកម្មភាពបង្កចលាចលក្នុងសង្គមបែបនេះ ក្រៅពីភ្ញៀវទេសចរអន្តរជាតិមិនហ៊ានចូលមកកម្សាន្តក្នុងខេត្តព្រះសីហនុ ពលរដ្ឋនៅមូលដ្ឋានក៏ខ្លាចញញើតក្នុងការរស់នៅប្រចាំថ្ងៃដែរ។
លោក ប៉ោ មករា៖ «អ្វីដែលអាចធ្វើបាន គួរតែទប់ស្កាត់នោះដូចអំពើពុករលួយអីហ្នឹង ហើយការអនុវត្តច្បាប់មួយដែលពេញលេញមាននីតិរដ្ឋច្បាស់លាស់ អ៊ីចឹងគួរតែរឹតបន្តឹង អំពើពុករលួយហ្នឹងសំខាន់ណាស់ ព្រោះមន្ត្រីខិលខូចមួយចំនួនតែងផ្សំគំនិតជាមួយឧក្រិដ្ឋជនបែបហ្នឹង ដើម្បីនាំពួកហ្នឹងមកចូលស្រុកទេសហើយ បង្កភាពរញ៉េរញ៉ៃ អនាធិបតេយ្យទៅដល់តំបន់ផ្សេងៗ ជាពិសេស គឺនៅកំពង់សោមហ្នឹងតែម្ដង»។
ចាប់តាំងពីឆ្នាំ២០១៩ មក ករណីជនជាតិចិនមួយចំនួនធ្វើសកម្មភាពចាប់ជនជាតិចិនដូចគ្នាញាត់បញ្ចូលក្នុងរថយន្តនេះមិនមែនជាករណីលើកទីមួយ និងកើតឡើងតែក្នុងខេត្តព្រះសីហនុនោះទេ។ កន្លងមក ក្រៅពីខេត្តព្រះសីហនុ រួមមានក្រុងប៉ោយប៉ែត ខេត្តពោធិ៍សាត់ កំពត ស្វាយរៀង និងនៅរាជធានីភ្នំពេញ ជាដើម ក៏មានជនជាតិចិនមួយចំនួនធ្វើសកម្មភាពដែលមានគ្នាជាក្រុមប្រើអំពើហិង្សា និងកាំភ្លើងគំរាមជនរងគ្រោះឱ្យឡើងរថយន្ត ដើម្បីជំរិតទារប្រាក់។
សេចក្ដីរាយការណ៍របស់សមត្ថកិច្ចបង្ហាញជាបន្តបន្ទាប់ឱ្យដឹងថា ករណីមួយចំនួនក្រុមជនដៃដល់ព្យាយាមចាប់ជនរងគ្រោះចូលទៅក្នុងរថយន្ត ដើម្បីជំរិតទារប្រាក់ និងខ្លះទៀតចាប់ឃុំឃាំងជនរងគ្រោះធ្វើទារុណកម្មនៅតាមទីតាំងអគារពួកគេ ដើម្បីបង្ខំឱ្យទាក់ទងសាច់ញាតិផ្ញើលុយតាមចំនួនដែលឧក្រិដ្ឋជនទាមទារ។
របាយការណ៍របស់ក្រសួងមហាផ្ទៃឱ្យដឹងថា ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទទួលបានពាក្យបណ្ដឹងជាង ១ពាន់ ២រយករណី (១.២៧៦) ស្រាវជ្រាវរកឃើញបទល្មើសជាង ១ពាន់ករណី (១.២១៣) និងជួយសង្គ្រោះមនុស្សបានជាង ២ពាន់នាក់ (២.១៥៥) មាន ២១សញ្ជាតិ។ ក្នុងរយៈពេលដូចគ្នា សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យជាង ១រយនាក់ (១២៦)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។