លោក ហ៊ុន តូ ព្រមានចាត់វិធានការតាមច្បាប់លើលោក ហេង សិទ្ធី ដែលចោទលោកថា ឆបោកប្រាក់ជនបរទេស និងនៅពីក្រោយឧក្រិដ្ឋជនឆបោកតាមអនឡាញ
2025.01.09
ក្មួយបង្កើតប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងត្រូវជាបងជីដូនមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ អះអាងថា នឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងបកទៅកាន់អតីតអ្នកឧកញ៉ាម្នាក់ឈ្មោះ ហេង សិទ្ធី ដែលចោទប្រកាន់ថា លោកនៅពីក្រោយឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងឆបោកលុយអ្នកជំនួញជនជាតិចិន (China)។ ក្រសួងយុត្តិធម៌នៅតែរក្សាភាពស្ងៀមស្ងាត់លើសំណុំរឿងចោទប្រកាន់របស់លោក ហេង សិទ្ធី ទៅលើលោក ហ៊ុន តូ និងមន្ត្រីជាន់ខ្ពស់មួយចំនួនពាក់ព័ន្ធអំពើពុករលួយ និងអំពើកាងល្បែងឆបោកតាមអនឡាញនៅកម្ពុជា។
ក្មួយបង្កើតលោក ហ៊ុន សែន គឺលោក ហ៊ុន តូ បដិសេធ ចំពោះការចោទប្រកាន់របស់លោក ហេង សិទ្ធី ទាក់ទងនឹងការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម ដែលចោទថា លោកនៅពីក្រោយក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ និងជាជនឆបោកលុយរាប់លានដុល្លារពីអ្នកជំនួញជនជាតិចិន។
លិខិតចំហដែលមានហត្ថលេខារបស់លោក ហ៊ុន តូ កាលពីថ្ងៃទី៨ ខែមករា និងត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គមឱ្យដឹងថា លោក ហ៊ុន តូ ហាក់ព្យាយាមបង្ហាញប្រាប់មហាជនថា ខ្លួនជាមនុស្សស្អាតស្អំ និងចាត់ទុកការចោទប្រកាន់របស់លោក ហេង សិទ្ធី គឺផ្ទុយពីការពិត បំភាន់មតិសាធារណជន មានចេតនាទុច្ចរិត និងទម្លាក់កំហុសលើរូបលោក។ លោក ហ៊ុន តូ អះអាងថា លោកក៏រងការគំរាមកំហែងសម្លាប់ពីសំណាក់លោក ហេង សិទ្ធី ផងដែរ។ ក្នុងលិខិតដដែលលោក ហ៊ុន តូ បញ្ជាក់ថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្ដឹងបក និងតតាំងក្ដីតាមផ្លូវច្បាប់ជាមួយ លោក ហេង សិទ្ធី។ លោក ហ៊ុន តូ ចាត់ទុកការចោទប្រកាន់របស់លោក ហេង សិទ្ធី ថា បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់លោក។
ទន្ទឹមនឹងការបកស្រាយបែបនេះ លោក ហ៊ុន តូ ដែលលោក ហេង សិទ្ធី វាយតម្លៃថា ជាមនុស្សមានចរិតកោងកាច និងមានអំណាចពេញដៃធ្វើជំនួញបែបឧក្រិដ្ឋនៅកម្ពុជា ក៏មានកេរ្តិ៍ឈ្មោះអាស្រូវជាច្រើន និងត្រូវបានស្ថាប័នកាសែតអន្តរជាតិផ្សព្វផ្សាយកន្លងមកថា លោកពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស គ្រឿងញៀន ការលាងលុយកខ្វក់ និងអំពើឆបោកតាមអនឡាញនៅកម្ពុជា។
