អ្នកឃ្លាំមើលជំរុញឱ្យស៊ើបអង្កេតករណីសពមនុស្ស ២នាក់ គ្មានអត្តសញ្ញាណ ត្រូវបានយកទៅបោះចោល
2024.12.05
អ្នកច្បាប់ និងអ្នកសិទ្ធិមនុស្សជំរុញឱ្យអាជ្ញាធរនគរបាលខេត្តស្វាយរៀងស៊ើបអង្កេតឱ្យបានម៉ត់ចត់ និងផ្សព្វផ្សាយឱ្យសាធារណជនបានដឹង ករណីរកឃើញសាកសពមនុស្ស ២នាក់ គ្មានអត្តសញ្ញាណ ដែលត្រូវគេយកទៅបោះចោល ដោយមានការសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មដ៏ទារុណ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរនគរបាលនៅក្រុងបាវិត ខេត្តស្វាយរៀងបានរកឃើញសពមនុស្ស២នាក់ បន្តបន្ទាប់គ្នា កាលពីថ្ងៃទី២ ខែធ្នូកន្លងទៅ ក្នុងនោះសពមនុស្សម្នាក់ត្រូវគេដាក់ចូលក្នុងវ៉ាលី ហើយដុតកម្ទេចចោល និងសពមនុស្សម្នាក់ទៀតមានដៃជើងជាប់ចំណង។
អ្នកច្បាប់ និងអ្នកសិទ្ធិមនុស្សជឿជាក់ថា ការស៊ើបអង្កេតដោយតម្លាភាព និងផ្សព្វផ្សាយព័ត៌មានពិតដល់សាធារណជនទូទៅបានដឹងនឹងជួយឱ្យអាជ្ញាធរអាចបំបាត់ចោលនូវរាល់មន្ទិលសង្ស័យទាំងឡាយ ដែលពាក់ព័ន្ធនឹងការរកឃើញសាកសពមនុស្ស២នាក់ គ្មានអត្តសញ្ញាណនេះបាន ជាពិសេសនឹងបានជាផ្នែកមួយជួយស្ដារមុខមាត់កម្ពុជាដែរ ប្រសិនបើករណីនេះអាចជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបង្ខាំងមនុស្សខុសច្បាប់ ការចាប់ជំរិត និងអំពើទារុណកម្មនៃឧស្សាហកម្មឆបោកតាមអនឡាញ (Online) ។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើងថា ទោះជាក្នុងករណីឃាតកម្មណាក៏ដោយអាជ្ញាធរសមត្ថកិច្ចត្រូវបើកចំហព័ត៌មាន ដែលគួរឱ្យទុកចិត្តបានសម្រាប់សាធារណជនទៅតាមវិជ្ជាជីវៈរបស់អាជ្ញាធរ។ លោកបន្តថាករណីមានអំពើឃាតកម្មនៅក្បែរៗតំបន់មានបនល្បែង ឬកាស៊ីណូ បែបនេះចង់មិនចង់នឹងមានការសង្ស័យពីការជាប់ពាក់ព័ន្ធ នឹងឧក្រិដ្ឋកម្មបង្ខាំងមនុស្សខុសច្បាប់ ការចាប់ជំរិត និងអំពើទារុណកម្មនៃឧស្សាហកម្មឆបោកតាមអនឡាញជាមិនខាន។
លោក វ៉ន ចាន់ឡូត៖ «រឿងដែលវាស្ថិតនៅក្នុងទឹកដីនៃបាវិតហើយ ទំនងជាវាពាក់ព័ន្ធទៅនឹងរឿងនៃបទល្មើសផ្សេងៗ ពាក់ព័ន្ធទៅហ្នឹងល្បែងស៊ីសង ឬបទឧក្រិដ្ឋអ្វីផ្សេងទៀត ដែលជនបរទេសតែងតែប្រើប្រាស់ទឹកដីកម្ពុជាជាមូលដ្ឋានក្នុងការប្រព្រឹត្តអំពើឧក្រិដ្ឋរបស់ខ្លួន។ ម្ល៉ោះហើយក្នុងកិច្ចការនេះមានតែអាជ្ញាធរមានសមត្ថកិច្ចទេ ដែលខ្ញុំជឿជាក់ថា អាចនឹងធ្វើការបើកបង្ហាញការពិតនៃអំពើឃាតកម្មហ្នឹងថាតើវាកើតឡើងពីសំណាក់ឧក្រិដ្ឋជនដៃដល់ដូចគ្នា ឬក៏វាកើតចេញពីប្រភពណាមួយ»។
កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ប្រជាពលរដ្ឋបានប្រទះឃើញសពមនុស្ស ២នាក់ បន្តបន្ទាប់គ្នា ដែលត្រូវគេយកទៅចោលនៅតាមផ្លូវនៅតំបន់ក្បែរកាស៊ីណូ ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត និងភូមិតាចាន់ សង្កាត់ប្រសាទ ក្រុងបាវិត ខេត្តស្វាយរៀង។ សាកសពទី១ត្រូវពលរដ្ឋប្រទះឃើញនោះមានដៃជើងជាប់ចំណង ត្រូវគេសម្លាប់រួចយកសពទៅទម្លាក់ចូលទឹកប្រឡាយ។ ចំណែកសាកសពទី២ វិញត្រូវគេកាត់ រួចដាក់ក្នុងវ៉ាលី ហើយដុតចោល។
