ម្ដាយនារីរងគ្រោះ ដែលត្រូវជនជាតិចិនសម្លាប់ ស្នើសុំតុលាការឱ្យកាត់ទោសជនល្មើសឱ្យធ្ងន់ធ្ងរ
2025.03.08
ជនសង្ស័យជនជាតិចិន ៣នាក់ មានឈ្មោះ យ៉ាង ខៃស៊ីន (Yang Kaixin) (រូបស្ដាំ) ជាមេខ្លោង ដែលសម្លាប់នារីវ័យ ១៨ឆ្នាំ ឈ្មោះ ហេង សៀវលី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីបំបិទមាត់រឿងប្រតិបត្តិការឆបោកតាមល្បែងអនឡាញ ចាប់ជំរិតទារប្រាក់ និងសកម្មភាពឧក្រិដ្ឋកម្មមួយចំនួនទៀត។
ម្ដាយនារីរងគ្រោះដែលត្រូវជនជាតិចិនសម្លាប់ទាមទារតុលាការកាត់ទោស ឱ្យជនល្មើសឱ្យធ្ងន់ធ្ងរបំផុត។ រីឯមន្ត្រីសិទ្ធិមនុស្សស្នើតុលាការ និងសមត្ថកិច្ច ឱ្យស៊ើបអង្កេតលើបទល្មើសពាក់ព័ន្ធផ្សេងទៀត ដើម្បីបន្ថែមទោសលើជនល្មើស។
ម្ដាយស្ត្រីរងគ្រោះ គឺលោកស្រី ទឹម សុភី បារម្ភថា ជនល្មើសជាជនជាតិចិនចូលដល់តុលាការហើយ ក៏ស្ងាត់ឈឹង ឬក៏រួចខ្លួន ដោយសារឥទ្ធិពលលុយរបស់ពួកគេ ខណៈគ្រួសាររបស់លោកស្រីក្រីក្រគ្មានលទ្ធភាពតាមដានដំណើរការរឿងក្ដីឃាតកម្មនេះ។
លោកស្រី ទឹម សុភី៖ «ខ្លាចដែរ ក្រែងលោចិននឹងវាសូកលុយវាលូកអី វាបុកហើយ វាចេញទៅប្រទេសវាបាត់ ហើយយើងនេះ ទុកជាអសារបង់អត់មានអីអ៊ីចឹង កូនក៏បាត់បង់អ៊ីចឹង។ ខ្ញុំរាល់ថ្ងៃគិតតែអ៊ីចឹងក្នុងចិត្តខ្ញុំ។ ខ្ញុំថា កូនខ្ញុំ ព្រោះអីយើងអត់ដឹងច្បាប់ដឹងទម្លាប់អី យើងជាប្រជាជនម៉េចដឹង»។
ការបារម្ភនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានចាប់ខ្លួនមេខ្លោង នៃក្រុមជើងកាងជនជាតិចិនមួយក្រុម ដែលបានរៀបចំគម្រោងសម្លាប់កូនស្រីរបស់លោកស្រី គឺនារីវ័យជំទង់ឈ្មោះ ហេង សៀវលី។ នារី ហេង សៀវលី ត្រូវបានជនជាតិចិនមួយក្រុម ដែលមានគ្នា ៣នាក់ សម្លាប់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ដោយសារជនជាតិចិនទាំងនេះអះអាងថា គេបារម្ភខ្លាចបែកធ្លាយរឿងសម្ងាត់របស់ពួកគេ ព្រោះនារីរងគ្រោះដឹងរឿងច្រើនទាក់ទងនឹងពួកគេ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៦ ខែមីនា ថា ជនសង្ស័យទាំងបីនាក់ ក្នុងនោះ ឈ្មោះ យ៉ាង ខៃស៊ីន (Yang Kaixin) ឈ្មោះ ចេន កុង (Chen Cong) និងឈ្មោះ លី ហាវហាវ (Li HaoHao) រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ប៉ុន្តែ នគរបាលព្រហ្មទណ្ឌ និងតុលាការ មិនបានបង្ហាញនៅឡើយទេថា អ្វីជារឿងសម្ងាត់ ដែលជនជាតិចិនបារម្ភខ្លាចនារីវ័យជំទង់ ហេង សៀវលី បញ្ចេញឱ្យបែកធ្លាយ រហូតដល់ជនជាតិចិនទាំងនោះសម្លាប់នាង ដើម្បីបំបិទមាត់។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំការបំភ្លឺជុំវិញរឿងសម្ងាត់នេះ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ អគ្គស្នងការនគរបាលជាតិលោក ស ថេត និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានទេ នៅថ្ងៃទី៨ ខែមីនា។
