ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី២ នៅ​តាម​វត្ត​អារាម​ភាគ​ច្រើន​មិនសូវ​មាន​ពលរដ្ឋ​ធ្វើ​បុណ្យ

ដោយ សុជីវី
2021-09-23
Share
ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី២ នៅ​តាម​វត្ត​អារាម​ភាគ​ច្រើន​មិនសូវ​មាន​ពលរដ្ឋ​ធ្វើ​បុណ្យ ទិដ្ឋភាព​ពិធី​បុណ្យ​កាន់​បិណ្ឌ​វេន​ទី២ នៅ​វត្ត​តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅ​ថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ២០២១ មិន​មាន​មនុស្ស​ជួបជុំ​ទេ ដោយសារ​ការ​បារម្ភ​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

នៅ​ថ្ងៃ​បុណ្យ​កាន់​បិណ្ឌ​ប្រពៃណី​ខ្មែរ​ឆ្នាំ​នេះ នៅ​តាម​ទីវត្ត​អារាម​ទូទាំង​ប្រទេស​ភាគ​ច្រើន​មាន​សភាព​ស្ងប់ស្ងាត់​ខុស​ពី​ឆ្នាំ​មុនៗ។ នៅ​ក្នុង​រដូវ​កាន់​បិណ្ឌ​​រយៈ​ពេល ១៥ថ្ងៃ​នេះ នៅ​ទី​វត្ត​ខ្លះ​មិន​មាន​ពុទ្ធបរិស័ទ​​​ធ្វើ​បុណ្យ​គ្រប់​វេន​នោះ​ទេ ដោយសារ​ពួកគាត់​ព្រួយបារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ១៩ និង​បញ្ហា​ជីវភាព​គ្រួសារ។

នៅ​ក្នុង​ថ្ងៃ​បុណ្យ​កាន់​បិណ្ឌ​វេន​ទី២ ឆ្នាំ​នេះ ក៏​មិន​ខុស​ថ្ងៃ​ដំបូង​ដែរ គឺ​នៅ​តាម​ទីវត្ត​អារាម​មិន​សូវ​មាន​ប្រជាពលរដ្ឋ​នោះ​ទេ ជា​ពិសេស​​នៅ​ទីប្រជុំ​ជន​មាន​ពុទ្ធបរិស័ទ​ទៅ​ធ្វើ​បុណ្យ​តិចតួច។ លើស​ពី​នេះ​អ្នក​ដែល​ទៅ​ធ្វើ​បុណ្យ ក៏​មិន​បាន​ជួប​ជុំ​ពិភាក្សា​គ្នា​ដូច​ឆ្នាំ​មុនៗ ដែរ ដោយ​ពលរដ្ឋ​ភាគ​ច្រើន​ទៅ​រាប់​បាត និង​ដុត​ធូប​ឧទ្ទិស​កុសល​បុណ្យ​ដល់​បុព្វការី​ដែល​ចែក​ឋាន​ហើយ ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ១៩។

ព្រះចៅ​អធិការ​វត្ត​អង្គ​សត្ថា នៅ​ខេត្ត​កំពង់ស្ពឺ តេជ​គណ រស់ វ៉ាយ មាន​ថេរ​ដីកា​ថា ​នៅ​វត្ត​របស់​ព្រះអង្គ​មាន​ពុទ្ធបរិស័ទ​ធ្វើ​បុណ្យ​វេន​ទី២ មិន​ដល់ ៥០នាក់​នោះ​ទេ គឺ​ខុស​ពី​ឆ្នាំ​មុនៗ ដែល​មាន​មនុស្ស​​​​​​ច្រើន​កុះករ​ជា​រៀង​រាល់​ថ្ងៃ។ បន្ថែម​ពី​នេះ​ចង្ហាន់​ព្រះសង្ឃ ក៏​មិន​សំបូរ​ហូរហៀរ​ដែរ។ ព្រះ​អង្គ​ បន្ត​ថា ​ពុទ្ធបរិស័ទ​ភាគ​ច្រើន​អុជ​ធូប​រាប់​បាត​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​ជីដូនជីតា​ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ភ្លាមៗ តែ​ម្ដង៖ «ខ្លះ​បាយ​សម្ល​ហ្នឹង​ដាក់​ទៅ​ក៏​ទៅ​ផ្ទះ​វិញ​ទៅ​ ហើយ​ចាស់​ខ្លះ​ក៏​នៅ​ចាំ​សូត្រ​ធម៌​ធម្មតា​អីចឹង​ទៅ។ បើ​ឆាន់​ពេល​វេន​អី​អត់​អី​ទេ ប៉ុន្តែ​បើ​អត់​មាន​វេន​ទេ វា​មាន​ការ​ខ្វះ​ខាត​ដែរ នៅ​ក្នុង​វត្ត​ហ្នឹង​អត់​មាន​អ្នក​មក​ហ្នឹង​ដាំ​បាយ​អី​ខ្លួន​ឯង​អី​អីចឹង​ទៅ»

