សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី ទាមទារ​យុត្តិធម៌​ករណី​អាជ្ញាធរ​ដុត​ផ្ទះ​ពលរដ្ឋ ២ខ្នង និង​វិហារ ១ខ្នង

ដោយ មាន ឫទ្ធិ
2024.03.26
សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី ទាមទារ​យុត្តិធម៌​ករណី​អាជ្ញាធរ​ដុត​ផ្ទះ​ពលរដ្ឋ ២ខ្នង និង​វិហារ ១ខ្នង ទិដ្ឋភាពអាជ្ញាធរខេត្តមណ្ឌលគិរី ដុតផ្ទះចម្ការរបស់ជនជាតិដើមភាគតិច ក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៩ មីនា ២០២៤។
រូប​៖ សហគមន៍ផ្តល់ឱ្យ

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ចំនួន ៧​ភូមិ រស់​នៅ​ខេត្ត​មណ្ឌលគិរី​ ទាមទារ​រក​យុត្តិធម៌ ករណី​អាជ្ញាធរ​ខេត្ត​នេះ បាន​ដុត​បំផ្លាញ​ផ្ទះ​ចាំ​ចម្ការ​របស់​ពលរដ្ឋ​អស់ ២​ខ្នង និង​ដុត​វិហារ​សាសនា​គ្រិស្ត ១​ខ្នង​ទៀត ។

ពួកគាត់​អះអាង​ថា ចំណាត់ការ​របស់​អាជ្ញាធរ​ខ្វះ​តម្លាភាព​ និង​បំពាន​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ដែល​ប្រើ​ប្រាស់​ដីធ្លី ធនធាន​ធម្មជាតិ​តាម​បែប​ប្រពៃណី។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​ទាំង​នោះ រស់​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី កំពុង​ពិភាក្សា​គ្នា ករណី​អាជ្ញាធរ​ដុត​បំផ្លាញ​ផ្ទះ​ចាំ​ចម្ការ​របស់​ពលរដ្ឋ ២​គ្រួសារ និង​វិហារ​សាសនា​គ្រឹះ ​១ ខ្នង​ទៀត ដោយ​ចោទ​ពលរដ្ឋ​ថា សាងសង់​លើ​ដី​ព្រៃ​អភិរក្ស​ខុស​ច្បាប់។

ប្រជា​សហគមន៍​ថា អាជ្ញាធរ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​តែ​ពលរដ្ឋ​តូចតាច​ តែ​មិន​ហ៊ាន​ស៊ើប​អង្កេត និង​អនុវត្ត​ច្បាប់ លើ​បុគ្គល​មាន​លុយ​មាន​អំណាច ​រួម​ទាំង​អាជ្ញាធរ​ខិលខូច ដែល​គប់គិត​គ្នា រំលោភ​បំពាន​ដី​ព្រៃ​អភិរក្ស​ ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ​ខុសច្បាប់​នោះ​ទេស។

ពលរដ្ឋ.jpg
ជនជាតិដើមភាគតិចជួបជុំគ្នា ជជែកពិភាក្សារឿងអាជ្ញាធរដុតផ្ទះចម្ការ និងចាប់ខ្លួនពលរដ្ឋ កាលពីថ្ងៃទី២៤ ខែ​មីនា ២០២៤។ រូប៖ សហគមន៍ផ្តល់ឱ្យ

តំណាង​សហគមន៍​ជាតិ​ដើម​ភាគ​តិច​ព្នង​ឃុំ​ប៊ូស្រា លោក ក្លាង ថូល ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​​ថ្ងៃ​ទី ២៥ មីនា ថា អាជ្ញាធរ​បាន​ទៅ​ដុត​បំផ្លាញ​ផ្ទះ​ចម្ការ​របស់​ពលរដ្ឋ ២​ខ្នង ដោយ​ចោទ​អ្នកភូមិ​ថា សាងសង់​ផ្ទះ ក្នុង​តំបន់​ការពារ​ធម្មជាតិ។

លោក​ថា ជនជាតិ​ដើម​ភាគ​តិច​មាន​ទម្លាប់​ធ្វើ​ចម្ការ​វិល​ជុំ​ និង​សង់​ផ្ទះ​ចាំ​ចម្ការ​ក្នុង​ព្រៃ​តាំង​ពី​ដើម​រៀង​មក អាជ្ញាធរ​គួរតែ​ជូន​ដំណឹង​ប្រាប់​ពលរដ្ឋ​ជា​មុន មិន​គួរ​ទៅ​ដុត​បំផ្លាញ​ដូច្នេះ​ទេ។

លោក ក្លាង ថូល៖ «មាន​លុយ​ណា​ទៀត ទិញ​ចាន​ឆ្នាំង សម្ភារៈ​ហ្នឹង ភួយ អង្ករ​ខោ​អាវ​ហ្នឹង​ មាន​លុយ​ណា​ទៀត ដំឡូង​អស់​ហើយ ស្អីៗ អស់​ដែរ។ អាហ្នឹង​ហើយ យើង​កំពុង​បាក់​ទឹក​ចិត្ត​ ទាមទារ​ឱ្យ​ពួក​គាត់​សង»

កាល​ពី​ថ្ងៃ​ទី១៩ មីនា អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​បង្កើត​ក្រុម​ការងារ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ ឋិត​ក្នុង​ស្រុក​ពេជ្រាដា និង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី។

ប្រធាន​ក្រុម​ការងារ​ដឹកនាំ​យុទ្ធនាការ​នេះ គឺ​អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក ងិន សុវិមាន និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ រួម​ទាំង​ស្នងការ​នគរបាល និង​កង​រាជ​អាវុធហត្ថ និង​តំណាង​អយ្យការ​ខេត្ត​មណ្ឌលគិរី។

នៅ​ថ្ងៃ​ទី១៩ មីនា ដដែល​នោះ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​ដុត​បំផ្លាញ​ផ្ទះ​ចាំ​ចម្ការ​របស់​ពលរដ្ឋ​ និង​ចាប់ខ្លួន​ពលរដ្ឋ​មួយ​ចំនួន​ដាក់​ពន្ធនាគារ ក៏​ប៉ុន្តែ​អាជ្ញាធរ​មិន​ទាន់​បង្ហាញ​តួលេខ​ជាក់​លាក់​ពី​លទ្ធផល នៃ​ការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ឡើយ​ទេ គិត​មក​ទល់​ពេល​នេះ។

ដុតផ្ទះ.jpg
ទិដ្ឋភាពអាជ្ញាធរខេត្តមណ្ឌលគិរី ដុតផ្ទះចម្ការរបស់ជនជាតិដើមភាគតិច ក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៩ មីនា ២០២៤។ រូប៖ សហគមន៍ផ្ដល់ឱ្យ

លើស​ពី​នេះ​ទៀត​អាជ្ញាធរ​បាន​ហាម​​ឃាត់​មិន​ឱ្យ អ្នក​ភូមិ​អាស្រ័យផល និង​ធ្វើ​ចម្ការ​ក្នុង​តំបន់​មួយ​ចំនួន ដោយ​លើក​ហេតុផល​ថា ​ពលរដ្ឋ​បាន​កាប់​រុករាន​ ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស​ខុសច្បាប់។

លោក ក្លាង ថូល បន្ថែម​ថា ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ០៧ ភូមិ​នឹង​លើក​គ្នា​តវ៉ា​ទ្រង់​ទ្រាយ​ធំ​នៅ​សាលា​ខេត្ត​មណ្ឌលគិរី  ប្រសិន​បើ​អាជ្ញាធរ​មិន​ទទួល​ខុស​ត្រូវ ករណី​ដុត​បំផ្លាញ​ផ្ទះ​របស់​ពលរដ្ឋ  រួម​ទាំង​វិហារ​សាសនា​គ្រិស្ត ១ខ្នង និង​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេលោក​ថា អាជ្ញាធរ​បាន​ចាប់​ខ្លួន​ពលរដ្ឋ ៦នាក់ ដោយ​ដោះលែង​វិញ​ ៤នាក់ និង ២នាក់​ផ្សេង​ទៀត ត្រូវ​ជាប់​ពន្ធនាគារ​ ដោយ​ចោទ​ពី​បទ​ឈូស​ឆាយ​ទន្ទ្រាន​ធនធាន​ធម្មជាតិ

