អ្នក​ឃ្លាំ​មើល​សង្គម​ថា រដ្ឋាភិបាល​លាក់បាំង​គម្រោង​អ្នក​វិនិយោគិន​ក្នុង​ស្រុក​ករណី​ព្រែកជីក​ហ្វូណន

ដោយ ម៉ៅ សុធានី
2024.06.08
អ្នក​ឃ្លាំ​មើល​សង្គម​ថា រដ្ឋាភិបាល​លាក់បាំង​គម្រោង​អ្នក​វិនិយោគិន​ក្នុង​ស្រុក​ករណី​ព្រែកជីក​ហ្វូណន លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (មុខគេ) ក្នុងកម្មវិធី​កាលពីថ្ងៃទី៦ មិថុនា ២០២៤។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​លើក​ឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅ​តែ​លាក់បាំង​ព័ត៌មាន​ពី​គម្រោង​ព្រែកជីក​ហ្វូណន​ដោយ​មិន​បើក​បង្ហាញ​ជា​សាធារណៈ​ពី​ក្រុមហ៊ុន​ឯកជន​ណា​ខ្លះ​ទទួល​បាន​សិទ្ធិ​វិនិយោគ។ ពួកគេ​សង្ស័យ​ថា ការ​លាក់បាំង​ព័ត៌មាន​នេះ​គឺ​ដោយសារតែ​រដ្ឋាភិបាល​មិន​ទាន់​មាន​លុយ​គ្រប់គ្រាន់​ដើម្បី​សាងសង់។

ស្រប​ពេល​ដែល​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ប្រកាស​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​នៅ​ថ្ងៃទី៥ ខែ​សីហា ខាងមុខ​នេះ លោក ហ៊ុន ម៉ាណែត នៅ​មិន​ទាន់​បង្ហាញ​ជា​សាធារណៈ​ពី​ទំហំ​ទឹក​ប្រាក់​ដែល​ទទួល​បាន​ពី​ក្រុមហ៊ុន​វិនិយោគិន​ក្នុង​ស្រុក​យ៉ាង​តិច ៥១ភាគរយ​នោះ​ឡើយ​ទេ។ ការណ៍​នេះ​ធ្វើ​ឱ្យ​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​បារម្ភ​ថា គម្រោង​ព្រែកជីក​នេះ​សាងសង់​ឡើង​ដោយ​គ្មាន​តម្លាភាព និង​មិន​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ជាតិ​នោះ ផ្ទុយ​ទៅ​វិញ​គឺជា​ការ​បម្រើ​ផលប្រយោជន៍​ក្រុម​គ្រួសារ​ត្រកូល«ហ៊ុន» និង​បក្ខពួក​របស់​លោក។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៨ ខែ​ឧសភា ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត កំពុង​លាក់បាំង​ភាព​មិន​ប្រក្រតី​នៃ​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន ជាពិសេស​ប៉ះពាល់ និង​ការ​សង​សំណង​ទៅ​ឱ្យ​ពលរដ្ឋ​ដែល​រង​ប៉ះពាល់​ពី​គម្រោង​មួយ​នេះ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ពី​ទិន្នន័យ​ជាក់លាក់​ពី​ក្រុមហ៊ុន​វិនិយោគ​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ដើម្បី​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ជំនឿ​ថា ការ​សាងសង់​នេះ​មាន​តម្លាភាព។

លោក ម៉ែន ណាត៖ «ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន យើង​គ្រាន់តែ​បង្ហាញ​ក្ដី​បារម្ភ ក្ដី​បារម្ភ​ចំពោះ​ព្រែកជីក​នេះ​វា​មិន​ត្រឹមត្រូវ វា​មិន​មាន​តម្លាភាព​វា​នឹង​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​បរិស្ថាន​ទៅ​ដល់​ប្រជាពលរដ្ឋ។ ដោយសារ​ក្ដី​បារម្ភ​ហ្នឹង​ហើយ​បាន​យើង​ចេះ​តែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ហ្នឹង​គាត់​ធ្វើ​យ៉ាង​ណា​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា នៅ​ក្នុង​ការ​អនុវត្ត​គម្រោង​ហើយ​កុំ​ឱ្យ​ផ្ដល់​ភាព​អយុត្តិធម៌​ដល់​ជន​រងគ្រោះ»

លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦ ខែ​មិថុនា បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​នៅថ្ងៃទី៥ ខែ​សីហា ខាងមុខ ដោយ​គម្រោង​ព្រែកជីក​ហ្វូណន​នេះ មាន​ក្រុមហ៊ុន​ខ្មែរ​ចូលរួម​វិនិយោគ​ប្រមាណ​៥១ភាគរយ ក្នុង​នោះ មាន​ក្រុមហ៊ុន​របស់​រដ្ឋ​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ក្រុមហ៊ុន​ឯកជន​មួយ​ទៀត ប៉ុន្តែ​លោក​មិន​ទាន់​បញ្ចេញ​ឈ្មោះ។ ទោះ​ជា​យ៉ាង​ណា លោក ហ៊ុន ម៉ាណែត មិន​បាន​បញ្ជាក់​ពី​ទំហំ​ទឹក​ប្រាក់​នៃ​ការ​បណ្ដាក់​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន​របស់​រដ្ឋ​ទាំងនោះ​ទេ។

លោក ហ៊ុន ម៉ាណែត៖ «នៅ​ក្នុង​ក្រុមហ៊ុន​វិនិយោគ​ខ្មែរ​ដែល​បង្កើត​នេះ​យើង​មាន​ក្រុមហ៊ុន​រដ្ឋ​របស់​យើង​បាន​ន័យ​ថា​ក្រុមហ៊ុន​គ្រឹះស្ថាន​សាធារណៈ​របស់​រដ្ឋ ដែល​មាន កំពង់ផែ​ស្វយ័ត​ព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ពីរ​នេះ​គឺជា​អ្នក​ចូលរួម​វិនិយោគ ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​ទៀត ដែល​ក្រុមហ៊ុន​២នេះ គឺជា​អ្នក​កាន់​ភាគច្រើន​នៃ​ក្រុមហ៊ុន​ខ្មែរ​នេះ​ផង​ដែរ។ អ៊ីចឹង​ការ​វិនិយោគ​នេះ​គឺ​ខ្មែរ​នឹង​ចូលរួម​ក្នុង​ការ​កសាង ហើយ​រដ្ឋ​យើង​ហ្នឹង​ចូល​រួម»

គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​សាងសង់​ឡើង​ក្នុង​ទំហំ​ទឹក​ប្រាក់​១ពាន់ ៧រយ​លាន​ដុល្លារ (.៧០០) សាងសង់​ឡើង​ដើម្បី​តភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​កាន់​សមុទ្រ​កាត់​តាម​ខេត្ត​កែប ចម្ងាយ​ប្រមាណ ១៨០ គីឡូម៉ែត្រ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​អនុប្រធានទី១​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​ទទួល​បន្ទុក​កិច្ចការ​ព្រែកជីក លោក ស៊ុន ចាន់ថុល និង​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ ដើម្បី​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី០៨ ខែមិថុនា។

ដោយ​ឡែក ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) លោក គិត ម៉េង និង​ទីប្រឹក្សា​ផ្ទាល់​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន គឺ​លោក ទ្រី ភាព ដែល​សុទ្ធ​សឹង​តែ​ជា​អ្នក​ជំនួញ​ស្និទ្ធ​នឹង លោក ហ៊ុន សែន នោះ​ក៏​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​បកស្រាយ​ជុំវិញ​ការ​បណ្ដាក់​ទុន​លើ​គម្រោង​ព្រែក​ជីក​ហ្វូណន​នេះ​បាន​ដែរ។

ប៉ុន្តែ​កន្លងទៅ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក ហ៊ុន សែន បាន​ប្រកាស​ថា កម្ពុជា​ត្រូវតែ​សាងសង់​ព្រែកជីក​ហ្វូណន​ឱ្យ​បាន​ទោះ​បី​ជា​កម្ពុជា មិន​អាច​រក​ទុន​ពី​បរទេស​មក​វិនិយោគ​ក្ដី ក៏​កម្ពុជា​ត្រូវ​រក​ទុន​ក្នុង​ស្រុក តាម​រយៈ​ក្រុម​ឧកញ៉ា និង​អ្នក​មាន​ធនធាន ឱ្យ​មក​ចូលរួម​ជីក​ព្រែក​មួយ​នេះ​ដែរ។

ទាក់ទិន​បញ្ហា​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់​ឃើញ​ថា ការណ៍​ដែល​រដ្ឋាភិបាល​មិន​ព្រម​បង្ហាញ​ពី​ចំនួន​ក្រុមហ៊ុន​វិនិយោគិន​នៅ​ក្នុង​ស្រុក​ដោយសារតែ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​កៀរគរ​រក​អ្នក​បណ្ដាក់ទុន។ លោក​បន្ត​ថា បើ​រដ្ឋាភិបាល​គ្មាន​ធនធាន​នៅ​ក្នុង​ដៃ​ទេ គួរតែ​ពន្យារ​ពេល​ប្រកាស​ការ​សាងសង់​ចៀសវាង​មាន​ហានិភ័យ​ក្នុង​ការ​ដំណើរការ​សាងសង់ និង​គ្មាន​គណនេយ្យ​ភាព។

លោក សេង វណ្ណលី៖ «វា​អាច​នឹង​រង​ហានិភ័យ និង​រង​ការ​រិះគន់​ពី​មិន​ត្រឹមតែ​មជ្ឈដ្ឋាន​ជាតិ វា​ក៏​អាច​បង្ក​ឱ្យ​មាន​ការ​រិះគន់ ពី​មជ្ឈដ្ឋាន​អន្តរជាតិ ពី​តម្លាភាព គណនេយ្យ​ភាព និង​ការ​គ្រប់គ្រង​គម្រោង។ ដោយសារ​គម្រោង​ធំ​បែប​នេះ​វា​គួរតែ​មាន​ភាព​ច្បាស់លាស់​មុន​ហ្នឹង​ជំរុញ​គម្រោង​នេះ​ឱ្យ​ដំណើរការ។ តាម​ពិត​ខ្ញុំ​គិត​ថា លោក​នាយករដ្ឋមន្ត្រី​អាច​នឹង​មិន​បាន​ទិន្នន័យ​ច្បាស់លាស់​ក្នុង​ដៃ ឬក៏​មាន​ទិន្នន័យ​ចំនួន​មូលធន ឬ​ក៏​ការ​បណ្ដាក់ទុន​ពី​ក្នុង​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​ប៉ុន្តែ​គ្រាន់តែ​មិន​ទាន់​គ្រប់​ថវិកា»

មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​អះអាង​ថា ការ​ជីក​ព្រែក​នេះ​នឹង​ប្រើប្រាស់​លុយ​វិស័យ​ឯកជន​ក្នុង​ស្រុក​ច្រើន​ជាង ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​បរទេស​ដើម្បី​សាងសង់ ក៏​ប៉ុន្តែ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កាល​ពី​ដើម​ខែ តុលា ឆ្នាំ២០២៣ បាន​ចុះ​កិច្ចព្រមព្រៀង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន​ឈ្មោះ China Road and Bridge Corporation (CRBC) ធ្វើ​ការ​សិក្សា​លើ​គម្រោង​ព្រែក​ជីក​នេះ។

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​លើក​ឡើង​ថា គម្រោង​ព្រែក​ជីក​ដែល​ចំណាយ​លុយ​ដ៏​ច្រើន​នេះ អាច​នឹង​ចាប់​ផ្ដើម​បើក​ការដ្ឋាន​សាងសង់​មែន ប៉ុន្តែ​រដ្ឋាភិបាល​អាច​នឹង​ទុក​គម្រោង​នេះ​ចោល​សិន ដោយសារតែ​ទំហំ​ទឹក​ប្រាក់​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។