អ្នកឃ្លាំមើល ជំរុញរដ្ឋាភិបាលឱ្យស៊ើបអង្កេតរឿងផ្ដល់សញ្ជាតិខ្មែរដល់ជនជាតិអូស្ត្រាលីម្នាក់ ដែលជាមេខ្លោងជួញដូរគ្រឿងញៀន
2024.04.23
មន្ត្រីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតករណីផ្ដល់សញ្ជាតិខ្មែរដល់បុរសដើមកំណើតអូស្ត្រាលីម្នាក់ ដែលជាប់សង្ស័យថា ជាមេខ្លោងជួញដូរគ្រឿងញៀន។ ការជំរុញបែបនេះ គឺបន្ទាប់ពីបណ្ដាញសារព័ត៌មានដ៏ធំរបស់អូស្ត្រាលី បានចេញផ្សាយអត្ថបទស៊ើបអង្កេតមួយថា ឧក្រិដ្ឋជនជួញដូរគ្រឿងម្នាក់ បានទទួលសញ្ជាតិខ្មែរ និងប្រហែលជាកំពុងលាក់ខ្លួននៅកម្ពុជា ឬប្រទេសវៀតណាម។ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃអះអាងថា សមត្ថកិច្ចនឹងបើកការស៊ើបអង្កេតលើរឿងនេះ។
មន្ត្រីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាលកម្ពុជា គួរតែស៊ើបអង្កេតឲ្យបានហ្មត់ចត់និងឆ្លើយតបជាសាធារណៈ ចំពោះការចោទប្រកាន់រឿងផ្ដល់ទីជម្រកលាក់ខ្លួន និងផ្ដល់សញ្ជាតិខ្មែរដល់បុរសដើមកំណើតអូស្ត្រាលីម្នាក់ ដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់ប៉ូលិសអូស្ត្រាលីថា ជាមេខ្លោងជួញដូរគ្រឿងញៀនដ៏ធំ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំ រដ្ឋវ៉ិកតូរីយ៉ា (Victoria) លោក អ៊ិន ហេមរ៉ា ថ្លែងថា វាមិនមែនជារឿងចម្លែកនោះទេដែលរដ្ឋាភិបាលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត តែងផ្ដល់ទីជម្រក និងផ្ដល់ឋានៈតួនាទី ព្រមទាំងផ្ដល់សញ្ជាតិខ្មែរជាកាដូដល់ពួកឧក្រិដ្ឋជនលំដាប់អន្តរជាតិមួយចំនួន។ លោកយល់ថា ការផ្ដល់សញ្ជាតិតាមបែបអំពើពុករលួយដល់បុរសដើមកំណើតអូស្ត្រាលីដែលប៉ូលិសអូស្ត្រាលីកំណត់មុខសញ្ញាច្បាស់ថា ជាមេខ្លោងជួញដូរគ្រឿងញៀននេះនឹងកាន់តែធ្វើឲ្យអាប់ឱនកិត្តិយសប្រទេសខ្មែរបន្ថែមទៀតពីលើរឿងអាស្រូវនៃការលាងលុយកខ្វក់និងការជួញដូរមនុស្ស។
លោក អ៊ិន ហេមរ៉ា៖ «ដឹងថា បុគ្គលនេះជាឧក្រិដ្ឋជនហើយផ្ដល់តួនាទី ផ្ដល់សញ្ជាតិ ផ្ដល់ឱកាសឲ្យឧក្រិដ្ឋជនទាំងអស់នេះ រកស៊ីក្នុងស្រុកខ្មែរ គឺធ្វើឲ្យការរីករាលដាលឧក្រិដ្ឋកម្មផ្សេងៗ នៅក្នុងប្រទេសខ្មែរ ហើយឧក្រិដ្ឋជនដទៃទៀតដែលឃើញ ប្រទេសខ្មែរអនុញ្ញាតឲ្យមានឧក្រិដ្ឋជនអ៊ីចឹង មានន័យថាប្រទេសយើងអាចក្លាយជា ជង្រុកឧក្រិដ្ឋជនអន្តរជាតិ។ មានន័យថា ឧក្រិដ្ឋ ដែលមិនអាចរស់នៅប្រទេសគេបាន គឺមករស់នៅប្រទេសខ្មែរ ហើយចុងបញ្ចប់ទៅ ប្រទេសខ្មែរក្លាយជាជង្រុកឧក្រិដ្ឋជន ឬកន្លែងឧក្រិដ្ឋកម្ម ដែលធ្វើឲ្យអ្នករកស៊ី ឬអ្នកវិនិយោគល្អៗ មិនអាចមកកម្ពុជា ដូច្នេះប្រទេសខ្មែរខាតបង់ច្រើនណាស់»។
