សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​ការ​ស៊ើបសួរ លោក គុយ វ៉ាត អតីត​នាយក​ប្រតិបត្តិ CIC

ដោយ ទីន ហ្សាការីយ៉ា
2024.08.28
សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​ការ​ស៊ើបសួរ លោក គុយ វ៉ាត អតីត​នាយក​ប្រតិបត្តិ CIC ម្ចាស់​ហាង ផាក កាហ្វេ (Park Café) និងអតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន CIC លោក គុយ វ៉ាត ពេលត្រូវសមត្ថកិច្ចចាប់ខ្លួន​កាលពីថ្ងៃទី២៥ សីហា ២០២៤។
រូប៖ ចែកចាយលើបណ្ដាញសង្គម

តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល បាន​ឱ្យ​កាសែត​ក្នុងស្រុក (Fresh News) ដឹង​កាលពី​ថ្ងៃទី​២៧ សីហា ថា តុលាការ​បាន​បើក​ការ​ស៊ើបសួរ ម្ចាស់​ហាង ផាក កាហ្វេ (Park Café) លោក គុយ វ៉ាត និង ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន CIC សង្ស័យ​ពី​បទ “​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​ជួញដូរ​បាន”។

តំណាង​អយ្យការ​បាន​បើក​ការ​ស៊ើបសួរ លោក គុយ វ៉ាត នេះ ក្រោយ​ពី​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ បាន​ចាប់​ឃុំ​ខ្លួន កាលពី​ថ្ងៃទី​២៤ សីហា និង​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​កាលពី​ថ្ងៃទី​២៦ សីហា។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​អយ្យការ សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ដើម្បី​សុំ​សួរ​ពី​រឿង​នេះ​បន្ថែម​បាន​ទេ កាល​ពី​យប់​ថ្ងៃទី​២៧ សីហា។

ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ង៉ែង ជួ បាន​ប្រាប់ Fresh News ថា លោក គុយ វ៉ាត បាន​រង​ពាក្យបណ្ដឹង​ជាច្រើន ពី​បទ​សង្ស័យ អំពើ​ឆបោក​លុយ​រាប់​លាន​ដុល្លារ។

អ្នករងគ្រោះ​ដោយ​ការ​វិនិយោគ​ក្នុង​ក្រុមហ៊ុន ស៊ី​អាយ​ស៊ី កាល​ពី​ពេល​ថ្មីៗ​នេះ ធ្លាប់​ស្នើ​ឱ្យ​រដ្ឋាភិបាល ឬ​តុលាការ​ស៊ើបអង្កេត​ថ្នាក់​ដឹក​ក្រុមហ៊ុន​CIC ក្រោយពី​ក្រុមហ៊ុន​នេះ បាន​ធ្វើ​ឱ្យ​បាត់​បង់លុយ​រាប់​លាន​ដុល្លារ ដែល​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​នាក់​បាន​រង​ផល​ប៉ះពាល់ និង​ឈឺចាប់។

ក្នុងចំណោម​ជនរងគ្រោះ​ទាំងអស់​នេះ កន្លងមក​មិន​មាន​ម្ចាស់​ភាគហ៊ុន​ណាមួយ ឬ​ជនរងគ្រោះ​ណា​ម្នាក់​ចេញមុខ​បកអាក្រាត​រឿង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន CIC នេះ​ជា​សាធារណៈ​នោះ​ទេ ក្រៅពី​អ្នកឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី ដែល​អះអាង​ថា លោក​អស់​លុយ​ជិត ៣០​ម៉ឺន​ដុល្លារ ដោយសារតែ វិនិយោគ​ជាមួយ​ក្រុមហ៊ុន ស៊ី​អាយ​ស៊ី​នេះ​។ ក្រៅ​ពី​នេះ លោក យ៉ង់ ប៉ាក់ ក៏​ធ្លាប់​ចោទ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក ព្រាប កុល ថា បាន​កិបកេង​លុយ​ប្រមាណ​៨០​ម៉ឺន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​លោក ព្រាប កុល បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយ​លោក​បាន​ប្ដឹង​លោក យ៉ង់ ប៉ាក់ ទៅ​តុលាការ ហើយ​តុលាការ​បាន​ចាប់​លោក យ៉ង់ ប៉ាក់ ដាក់​ពន្ធនាគារ​រហូត​ម​ដល់​បច្ចុប្បន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។