សហជីពនៅតែព្រួយបារម្ភពីការបន្តរំលោភសិទ្ធិពលករ ខណៈក្រសួងការងារអួតពីប្រាក់ចំណូលពលករបញ្ជូនមកពីក្រៅប្រទេស

ដោយ យ៉ង ចាន់តារា
2024.02.11
សហជីពនៅតែព្រួយបារម្ភពីការបន្តរំលោភសិទ្ធិពលករ ខណៈក្រសួងការងារអួតពីប្រាក់ចំណូលពលករបញ្ជូនមកពីក្រៅប្រទេស លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ របស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ

ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បង្ហាញ​មោទនភាព​ថា ក្នុង​ឆ្នាំ​២០២៣ ក្រុម​ពលករ​កម្ពុជា​ ជាង ១លាន​៣​សែន​នាក់ ​ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ មិន​ត្រឹម​តែ​បាន​ផ្ញើ​ប្រាក់​ចំនួន ២ពាន់ ៩រយ​លាន​ដុល្លារ ​មក​ឱ្យ​គ្រួសារ​នៅ​ស្រុក​កំណើត​ប៉ុណ្ណោះ​ទេ ​គឺ​ពលករ​ទាំង​នោះ​ក៏​នឹង​ទទួល​បាន​ជំនាញ​បច្ចេកទេស​ សម្រាប់​យក​មក​ជួយ​អភិវឌ្ឍន៍​សង្គម​ជាតិ ​នៅ​ពេល​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទៀត​ផង​។ ក៏​ប៉ុន្តែ​ក្រុម​សហជីព​កម្មករ​ មិន​បាន​ត្រេកអរ​លើ​មោទនភាព​ដូច​មន្ត្រី​របស់​រដ្ឋាភិបាល​បាន​លើក​ឡើង​នោះ​ទេ ​គឺ​ពួក​គេ​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ទៅ​វិញ​។

ក្រុម​សហជីព​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ជា​ពិសេស​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​ គួរ​តែ​បង្កើន​ប្រសិទ្ធិ​ភាព​ផ្លូវ​ច្បាប់​ជា​មួយ​បណ្ដា​ប្រទេស​នានា ​ដើម្បី​ការពារ​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ​កុំ​ឱ្យ​មាន​ការ​កេងប្រវ័ញ្ច​និង​ការ​ជួញដូរ​កម្លាំង​ពលកម្ម​ ប្រសើរ​ជាង​ការ​​ដែល​បង្ហាញ​តែ​ពី​ប្រាក់​ចំណូល​របស់​ពលករ​ទាំង​នោះ​។

ប្រធាន​​សហភាព​ការងារ​កម្ពុជា​ លោក​ អាត់ ​ធន់ ​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ការ​បង្ហាញ​ពី​ប្រាក់​កម្រៃ​ របស់​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​ក្រៅ​ប្រទេស​ ​ចំនួន​ជាង​២​ពាន់​៩​រយ​លាន​ដុល្លារ​អាមេរិក ​សម្រាប់​ឆ្នាំ​២០២៣ ​គឺ​មិនមែន​ជា​ភាព​ដែល​គួរ​ឱ្យ​ត្រេកអរ​ទេ ​បើ​ពិនិត្យ​ទៅ​លើ​បញ្ហា​ជា​ច្រើន​ដែល​ពលករ​ខ្មែរ ​កំពុង​ប្រឈម​នៅ​តាម​កន្លែង​ការងារ​នានា​នោះ​។

លោក​ អាត់ ធន់ ​មាន​ប្រសាសន៍​ទៀត​ថា​បច្ចុប្បន្ន ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​នាក់ ​កំពុង​តែ​ប្រឈម​និង​បញ្ហា​ដូច​ជា​ត្រូវ​គេ​បង្ខំ​ឱ្យ​ធ្វើការ​ធ្ងន់ធ្ងរ ​និង​ពេល​ខ្លះ​កម្មករ​ខ្លួន​ឯង​ត្រូវ​បង្ខំ​ចិត្ត​ធ្វើការ​ដោយសារ​តែ​ ​គ្មាន​ជម្រើស​បណ្ដាល​ឱ្យ​​​ប៉ះពាល់​សុខភាព ​ធ្លាក់​ខ្លួន​ឈឺ ​ពិការ​និង​អ្នក​ខ្លះ​ទៀត​ក្លាយ​ជា​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន ​បណ្ដាល​ឱ្យ​បាត់​បង់​ស្មារតី​និង​ស្លាប់​ខ្លួន​ជា​ដើម​។