ម្ដាយនារីរងគ្រោះ គឺលោកស្រី ទឹម សុភី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ខែមីនា ថា លោកស្រី និងគ្រួសារ ចង់ដឹងមូលហេតុ នៃការសម្លាប់កូនស្រី និងស្នើឱ្យសមត្ថកិច្ច ធ្វើការឱ្យបានហ្មត់ចត់។ លោកស្រីបារម្ភមិនបានយុត្តិធម៌ ពីព្រោះលោកស្រី បានដំណឹងថា ជនជាតិចិនទាំងបីនាក់កំពុងឆ្លើយដាក់គ្នា រីឯសមត្ថកិច្ចមិនបានបង្ហាញលទ្ធផលនៃការស៊ើបអង្កេតគួរឱ្យជឿជាក់នៅឡើយ។
លោកស្រី ទឹម សុភី និយាយថា កូនស្រីរបស់លោកស្រី មានចរិតល្អ ស្លូតបូត ចេះជួយគ្រួសារ និងមានអ្នកស្រុកចូលចិត្តស្រឡាញ់រាប់អាន។ លោកស្រីថា ការស្លាប់កូនស្រី គឺជាការបាត់បង់បង្គោលរកចំណូលផ្គត់ផ្គង់គ្រួសារ។ ដូច្នេះលោកស្រីទាមទារសំណងឱ្យស័ក្ដិសម និងឱ្យតុលាការផ្ដន្ទាទោសជនល្មើសជនជាតិចិនទាំងនោះឱ្យធ្ងន់ធ្ងរ និងស្នើឱ្យដាក់ជនល្មើសក្នុងពន្ធនាគារកម្ពុជា។
លោកស្រី ទឹម សុភី៖ «ករណីនេះ ឃោរឃៅណាស់សម្លាប់កូនខ្ញុំ ខ្ញុំទៅឃើញខ្ញុំនិយាយលែងចេញតែម្ដង សមត្ថកិច្ចទទួលរកយុត្តិធម៌ ជួយកុំឱ្យមានអំពើអ៊ីចឹងទៀតទៅថ្ងៃក្រោយទៅ! កុំឱ្យចិនហ្នឹង កុំឱ្យវា ចូលមកស្រុកខ្មែរយើង កុំឱ្យវាចង់សម្លាប់អ្នកណាជារឿងរបស់វាអ៊ីចឹង។ អ៊ីចឹងត្រូវដាក់ទៅវាឱ្យធ្ងន់កុំវាមានលើកទី២ ចង់ឱ្យដាក់ទោសមួយជីវិតនៅហ្នឹង ឃាតកម្មសម្លាប់មនុស្ស»។
អត្ថបទដែលទាក់ទង៖
សមត្ថកិច្ចចាប់បានមេខ្លោងជនជាតិចិនក្នុងសំណុំរឿងឃាតកម្មលើក្មេងស្រី ហេង សៀវលី
សមត្ថកិច្ចចាប់ជនសង្ស័យជាជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីសម្លាប់ស្ត្រីខ្មែរម្នាក់
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា នេះជាអំពើឃាតកម្ម ដែលមានការគិតទុកជាមុន ដោយមានការរៀបចំផែនការច្បាស់លាស់ ដែលមានលក្ខណៈឃោរឃៅអមនុស្សធម៌។ លោកថា ឃាតកម្មនេះ មានការចុះផ្សាយតាមបណ្ដាញសង្គម ឬ ព័ត៌មានក្នុងស្រុកថា ការរៀបចំគម្រោងធ្វើឃាតទៅលើនារីវ័យក្មេង ដោយសារតែនាងដឹងរឿងសម្ងាត់។ ដូច្នេះលោក អំ សំអាត ថា តុលាការ និងសមត្ថកិច្ច គួរតែស៊ើបអង្កេតលើបទល្មើសពាក់ព័ន្ធផ្សេងទៀត ដើម្បីបន្ថែមទោសលើជនល្មើស។
លោក អំ សំអាត៖ «អ៊ីចឹងពាក្យថា ដឹងរឿងសម្ងាត់ទាល់តែរឿងហ្នឹង វាខុសច្បាប់។ អ៊ីចឹងប្រហែលជាបទល្មើសផ្សេងទៀត ដែលនៅក្នុងហ្នឹង ដែលឈានទៅដល់ការរៀបចំគម្រោងសម្លាប់ស្ត្រីវ័យក្មេងហ្នឹង។ អ៊ីចឹងការស៊ើបអង្កេត ក្រៅអំពីរឿងឃាតកម្មហ្នឹង បើមានលេចនូវបទល្មើសផ្សេងទៀត គួរតែមានការចោទប្រកាន់ ឬក៏ការស៊ើបអង្កេតទៅលើបទល្មើសផ្សេងទៀត ដើម្បីបន្ថែមបន្ទុក។ បានន័យថា ទម្ងន់ទោសទៅលើជនដែលប្រព្រឹត្តហ្នឹង ឱ្យបានកាន់តែធ្ងន់ធ្ងរបន្ថែមទៀត»។
អ្នកឃ្លាំមើលលើកឡើងថា សេចក្ដីសង្ឃឹមបានយុត្តិធម៌ សមរម្យសម្រាប់ជនរងគ្រោះ គឺទាល់តែមានប្រតិកម្មខ្លាំងពីមហាជន ដែលជួយផ្សព្វផ្សាយទាមទារយុត្តិធម៌លើបណ្ដាញសង្គម បើមិនដូច្នេះទេ ប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលស្ថិតនៅក្រោមឥទ្ធិពលលុយរបស់ឧក្រិដ្ឋជនចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។









