រដ្ឋាភិបាលរងការរិះគន់ថា ព្យាយាមបិទបាំងព័ត៌មានអំពីការបង្ក្រាបទីតាំងនៃសម្បុកឧក្រិដ្ឋជនឆបោកអនឡាញ
2024.10.31
អាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត រងការរិះគន់ថា ព្យាយាមបិទបាំងព័ត៌មានអំពីការបង្ក្រាបទីតាំងនៃសម្បុកឧក្រិដ្ឋជនឆបោកតាមអនឡាញ។ អ្នកឃ្លាំមើលថា ការណ៍ដែលរដ្ឋាភិបាលមិនបង្ហាញតម្លាភាព និងបិទបាំងជនសង្ស័យពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ (Online) នោះ នឹងធ្វើឱ្យមហាជន និងអន្តរជាតិកាន់តែអស់ជំនឿលើការអនុវត្តច្បាប់ និងមានមន្ទិលសង្ស័យអំពីការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរសម្រួលឱ្យក្រុមជនល្មើសអាចផ្លាស់ប្ដូរទីកន្លែងសម្រាប់ប្រតិបត្តិការអំពើឆបោកតាមអនឡាញពីមួយកន្លែងទៅមួយកន្លែងនៅលើទឹកដីខ្មែរ។
ពលរដ្ឋ និងអ្នកឃ្លាំមើលលើកឡើងថា ចំណាត់ការបង្ក្រាបរបស់កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិនៅអគារពាណិជ្ជកម្មនៅតំបន់គីឡូ៣២។ ថ្មីៗនេះ អាចគ្រាន់តែជាឆាកល្ខោនសម្ដែងឱ្យល្អមើលតែប៉ុណ្ណោះ ដើម្បីឱ្យក្រុមបណ្ដាញអ្នកប្រតិបត្តិការឆបោកតាមអនឡាញផ្លាស់ទីទៅតាំងជម្រកឧស្សាហកម្មតាមអនឡាញពួកគេនៅតាមបណ្ដាខេត្តជាយដែនវិញ។
អ្នករត់តាក់ស៊ី (Taxi) ធ្លាប់ដឹកជនបរទេសទម្លាក់នៅអគារពាណិជ្ជកម្មគីឡូ៣២ បានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អគារពាណិជ្ជកម្មស្ថិតក្នុងគីឡូ៣២ ដែលកម្លាំងសមត្ថកិច្ចបង្ក្រាបនោះគឺជា ជម្រកដ៏ធំមួយរបស់ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ ហើយជនបរទេសរាប់ពាន់នាក់ត្រូវគេបំបិទសិទ្ធសេរីភាពមិនអនុញ្ញាតឱ្យចេញមកក្រៅឡើយ។
លោកឱ្យដឹងថា កាលពីដើមឆ្នាំ២០២៤ នៅពេលលោកដឹកឥវ៉ាន់ និងជនបរទេសចូលទៅក្នុងអគារ ក្រុមសន្តិសុខបានត្រួតពិនិត្យតឹងរ៉ឹង និងមានច្រើនដំណាក់កាល ចំណែកឯជនបរទេសដែលត្រូវដឹកចូលទៅអគារទៀតសោតភាគច្រើនគឺជាជនជាតិចិន ឥណ្ឌា ឥណ្ឌូណេស៊ី ដែលមេការចិនបានទាក់ទងសម្រាប់ឱ្យបម្រើការងារអនឡាញនៅក្នុងអគារ។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «ពួកឥណ្ឌូណេស៊ីល្បីជាងគេ ប្រជាជនគេយកមកលក់ឱ្យចិន ធ្វើការឱ្យចិនហ្មង ប៉ុន្តែវាយកមកប្រកបអាជីវកម្មនៅស្រុកវាអត់កើតទេ វាយកមកតែស្រុកណាស្រួលដូចខ្មែរយើង និងឡាវ។ ជួនកាលវាមានបញ្ហាឈ្លោះគ្នាវាបាញ់តែគ្នាវាហ្នឹង រញ៉េរញ៉ៃណាស់។ ជួនកាលវាធ្វើទារុណកម្មជនជាតិផ្សេងៗដូចជាជនជាតិឥណ្ឌូណេស៊ីគេយកមកលក់។ ចិនវាអត់ខ្លាចទេ វាមកស្រុកខ្មែរវាត្រូវការតែលុយទេ វាធ្វើបាបតែជនជាតិផ្សេងទេ បើខ្មែរវាអត់ធ្វើបាបទេ»។
ការលើកឡើងនេះ គឺក្រោយពីកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិប្រមាណ ៣០០នាក់ កាលពីថ្ងៃទី២៤ ខែតុលា បានបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះបង្ក្រាបទីតាំងមជ្ឈមណ្ឌលអគារពាណិជ្ជកម្មមួយកន្លែងស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានមនុស្សជាង ១ពាន់នាក់ ដែលភាគច្រើនជាជនជាតិចិន និងជនបរទេសចម្រុះជាតិសាសន៍ផ្សេងទៀតស្នាក់នៅ។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានទេ រហូតដល់ពេលផ្សាយនេះ។
ចំណែក អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បញ្ជាក់ថា សំណុំរឿងនេះគឺស្ថិតក្នុងការស៊ើបអង្កេតរបស់កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោកបញ្ជាក់ថា ក្នុងពេលកម្លាំងជំនាញចុះប្រតិបត្តិការមនុស្សប្រមាណ ១ពាន់ក៏មិនត្រូវបានឃាត់ខ្លួនដែរ។
លោក ទូច សុឃៈ៖ «មិនមានការឃាត់ខ្លួនជនបរទេសជាង ១ពាន់នាក់ហ្នឹងទេ។ ការណ៍ដែលមានការប្រើពាក្យហ្នឹងតាមបណ្ដាញសង្គមផ្សេងៗហ្នឹង ដោយសារតែក្នុងពេលប្រតិបត្តិការភ្លាមៗបងប្អូនជាជនជាតិបរទេសចម្រុះជាតិសាសន៍ដែលធ្វើការនៅកន្លែងហ្នឹងគឺត្រូវបានឱ្យមកក្រៅអគារ ហើយមើលទៅហាក់បីដូចជាឃាត់ខ្លួនអ៊ីចឹង ប៉ុន្តែតាមពិតអត់មានការឃាត់ខ្លួន អត់មានការចាប់ អត់មានការចង បងប្អូនទាំងអស់ហ្នឹងដូចដែលយើងឃើញក្នុងរូបភាពហ្នឹងទេ។ វាគឺជាការត្រួតពិនិត្យរដ្ឋបាលមួយទាមទារឱ្យពួកគាត់ចេញពីក្នុងបន្ទប់ ចេញពីអគារមកទីលានខាងក្រោម ដើម្បីត្រួតពិនិត្យទៅតាមនីតិវិធីហូរហែជាដើម»។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា អះអាងថា ព័ត៌មានដែលលោកទទួលបានចំពោះការពង្រីកទីតាំងនៃបណ្ដាញក្រុមឧក្រិដ្ឋជនមិនមែនមានតែនៅក្រុងបាវិត និងតំបន់កាស៊ីណូព្រែកចាក ខេត្តកំពតប៉ុណ្ណោះទេ ប៉ុន្តែនៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃដូចជាខេត្តឧត្តរមានជ័យ និងក្រុងប៉ោយប៉ែត គឺជាគោលដៅនៃកន្លែងដែលឧក្រិដ្ឋជនកំពុងប្រតិបត្តិការឧស្សាហកម្មឆបោកតាមអនឡាញនេះដែរ។
លោក ឌី ថេហូយ៉ា៖ «យើងបារម្ភខ្លាំងពាក់ព័ន្ធនឹងរូបភាពពិភពលោកមើលមកកម្ពុជាជា ទីតាំងមួយអសន្តិសុខ ឧក្រិដ្ឋជនដែលអាចធ្វើអីតាមតែអំពើចិត្តមិនទទួលបានការអនុវត្តចំណាត់ការឱ្យមានប្រសិទ្ធភាពធ្វើឱ្យគេមើលឃើញថា ប្រទេសកម្ពុជាគឺជាកន្លែងមួយដែលជាជម្រកនៃជនឧក្រិដ្ឋដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្មនៅកម្ពុជា។ អ្នកវិនិយោគក្ដី អ្នកទេសចរណ៍ក្ដីឧទាហរណ៍ថា បើគេមាន ១រយលានដុល្លារគេប្រហែលជាស្វែងរកប្រទេសណា ដែលមានសន្តិសុខ ការអនុវត្តច្បាប់មានប្រសិទ្ធភាពហើយគេមិនជឿទុកចិត្តចំពោះប្រទេសណាដែលគេបារម្ភអំពីសុវត្ថិភាព ជាពិសេសការធូររលុងនៃការចាត់វិធានការលើឧក្រិដ្ឋកម្ម»។
លោក ឌី ថេហូយ៉ា បន្ថែមទៀតថា នៅពេលដែលសមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាប ទីតាំងអាជីវកម្មសង្ស័យពាក់ព័ន្ធអំពើចាប់ជំរិត ឆបោកតាមអនឡាញច្បោលៗ ឬដោយដុំៗ និងមិនបង្ហាញរបាយការណ៍ឱ្យច្បាស់លាស់នោះទេ វានឹងធ្វើឱ្យមហាជន គ្មានជំនឿលើការអនុវត្តច្បាប់របស់សមត្ថកិច្ចក្នុងការលុបបំបាត់ និងបង្ក្រាបបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជាឱ្យមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។