លោក អាត់ ធន់៖ «របាយការណ៍​​ដែល​ខ្ញុំ​បាន​ធ្វើការ​រយៈ​ពេល​៤-១០​ឆ្នាំ​មក​នេះ​ខ្ញុំ​បាន​ចុះ​ទៅ​ផ្ទាល់​នៅ​ប្រទេស​ថៃ​នៅ​កូរ៉េ​ខាង​ត្បូង​ឃើញ​ថា​ពលករ​ខ្មែរ​មាន​បញ្ហា​ជា​ច្រើន​​។​សូម​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​​ចុះ​អនុស្សរណៈ​ឬ​ក៏​ចុះ​កិច្ច​ព្រមព្រៀង​ជា​មួយ​រដ្ឋាភិបាល​ប្រទេស​ទាំង​នោះ​ដើម្បី​ធានា​ថា​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​ដោយ​មិន​មាន​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ឬ​ក៏​គ្មាន​ការ​បង្ខំ​។​កន្លង​មក​ដូច​ជា​នៅ​ម៉ាឡេស៊ី​គឺ​មាន​ការ​រំលោភ​សិទ្ធិ​ខ្លាំង​ហើយ​នៅ​ប្រទេស​ថៃ​ក៏​មាន​ការ​រំលោភ​សិទ្ធិ​ពលករ​ខ្លាំង​ដែរ​ដូច​ជា​ជួញដូរ​គ្នា​នៅ​តាម​ទូក​នេសាទ​ជា​ដើម​»

ជា​មួយ​គ្នា​នេះ ​អ្នក​វិភាគ​​បញ្ហា​សង្គម​ ​លោក ​​មាស នី ​មាន​ប្រសាសន៍​ថា​ការ​ទទួល​បាន​ប្រាក់​ខែ​ច្រើន​ពី​ការងារ​ក្រៅ​ប្រទេស​គឺ​ជា​រឿង​មួយ​ល្អ ​សម្រាប់​ពិភព​លោក​បច្ចុប្បន្ន​ដែល​ត្រូវការ​ប្រកួត​ប្រ​ជែង​សមត្ថភាព​ជំនាញ​និង​ធនធាន​មនុស្ស​។ ក៏​ប៉ុន្តែ​អ្វី​ដែល​លោក​ចង់​ឃើញ​គឺ​រដ្ឋាភិបាល​ត្រូវ​តែ​គិត​គូរ​ពី​យុទ្ធ​សាស្ត្រ ​ក្នុង​ការ​បង្កើត​ការងារ​ថ្មី​សម្រាប់​ទទួល​ពលករ​ជំនាញ​ដែល​វិល​ត្រឡប់​មក​ប្រទេស​វិញ​។