អាជ្ញាធរប៉ូលិសក្នុងខេត្តស្វាយរៀងសន្និដ្ឋានថា រឿងនេះជាអំពើឃាតកម្ម ដែលត្រូវស៊ើបអង្កេត។
វិទ្យុអាស៊ីសេរីនៅមិនអាចទាក់ទងសុំព័ត៌មានបន្ថែមពីស្នងការនគរបាលខេត្តស្វាយរៀង លោក ពេជ្រ វីរៈ និងមន្ត្រីនគរបាលពាក់ព័ន្ធបាននៅឡើយទេគិតត្រឹមយប់ថ្ងៃទី០៤ ខែធ្នូ។ ចំណែកមន្ត្រីប្រចាំការនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានប្រាប់វិទ្យុអាស៊ីសេរីថា រឿងនេះលោកដឹងត្រឹមថាមានមន្ត្រីជំនាញចាប់ផ្ដើមស៊ើបអង្កេតហើយ។
បើទោះបីជាយ៉ាងណាករណីនេះត្រូវបានសាធារណជនដាក់ការសង្ស័យជាដំបូងទៅលើករណីឧក្រិដ្ឋកម្មបង្ខាំងមនុស្សខុសច្បាប់ ការចាប់ជំរិត និងអំពើទារុណកម្មនៃជំនួញឆបោកតាមអនឡាញ ព្រោះជាញឹកញយតំបន់កាស៊ីណូមួយចំនួននៅតាមខេត្តមួយចំនួនរួមទាំងនៅក្រុងបាវិតនេះផង ត្រូវគេរកឃើញថា ជាប់ពាក់ព័ន្ធនឹងរឿងនេះ។ ករណីល្បីល្បាញបំផុត និងធ្វើឱ្យខូចមុខមាត់កម្ពុជាទាក់ទងនឹងរឿងនេះគឺករណីរមណីយដ្ឋានអូរស្មាច់រីសត និងកាស៊ីណូ (O'smach resort & casino) របស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានជាប់ក្នុងបញ្ជីទណ្ឌកម្មរបស់ក្រសួងរតនាគារអាមេរិក ព្រោះពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំក្នុងជំនួញ ឆបោកតាមអនឡាញ (Online) និងរូបិយប័ណ្ណគ្រីបតូ (Cryptocurrency)។
ចំណែកប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្ស លោក រស់ សុដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីថា ករណីបង្ខាំងមនុស្សខុសច្បាប់ ការចាប់ជំរិត និងអំពើទារុណកម្មក្នុងអំពើឆបោកតាមអនឡាញ បានធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ដែលចាំបាច់អាជ្ញាធរត្រូវចាត់វិធានឱ្យបានត្រឹមត្រូវ បញ្ចប់រាល់ការសង្ស័យនានា និងបង្ហាញទៅអន្តរជាតិថាកម្ពុជាមានច្បាប់ មានប្រព័ន្ធយុត្តិធម៌ដែលជាទីទុកចិត្ត។
លោក រស់ សុដ្ឋា៖ «វាពាក់ព័ន្ធនឹងផ្ទៃក្នុងដដែល គឺធ្វើម៉េចឱ្យវាមានអភិបាលកិច្ចល្អទាក់ទងនឹងបញ្ហាសន្តិសុខសង្គមជាតិ ពីព្រោះសព្វថ្ងៃបញ្ហាហ្នឹងវានាំឱ្យមានការព្រួយបារម្ភទាំងកម្រិតជាតិ និងអន្តរជាតិ។ គ្រាន់តែជាការគិតមួយថា បញ្ហាខ្វះភ្ញៀវទេសចរមកទស្សនាស្រុកខ្មែរ ជាការព្រួយបារម្ភ ដែលយើងមិនអាចមើលស្រាលបាន»។
ទាំងអ្នកច្បាប់ និងអ្នកសិទ្ធិមនុស្សរំពឹងថាអាជ្ញាធរខេត្តស្វាយរៀងនឹងបញ្ចេញព័ត៌មានពិតជាសាធារណៈនៅពេលមានពន្លឺពីការស៊ើបអង្កេត ព្រោះពួកគាត់យល់ដូចគ្នាថា ការបិទព័ត៌មានដោយប្រការណាមួយទាក់ទងនឹងករណីឃាតកម្មបែបនេះនឹងមិនជួយឱ្យអាជ្ញាធរគេចផុតពីការរិះគន់ថារារាំងយុត្តិធម៌សង្គមបានឡើយ។
ទាក់ទងនឹងបញ្ហាយុត្តិធម៌នៅកម្ពុជានេះ គម្រោងយុត្តិធម៌ពិភពលោក (WJP) ដែលជាបណ្ដុំអង្គការអន្តរជាតិបានដាក់ចំណាត់ថ្នាក់កម្ពុជាថាជាប្រទេសអន់ថយផ្នែកនីតិរដ្ឋ និងការធានាយុត្តិធម៌សម្រាប់ពលរដ្ឋ ដោយបានចំណាត់ថ្នាក់កម្ពុជាស្ទើរចុងប៉ូចក្នុងចំណោម ១៤០ប្រទេស នៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។