ក្រុម​មេធាវី​ការពារ​តំណាង​សហជីព​ ៩​នាក់​ ប្ដឹង​ទាស់​ដីកា​ឃុំ​ខ្លួន​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ

ដោយ ឡេង ម៉ាលី
2022-01-14
Share
ក្រុម​មេធាវី​ការពារ​តំណាង​សហជីព​ ៩​នាក់​ ប្ដឹង​ទាស់​ដីកា​ឃុំ​ខ្លួន​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ បុគ្គលិក​កម្មករ​ណាហ្គាវើលដ៍ (Nagaworld) បន្ត​ធ្វើ​កូដកម្ម​ ចូល​ដល់​ថ្ងៃ​ទី២៨ នៅ​ថ្ងៃ​ទី១៤ ខែមករា ឆ្នាំ២០២២ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​តំណាង​សហជីពរបស់​ពួក​គាត់ ៨នាក់ និង​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​ពួក​គាត់​ជាង ៣០០នាក់ ចូល ធ្វើការ​វិញ។
រូប៖ ពលករផ្ដល់ឱ្យ

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​តំណាង​សហជីព​ ៩​នាក់​នៃ​កម្មករ​ណាហ្គាវើលដ៍ (Nagaworld) ដាក់​ពាក្យ​ប្ដឹង​ទាស់​នឹង​ដីកា​ឃុំ​ខ្លួន​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទៅ​សាលា​ឧទ្ធរណ៍​ ដើម្បី​ស្នើ​សុំ​ឲ្យ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ ដោះលែង​អ្នក​ទាំង​អស់​នោះ​ឲ្យ​មាន​សេរីភាព​វិញ។ ស្រប​គ្នា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក៏​បន្ត​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ស្នើ​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បំបិទ​សំឡេង​របស់​សហជីព​ឯករាជ្យ នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍។

ក្រុម​មេធាវី​ដែល​ទទួល​បាន​សិទ្ធិ​ការពារ​ក្ដី​ឲ្យ​សហជីព ៩នាក់ បាន​ដាក់​បណ្ដឹង​ទាស់​ដីកា​ឃុំ​ខ្លួន​របស់​ចៅ​ក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ ជូន​សភា​ស៊ើបសួរ​នៃ​សាលា​ឧទ្ធរណ៍​រួច​ហើយ កាល​ពី​ថ្ងៃ​ទី១០ មករា ប៉ុន្តែ​មក​ដល់​ពេល​នេះ ក្រុម​មេធាវី​នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​អំពី​កាល​បរិច្ឆេទ​បើក​សវនាការ​ជំនុំជម្រះ​រឿង​នេះ​នៅ​ឡើយ​ទេ។

មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​ដទៃ​ទៀត​ដែល​ការពារ​ក្ដី​ជូន​ក្រុម​សហជីព​ដែល​កំពុង​ជាប់ឃុំ គឺ​លោក សំ ចំរើន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៤ មករា មូល​ហេតុ​នៃ​ការ​ដាក់ពាក្យ​បណ្ដឹង ទៅ​សាលា​ឧទ្ធរណ៍​ ស្នើ​ឲ្យ​តុលាការ​ពិនិត្យមើល​សំណុំ​រឿង​នេះ ដោយ​សារ​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​មក​លើ​កូន​ក្ដី​លោក គឺ​មិន​មាន​ភាព​ស៊ី​សង្វាក់​គ្នា​រវាង​អង្គ​ហេតុ និង​អង្គច្បាប់«យើង​គ្រាន់​តែ​យល់​ថា ផ្អែក​តាម​អង្គហេតុ​ដែល​យើង​តាមដាន​កន្លង​មក សិទ្ធិ​សម្ដែង​មតិ ​សិទ្ធិ​ធ្វើ​កូដកម្ម​ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ការងារ ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន វា​ជា​ការ​អនុវត្ត​ច្បាប់​មួយ​ដែល​លើស​ពី​ភាព​ចាំបាច់ ហួស​ពី​ភាព​ចាំបាច់»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​មន្ត្រី​សាលាឧទ្ធរណ៍​ភ្នំពេញ លោក ជូ ប៊ុនរីន បាន​ទេ នៅ​ថ្ងៃ​ទី១៤ មករា។

ទន្ទឹម​គ្នា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​រឿង​នេះ បន្ត​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ស្នើ​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បំបិទ​សំឡេង​របស់​សហជីព​ឯករាជ្យ នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាប់​ឃុំ​ខ្លួន​តំណាង​សហជីព​ទាំង​អស់​នេះ គឺ​មិន​អាច​ដោះស្រាយ​បញ្ចប់​វិវាទ​ជាមួយ​ក្រុមហ៊ុន​បាន​ទេ ហើយ​ក៏​មិន​អាច​បំបាក់​ស្មារតី​ដល់​ក្រុម​កម្មករ​និយោជិត​ឲ្យ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​បាន​ដែរ។

លោក​យល់​ថា ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ក្នុង​រឿង​នេះ ទាល់​តែ​មាន​ការ​ដោះលែង​តំណាង​សហជីព​ ៨​នាក់​នោះ​ ហើយ​ឲ្យ​ពួកគាត់​ចូល​តុ​ចរចា​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​និង​ក្រសួង​ការងារ​ ដើម្បី​បិទ​បញ្ចប់​វិវាទ​ការងារ​រ៉ាំរ៉ៃ​មួយ​នេះ«ដើម្បី​បញ្ចប់​ឲ្យ​បាន​ឆាប់ ខ្ញុំ​គិត​ថា​ការ​ដោះលែង​អ្នក​ទាំង ៨នាក់​ហ្នឹង​ ឲ្យ​បាន​លឿន ហើយ​ងាក​ទៅ​រក​ការ​ចរចា​ឲ្យ​បាន​លឿន​ នោះ​បញ្ហា​នឹង​អាច​ដោះ​ស្រាយ​បាន​លឿន​ដែរ។ ហើយ​បើ​មិន​អ៊ីចឹង​ទេ បញ្ហា​នេះ នឹង​អាច​រីក​រាលដាល​កាន់​តែ​ធំ​ទៅ»

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ​និង​សមាជិក​សហជីព ៧នាក់​ទៀត ក្នុង​ពន្ធនាគារ​ព្រៃស ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ គិត​មក​ដល់​ពេល​នេះ ពួកគេ​មួយ​ចំនួន​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈ​ពេល ១៥ថ្ងៃ​មក​ហើយ។

ក្រុម​កម្មករ​ដែល​នៅ​ធ្វើ​កូដកម្ម​ក្បែរ​ស្ថានទូត​អូស្ត្រាលី អះអាង​ថា ពួកគាត់​នៅ​តែ​រួម​គ្នា​តវ៉ា​ដោយ​សន្តិវិធី​រហូត​ដល់​មាន​ការ​ដោះ​លែង​តំណាង​ពួក​គាត់​ត្រឡប់​មក​វិញ ហើយ​ក្រុមហ៊ុន​ត្រូវ​ទទួល​យក​កម្មករ​ជាង ៣រយ​នាក់​ចូល​ធ្វើ​ការ​វិញ។ គិត​មក​ដល់​ពេល​នេះ ការ​ធ្វើ​កូដកម្ម​របស់​ពួក​គេ មាន​រយៈ​ពេល ២៨ថ្ងៃ​ហើយ។

អង្គការ​ជាតិ និង​អន្តរជាតិ​ ផ្នែក​សិទ្ធិមនុស្ស​និង​សិទ្ធិ​ការងារ​ ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​តំណាង​សហជីព​ ៨​នាក់​ឲ្យ​មាន​សេរីភាព​វិញ​ ជាបន្ទាន់​និង​គ្មាន​លក្ខខណ្ឌ ហើយ​ជំរុញ​ឱ្យ​ក្រសួង​ការងារ​បន្ត​ដោះស្រាយបញ្ហា​នេះ​ដោយ​ឈរ​លើ​គោល​ការណ៍​ច្បាប់​ និង​ភាព​ស្មោះ​ត្រង់ ទើប​វិវាទ​ការងារ​មួយ​នេះ អាច​បញ្ចប់​ទៅ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល