ជំនួយការលោក ហ៊ុន សែន ជាប់ពាក់ព័ន្ធការឆបោកលុយពលរដ្ឋរាប់រយនាក់នៅខេត្តស្វាយរៀង

ដោយ ថា ថៃ
2024.06.09
ជំនួយការលោក ហ៊ុន សែន ជាប់ពាក់ព័ន្ធការឆបោកលុយពលរដ្ឋរាប់រយនាក់នៅខេត្តស្វាយរៀង ជំនួយការផ្ទាល់របស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន (ជួរមុខខាងស្ដាំ) ប្រធានក្រុមហ៊ុនភូមិខ្មែរគ្រុបលោក សោម សុធា (កណ្ដាល) និងលោក ដួង វីរ៉ាត់ ប្អូនប្រុសលោក ដួង តារា។
រូប៖ គណនី​ហ្វេសប៊ុកលោក ដួង តារា

ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​ភូមិខ្មែរគ្រុប របស់​លោក សោម សុធា អះអាង​ថា ក្រុមហ៊ុន​នេះ មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋបាល​ខេត្ត​ស្វាយរៀង និង​ជំនួយការ​លោក ហ៊ុន សែន គឺ​លោក ដួង ដារា ដែល​ជា​អ្នក​ចេញ​មក​ធានា និង​ឃោសនា​រក​អតិថិជន។ ក្រុមហ៊ុន​ភូមិខ្មែរគ្រុប នេះ បាន​ប្រើ​វិធី​ឆបោក​លុយ​ប្រជាពលរដ្ឋ​អស់​រាប់​ម៉ឺន​ដុល្លារ​នៅ​ខេត្ត​ស្វាយរៀង ស្រដៀង​គ្នា​នឹង​ករណី​ឆបោក​របស់​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ដែរ។

ជំនួយការ​ផ្ទាល់​របស់​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន គឺ​លោក ដួង តារា ដែល​តែង​ជិះ​ឡាន​ទំនើប និង​ចែក​លុយ​ដល់​ជន​ក្រីក្រ​តាម​ដង​ផ្លូវ​ដើម្បី​ថត​ដាក់​ហ្វេសប៊ុក​នោះ ពេលនេះ រង​ការ​ចោទប្រកាន់​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​គម្រោង​ឆបោក​លុយ​ទ្រង់ទ្រាយ​ធំ​ពី​ប្រជាពលរដ្ឋ​រាប់​សិប​នាក់​នៅ​ខេត្ត​ស្វាយរៀង ដូច​គម្រោង​ឆបោក​របស់​អ្នកស្រី ឡេង ចាន់ណា នៅ​ខេត្ត​សៀមរាប​ដែរ​។ គម្រោង​ឆបោក​នេះ គឺ​ប្រើ​វិធី​លួង លោម​ឱ្យ​ប្រជាពលរដ្ឋ​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ភូមិខ្មែរគ្រុប ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់។

អតិថិជន​ទិញ​ផ្ទះ​ល្វែង ពី​គម្រោង​ភូមិខ្មែរគ្រុប​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី០៨ ខែ​មិថុនា ថា ក្រុមហ៊ុន​ភូមិខ្មែរគ្រុប គឺ​ពិតជា​ក្រុមហ៊ុន​បោកប្រាស់ ទាំង​ការ​វិនិយោគ និង​វិស័យ​អចលនទ្រព្យ ព្រោះ​ក្រុមហ៊ុន​នេះ បាន​លក់​ដី​ឡូត៍ និង​ផ្ទះល្វែង​ខ្យល់​ឱ្យ​លោក និង​ពលរដ្ឋ​ផ្សេងទៀត រាប់​រយ​នាក់​។ លោក​អះអាង​ថា ករណី​ឆបោក​របស់​ក្រុមហ៊ុន​ភូមិខ្មែរគ្រុប មាន​ការ​ជាប់ពាក់ព័ន្ធ​នឹង​ជំនួយការ​របស់​លោក ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី គឺ​លោក ដួង តារា ព្រោះ លោក ដួង តារា នេះ​ហើយ ជា​អ្នក​ធានា​អះអាង និង​ឃោសនា​ឱ្យ​ក្រុមហ៊ុន​ភូមិខ្មែរគ្រុប ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជឿជាក់ និង​ដាក់​លុយ​វិនិយោគ។

អតិថិជន​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប​៖ «បើ​គាត់​មាន​អ្នកធំ​នៅ​ពីក្រោយ​អ៊ីចឹង​ទៅ បង្កើត​ជា​កម្មវិធី​ចុះ​ជួប​ជាមួយ​អ្នកធំ ក៏​បងប្អូន​ឃើញ ក៏​មាន​ទំនុក​ចិត្ត​មួយ​សារ​ទៀត​ទៅ ក៏​ចេះ​តែ​ទៅ​ទិញ​ត​គ្នា​ទៀត​ទៅ។ ឃើញ​ថា​មាន​ឯកឧត្ដម ដួង តារា ពេល​ហ្នឹង​បងប្អូន​យើង មាន​ខ្សែរយៈ​អ្នកធំ​អ៊ីចឹង​ទៅ  ក៏​មាន​ទំនុក​ចិត្ត​បន្ថែម​ទៀត​ទៅ កៀរគរ​បងប្អូន​សន្សំ​លុយ​ទៅ​ទិញ​ទៅ។ ប៉ុន្តែ​ដល់ពេល​ទៅ​ទិញ​ហើយ ក៏​ស្ងាត់»​។

ពលរដ្ឋ​រងគ្រោះ លើកឡើង​ថា ករណី​ឆបោក​របស់​ក្រុមហ៊ុន​ភូមិខ្មែរគ្រុប ទំនង​អាច​នឹង​ជាប់ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋបាល​ខេត្ត​ស្វាយរៀង ព្រោះ​ពលរដ្ឋ​រងគ្រោះ​រាប់​រយ​នាក់ បាន​ផ្ដិតមេដៃ ប្ដឹង​ទៅ​រដ្ឋបាល​ខេត្ត​សុំ​កិច្ច​អន្តរាគមន៍​ជិត០២ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​ពាក្យបណ្ដឹង​នោះ ត្រូវ​រដ្ឋបាល​ខេត្ត​បង្កក​ទុក។ ជាមួយ​គ្នា​នេះ ម្ចាស់​ក្រុមហ៊ុន​ភូមិខ្មែរគ្រុប លោក សោម សុធា តែងតែ​បរិច្ចាគ​លុយ ជួយ​ដល់​រដ្ឋបាល​ខេត្ត​ស្វាយរៀង ជាច្រើនលើក និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ​ខេត្ត​នេះ​ផង​ដែរ។ ជាក់ស្ដែង ក្នុង​ពិធី​បើក​សម្ពោធ​គម្រោង​ផ្ទះល្វែង​ជាច្រើនលើក កាលពី​ឆ្នាំ២០២១ អតីត​អភិបាលខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល ក៏​មាន​វត្តមាន​ក្នុង​ពិធី​នោះ​ដែរ។

ម្ចាស់​ក្រុមហ៊ុន​ភូមិខ្មែរគ្រុប គឺ​លោក សោម សុធា បាន​ឃោសនា​អំពី​គម្រោង​វិនិយោគ លើ​វិស័យ​កសិកម្ម ភោជនីយដ្ឋាន គម្រោង​ដី​ឡូត៍ និង​ផ្ទះល្វែង​ជាដើម ដោយ​ក្រុមហ៊ុន​សន្យា​ផ្ដល់​ផល​ចំណេញ ឬ​ការប្រាក់ ៤ ភាគរយ​ក្នុង​មួយ​ខែ ដោយ​អ្នក​ដាក់​លុយ​វិនិយោគ ១ម៉ឺនដុល្លារ នឹង​ទទួល​បាន​ប្រាក់​ចំណេញ ៤រយដុល្លារ​ក្នុង​មួយ​ខែ។ ក៏ប៉ុន្តែ គម្រោង​ទាំងអស់​នោះ សុទ្ធតែ​ជា​ការ​បោកប្រាស់ ដោយ​ក្រុមហ៊ុន​ភូមិខ្មែរគ្រុប មិន​បាន​ផ្ដល់​ការប្រាក់ និង​សាងសង់​ផ្ទះ​ឱ្យ​អតិថិជន តាម​កិច្ចសន្យា​ឡើយ។

