"ការសាកល្បងមុខងារថ្មីរបស់ហ្វេសប៊ុកគំរាមកំហែងបរិយាកាសអាជីវកម្មអនឡាញនៅកម្ពុជា"
2017.11.03
ការសាកល្បងមុខងារថ្មី “Explore Feed” របស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) កំពុងគំរាមកំហែងបរិយាកាសអាជីវកម្មអនឡាញ (Online) នៅកម្ពុជា។
ស្ថាបនិកបណ្ដាញ ខេមបូឌា អ៊ិន ថិច (Cambodians in Tech) ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា អ្នកស្រី ម៉ាយ៉ា ហ្គីលីស ចាបមែន (Maya Gillis-Chapman) ថ្លែងថា អ្នកស្រីបានតាមដានមើលផលប៉ះពាល់នៃការសាកល្បងមុខងារថ្មីរបស់ក្រុមហ៊ុនហ្វេសប៊ុកនេះ មកលើអាជីវកម្ម និងអង្គការនានានៅក្នុងប្រទេសកម្ពុជា ដែលពឹងផ្អែកទាំងស្រុងលើបណ្ដាញសង្គម។ អ្នកស្រីសង្កេតឃើញថា មានការធ្លាក់ចុះអត្រានៃការទទួលបានព័ត៌មានតាមហ្វេសប៊ុក ពីសំណាក់ក្រុមអ្នកប្រើប្រាស់ហ្វេសប៊ុក រហូតដល់ទៅ ៦០ភាគរយ ជាមធ្យម គិតចាប់តាំងពីពេលដែលក្រុមហ៊ុនហ្វេសប៊ុក បានដាក់ឲ្យអនុវត្តមុខងារសាកល្បងថ្មីនេះ។
អ្នកស្រីត្រូវបានទស្សនាវដ្ដី FORBES របស់អាមេរិក ស្រង់ប្រសាសន៍ថា ក្រុមហ៊ុនហ្វេសប៊ុក កំពុងរៀបចំអនុវត្តផែនការអាជីវកម្មដើម្បីទទួលបានចំណូលបន្ថែមពីការផ្សាយពាណិជ្ជកម្ម។ អ្នកស្រីថា ការពិសោធន៍មុខងារថ្មីនេះ គឺជាការព្យាយាមចុងក្រោយមួយរបស់ក្រុមហ៊ុនហ្វេសប៊ុក ដើម្បីបង្កើនចំណូលពីការផ្សាយពាណិជ្ជកម្មពីសំណាក់ក្រុមហ៊ុនអាជីវកម្មនានា។ ការសាកល្បងមុខងារថ្មីនេះ នឹងក្លាយបញ្ហាប្រឈមមួយសម្រាប់ក្រុមហ៊ុនអាជីវកម្មមួយចំនួន ហើយក៏អាចធ្វើឲ្យក្រុមហ៊ុនមួយចំនួនទៀតដួលរលំបាន។
អ្នកស្រីថា អ្នកស្រីមានការខកចិត្តជាខ្លាំងដែលក្រុមហ៊ុនហ្វេសប៊ុក បានប្រើប្រាស់ប្រទេសអភិវឌ្ឍន៍តិចតួច ដូចជាកម្ពុជា ធ្វើជាទីតាំងសាកល្បងរបស់ខ្លួន។ អ្នកស្រីផ្ដល់អំណះអំណាងថា ដោយសារតែកម្ពុជា ជាប្រទេសដែលទើបតែបានឆ្លងកាត់អំពើប្រល័យពូជសាសន៍ ដូច្នេះស្ថានភាពសេដ្ឋកិច្ច និងនយោបាយក្នុងប្រទេសនេះ នៅមានភាពផុយស្រួយនៅឡើយ។
អ្នកស្រីរិះគន់ថា ការណ៍ដែលក្រុមហ៊ុនហ្វេសប៊ុក ប្រើប្រាស់ប្រជាពលរដ្ឋខ្មែរធ្វើជាការសាកល្បងសម្រាប់ផលប្រយោជន៍អាជីវកម្មរបស់ខ្លួន គឺប្រៀបបានទៅនឹងការវាយសង្គ្រុបទៅលើមនុស្សម្នាក់ដែលបានដួលលើដីរួចជាស្រេចទៅហើយយ៉ាងដូច្នេះដែរ។
ក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកជំនាញផ្នែកបច្ចេកវិទ្យា នៅពេលថ្មីៗនេះ បានរិះគន់ក្រុមហ៊ុនហ្វេសប៊ុក ដែលបានជ្រើសរើសយកប្រទេសកម្ពុជា ធ្វើការសាកល្បងដាក់ឲ្យប្រើប្រាស់មុខងារថ្មីនៃកម្មវិធីរបស់ខ្លួន ហៅថា Explore Feed នេះ។ ពួកគេថា ការសាកល្បងនេះ ធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា បាត់បង់ និងជួបនូវការលំបាកក្នុងការស្វែងរក និងទទួលបាននូវព័ត៌មាននានា ដែលពួកគេចង់តាមដាន។ ក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកជំនាញផ្នែកបច្ចេកវិជ្ជា ស្នើឲ្យក្រុមហ៊ុនហ្វេសប៊ុក បញ្ឈប់ជាបន្ទាន់នូវការសាកល្បងនេះ ហើយដាក់ជំនួសមកវិញនូវកម្មវិធីដូចដើម ដើម្បីឲ្យអ្នកប្រើប្រាស់ទូទៅអាចប្រើបានដូចធម្មតាឡើងវិញ៕