លោក ហ៊ុន ម៉ាណែត ដំឡើងគោរមងារលោកអ្នកឧកញ៉ាដល់ «អ្នកបំផ្លាញសម្បត្តិជាតិ» លោក ទ្រី ភាព

ដោយ ម៉ៅ សុធានី
2024.05.12
លោក ហ៊ុន ម៉ាណែត ដំឡើងគោរមងារលោកអ្នកឧកញ៉ាដល់ «អ្នកបំផ្លាញសម្បត្តិជាតិ» លោក ទ្រី ភាព លោក ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប
រូប៖ ហ្វេសប៊ុកក្រុមហ៊ុន ទ្រី ភាព គ្រុប

សកម្មជន​បរិស្ថាន លើកឡើង​ថា ការ​ដំឡើង​គោរមងារ «លោក​អ្នក​ឧកញ៉ា» ដល់​ឈ្មួញ​រកស៊ី​កាប់​ឈើ លោក ទ្រី ភាព គឺជា​ការ​បង្ហាញ​ថា រដ្ឋាភិបាល របស់​គណបក្ស​ប្រជាជន​កម្ពុជា ចូលចិត្ត​លើក​តម្កើង​ឧក្រិដ្ឋជន​រកស៊ី​បំផ្លាញ​សម្បត្តិ​ធម្មជាតិ និង​ធ្វើបាប​អ្នក​ការពារ​បរិស្ថាន។ ការ​រិះគន់​នេះ បន្ទាប់ពី ឧកញ៉ា ទ្រី ភាព ត្រូវ​បាន​ព្រះមហាក្សត្រ ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ជា «លោក​អ្នក​ឧកញ៉ា» ដែល​មាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​អ្នក​រត់ការ​ឱ្យ។

ក្រោយ​ពេល​ទទួល​បាន​ការ​តែងតាំង ជា​ទីប្រឹក្សា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ជាង ១ខែមក ពេល​នេះ ឈ្មួញ​រកស៊ី​ឈើ​ដ៏​ល្បី​ឈ្មោះ ដែល​មហាជន​ប្រសិទ្ធិនាម​ឱ្យ​ថា​ជា​អ្នក​កាប់ព្រៃ ដេញ​មូស ដើម្បី​ការពារ​ជំងឺ​គ្រុនចាញ់ គឺ​ឧកញ៉ា ទ្រី ភាព បាន​ឡើង​គោត្រ​មួយ​កម្រិត​ទៀត​ហើយ នោះ​គឺ គោរមងារ លោក​អ្នក​ឧកញ៉ាដែល​ជា​លំដាប់​ខ្ពស់​បំផុត នៅ​ក្នុង​គោរមងារ​ឧកញ៉ា នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១១ ខែ​ឧសភា ថា មូលហេតុ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស្នើ​គោរមងារ លោក​អ្នក​ឧកញ៉ា ឱ្យ លោក ទ្រី ភាព នេះ គឺ​មិនមែន​ដោយសារ​ឈ្មួញ​រកស៊ី​ឈើ​រូប​នេះ មាន​គុណបំណាច់​ចំពោះ​សង្គមជាតិ​កម្ពុជា​នោះ​ទេ ក៏ប៉ុន្តែ ដោយសារ​លោក ទ្រី ភាព បាន​ផ្ដល់​លុយ ជួយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​ចិញ្ចឹម​ត្រកូល​ហ៊ុន តាំងតែ​ពី​ជំនាន់​ឪ រហូត​ដល់​ជំនាន់​កូន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន។

លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន​៖ «​លោក ទ្រី ភាព ប្រជាជន​ខ្មែរ​ស្អប់​គ្រប់​គ្នា ស្គាល់​ថា​ជា​មនុស្ស​រកស៊ី​ខុស​ច្បាប់​ហ្នឹង ជា​មនុស្ស​ដែល​នៅ​ពី​ក្រោយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​សម្បើម​ណាស់ បែរជា​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន អី​ហ្នឹង តែងតាំង​ជា​លោក​អ្នក​ឧកញ៉ា​វិញ។ ចំណុច​ទី​ពីរ គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា គណបក្ស​ប្រជាជន​គឺ​អត់​ខ្វល់ ទី​មួយ ទី​ពីរ​គឺ​អត់​ដឹង អ្វី​ដែល​ប្រជាជន​ខ្មែរ​ខ្វល់ អ្វី​ដែល​ប្រជាជន​ខ្មែរ​ស្រឡាញ់ អ្វី​ដែល​ប្រជាជន​ខ្មែរ​ស្អប់ ចង់​ដឹង​ចង់​បាន​ហ្នឹង​គឺ​អត់​ខ្វល់​ទេ»

កាលពី​ថ្ងៃ​ទី១០ ខែ​ឧសភា ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់ ផ្តល់​គោរមងារ​ជា «លោក​អ្នក​ឧកញ៉ា» ដល់​អគ្គនាយក​ក្រុមហ៊ុន​ទ្រីភាព​គ្រុប គឺ​ឧកញ៉ា ទ្រី ភាព តាម​ការ​ទូល​ថ្វាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ការ​ដំឡើង​គោរមងារ លោក​អ្នក​ឧកញ៉ា ឱ្យ​លោក ទ្រី ភាព នេះ ធ្វើ​ឡើង​ក្រោយ​ពី​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​តែងតាំង​លោក ទ្រី ភាព ជា​ទីប្រឹក្សា​ផ្ទាល់​ខ្លួន ដែល​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី ០៦ ខែ​មេសា។

ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​គោរមងារ​ឱ្យ​លោក ទ្រី ភាព តាម​ការ​ស្នើសុំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះ បាន​ធ្វើ​ឱ្យ​មហាជន​អ្នក​លេង​បណ្ដាញ​សង្គម​ហួសចិត្ត និង​រិះគន់​ថា រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ប្រទេស​ក្នុង​ទម្រង់ ឃ្លោក​លិច អំបែង​អណ្ដែតដោយ​លើកស្ទួយ​ឧក្រិដ្ឋជន ឈ្មួញ​រកស៊ី​ទុច្ចរិត និង​អ្នក​បំផ្លាញ​សម្បត្តិ​ជាតិ ជា​ទីប្រឹក្សា និង​កាន់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​លោក ទ្រី ភាព ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី១១ ខែ​ឧសភា។

កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជ្យក្រឹត្យ ផ្ដល់​គោរមងារ «លោក​អ្នក​ឧកញ៉ា» ដល់​បុគ្គល​ចំនួន ៦រូប មាន​ដូចជា ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា លោក លី យ៉ុងផាត់ និង​ថៅកែ​ក្រុមហ៊ុន OCIC លោក ពុង ឃាវសែ ជាដើម។ បូក​រួម​ទាំង លោក ទ្រី ភាព លើក​នេះ គោរមងារ «លោក​អ្នក​ឧកញ៉ា» កើន​ដល់ ៧រូបហើយ ដែល​ពី​មុន​មក​មាន​តែ​ឈ្មោះ«យមរាជ»ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​ងារ​ជា «លោក​អ្នក​ឧកញ៉ា»

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍ​សង្គម​បណ្ឌិត មាស នី សង្កេត​ឃើញ​ថា ការ​ផ្ដល់ ឬ​ដំឡើង​គោរមងារ​ឧកញ៉ា ដល់​ពាណិជ្ជករ ឬ​បុគ្គល​មួយ​ចំនួន ហាក់​ផ្ដល់​អាទិភាព​ចំពោះ​សមាជិកភាព​របស់​គណបក្ស​នយោបាយ និង​ប្រាក់​ដែល​បរិច្ចាគ​ចូល​រដ្ឋ ជាជាង​ការ​ផ្ដោត​ទៅ​លើ​លក្ខណៈ​សម្បត្តិ ឬ​គុណ​បំណាច់​ចំពោះ​សង្គមជាតិ របស់​គោរមវន្ត ដែល​កត្តា​នេះ បាន​ធ្វើ​ឱ្យ​គុណ​តម្លៃ​របស់​គោរមងារ​ឧកញ៉ា កាន់​តែ​ធ្លាក់​ចុះ។

បណ្ឌិត មាស នី​៖ «​ពាក្យ​ថា​ឧកញ៉ា​នេះ វា​ក្លាយ​ជា​ពាក្យ​ធម្មតា​មួយ​ដែល​គេ​យក​មក​លេង​សើច​ហើយ​គឺ​មិន​សូវ​ឱ្យ​តម្លៃ​ទេ។ ហើយ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​បើ​ទោះបី​ជា​មាន​ការ​រិះគន់​ពី​មហាជន​យ៉ាងម៉េច រដ្ឋាភិបាល​ដូចជា​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ទៅលើ​ការ​រិះគន់​ពី​មហាជន ហើយ​អ៊ីចឹង​ទៅ ដូចជា​រឿង​ដដែលៗ​ឡើង​វិញ គេ​ខ្ជិល​និយាយ ទុក​ថា​ធម្មតា​ទៅ​ហើយ»

ក្រៅពី​ត្រូវ​ប្រជាពលរដ្ឋ ដែល​ស្រលាញ់​បរិស្ថាន​ថ្កោលទោស​ថា ជា​មេ​ឧក្រិដ្ឋជន​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ហើយ​នោះ អង្គការ​ជាតិ និង​អន្តរជាតិ បាន​រក​ឃើញ​ថា លោក ទ្រី ភាព បាន​ប្រើប្រាស់​ខ្សែ​បណ្ដាញ​ដ៏​សម្បើម របស់​លោក​នៅ​កម្ពុជា ដើម្បី​បង្កើត​អាជីវកម្ម​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ ដោយ​បាន​ពឹងផ្អែក​ទៅ​លើ​ការ​រួម​គំនិត និង​ទទួល​បាន​កិច្ច​គាំពារ​ពី​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​យោធា ដើម្បី​ដឹក​ជញ្ជូន​ឈើ​ហ៊ុប និង​ទំនិញ​ខុស​ច្បាប់ យក​ទៅ​លក់​ឱ្យ​ប្រទេស​វៀតណាម​(Vietnam) ចិន​(China) អឺរ៉ុប​(Europe) និង​រុស្ស៊ី(Russia) ជាដើម។

ដោយសារ​តែ​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​នេះ​ហើយ ទើប​ក្រសួង​រតនាគារ​ជាតិ​អាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក ឬ​រាំង​ខ្ទប់​ទ្រព្យ​សម្បត្តិ​របស់ លោក ទ្រី ភាព ព្រមទាំង​ក្រុមហ៊ុន ដែល​លោក​គ្រប់គ្រង​ចំនួន​១១ក្រុមហ៊ុន កាលពី​ចុង​ឆ្នាំ​២០១៩។

សកម្មជន​បរិស្ថាន បារម្ភ​ថា នៅ​ពេល​លោក ទ្រី ភាព ទទួល​បាន​តួនាទី​សំខាន់ៗ និង​ចូល​កាន់​តែ​កៀក​ជាមួយ​ត្រកូល​ហ៊ុន ហើយ​នោះ លោក ទ្រី ភាព នឹង​ពង្រីក​អាណាចក្រ នៃ​ជំនួញ​រកស៊ី​បំផ្លាញ​ធនធាន​ធម្មជាតិ កាន់​តែ​ខ្លាំង និង​បន្ត​ជំនួញ​នេះ ត​ជំនាន់ ដោយ​យក​គ្រួសារ​ត្រកូល​ហ៊ុន ធ្វើ​ជា​ខ្នង​បង្អែក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។