ខ្មែរ​ក្រោម​រីករាយ​ក្រោយ​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ ឈ្នះ​ពាន​លេខ​១ ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ភ្នំពេញ

ដោយ ខាន់ លក្ខិណា
2024.11.18
ខ្មែរ​ក្រោម​រីករាយ​ក្រោយ​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ ឈ្នះ​ពាន​លេខ​១ ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ភ្នំពេញ ទូកប្រណាំង​ក្នុង​ព្រះរាជពិធី​បុណ្យអុំទូក នៅមុខ​ព្រះបរមរាជវាំង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ វិច្ឆិកា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ទូក​ង​របស់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ឈ្មោះ«ខ្មែរ​កម្ពុជា​ ក្រោម​មាន​ជ័យ» ដណ្ដើម​បាន​ចំណាត់​ថ្នាក់​ផែន​លេខ១ ក្នុង​ការ​ប្រណាំង​ទូក​នៅ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នៅ​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃទី១៤ ដល់១៦ ខែ​វិច្ឆិកា ឆ្នាំ២០២៤នេះ។ នេះ​ជា​លើក​ទី១ ដែល​ទូក​ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ​ឈ្នះ​ជ័យ​លាភី​ លេខ១ ចាប់​តាំង​ពី​ឆ្នាំ​២០០២ មក។

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ត្រេកអរ ក្រោយ​ពី​ទូក​ង​ខ្មែរ​កម្ពុជា​ក្រោម ឈ្នះ​ពាន​រង្វាន់​លេខ​១ ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ភ្នំពេញ ក្នុង​ឆ្នាំ​នេះ ដែល​បង្ហាញ​ពី​ ការ​ប្រឹងប្រែង​តស៊ូ រក្សា​អត្តសញ្ញាណ​វប្បធម៌ និង​កិតិ្តសព្ទ​ខ្មែរ​កម្ពុជា​ក្រោម ឱ្យ​កាន់​តែ​លេច​ត្រដែត​ឡើង។

ប្រធាន​ស្តីទី​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ប្រធាន​គណៈកម្មការ​ទូក​ង​ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ​លោក ញឹម រិទ្ធី លើក​ឡើង​ថា ទូក«ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ»កសាង​ឡើង​តាំង​ពី​ឆ្នាំ២០០២ ក្រោម​ការ​គ្រប់គ្រង​របស់​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​វត្ត​សាមគ្គី​រង្សី រាជធានី​ភ្នំពេញ ហើយ​ទូក​នេះ ដំបូង​ឡើយ​កសាង​ក្នុង​ខ្នាត​វែង ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ថ្នាក់​ជាតិ តែ​ប្ដូរ​មក​ខ្នាត​ខ្លី​ចំណុះ ២២ នាក់​វិញ នៅ​ឆ្នាំ២០០៥។

លោក​ថា ទូកង«ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ» ចូលរួម​ប្រកួត​តំណាង​ឱ្យ​ខ្មែរ​កម្ពុជា​ក្រោម​ទូទៅ និង ដណ្ដើម​បាន​ជោគជ័យ​ផែន​លេខ១ នៅ​ឆ្នាំ២០២៤នេះ ដោយ​ ឈ្នះ​ទាំង៣ថ្ងៃ​ជាប់ៗ​គ្នា ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម រីករាយ​ក្រៃលែង​ចំពោះ​ជ័យជម្នះ​ដ៏​មាន​កិត្តិយស​នេះ។

លោក ញឹម រិទ្ធី៖ «គឺ​៣ ថ្ងៃ​ប្រកួត​ជាប់​ហ្នឹង គឺ​យើង​ឈ្នះ​ទាំង ៣ ថ្ងៃ អ៊ីចឹង បាន​យើង​គណៈកម្មការ​បុណ្យ​ជាតិ​ហ្នឹង លោក​ផ្ដល់​ជា​ចំណាត់​ថ្នាក់​លេខ ១ តំណាង​ពួក​ខ្នាត​អន្តរជាតិ​ជ័យជម្នះ។ អ៊ីចឹង​មាន​តែ​ទូក​យើង​មួយ​ទេ ដែល​ទទួល​បាន​ពាន​ឆ្នាំ​នេះ ពី​ព្រះមហាក្សត្រ»

លោក ញឹម រិទ្ធី លើកឡើង ថា កន្លងមក គណៈកម្មការ​គ្រប់គ្រង​ទូក​ពិបាក​រក​ជំនួយ ​ជ្រោមជ្រែង​ឱ្យ​ទូក​ង«ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ» បាន​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ​ម្ដងៗ ប៉ុន្តែ​ឆ្នាំ​នេះ បាន​ការ​ឧបត្ថម្ភ​ខ្លះ​ដែរ ពី​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន។ លោក ថា ទូក​នេះ អុំ​ដោយ​កម្លាំង​ចម្រុះ​ខ្មែរ គឺ​ខ្មែរ​កម្ពុជា​ក្រោម និង​ខ្មែរ​កណ្ដាល​រួម​គ្នា។

លោក ញឹម រិទ្ធី៖ «ទិស​ដៅ​និង​គោល​បំណង​របស់​យើង​គឺ​ចង់​ចូលរួម​ជាមួយ​គណៈកម្មការ​បុណ្យ​ជាតិ​ហ្នឹង ខាង​ខ្មែរ​ក្រោម​ហ្នឹង គឺ​យើង​រួម​ចំណែក​ឬ​មួយ​យើង​​ចូលរួម ដើម្បី​យើង​ពង្រឹង​លើក​ស្ទួយ​អំពី​វប្បធម៌ ប្រពៃណី​របស់​ខ្មែរ បាន​ធ្វើ​ឱ្យ​ពិភព​លោក​និង​ខ្មែរ​យើង​នៅ​ស្រុក​ខ្មែរ​គឺ​ខ្មែរ​កណ្ដាល​ហ្នឹង ដឹង​ឮ​ថា​មាន​ខ្មែរ​ក្រោម​បាន​មក​ចូលរួម​អី​អ៊ីចឹង»

ព្រះសង្ឃ​ខ្មែរ​ក្រោម​គង់​នៅ​វត្ត​សាមគ្គី​រង្សី ព្រះតេជព្រះគុណ សិរី វឌ្ឃនៈ មាន​ដីកា​ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៧ ខែ​វិច្ឆិកា ថា ព្រះអង្គ​រំភើប​ដែល​ទូក​ង​តំណាង​ ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឈ្នះ​លេខ១ និង​បាន​កិត្តិយស​ទទួល​ពាន​ពី​ ព្រះមហាក្សត្រ ដែល​បង្ហាញ​ភាព​លេច​ត្រដែត​នូវ​ការ​ប្រឹងប្រែង​រក្សា​អត្តសញ្ញាណ វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​ឃើញ។

ព្រះតេជព្រះគុណ សិរី វឌ្ឃនៈ មាន​ដីកា​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិស​ទី​ ចាប់​អារម្មណ៍ លើ​ការ​ពង្រឹង​វិស័យ​វប្បធម៌ ដែល​ព្រះអង្គ​ពន្យល់​ថា ការ​លេច​ឈ្មោះ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កូន​ខ្មែរ និង​ពិភព​លោក នៅ​តែ​ស្គាល់​ទឹក​ដី​កម្ពុជា​ក្រោម គឺ​​ដោយសារ ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ការពារ​វត្ត​អារាម សាសនា និង​រក្សា​ប្រពៃណី​ពូជសាសន៍​ខ្មែរ ដូច​ជា​បុណ្យ​អុំ​ទូក​នេះ​ជា​ដើម។

ព្រះតេជព្រះគុណ សិរី វឌ្ឃនៈ៖ «គឺ​លើក​ស្ទួយ​កិត្តិនាម​ពាក្យ​ថា កម្ពុជា​ក្រោម​ឱ្យ​ខ្មែរ​ក្រោម ជា​ពិសេស​ខ្មែរ​ក្រោម​នៅ​ដែន​ដី​កម្ពុជា​ក្រោម គឺ​គាត់​បាន​លឺ​តាម​រយៈ​ទូរទស្សន៍​ផ្សាយ​តាម​រយៈ​សារព័ត៌មាន​ផ្សាយ ពី​សារព័ត៌មាន​ផ្សេងៗ និង​តាមរយៈ​ផេក​របស់​សមាគម​ជា​ច្រើន​ធ្វើ​ឱ្យ​ខ្មែរ​ក្រោម​នៅ​ទី​នោះ គាត់​ដឹង​យើង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​តស៊ូ»

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះរាជពិធី​បុណ្យ​អុំទូក​ថ្ងៃទី១៦ ខែ​វិច្ឆិកា ព្រះមហាក្សត្រ​បាន​ប្រទាន​ពាន​រង្វាន់ និង​ប្រាក់​ឧបត្ថម្ភ​ដល់​ទូក​ផែន​លេខ១ មាន​ចំនួន ៥ទូក ដែល​នៅ​ក្នុង​នោះ​ទូក​ង «ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ» របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទទួល​ បាន​ចំណាត់​ថ្នាក់​ផែន​លេខ១ សម្រាប់​ទូក​ខ្នាត​អន្តរជាតិ​បុរស។

ក្រៅ​ពី​មាន​ទូក​ង «ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ» របស់​ខ្មែរ​ក្រោម ចូលរួម​ប្រកួត​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ប្រពៃណី​ជាតិ​ខ្មែរ នៅ​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម ក៏​បាន​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​បណ្ដែត​ប្រទីប សំពះព្រះខែ និង​អក​អំបុក នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម​ដែរ ដើម្បី​រក្សា​វប្បធម៌​និង​ប្រពៃណី​ខ្មែរ។

ខុស​ពី​នៅ​ប្រទេស​កម្ពុជា ដែល​ទូក​ភាគ​ច្រើន សម្បូរ​ដាក់​ឈ្មោះ​ភ្ជាប់​ងារ ឬ​ក៏​នាម អ្នក​ដឹក​នាំ​កំពូលៗ​នៃ​គណបក្ស​កាន់​អំណាច​នោះ ទូក​ង​នៅ​ទឹក​ដី​កម្ពុជា​ក្រោម ត្រូវ​បាន​ព្រះសង្ឃ​ដាក់​នាម​តាម​ឈ្មោះ​វត្តឬ​ឈ្មោះ​ស្រុកឬ​ឈ្មោះ​ខេត្ត​នៅ​កម្ពុជាក្រោម

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។