មន្ត្រីបក្សប្រឆាំងរូបនេះបន្ថែមថា ប្រសិនបើលោក ហ៊ុន ម៉ាណែត ចង់ឲ្យអ្នកវិនិយោគទៅរកស៊ីនៅកម្ពុជាតាមរយៈយុទ្ធការទាក់ម៉ូយរបស់លោកនោះ លោកគួរតែជំរុញឲ្យមានការស៊ើបអង្កេត ដើម្បីឈានទៅរកការដកសញ្ជាតិ និងធ្វើបត្យាប័នបញ្ជូនឧក្រិដ្ឋជនជាជនជាតិអូស្ត្រាលីនេះទៅប្រទេសដើមកំណើតវិញ ដើម្បីលាងសម្អាតប្រទេសរបស់ខ្លួន។
ការលើកឡើងនេះ គឺបន្ទាប់ពីបណ្ដាញសារព័ត៌មានអេប៊ីស៊ី (ABC) នៅប្រទេសអូស្ត្រាលី បានចេញផ្សាយអត្ថបទស៊ើបអង្កេតមួយ កាលពីថ្ងៃទី២២ ខែមេសាថា ប៉ូលិសអូស្ត្រាលី បានកំណត់អត្តសញ្ញាណបុរសដើមកំណើតអូស្ត្រាលីម្នាក់ថា ជាមេខ្លោងជួញដូរគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (methamphetamine) ឬក៏ម៉ាទឹកកករាប់រយគីឡូក្រាមពីក្រៅចូលប្រទេសអូស្ត្រាលី។ បុរសរូបនោះ មានឈ្មោះ ដានីញ៉ែល រ៉ូដនី បែដជើរ៍ (Daniel Rodney Badger) អាយុ ៣៨ឆ្នាំ ដែលពីមុនរស់នៅទីក្រុងស៊ីដនី (Sydney) ប៉ុន្តែបច្ចុប្បន្នកំពុងជាប់សង្ស័យថា ប្រហែលជាលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា ឬប្រទេសវៀតណាម។លោក បានរៀបការជាមួយនារីជនជាតិវៀតណាម នៅទីក្រុងហូជីមិញ (Ho Chi Minh) ជាទីដែលគាត់បើកក្រុមហ៊ុនលក់រថយន្ត កាលពីឆ្នាំ២០២០។ សារព័ត៌មាន ABC ក៏បានរកឃើញទៀតថា មេខ្លោងជួញដូរគ្រឿងញៀនរូបនេះ ទទួលបានសញ្ជាតិខ្មែរកាលពីឆ្នាំ២០២២ ដោយប្ដូរពីឈ្មោះ ដានីញ៉ែល រ៉ូដនី បែដជឺ ទៅជាឈ្មោះសែន សុវណ្ណារិទ្ធ (Sovannarith Sen)។
ស្នងការរងប៉ូលិសសហព័ន្ធអូស្ត្រាលី លោក អ៊ាន ម៉ាខាតនី (Ian McCartney) ប្រាប់សារព័ត៌មាន ABC ថា លោក ដានីញ៉ែល រ៉ូដនី បែដជឺ គឺស្ថិតក្នុងបញ្ជីគោលដៅស៊ើបអង្កេតធំបំផុតរបស់ប៉ូលិស ក្នុងចំណោមមនុស្សជាង ១០០នាក់ ដែលប៉ូលិសបានចោទប្រកាន់ថា ជាអ្នកបង្កសកម្មភាពឧក្រិដ្ឋក្នុងប្រទេសអូស្ត្រាលី ដូចជាការនាំចូលថ្នាំញៀនជាដើម។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ឆ្លើយតបតាមបណ្ដាញសង្គមតេឡេក្រាម (Telegram) ថា ករណីនេះមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងការបទេសឡើយ។ ប៉ុន្តែ លោក បន្តថា អាជ្ញាធរកម្ពុជា នឹងយកចិត្តទុកដាក់ផ្ដល់កិច្ចសហការពេញលេញជាមួយអាជ្ញាធររបស់ប្រទេសពាក់ព័ន្ធក្នុងដំណើរការស៊ើបអង្កេតដូចដែលធ្លាប់ធ្វើកន្លងមក។
ទាក់ទងនឹងរឿងនេះដែរ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោក សាយ ម៉េងឈាង បានទេ នៅថ្ងៃទី២៣ មេសា ដើម្បីសាកសួរពាក់ព័ន្ធនឹងការវាយតម្លៃលើពាក្យស្នើសុំសញ្ជាតិ និងការកំណត់សម្គាល់មុខរបរ ឬអាជីវកម្មរបស់លោក ដានីញ៉ែល រ៉ូដនី បែដជើរ៍។
ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ វិញ លោកប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរជំនាញកម្ពុជា នឹងស៊ើបអង្កេតតាមការចុះផ្សាយរបស់សារព័ត៌មាន ABC។ ប៉ុន្តែលោកប្រតិកម្មថា សារព័ត៌មានបរទេសមួយនេះ មិនគួរចុះផ្សាយដោយ គ្មានប្រភពច្បាស់លាស់ ដោយគ្រាន់តែសង្ស័យថា ជនសង្ស័យ ប្រហែលជាលាក់ខ្លួននៅកម្ពុជានោះឡើយ ព្រោះករណីប្រភេទបទល្មើសធំបែបនេះ នាំឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះកម្ពុជាជារដ្ឋអធិបតេយ្យ។
លោក ទូច សុខៈ៖ «ប្រសិនបើពិតដូចការផ្សព្វផ្សាយ គឺរដ្ឋាភិបាលអូស្ត្រាលី នឹងធ្វើការជាមួយកម្ពុជា ឬប្រទេសផ្សេងដទៃទៀត ដែលជនសង្ស័យរត់ទៅលាក់ខ្លួន ឬទៅសម្ងំ។ ជាគោលការណ៍ច្បាប់និងទំនាក់ទំនងការទូត សមត្ថកិច្ចក្រសួងមហាផ្ទៃ ស្វាគមន៍រាល់ការស្នើសុំកិច្ចសហការ ដើម្បីបង្ក្រាបបទល្មើស ឬក៏ចាប់ខ្លួនជនសង្ស័យណាមួយដែលមានភស្តុតាងគ្រប់គ្រាន់។ កម្ពុជា មិនមែនជាជង្រុកមួយសម្រាប់ផ្ដល់សុវត្ថិភាពដល់ជនល្មើស ឬជនសង្ស័យមកលាក់បំពួនទេ»។
ទោះជាយ៉ាងណាក្ដី ករណីរដ្ឋាភិបាលកម្ពុជាផ្ដល់ទីជម្រក និងសញ្ជាតិខ្មែរដល់ជនបរទេស ដែលជាប់ឈ្មោះជាឧក្រិដ្ឋជននេះ បានកើតឡើងជាច្រើនករណីមកហើយ ប៉ុន្តែ ពុំមានការស៊ើបអង្កេតនិងការចាត់វិធានការច្បាប់នោះទេ។ ករណីបែបនេះហើយ ទើបប្រទេសកម្ពុជាក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត រងការរិះគន់ថា ជាឋានសួគ៌សម្រាប់ពួកឧក្រិដ្ឋជនជាជនបរទេស ជាពិសេស ជនជាតិចិន ដែលប្រព្រឹត្តអំពើពុករលួយ ជួញដូរគ្រឿងញៀន កាប់ឈើខុសច្បាប់ លាងលុយកង្វក់ និងជួញដូរមនុស្ស។ ជាក់ស្ដែង បុរសជនជាតិចិនម្នាក់លោក វ៉ាង យ៉ាវហ៊ុយ (Wang Yaohui) ដែលធ្លាប់ជាប់ពន្ធនាគារនៅទីក្រុងប៉េកាំងពាក់ព័ន្ធនឹងអំពើសូកប៉ាន់ និងការលាងលុយកខ្វក់នោះ ទទួលបានសញ្ជាតិខ្មែរ និងក្លាយជាទីប្រឹក្សាលោក ហ៊ុន សែន កាលពីឆ្នាំ២០១៥ ហើយមានលិខិតឆ្លងដែនការទូតទៀតផង។ ថ្មីៗ នេះ បុរសជនជាតិចិនម្នាក់ទៀត ដែលជាប់ឈ្មោះថា ជាឧក្រិដ្ឋជនរកស៊ីបនល្បែងអនឡាញឆ្លងដែនខុសច្បាប់ លោក ចេន ហ្ស៊ី (Chen Zhi) ក៏ទទួលបានសញ្ជាតិខ្មែរ និងមានតួនាទីជាច្រើននៅក្នុងរដ្ឋាភិបាល។ លោក ចេន ហ្ស៊ី ទើបត្រូវបានតែងតាំងជាទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមេសា។ ឧក្រិដ្ឋជនចិនរូបនេះ ក៏ជាទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែរ ខណៈកន្លងមកលោកជាទីប្រឹក្សាក្រសួងមហាផ្ទៃមានឋានៈស្មើរដ្ឋលេខាធិការផង និងជាទីប្រឹក្សាអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ផង។ ក្រុមឧក្រិដ្ឋជនបរទេស ដែលទទួលបានសញ្ជាតិខ្មែរ និងឋានៈតួនាទីទាំងនេះ សុទ្ធតែមានឈ្មោះលោក ហ៊ុន សែន ជាអ្នកលើកសំណើទៅព្រះមហាក្សត្រ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា តាមច្បាប់ស្ដីពីសញ្ជាតិខ្មែរ គឺជនបរទេស អាចសុំចូលសញ្ជាតិខ្មែរតាមរយៈការដាក់ទុនវិនិយោគធ្វើអាជីវកម្មនៅកម្ពុជា ឬផ្ដល់អំណោយជាទឹកប្រាក់ដល់កម្ពុជា ប៉ុន្តែកន្លងមក មានការរិះគន់ច្រើនពាក់ព័ន្ធនឹងអំពើពុករលួយ។ លោកបន្តថា ប្រសិនបើបុរសជនជាតិអូស្ត្រាលី ដែលប្រព្រឹត្តបទឧក្រិដ្ឋដូចការអះអាងរបស់ប៉ូលិសអូស្ត្រាលី ហើយបែរជាទទួលបានសញ្ជាតិខ្មែរនោះ គឺជារឿងគួរឲ្យសោកស្ដាយ និងអាម៉ាស់សម្រាប់កម្ពុជា។ លោកជំរុញអាជ្ញាធរកម្ពុជាឱ្យស៊ើបអង្កេតឲ្យបានហ្មត់ចត់លើរឿងនេះ។
លោក យង់ គិមអេង៖ «ចំពោះបញ្ហានេះ បើសិនជាកម្ពុជានៅស្ងៀម មិន ពន្យល់ឲ្យបានច្បាស់ទេ គឺវាអាចជាបញ្ហា។ បើសិនជារកឃើញថា ជាករណីឧក្រិដ្ឋជន ដូចការអះអាងរបស់គេមែន គឺកម្ពុជា ត្រូវតែដោះសញ្ជាតិឡើងវិញ ហើយសហការជាមួយប៉ូលិសសហព័ន្ធអូស្ត្រាលី ដើម្បីបញ្ជូនគាត់ទៅតុលាការ អូស្ត្រាលី ដើម្បីកាត់ទោសតាមច្បាប់»។
ជុំវិញករណីមេខ្លោងជួញដូរគ្រឿងញៀនលោក ដានីញ៉ែល រ៉ូដនី បែដជើរ៍ នេះ វិទ្យុអាស៊ីសេរី ក៏បានទាក់ទងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាដែរ ប៉ុន្តែមន្ត្រីផ្នែកទំនាក់ទំនងស្ថានទូតអូស្ត្រាលី សុំមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ។
មន្ត្រីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិល យល់ថា ប្រសិនបើករណីនេះ អាជ្ញាធរកម្ពុជា មិនស៊ើបអង្កេតឲ្យច្បាស់លាស់ និងបំភ្លឺជាសាធារណៈទេ នឹងមានផលប៉ះពាល់ច្រើនសម្រាប់កម្ពុជា ដូចជា ការបាត់បង់ទំនុកចិត្តរបស់សហគមន៍អន្តរជាតិ ព្រមទាំងធ្វើឲ្យអ្នកជំនួញសុចរិតមិនហ៊ានរកស៊ីនៅកម្ពុជាជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។