ក្នុង​គម្រោង​ឆបោក​នេះ​មាន​អ្នក​រងគ្រោះ​រាប់​រយ​នាក់ ដោយ​មាន​អ្នក​ខ្លះ​ខាតបង់​លុយ ៤ម៉ឺនដុល្លារ ខ្លះ​៨ម៉ឺនដុល្លារ និង​ខ្លះ​រហូតដល់ ១២ម៉ឺនដុល្លារ។ បន្ទាប់ពី​ក្រុមហ៊ុន​ភូមិខ្មែរគ្រុប បោក​យក​លុយ​ទាំងនេះ​មក បាន​ធ្វើ​ឱ្យ​ពួកគាត់​ជំពាក់​បំណុល​ជុំ​ទិស ដោយ​មាន​អ្នក​ខ្លះ ត្រូវ​សង​ទៅ​ធនាគារ និង​កម្ចី​ឯកជន រហូត​ដល់​ទៅ​ជាង ២ពាន់​ដុល្លារ​ក្នុង​មួយ​ខែ ដែល​បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន កើត​វិបត្តិ​ផ្លូវចិត្ត ចង់​ធ្វើ​អត្តឃាត​ទៀត​ផង។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​ម្ចាស់​ក្រុមហ៊ុន​ភូមិខ្មែរគ្រុប លោក សោម សុធា ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃ​ទី៨ ខែ​មិថុនា។

លោក សោម សុធា បាន​ចេញ​លិខិត​បំភ្លឺ កាលពី​ថ្ងៃ​ទី៥ ខែ​មិថុនា ថា ក្រុមហ៊ុន​ពុំ​បាន​បោកប្រាស់​លុយ​ពលរដ្ឋ​នោះ​ឡើយ ហើយ​ក្រុមហ៊ុន​នៅ​បន្ត​រកស៊ី ដោយ​មាន​អ្នក​ចូលរួម​ភាគហ៊ុន​ប្រមាណ​៧០​នាក់ សរុប​ទឹកប្រាក់ ១.៧​លាន​ដុល្លារ​។ លោក​បន្ត​ថា ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឱ្យ​គម្រោង​រង​ផល​ប៉ះពាល់ នាំ​ឱ្យ​អ្នក​វិនិយោគ ៥៦​នាក់ ទទួល​យក​ការ​ដោះដូរ​យក​ដី ជំនួស​ឱ្យ​ប្រាក់​ដើម​ដែល​បាន​ចូលរួម​វិនិយោគ​។

ទោះជា​បែប​នេះ​ក្ដី ពលរដ្ឋ​ដែល​ព្រម​ទទួល​យក​ការ​ដោះដូរ​យក​ដី ជំនួស​ឱ្យ​ប្រាក់​ដើម​អះអាង​ថា ដី​ឡូត៍​ដែល​លោក សោម សុធា សន្យា​កាត់​ឱ្យ​នោះ គឺ​ជា​ការ​បោកប្រាស់ ដែល​នេះ មាន​ន័យ​ថា ក្រុមហ៊ុន​បាន​បោកប្រាស់​ពលរដ្ឋ ដល់​ទៅ​ពីរ​លើក​។

ចំណែក​ឯ​ជំនួយការ​ផ្ទាល់​របស់ លោក ហ៊ុន សែន គឺ​លោក ដួង តារា ក៏​បាន​បង្ហោះ​​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប នោះ​ទេ ដោយ​កន្លង​មក​ក្រុមហ៊ុន​នេះ ធ្លាប់​អញ្ជើញ​លោក​ទៅ​ចូលរួម ចែក​​ស្បៀង​អាហារ​ជូន​ពលរដ្ឋ​ក្រីក្រ​តែ​ប៉ុណ្ណោះ​។

ទោះជាយ៉ាងណា មាន​រូបភាព​ជាច្រើន​ដែល​បង្ហាញ​ពី​លោក ដួង តារា មាន​​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ភូមិ​ខ្មែរគ្រុប មិន​តែ​ប៉ុណ្ណោះ លោក​បាន​ចេញ​មុខ​ការពារ​​ម្ចាស់​ក្រុមហ៊ុន​ភូមិខ្មែរគ្រុប ថា ជា​អ្នក​វិនិយោគ​ស្អាតស្អំ ទោះបីជា​ក្រុមហ៊ុន​នេះ បាន​​យក​លុយ​ពី​ពលរដ្ឋ​ដោយ​គ្មាន​សំណង​វិញ​ក៏ដោយ​។

លោក ដួង តារា៖ «អ៊ីចឹង ខ្ញុំ​មក​ថ្ងៃ​នេះ ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ។ ហើយ​បងប្អូន អាច​ថតរូប​ជាមួយ​ខ្ញុំ អាច​ទុក​ថា បើ​ខ្ញុំ​ទិញ​របស់​នៅ​ទីនេះ បើ​មិន​បាន​ទេ គឺ​ឯកឧត្ដម ដួង តារា អ្នកធានា គឺ​ខ្ញុំ​ធានា​ជូន​បងប្អូន។ គឺ​ក្រុមហ៊ុន​នេះ គឺ​មិន​រកស៊ី​បោកប្រាស់​ជាមួយ​បងប្អូន​អតិថិជន​នៅ​ខេត្ត​ស្វាយរៀង​នោះ​ទេ​»​

ដោយឡែក ប្អូនប្រុស​របស់​លោក ដួង តារា គឺ​លោក ដួង វីរ៉ាត់ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក ដោយ​ទទួលស្គាល់​ថា លោក​មាន​ភាគហ៊ុន នៅ​ក្នុង​ក្រុមហ៊ុន​ភូមិខ្មែរគ្រុប​ដែរ។ ក្នុង​នោះ លោក​ក៏​បាន​ថ្លែង​ការពារ​លោក សោម សុធា ដោយ​ចោទប្រកាន់​ទៅ​លើ​ម្ចាស់​ភាគហ៊ុន​ដទៃ​ថា​ ជា​អ្នក​បង្ករឿង​នៅ​ពីក្រោយ។

ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មានប្រសាសន៍ថា រដ្ឋាភិបាល​គួរតែ​បើក​ការ​ស៊ើបអង្កេត និង​ដោះស្រាយ​បញ្ហា​នេះ ឱ្យ​បាន​ឆាប់រហ័ស ព្រោះ​ករណី​ឆបោក​នេះ មិនមែន​ជា​រឿង​តូចតាច​ឡើយ ព្រោះ​បើ​រដ្ឋាភិបាល នៅតែ​ពន្យារពេល​តទៅទៀត នោះ​នឹង​ធ្វើ​ឱ្យ​អ្នក​ពាក់ព័ន្ធ មាន​ឱកាស​បង្វិល​សាច់ប្រាក់ ឬ​ផ្ទេរ​កម្មសិទ្ធិ ទៅ​បុគ្គល​ផ្សេង ឬ​រក​អ្នក​ទទួលទោស​ជំនួស​ជាដើម។

លោក រស់ សុដ្ឋា៖ «ហើយ​មួយទៀត ប្រជាពលរដ្ឋ​មួយ​ចំនួន ក៏​លែង​មាន​ជំនឿ​ទុកចិត្ត ទៅលើ​អាជ្ញាធរ ក៏​ដូចជា​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ផង​ដែរ»។

យ៉ាងណា​ក៏ដោយ​ចុះ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ការ​ឆបោក​របស់​ក្រុមហ៊ុន​ភូមិខ្មែរគ្រុប អះអាង​ថា ការ​ដែល​ពួកគាត់​ទុកចិត្ត​ដាក់​លុយ​រាប់​ម៉ឺន​ដុល្លារ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​នេះ គឺ​ដោយសារ​មាន​មន្ត្រី​រដ្ឋបាល​ខេត្ត និង​ទីប្រឹក្សា​អតីត​នាយករដ្ឋមន្ត្រី​ចេញមុខ​មក​ឡង់សេ​ឱ្យ​ក្រុមហ៊ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។