លោក ក្លាង ថូល៖ «ពួកគាត់​មាន​បំណង​ដក​ហូត ដី​របស់​ពលរដ្ឋ​ ដើម្បី​ឱ្យ​ក្រុមហ៊ុន និង​ឧកញ៉ា ពួក​យើង​នឹង​តវ៉ា​ម្តង​ទៀត»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន និង​អ្នកនាំពាក្យ​សាលា​ខេត្ត​នេះ លោក ជាក់ ម៉េងហ៊ាង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៥ មីនា។

ថ្មីៗ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​ជូន​ដំណឹង​ស្ដីពី​ការ​ទប់ស្កាត់​ និង​បង្ក្រាប​ការ​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ។ ក្រសួង​រក​ឃើញ​ថា មាន​សកម្មភាព​កាប់​គាស់ រុករាន និង​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ បំពាន​នឹង​ច្បាប់​ដោយ​កំពុង​ប្រើប្រាស់​ដីធ្លី​ស្ថិត​ក្នុង​ដំណើរការ​នីតិ​វិធី​របស់​តុលាការ។

លោក អ៊ាង សុផល្លែត បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ច្បាប់ ឱ្យ​បាន​១០០ ភាគរយ​ ដោយ​គ្មាន​ការ​លើក​លែង និង​បញ្ចប់​វប្បធម៌​ធ្វើ​កិច្ច​សន្យា។ បន្ថែម​ពី​នេះ​ទៀត អាជ្ញាធរ​ត្រូវ​មោឃភាព​ចោល​រាល់​លិខិត​ស្នើ​សុំ​កាន់​កាប់​ដីធ្លី លិខិត​ផ្ទេរ​កាន់​កាប់ និង​លិខិត​ទិញ​លក់ ក្នុង​តំបន់​ការពារ​ធម្មជាតិ។

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ហាក់​រញ៉េរញ៉ៃ​ និង​គ្មាន​ប្រសិទ្ធភាព​យូរ​អង្វែង​នោះ​ទេ។ រីឯ​បុគ្គល​មាន​លុយ​មាន​អំណាច ដែល​ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស​ខុស​ច្បាប់​អាជ្ញាធរ​​មិន​ហ៊ាន​អនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព​គ្នា​នោះ​ទេ។

លោក ប៉ែន ប៊ុណ្ណារ៍ «អាជ្ញាធរ​ស្ថាប័ន​តុលាការ​ក៏​ដោយ​ ការ​ចាត់​វិធានការ​ធនធាន​ធម្មជាតិ គ្មាន​តម្លាភាព អ្នក​យក​ដី​ភ្នំ គ្មាន​ការ​បង្ក្រាប​ទេ។ បើ​បង្ក្រាប​គឺ​ត្រូវ​បង្ក្រាប​ទូទៅ​ឱ្យ​ស្មើ​ភាព​គ្នា»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា យុទ្ធនាការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​របស់​រដ្ឋាភិបាល មិន​មែន​ជា​រឿង​ថ្មី​ឡើយ​ដែល​អាជ្ញាធរ តែង​តែ​អនុវត្ត​ច្បាប់​តាម​តែ​បទ​បញ្ជា​ម្ដងម្កាល​រួច​ក៏​ស្ងាត់​ទៅ​វិញ។

ច្បាប់ស្ដីពីសិទ្ធិជនជាតិដើមភាគតិចមាត្រា១១ចែងថា ជន​ជាតិ​ដើម​មាន​សិទ្ធិ​ប្រតិបត្តិ និង​ធ្វើ​ឱ្យ​រស់​ឡើង​វិញ​នូវ​ប្រពៃណី ទំនៀម​ទម្លាប់ ជា​វប្បធម៌​របស់​ខ្លួន​រួមមាន ការ​ថែរក្សា​ការពារ​ និង​អភិវឌ្ឍន៍​អ្វី​ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​វប្បធម៌​ពី​អតីតកាល បច្ចុប្បន្ន អនាគត ដូចជា​តំបន់​បុរាណ​វិទ្យា និង​កន្លែង​ប្រវត្តិសាស្ត្រ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។