ឆ្លើយតបនឹងរឿងនេះ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ក៏បានប្រកាសនៅទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី៩ ខែមករាថា លោក ហ៊ុន តូ ដើរតួជាជនសប្បុរសក្លែងក្លាយ ដើម្បីបិទបាំងអំពើឧក្រិដ្ឋរបស់ខ្លួន។ លោកបញ្ជាក់ថា លោកក៏មិនបានគំរាមសម្លាប់លោក ហ៊ុន តូ នោះដែរ ព្រោះលោកថា លោក ហ៊ុន តូ មានការកាងការពារពីសំណាក់លោក ហ៊ុន សែន និងមានអំណាចលើសតុលាការ និងអាចបញ្ជាស្ថាប័នរដ្ឋកំពូលៗ មួយចំនួន ដូចជា ក្រសួងយុត្តិធម៌ជាដើម។
លោក ហេង សិទ្ធី៖«តាំងតែពីក្មេងមក ហ៊ុន តូ ឯងជាមនុស្សពាលអត់ចូលសាលា អត់ចេះអក្សរធ្វើបាបគេ ដើរចាប់កូនស្រីគេ លួចប្រព័ន្ធគេ ធ្វើបាបអ្នករកស៊ី ល្បួងគេទៅផ្ទះផឹកស៊ី ហ៊ុន តូ ឯងបានដាក់ស្អីគេខ្លះ ទៅឱ្យគេផឹកស៊ីហ្នឹង? នៅក្នុងស្រុកខ្មែរនេះ គ្មាននរណាហ៊ានគំរាមសម្លាប់ ហ៊ុន តូ ឯងទេ អ្នកណាក៏គេដឹងថា ហ៊ុន តូ ឯងនេះ គឺមានអំណាចណាស់ អំណាច ហ៊ុន តូ ឯងនេះចង់ខ្លាំងជាងនាយករដ្ឋមន្ត្រីទៀតផង។ មួយវិញទៀត ពាក្យថា គំរាមសម្លាប់ បើគេគំរាមសម្លាប់ ហ៊ុន តូ ឯងមែន ហ៊ុន តូ ឯងបញ្ចេញភស្តុតាងថា កន្លែងណា ដែលគេគំរាមសម្លាប់ ហ៊ុន តូ ឯង? ហ៊ុន តូ ឯងដើរលាបពណ៌គេគ្រប់គ្នា»។
នៅថ្ងៃទី៩ ខែមករា លោក ហេង សិទ្ធី ក៏បានចេញសេចក្ដីបំភ្លឺតាមទំព័រហ្វេសប៊ុក ដោយបន្តចោទប្រកាន់ថា លោក ហ៊ុន តូ គឺជាអ្នកផ្ដល់ការការពារដល់ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញនៅកម្ពុជា និងបានប្រើឧបាយកលនានា ដើម្បីយកទ្រព្យសម្បត្តិរបស់លោក។ លោក ហេង សិទ្ធី សង្កត់ធ្ងន់ថា លោកគ្មានជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជានោះទេ ដោយសារតែរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានឃុបឃិតគ្នាជាមួយលោក ហ៊ុន តូ។ ទោះជាយ៉ាងណាក្ដី លោកអះអាងក្នុងលិខិតនោះថា បានត្រៀមខ្លួនប្ដឹងលោក ហ៊ុន តូ ទៅកាន់តុលាការអន្តរជាតិ និងតុលាការបណ្ដាប្រទេសមួយចំនួន ដូចជា ប្រទេសអង់គ្លេស អូស្ត្រាលី អាមេរិក និងតុលាការចិន ដើម្បីឱ្យជួយស្វែងរកយុត្តិធម៌។
លោក ហេង សិទ្ធី គឺជាប្រធានក្រុមហ៊ុន ម៉ារីថាម គ្រុប (Maritime Group) និងធ្លាប់មានងារជាអ្នកឧកញ៉ាជាច្រើនឆ្នាំ ហើយលោកក៏ធ្លាប់បរិច្ចាគលុយចំនួន ១លានដុល្លារជូនរដ្ឋាភិបាល លោក ហ៊ុន សែន កាលពីផ្ទុះជំងឺកូវីដ-១៩ (Covid-19) និងបានបរិច្ចាគលុយចំនួន ១០ម៉ឺនដុល្លារជូនប្រធានកាកបាទក្រហមកម្ពុជារបស់អ្នកស្រី ប៊ុនរ៉ានី កាលពីឆ្នាំ២០២២។ លោក ហេង សិទ្ធី កំពុងភៀសខ្លួននៅក្រៅប្រទេស។ លោកត្រូវបានព្រះមហាក្សត្រដកគោរមងារអ្នកឧកញ៉ា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ តាមសំណើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោយពេលលោកបានទម្លាយរឿងអ្នកជំនួញជនជាតិសិង្ហបុរី (Singapore) មានសញ្ជាតិខ្មែរម្នាក់ ឈ្មោះ ភួ ហ្គេច សេង (Phua Gek Seng) ហៅតាក់ (Tak) ប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រតិបត្តិការឧស្សាហកម្មឆបោកតាមអនឡាញ។
ក្រោយៗ មកទៀត លោក ហេង សិទ្ធី ក៏បន្តចោទប្រកាន់ និងសរសេរពាក្យបណ្ដឹងផ្សព្វផ្សាយតាមបណ្ដាញសង្គមរបស់លោក ប្ដឹងទៅកាន់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទាក់ទងនឹងលោក ហ៊ុន តូ រួមទាំងមន្ត្រីកំពូលក្នុងជួររដ្ឋាភិបាលមួយចំនួន ដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សុខ ផល អគ្គស្នងការនគរបាលជាតិ លោក ស ថេត អភិបាលខេត្តកណ្ដាល លោក គួច ចំរើន និងមន្ត្រីមួយចំនួនទៀត ដែលលោក ហេង សិទ្ធី ចោទថា ពួកគេទាំងនោះ បានប្រព្រឹត្តអំពើពុករលួយ ឆបោកអ្នកជំនួញ ការពារក្រុមឧក្រិដ្ឋជន និងទទួលលុយសំណូកពីក្រុមឧក្រិដ្ឋជនជាថ្នូរនឹងការការពាររបរឧក្រិដ្ឋពួកគេ។
ទោះជាយ៉ាងណាក្ដី ការចោទប្រកាន់ទាំងនេះ ត្រូវបានក្រសួងមហាផ្ទៃ និងអង្គភាពចំណុះឱ្យក្រសួងមួយនេះ ចេញសេចក្ដីប្រកាសបដិសេធជាបន្តបន្ទាប់ និងចាត់ទុកថា គ្មានមូលដ្ឋាន និងធ្វើឱ្យប៉ះពាល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
ក្នុងចំណោមបុគ្គលដែលលោក ហេង សិទ្ធី ចោទប្រកាន់ក្នុងនោះ គឺលោក ហ៊ុន តូ ក្មួយប្រុសលោក ហ៊ុន សែន មានរឿងរ៉ាវអាស្រូវជាច្រើន ពាក់ព័ន្ធការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម និងបានរងការចោទប្រកាន់ថា ជាអ្នករត់ពន្ធគ្រឿងញៀន អាភៀន និងធ្វើសកម្មភាពលាងលុយកខ្វក់ នៅប្រទេសអូស្ត្រាលី កាលពីអំឡុងខែឧសភា ឆ្នាំ២០២៤។ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដដែលនោះ ក្រុមហ៊ុនវិភាគទិន្នន័យប្រតិបត្តិការកុំព្យូទ័រតាមប្រព័ន្ធបច្ចេកវិទ្យា Blockchain ឈ្មោះ «អេលីបទីក (Elliptic)» ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ (London) ចក្រភពអង់គ្លេស (UK) បានលាតត្រដាងថា លោក ហ៊ុន តូ ពាក់ព័ន្ធយ៉ាងសកម្មនឹងប្រាក់ចំណេញបានមកពីអំពើលាងលុយកខ្វក់ពីការឆបោកតាមអនឡាញ នៅជុំវិញពិភពលោក តាមរយៈកម្មវិធីទីផ្សារអនឡាញឈ្មោះ «ហួយវ័ន ហ្គារេនធី (Huione Guarantee)» និងក្រុមហ៊ុនរបស់លោកឈ្មោះ «ហួយវ័ន ផេ (Huione Pay)»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងបងជីដូនមួយលោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ ដើម្បីសាកសួរបន្ថែមជុំវិញរឿងរ៉ាវទាំងនេះបានទេ នៅថ្ងៃទី៩ ខែមករា។ ចំណែក អតីតអ្នកឧកញ៉ា ហេង សិទ្ធី ក៏វិទ្យុអាស៊ីសេរីព្យាយាមទាក់ទង ដើម្បីសាកសួរបន្ថែមជុំវិញការចោទប្រកាន់របស់លោកទៅលើមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលដែរ ប៉ុន្តែ គ្មានការឆ្លើយតបនៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ប្រាប់វិទ្យុអាស៊ីសេរីថា ផ្អែកតាមការចោទប្រកាន់ និងព័ត៌មានផ្សព្វផ្សាយរបស់លោក ហេង សិទ្ធី មិនអាចយកជាផ្លូវការបាននៅឡើយ ប្រសិនបើគ្មានស្ថាប័នពាក់ព័ន្ធបើកការស៊ើបអង្កេត។ ទោះជាយ៉ាងណាក្ដី លោកថា ស្ថានភាពអំពើជួញដូរមនុស្ស និងអំពើពុករលួយនៅសង្គមកម្ពុជា នៅតែមិនទាន់មានចំណុចវិជ្ជមាននៅឡើយ។
លោក ប៉ិច ពិសី៖ «យើងគិតថា អ្វីដែលគាត់ [ហេង សិទ្ធី] បានលើកឡើង ឬផ្សាយហ្នឹងជាតម្រុយ ជាព័ត៌មានបឋមមួយ ដែលទាមទារឱ្យមានការត្រួតពិនិត្យបន្ថែម។ ប្រសិនជាគាត់ហ៊ានក្លាហានដាក់ពាក្យបណ្ដឹងដោយផ្ទាល់ទៀត អាហ្នឹងខ្ញុំគិតថា គាត់ដាក់ភស្តុតាងមក ដើម្បីឱ្យគេស៊ើបអង្កេត។ ជាទូទៅការផ្សាយព័ត៌មានតាមបណ្ដាញសង្គម គេមិនអាចសន្និដ្ឋានភ្លាមទេថា អាហ្នឹងវាប្រាកដជាអ៊ីចឹង។ ទាល់តែមានការស៊ើបអង្កេតស្របតាមច្បាប់របស់យើង។ ដោយឡែក ពាក់ព័ន្ធនឹងល្បែងអនឡាញមកដល់ពេលនេះ កម្ពុជាគួរតែចាប់ផ្ដើមដោះបញ្ហាហ្នឹង ដោយសារតែបញ្ហាល្បែងអនឡាញហ្នឹងពាក់ព័ន្ធនឹងបទឧក្រិដ្ឋផ្សេងទៀត ការជួញដូរមនុស្ស ការបង្ខាំងមនុស្សខុសច្បាប់ បញ្ហាគ្រឿងញៀនក៏ពាក់ព័ន្ធដែរ។ យើងបានដឹងហើយបញ្ហានេះ គឺជាឧបសគ្គមួយក្នុងការវិនិយោគរបស់យើង និងក្នុងការជំរុញសេដ្ឋកិច្ចរបស់យើង ជាពិសេស ធ្វើឱ្យកិត្តិនាមមិនសូវល្អទេ»។
ចំណែកមេធាវី ជូង ជូងី មានប្រសាសន៍ថា ក្នុងសំណុំរឿងចោទប្រកាន់របស់អតីតឧកញ៉ា ហេង សិទ្ធី ទោះបីស្ថិតក្នុងរូបភាពណាក៏ដោយលោកថា ការចោទប្រកាន់របស់លោក ហេង សិទ្ធី ហាក់ជាតម្រុយ និងទាមទារឱ្យស្ថាប័នមានសមត្ថកិច្ចបើកការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងដោយឯករាជ្យ។
មេធាវី ជូង ជូងី៖ «គោលការណ៍ច្បាប់អត់គិតពីរឿងពាលស៊ីពាលទេ ហើយក៏អត់គិតពីរឿងវាយគ្នាទៅវិញទៅមកដែរ។ គោលការណ៍ច្បាប់កាលណាមានតម្រុយគួរឱ្យសង្ស័យថា មានបទឧក្រិដ្ឋ បទល្មើសកើតឡើងដែលប៉ះពាល់ដល់សង្គមសមត្ថកិច្ចត្រូវតែស៊ើបអង្កេតភ្លាម អត់ត្រូវយកលេសថា ពាលស៊ីពាល យកលេសថា ចោទគ្នាទៅវិញទៅមកអត់ត្រូវយកលេសហ្នឹងទេ។ ពាលស៊ីពាល ចោទគ្នាទៅវិញទៅមកទុកមួយអន្លើ។ ផ្លូវច្បាប់គឺច្បាប់។ កាលណាមានតម្រុយបទល្មើសមិនប្រកាន់ថា អ្នកណាទេសមត្ថកិច្ចត្រូវតែបើកការស៊ើបអង្កេតភ្លាម ដើម្បីឱ្យឃើញការពិត។ប្រសិនបើមិនពិតយើងផ្ដល់ភាពស្អាតស្អំដល់អ្នកដែលត្រូវបានគេចោទប្រកាន់។ ប៉ុន្តែ បើជាការពិតគឺយើងត្រូវតែបង្ក្រាបបទល្មើសហ្នឹងភ្លាម ដើម្បីកុំឱ្យផ្ដល់ផលលំបាកដល់សង្គមជាតិដែលរាស្ត្រជាអ្នករងគ្រោះ»។
មេធាវី ជូង ជូងី ព្រមានថា ការណ៍ដែលក្រសួងយុត្តិធម៌មិនបង្ហាញឆន្ទៈស៊ើបអង្កេតបទល្មើស ដែលមានតម្រុយគួរឱ្យសង្ស័យនោះ ប្រៀបបីដូចជាបណ្ដែតបណ្ដោយឱ្យក្រុមជនល្មើស នៅតែអាចបន្តប្រព្រឹត្តបទល្មើសបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។