ចាប់​ពី​ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី១ មក ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​ទាន់​បាន​ទៅ​ធ្វើ​បុណ្យ​នៅ​ទី​វត្ត​នៅ​ឡើយ​ទេ ដោយ​ពួកគាត់​ខ្លាច​ឆ្លង​ជំងឺ​កូវីដ និង​មាន​ជីវភាព​ខ្វះខាត​។

ប្រជា​សហគមន៍​ដី​ធ្លី​ភូមិ​ឡ​ពាង ខេត្ត​កំពង់ឆ្នាំង លោក ស្ងួន ញឿន​ ថ្លែង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​របស់​លោក​មិន​ទាន់​បាន​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​នៅ​ឡើយ​ទេ ព្រោះ​ឆ្នាំ​នេះ​ពួក​គាត់​រក​ប្រាក់​ចំណូល​មិន​​​បាន​ដូច​ឆ្នាំ​មុនៗ៖ «ឆ្នាំ​នេះ​គឺ​ដោយសារ​តែ​យើង​មិន​មាន​ថវិកា​ ដូច​ខ្ញុំ​ប្រាប់​ដែរ​ថា គណៈកម្មការ​វត្ត​គេ​មក​គ្រប់​គ្រង​គណៈកម្មការ​ភូមិ​ដែល​ពួក​យើង​ធ្វើ​បុណ្យ​រាល់​ឆ្នាំ​ហ្នឹង។ អ៊ីចឹង​ពួក​យើង​ឆ្នាំ​នេះ​ដូច​មិន​ថវិកា​ណា​សម្រាប់​ទៅ​ធ្វើ​បុណ្យ​ដូច​រាល់​ឆ្នាំ​ទេ។ អ៊ីចឹង គឺ​រាល់​ឆ្នាំ​គឺ​យើង​បាន​រៃអង្គាស​ប្រជាពលរដ្ឋ ដែល​ជា​គណៈកម្មការ​ភូមិ​ហ្នឹង​យក​ទៅ​ដាក់​បិណ្ឌ​នៅ​តាម​វត្ត​ផ្សេងៗ»

នៅ​តាម​ទី​វត្ត​អារាម​នៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស​វៀតណាម ក៏​មិន​សូវ​មាន​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​បុណ្យ​ច្រើន​ដែរ​។ អាចារ្យ​វត្ត​ជ័យ​ឧត្តម ​ឃុំ​ទួល​ស្ដី ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង លោក ខាំ សេក ប្រាប់​ថា នៅ​ទី​វត្ត​ដែល​លោក​​ប្រចាំ​ការ​មាន​ពុទ្ធបរិស័ទ​ប្រមាណ​៣០​នាក់​ក្នុង​មួយ​ថ្ងៃ​​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ។ លោក​បញ្ជាក់​ថា នៅ​ក្នុង​វត្ត​មាន​ដាក់​អាល់កុល​នៅ​មុខ​ច្រក​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​លាង​ដៃ​ឱ្យ​រក្សា​គម្លាត​សុវត្ថិភាព និង​ចែក​ម៉ាស់​ឱ្យ​ពលរដ្ឋ​ពាក់​ការពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ១៩៖ «កាល​ពី​មិន​ទាន់​ផ្ទុះ​ជំងឺ​ហ្នឹង មនុស្ស​វា​ច្រើន​អីចឹង​​មួយ​ព្រឹក​ចាប់​ពី​បិណ្ឌ​មួយ​អីចឹង​ទៅ​​វា​៦០​ទៅ​១០០នាក់។ បញ្ហា​ទី១ គឺ​គាត់​មាន​ការ​កង្វះ​ខាត ព្រោះ​អី​រោងចក្រ​ក៏​មិន​ដំណើរ​ការ​បាន​ល្អ​ អីចឹង​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​របស់​ខ្ញុំ​នេះ​លំបាក​តិចតួច​។អីចឹង​ទៅ​ក៏​គាត់​ធ្វើ​បុណ្យ​ក៏​តិចតួច​អីចឹង​ដែរ​ មិន​បាន​ទូលំទូលាយ​ដូច​មុន​ទេ»

ជា​មួយ​គ្នា​នេះ​នៅ​ខេត្ត​សៀមរាប និង​នៅ​រាជធានី​ភ្នំពេញ អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កង​កម្លាំង​ជា​ច្រើន​នាក់​ការពារ​នៅ​តាម​ទីវត្ត​អារាម ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ប្រជាពលរដ្ឋ​ប្រមូល​ផ្ដុំ​គ្នា។

Ben_2_in_Wat_Takhmao_092321_1.jpg
ទិដ្ឋភាព​នៅ​កន្លែង​បូជា​ភ្នំខ្សាច់ ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី២ នៅ​វត្ត​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ២០២១ មិន​មាន​មនុស្ស​ជួបជុំ​ទេ ដោយសារ​ការ​បារម្ភ​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ រូប៖ ពលរដ្ឋ​ផ្ដល់ឱ្យ

ទាក់​ទង​នឹង​បញ្ហា​នេះ​ព្រះ​ប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃ​នាយក​ និង​ជា​ព្រះ​មេគណ​រាជធានី​ភ្នំពេញ ព្រះតេជព្រះគុណ ឃឹម សន មាន​ថេរ​ដីកា​ថា មូលហេតុ​ដែល​អាជ្ញាធរ​ដាក់​ពង្រាយ​កងកម្លាំង​​ ​ដោយសារ​ជា​តំបន់​បិទ​ខ្ទប់ ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ​។ ​ចំណែក​ការ​ធ្វើ​បុណ្យ​នៅ​ទីវត្ត​អារាម​ទូទាំង​ប្រទេស​វិញ ព្រះអង្គ​ មាន​ថេរ​ដីកា​ថា ចាប់​ពី​ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី១ មក​ស្ងប់ស្ងាត់​ជាង​ឆ្នាំ​មុនៗ ជា​ពិសេស នៅ​រាជធានី​ភ្នំពេញ​មិន​សូវ​មាន​ពុទ្ធបរិស័ទ​ធ្វើ​បុណ្យ​នោះ​ទេ៖ «ណែនាំ​ហ្នឹង​គឺ​ថា​ធ្វើ​ម៉េច​យើង​ប្រុង​ប្រយ័ត​ទាំង​អស់​គ្នា​កុំ​ឱ្យ​ជំងឺ​កូវីដ​ហ្នឹង វា​រីក​រាល​ដាល​បន្ត​ទៀត​ ធ្វើ​ម៉េច​បបួល​គ្នា​ទប់​ស្កាត់​ឱ្យ​បាន​។ បើ​សិន​ណា​ជា​យើង​មិន​​ចង់​ឱ្យ​លំបាក​ជាង​ហ្នឹង​ថែម​ទៀត​ទេ​ មាន​តែ​យើង​រួម​គ្នា​ទប់​ស្កាត់​ឱ្យ​បាន​ បើ​យើង​មិន​អាច​ទប់​ស្កាត់​បាន​ទេ​នោះ​ អ្វី​ដែល​យើង​លំបាក​ស្រាប់​ហើយ​នោះ​យើង​ នឹង​រឹត​តែ​លំបាក​តទៅ​ទៀត»

នៅ​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​នេះ​ក្រសួង​ធម្មការ​និង​សាសនា​បាន​ចេញ​ក្ដី​បាន​ណែនាំ​ដល់​គ្រប់​វត្ត​អារាម ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ ដូច​ជា​ពាក់​ម៉ាស់ ​វ៉ាស​កម្ដៅ រក្សា​អនាម័យ លាង​ដៃ​នឹង​សាប៊ូ ឬ​អាល់កុល និង​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​បង្ការ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី២៣ កញ្ញា ដោយ​បង្ហាញ​ក្ដី​កង្វល់​ថា ពិធី​បុណ្យ​នេះ​អាច​នឹង​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ផ្ទុះ​ឡើង​ខ្លាំង​​​នៅ​ខាង​មុខ។ លោក​ហ៊ុន សែន អះអាង​ថា ពិធី​បុណ្យ​កាន់​បិណ្ឌ​រយៈ​ពេល ២ថ្ងៃ​មក​នេះ មាន​វត្ត​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ​និង​នៅ​តាម​ខេត្ត​បាន​ឆ្លង​ជំងឺ​កូវីដ១៩។ លោក​បញ្ជា​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​​ប្រញាប់​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់ ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នេះ​រាលដាល​ខ្លាំង​នៅ​ពេល​ខាង​មុខ។

ពិធី​កាន់​បិណ្ឌ​នេះ​ក្រៅ​អំពី​មិន​សូវ​មាន​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​បុណ្យ​ទាន​ហើយ​ គឺ​​​វត្ត​​ខ្លះ​មិន​មាន​ពុទ្ធបរិស័ទ​ធ្វើ​ម្ចាស់​វេន​បុណ្យ​រាល់​ថ្ងៃ​នោះ​ទេ។

ទីប្រឹក្សា​ព្រះចៅ​អធិការ​វត្ត​ភ្នំសំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ព្រះតេជព្រះគុណ អ៊ីវ យក់សឺន មាន​ថេរ​ដីកា​ថា នៅ​វត្ត​របស់​ព្រះអង្គ​សោះកក្រោះ​ជាង​ឆ្នាំ​មុនៗ ពោល​គឺ មិន​មាន​ពិធី​បោះ​បាយ​បិណ្ឌ​ និង​​​សូត្រ​​​ធម៌​បរា​ភវ​សូត្រ​នៅ​ក្នុង​ព្រះវិហារ​ឡើយ។ ជាង​នេះ​ទៅ​ទៀត ​ព្រះអង្គ​ឱ្យ​ដឹង​ថា ទី​វត្ត​របស់​ព្រះ​អង្គ​ពុទ្ធបរិស័ទ​ធ្វើ​ជា​ម្ចាស់​វេន​បុណ្យ​ថ្ងៃ​ដំបូង​វេន​ទី២​ វេន​ទី១៤ និង​វេន​បុណ្យ​ចុង​ក្រោយ​ប៉ុណ្ណោះ៖ «បន្ទាប់​ពី​កាន់​បិណ្ឌ​វេន​បិណ្ឌ ២នេះ ទៅ​វត្ត​ស្ងាត់​អត់​មាន​ពិធី​កាន់​វេន​កាន់​បិណ្ឌ​អី​ទេ​ គឺ​ស្ងាត់​រហូត​អត់​មាន​មេក្រូ​អី​ចាក់​ទេ។ និយាយ​ឱ្យ​ចំ​វា​អត់​មាន​អី​ជួយ​ឧបត្ថម្ភ​កម្មវិធី​ ព្រោះ​វត្ត​ខ្សត់ខ្សោយ​ ដល់​ពេល​សម័យ​កូវីដ​អីចឹង​ទៅ​ប្រឈម​នឹង​​អត់​មាន​ថ្លៃ​ភ្លើង​ថ្លៃ​ចាក់​មេក្រូ​ថ្លៃ​អី​ ដោយសារ​បរិស័ទ​គាត់​អត់​បាន​ចូល​រួម។ អីចឹង​លោក​អត់​អាច​រត់​រយៈ​ពេល​ជិត​កន្លះ​ខែ​ហ្នឹង​បាន​ទេ ​ធម្មតា​ចាក់​បរា​តែង​តែ​មាន​ភេសជ្ជៈ​ជូន​លោក​យាយ​លោក​តា និង​ព្រះសង្ឃ​ជួយ​សូត្រ​បរា​ទី​២​ ដាក់​ភ្លើង​ហ្នឹង​ចោល​វាស់​ព្រឹក»

ពិធី​កាន់បិណ្ឌ​មាន​រយៈពេល ១៥ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ ១រោច ដល់​ថ្ងៃ ១៥រោច ខែ​ភទ្របទ គឺ​ជា​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ ទៅ​តាម​ទំនៀម​ទម្លាប់​របស់​ពលរដ្ឋ​ខ្មែរ និង​កាល​កំណត់​ជា​ទៀងទាត់​ពី​បុរាណ​មក ។ បុណ្យ​នេះ​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​នៃ​អ្នក​មាន​គុណ​ទាំង​ឡាយ ​ដែល​បាន​លាចាក​លោក​នេះ​ទៅ​កាន់​លោក​ខាង​មុខ។ បុណ្យ​កាន់​បិណ្ឌ​ឆ្នាំ​នេះ​​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២២​ កញ្ញា ដល់​ថ្ងៃ​ទី៦ ខែតុលា ដែល​ជា​ថ្ងៃ​បុណ្យ​ភ្ជុំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល