អ្នកជំនាញផ្នែកច្បាប់ទាមទារឲ្យអាជ្ញាធរទទួលខុសត្រូវលើករណីលិចទូកបណ្ដាលឲ្យកុមារីម្នាក់ស្លាប់នៅខេត្តកំពង់ធំ

ដោយ មាន ឫទ្ធិ
2024.06.09
អ្នកជំនាញផ្នែកច្បាប់ទាមទារឲ្យអាជ្ញាធរទទួលខុសត្រូវលើករណីលិចទូកបណ្ដាលឲ្យកុមារីម្នាក់ស្លាប់នៅខេត្តកំពង់ធំ ទូកចម្លងដឹកសិស្ស អនុវិទ្យាល័យចំនួន១៥នាក់ បានលិចអំឡុងពេលឆ្លងស្ទឹងសែន ស្ថិតនៅភូមិគ្រួសស ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុក

អ្នកជំនាញ​ផ្នែក​ច្បាប់​ទាមទារ​ឲ្យ​អាជ្ញាធរ​ទទួល​ខុសត្រូវ ករណី​លិច​ទូក​ចម្លង​ដឹក​សិស្ស​សាលា​មួយ​គ្រឿង​នៅ​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី៨ មិថុនា បណ្ដាល​ឲ្យ​កុមារី​ជា​សិស្ស​សាលា​ម្នាក់​ស្លាប់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ទទូច​ដល់​រដ្ឋាភិបាល ឲ្យ​រឹត​បន្តឹង​ការ​គ្រប់គ្រង​សុវត្ថិភាព​របស់​ទូកចម្លង និង​សាងសង់​សាលា​នៅ​តាម​ត្រើយ​ម្ខាងៗ ដែល​មាន​ទឹក ដើម្បី​ជៀសវាង​គ្រោះ​ថ្នាក់​បណ្ដាល​មក​ពី​ការ​លិច​ទូក​ចម្លង។

បន្ទាប់​ពី​មាន​ករណី​លិច​ទូក​ចម្លង​សិស្ស​សាលា​ថ្មីៗ​នេះ អ្នកជំនាញ​ផ្នែក​ច្បាប់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា អាជ្ញាធរ​គួរ​តែ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ករណី​គ្រោះ​ថ្នាក់​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​ជន​ស្លូត​ត្រង់ ដោយ​សារ​កង្វះ​ការ​គ្រប់គ្រង​ប្រព័ន្ធ​សុវត្ថិភាព និង​ឧបករណ៍​ជួយ​សង្គ្រោះ​បឋម​ជាដើម។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី០៩ ខែ​មិថុនា​ថា អាជ្ញាធរ​មូលដ្ឋាន មាន​មេភូមិ មេឃុំ ចៅហ្វាយស្រុក និង​អភិបាល​ខេត្ត ត្រូវ​តែ​មាន​ទំនួល​ខុសត្រូវ​លើ​ករណី​នេះ ដោយសារ​តែ​អ្នក​ទាំង​នោះ ត្រូវ​បាន​ពលរដ្ឋ​បោះឆ្នោត ផ្ដល់​សេចក្ដី​ទុកចិត្ត​ឲ្យ​មើល​ការ​ខុសត្រូវ​របស់​ពួកគេ។

លោក វ៉ន ចាន់ឡូត៖ «អ្វី ដែល​យើង​ចង់​ឃើញ គឺ​យើង​មិន​ចង់​ឃើញ​ការ​ដោះសា លេស ហើយ​ទម្លាក់​កំហុស​ទៅ​កាន់​ប្រជាពលរដ្ឋ​ទេ គឺ​យើង​ចង់​ឃើញ​អាជ្ញាធរ​គាត់​មាន​ការ​ទទួលខុសត្រូវ​នៅ​ក្នុង​មុខ​នាទី​របស់​ខ្លួន ហើយ​បើ​អាច​ទេ​គួរ​តែ​សុំ​ចុះ​ចេញ​ពី​តំណែង​តែ​ម្ដង​ទៅ ពីព្រោះ​នៅ​ពេល​ដែល​ពលរដ្ឋ​ម្ចាស់​ឆ្នោត​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​មក​ដឹកនាំ​គ្រប់​គ្រង​មើល​ការ​ខុសត្រូវ ហើយ​និង​ជួយ​សម្រួល​ទៅ​ដល់​ការ​រស់នៅ ឬ​ក៏​ស្ថានភាព​សព្វ​បែប​យ៉ាង​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ​បែរ​ជា​អាជ្ញាធរ​ទាំង​អស់​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ទេ»

កាល​ពី​ថ្ងៃ​ទី០៨ មិថុនា ទូក​ចម្លង​មួយ​គ្រឿង បាន​មក​ដឹក​សិស្សានុសិស្ស​នៅ​អនុវិទ្យាល័យ​ឈូក​ចំនួន​១៥​នាក់ ស្ថិត​នៅ​ភូមិ​គ្រួសស ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ  និង​បាន​លិច​ចូល​ទៅ​ក្នុងទឹក​ ពេល​ទូក​ចម្លង​កំពុង​​ឆ្លង​ដង​ស្ទឹង​សែន​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត។

អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវ​ការ​កាល​ពី​យប់​ថ្ងៃទី ០៨ មិថុនា​ថា តាម​របាយការណ៍​របស់​សមត្ថកិច្ច ករណី​លិច​ទូក​ចម្លង​នោះ គឺ​ដោយសារ​តែ​ទូក​តូច​ផ្ទុក​មនុស្ស​ច្រើន​លើស​ចំណុះ។ ប្រភព​ដដែល​បញ្ជាក់​ថា អាជ្ញាធរ​បាន​ឃាត់ខ្លួន​ម្ចាស់​ទូកចម្លង​ម្នាក់ គឺ​អ្នកស្រី សឿ យូន នៅ​ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ។

ទោះជា​យ៉ាង​ណា ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ករណី​លិច​ទូក​បណ្ដាល​ឲ្យ​កុមារី​ជា​សិស្ស​សាលា​ម្នាក់​បាត់បង់​ជីវិត​ជា​រឿង​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ ហើយ​កន្លង​ទៅ​ក៏​ធ្លាប់​មាន​ករណី​លិច​ទូក​ចម្លង​បែប​នេះ ជា​បន្តបន្ទាប់​មក​ហើយ។  លោក​បន្ថែម​ថា អាជ្ញាធរ​គួរ​តែ​រឹត​បន្តឹង ការ​គ្រប់គ្រង​ប្រព័ន្ធ​សុវត្ថិភាព ការ​ផ្ទុក​ចំនួន​មនុស្ស និង​ឧបករណ៍​ការពារ​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ។ ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​សាងសង់​សាលា​រៀន នៅ​តាម​ត្រើយ​ម្ខាងៗ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់ បណ្ដាល​មក​ពី​ការ​ជិះ​ទូក​ចម្លង។

លោក យង់ គឹមអេង៖ «រដ្ឋ​គួរតែ​ពិនិត្យ​ពិចារណា​ធ្វើ​យ៉ាង​ម៉េច ធ្វើ​សាលា​ឲ្យ​បាន​កៀក​ផ្ទះ​របស់​ពួកគាត់ កៀក​ភូមិ​របស់​ពួកគាត់ កុំ​ឲ្យ​ពួកគាត់​ធ្វើដំណើរ កាត់​បន្ថយ​ហានិភ័យ គឺ​អាច​ធ្វើ​សាលា​ដែល​នៅ​ក្នុង​ភូមិ អាច​បម្រើ​ដល់​សិស្ស​អាច​ទៅ​រៀន​បាន កុំ​ឲ្យ​គ្នា​ជួប​រឿង​រ៉ាវ​បែប​នេះ»

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អភិបាល​ខេត្ត​កំពង់​ធំ លោក ងួន រតនៈ ដើម្បី​សុំ​ការ​ឆ្លើយ​តបការ​លើកឡើង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​០៩ មិថុនា ដោយ​ទូរស័ព្ទ​ចូល​ច្រើន​ដង​តែ​គ្មាន​អ្នកទទួល។ ចំណែក​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ក៏​វិទ្យុអាស៊ីសេរី មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ករណី​លិច​ទូក​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​បែប​នេះ បាន​កើត​ឡើង​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ប៉ុន្តែ​រដ្ឋាភិបាល ហាក់​មិន​បាន​ចាត់​ឲ្យ​មាន​វិធានការ​ទប់​ស្កាត់​រឿង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ ដោយ​បណ្តោយ​ឲ្យ​ទូក​ចម្លង ដែល​គ្មាន​ប្រព័ន្ធ​សុវត្ថិភាព​នៅ​បន្ត​ដំណើរ​ការ​ដដែល។

ជាក់​ស្ដែង​ដូច​ករណី ទូក​ដ​ខ្នាត​តូច​សម្រាប់​ចម្លង​ប្រជាពលរដ្ឋ​ពី​ភូមិ​កំពង់​ពោធិ និង​ភូមិ​អំពិល​ទឹក ទៅ​ភូមិ​កោះ​ចំរើន ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្ត​កណ្ដាល បាន​លិច និង​បណ្តាល​ឱ្យ​សិស្ស​១១​នាក់​បាន​ស្លាប់ កាល​ពី​យប់​ថ្ងៃទី១៣ តុលា ឆ្នាំ​២០២២ ។ លើស​ពី​នេះ នៅ​ពេល​មាន​ហេតុការណ៍​កើត​ឡើង គេ​សង្កេត​ឃើញ​ថា អាជ្ញាធរ ហាក់​យឺត​យ៉ាវ​គ្មាន​ជំនាញ និង​គ្មាន​ឧបករណ៍​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​សង្គ្រោះ​ឡើយ ដោយ​ភាគ​ច្រើន​បាន​ត្រឹម​តែ​ឈរ​មើល​មុខ​គ្នា រង់ចាំ​ទទួល​សាកសព។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នកជំនាញ​ផ្នែក​ច្បាប់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល នៅ​តែ​ទទូច​ដល់​អាជ្ញាធរ​ទទួល​ខុសត្រូវ​ចំពោះ​ហេតុការណ៍​លិច​ទូក បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស ដោយ​សារ​កង្វះ​ការ​គ្រប់គ្រង​សុវត្ថិភាព​ទូកចម្លង និង​ឧបករណ៍​ការ​ពារ​សុវត្ថិភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ 

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។