អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ​ថា​វីដេអូ​ស្ត្រី​វៀតណាម​នៅ​ប្រាសាទ​អង្គរវត្ត មាន​ចេតនា​បន្លប់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ភ្លេច​ពី​តម្លៃ​វប្បធម៌

ដោយ នៅ វណ្ណារិន
2023.11.13

អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ និង​អ្នកឃ្លាំមើល យល់​ឃើញ​ថា វីដេអូ​ស្ត្រី​ជនជាតិ​វៀតណាម​ថត​នៅ​ប្រាសាទ​អង្គរវត្ត គឺ​មាន​ចេតនា​បន្លប់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ភ្លេច​ពី​តម្លៃ​ពិត​ប្រាកដ​នៃ​វប្បធម៌ និង​សម្បត្តិ​បេតិកភណ្ឌ​ជាតិ។ ពួកគាត់​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងាក​មក​បង្កើន​ការ​ផ្សព្វផ្សាយ​លើកស្ទួយ​កិត្តិយស​ជាតិ​ជាជាង​យក​ពេល​ទៅ​ប្រតិកម្ម​នឹង​ការអុជ​អាល​ទាំង​នោះ។

អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ និង​អ្នក​ឃ្លាំមើល សង្កេត​ឃើញ​ថា​ប្រជា​ពល​រដ្ឋ​កម្ពុជា​កំពុង​លង់​ទៅ​តាម​ការ​បន្លប់​របស់​ជន​បរទេស ដែល​ដុត​កំហឹង​ពួក​គាត់​ឱ្យ​លែង​គិត ឬ​ចាប់​អារម្មណ៍​អំពី​ភារកិច្ច​ក្នុង​ការ​ទ្រទ្រង់ និង​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ តាមរយៈ​វីដេអូ​របស់​ស្ត្រី​ជន​ជាតិ​វៀតណាម​នៅ​ប្រាសាទ​អង្គរវត្ត។​

សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​លោក សំបូរ មាណ្ណារ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៣ ខែវិច្ឆិកា​ថា ពលរដ្ឋ​ខ្មែរ​មិន​គួរ​ឆាប់​ប្រតិកម្ម​នឹង​រឿង​នេះ​ឡើយ ដោយ​ត្រូវ​ពិចារណា​ស្វែង​រក​ហេតុផល ដែល​នៅ​ពីក្រោយ ហើយ​ចាត់​ទុក​វា ជា​ការ​បំភ្លៃ​សភាពការណ៍​តែ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ លោក​ជំរុញ​ពលរដ្ឋ​ខ្មែរ​ថា ត្រូវ​យល់​ដឹង និង​ប្រកាន់​ខ្ជាប់​ភារកិច្ច​ចម្បង​របស់​ខ្លួន​ក្នុងនាម​ជា​អ្នកការពារ និង​លើកស្ទួយ​សម្បត្តិ​វប្បធម៌​ជាតិ ដោយ​ងាក​មក​បង្កើន​ការ​ផ្សព្វផ្សាយ​អរិយធម៌ វប្បធម៌ និង​កេរ្តិ៍ឈ្មោះ​កម្ពុជា ឱ្យ​ល្បី​សុះសាយ​លើ​ឆាក​អន្តរជាតិ ជា​ជាង​យក​ពេល​មក​កើត​ទុក្ខ​ទោម្នេញ​តាម​ការ​បញ្ឆេះ​កំហឹង​របស់​ជន​បរទេស​នោះ។

សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា៖ «អ៊ីចឹង យើង​ចាញ់ច្រាប​អី នឹង​គេ​ម្នាក់​ពីរ​នាក់ ​មក​ធ្វើ​អ៊ីចឹង។ សូម​នាំគ្នា​ឈប់​រសើប​រឿង​ហ្នឹង​ទៅ ​ហើយ​នាំគ្នា​ឱ្យ​តម្លៃ​ទៅលើ​អ្វី​ដែល​ជា​កិត្តិយស​របស់​ជាតិ តាមរយៈ​ការ​ធ្វើ​របស់​យើង​ម្នាក់ៗ។ ​សូម​ឱ្យ​តម្លៃ​ទៅលើ​ការ​អភិវឌ្ឍ​ជាតិ ​ការ​ទ្រទ្រង់​វប្បធម៌​ជាតិ តាម​តម្លៃ​ដែល​យើង​អាច​ធ្វើ​បាន​ក្នុងនាម​ជា​មនុស្ស​ម្នាក់​ដែល​ចាត់​ទុក​ជាតិ​ជាធំ»។

ការ​លើកឡើង​នេះ បន្ទាប់ពី​មានការ​បង្ហោះ​វីដេអូ​មួយ​នៅ​លើ​បណ្ដាញ​សង្គម តិកតុក (Tik Tok) និង​ហ្វេសប៊ុក (Facebook) ដែល​បង្ហាញ​ពី​ស្ត្រី​ជនជាតិ​វៀតណាម​គ្រង​ឈុត​ប្រពៃណី​ថៃ​អម​ជាមួយ​រូបភាព​ចម្រៀង ទង់ជាតិ និង​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ថៃ នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត និង​មាន​ការ​ចែករំលែក​តៗ គ្នា។ ករណី​នេះ​បណ្ដាល​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​មិន​ពេញចិត្ត​ បញ្ចេញ​មតិ​រិះគន់​ថា គឺ​ជា​ឥរិយាបថ​ឆ្គាំឆ្គង​នៅ​ក្នុង​តំបន់​ប្រាសាទ ដែល​ជា​ទី​សក្ការ​របស់​បុព្វបុរស​ខ្មែរ។

បន្ទាប់​ពី​មាន​ប្រតិកម្ម​របស់​អ្នកលេង​បណ្ដាញ​សង្គម​កម្ពុជា អាជ្ញាធរ​ជាតិ​អប្សរា​កាល​ពី​ថ្ងៃ​ទី១៣ វិច្ឆិកា​ ​បាន​ចេញ​លិខិត​សូមទោស​ដោយ​បញ្ជាក់​ថា​គឺជា​កំហុស​ដែល​កើត​ចេញ​ពី​ចន្លោះ​ខ្វះខាត​ជាយថាហេតុ​ និង​ចាត់​ទុក​វីដេអូ​របស់​ស្ត្រីជន​ជាតិ​វៀតណាម​នោះ​ថា មាន​លក្ខណៈ​ញុះញង់​ក្នុង​សង្គម។​ ជាមួយគ្នា​នោះ​ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាត់​វិធានការ​ទប់​ស្កាត់​ការចែក​ចាយ​វីដេអូ​នោះ​ ដោយ​ស្នើ​ឱ្យ​ក្រុមហ៊ុន​បណ្ដាញ​សង្គម តិកតុក (Tik Tok) លុប​វីដេអូ​ចោល​លែង​ឱ្យ​ផ្សព្វផ្សាយ​បន្ត។​ មកទល់​ពេលនេះ​ គណនី​របស់​តិកតុក​ជនជាតិ​វៀតណាម​ឈ្មោះ ហឿ កុក អាញ់ (Hua Quoc Anh) ត្រូវ​ក្រុមហ៊ុន​បិទ​ជា​ស្ថាពរ​ហើយ។

ជាមួយគ្នា​នេះ ម្ចាស់​គណនី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ ហឿ កុក អាញ់ (Hua Quoc Anh) កាលពី​ថ្ងៃ​ទី១៣ វិច្ឆិកា បាន​បង្ហោះ​វីដេអូ​សុំទោស ចំពោះ​កាយវិការ​ជ្រែង​ជើង​ដាក់លើ​ថ្ម​ប្រាសាទ​អង្គរវត្ត​នៅ​ពេល​ថតរូប ប៉ុន្តែ​ម្ចាស់​គណនី​មួយ​នេះ មិន​បាន​បញ្ជាក់ ឬ​ទទួល​ស្គាល់​អំពី​កំហុស​នៃ​ការ​កាត់ត​វីដេអូ ដែល​មាន​ដាក់បញ្ចូល​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ​ថៃ​នោះ​ឡើយ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល និង​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ស៊ុម ម៉ាប់ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៣ វិច្ឆិកា ដោយ​ទូរស័ព្ទ​ហៅ​ចូល ប៉ុន្តែ​ត្រូវ​ចុច​បិទ។

ជុំវិញ​រឿង​នេះ​ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី មានប្រសាសន៍​ថា ប្រតិកម្ម​របស់​ពលរដ្ឋ​ខ្មែរ លើ​ករណី​ស្ត្រី​ជនជាតិ​វៀតណាម​ស្លៀក​ឈុត​ប្រពៃណី​ថៃ នៅ​ប្រាសាទអង្គរវត្ត គឺ​ជា​ផ្នែក​មួយ​នៃ​ជម្លោះ​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា និង​វៀតណាម ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន នៅតែ​មាន​ផ្នត់​គំនិត​អវិជ្ជមាន​នៅ​លើ​ដាន​ប្រវត្តិ​សាស្ត្រ ដែល​ប្រទេស​កម្ពុជា​ធ្លាប់​បាត់បង់​ទឹកដី និង​ស្ថិត​ក្រោម​អាណានិគម​របស់​វៀតណាម។

បណ្ឌិត សេង សារី៖ «ជា​រួម​គឺ ជា​បញ្ហា​តូច​មួយ ប៉ុន្តែ វា​ច្នៃ​ទៅ​ជា​បញ្ហា​ប្រវត្តិសាស្ត្រ។ និយាយ​ឱ្យ​យុត្តិធម៌​ទៅ​ភ្ញៀវ​ទេសចរ ដែល​មក​លេង​នៅ​អង្គរ​នេះ យើង​អត់​មាន​គោលការណ៍ ដែល​ថា ត្រូវ​ហាម​ភ្ញៀវ​មិន​ឱ្យ​ស្លៀកពាក់​បែប​នេះ ហាម​ភ្ញៀវ​មិន​ឱ្យ​ស្លៀកពាក់​បែប​នោះ​ទេ។ ក៏ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​ដែរ ចំពោះ​បញ្ហា​ទាំង​អស់​នេះ ធ្វើ​ម៉េច​ឱ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល ជាពិសេស គឺ​ការ​ដោះស្រាយ​ទៅ​លើ​បញ្ហា ដែល​មាន​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា និង​វៀតណាម»

អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ និង​អ្នក​ឃ្លាំមើល​លើក​ឡើង​ថា កា​របើក​លំហ​ឱ្យ​ពលរដ្ឋ​ចូលរួម​លើក​ដំឡើង​វប្បធម៌​ជាតិ តាម​រយៈ​ការ​ថតរូប ឬ​វីដេអូ​ស្រស់​ស្អាត យក​ទៅ​បង្ហោះ​លើ​បណ្ដាញ​សង្គម គឺ​ជា​រឿង​ចាំបាច់ ដែល​អាជ្ញាធរ​ត្រូវ​គិតគូរ ខណៈ​ពលរដ្ឋ​ខ្លួន​ឯង​ផ្ទាល់​ត្រូវ​មាន​ការ​យល់​ដឹង​ពី​ការ​ផ្សព្វផ្សាយ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​តាម​ប្រវត្តិសាស្ត្រ និង​មិន​ត្រូវ​បញ្ចេញ​ប្រតិកម្ម ឬ​កំហឹង​តាម​ការ​ដុត​បញ្ឆេះ​នៅ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
រដ្ឋាភិបាល​កាត់​ដី​គម្រប​ព្រៃឈើ​នៅ​ខេត្ត​ព្រះសីហនុ​ជិត​៣០​ហិកតារ​ឲ្យ​ប្រពន្ធ​លោក នេត សាវឿន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។