លោក មាស នី«ក្នុង​​លក្ខខណ្ឌ​មួយ​ទៀត​រដ្ឋាភិបាល​កម្ពុជា​ពិសេស​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​ត្រូវ​តែ​ត្រៀម​លក្ខណៈ​ជា​យុទ្ធសាស្ត្រ​ដើម្បី​ចាំ​ទទួល​ពលករ​ដែល​នឹង​វិល​ត្រឡប់​មក​ប្រទេស​វិញ​​ថា​តើ​ពួក​គាត់​នឹង​ត្រូវ​នាំ​យក​ជំនាញ​ដែល​ចេះ​ពី​ប្រទេស​គេ​មក​ប្រើ​ប្រាស់​យ៉ាង​ម៉េច​នៅ​​ក្នុង​ស្រុក​ដើម្បី​បម្រើ​ផល​ប្រយោជន៍​និង​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​?​​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការងារ​ចិញ្ចឹម​ជីវិត​របស់​ពួក​គាត់​បន្ត​ទៅ​ទៀត​ ​។​មិន​មែន​ឱ្យ​គេ​ទៅ​ហើយ​ដល់​ពេល​គ្នា​ត្រឡប់​មក​វិញ​យើង​ព្រលែង​ចោល​​អ្នក​ណា ​រស់​យ៉ាង​ម៉េច​កើត ​ក៏​រស់​ទៅ​​ចំណែក​ឯ​លុយ​ក៏​អស់​ដែរ​​មិន​ដឹង​រក​អ្វី​បាន​តទៅ​ទៀត​គឺ​ រស់​នៅ​វេទនា​គឺ​វា​ក៏​មិន​ល្អ​ដែរ សម្រាប់​ការ​អភិវឌ្ឍ​ស្រុក​ទេស​ទាំង​មូល​នោះ​»

ការ​លើក​ឡើង​របស់​សហជីព​កម្មករ ​និង​អ្នក​វិភាគ​សង្គម​ដូច​នេះ ​បន្ទាប់​ពី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​បង្ហាញ​របាយការណ៍​ជា​មួយ​និង​មោទនភាព​ថា កាល​ពី​ឆ្នាំ​២០២៣​កន្លង​ទៅ ​​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ចំនួន​ជាង ១​លាន ៣​សែន​នាក់ ​បាន​ផ្ញើ​ប្រាក់​ចំនួន ២​ពាន់ ៩​រយ​លាន​ដុល្លារ​អាមេរិក​មក​ឱ្យ​ក្រុម​គ្រួសារ​នៅ​ក្នុង​ប្រទេស​។

វិទ្យុ​អាស៊ី​សេរី​ មិន​អាច​សុំ​ការ​អធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​​លោក ​កត្តា ​អ៊ន ​ជុំវិញ​របាយការណ៍​នេះ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ ​ដោយសារ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ​។

ក៏​ប៉ុន្តែ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីនហួរ ​(Xinhua)​ បាន​ដក​ស្រង់​សំដី​រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ​លោក ​ហេង ​សួ ​មក​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៨​ខែ​កុម្ភៈ​ថា ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស គឺ​ទទួល​បាន​ប្រាក់​កម្រៃ​ប្រសើរ​ដូច​ជា​នៅ​ប្រទេស​ថៃ​ (Thailand)​ និង​ម៉ាឡេស៊ី​ (Malaysia)​ ទទួល​បាន​ ក្នុង​កម្រិត​អប្បបរមា​ពី ៣០០ ទៅ ៤០០ ដុល្លារ​។ ចំណែក​អ្នក​ធ្វើការ​នៅ​កូរ៉េ​ខាង​ត្បូង​​និង​ជប៉ុន ​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ពី ១.៤០០ ទៅ ១.៥០០ ដុល្លារ​ក្នុង​មួយ​ខែ​ៗ​។

បើ​ទោះ​បី​ជា​យ៉ាង​ណា សហជីព​ ​ការពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​របស់​កម្មករ នៅ​មិន​ទាន់​ចាត់​ទុក​ថា ​កម្រិត​ប្រាក់​ឈ្នួល​នោះ ជា​មោទនភាព ​ដែល​គួរ​ឱ្យ​ត្រេកអរ​ឡើយ​ បើ​សម្លឹង​មើល​ទៅ​លើ​បញ្ហា​ជា​ច្រើន​ដែល​ប្រទេស​កម្ពុជា ​ក៏​ដូច​ជា​ពលករ​កំពុង​តែ​ប្រឈម​មុខ​។

អនុ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អ្នក​ស្រី ​សាយ សុខនី ​បាន​កត់​សំគាល់​ថា​ ក្នុង​រយៈ​ពេល​៥-៦​ឆ្នាំ​ចុង​ក្រោយ​នេះ អត្រា​នៃ​ការ​ផ្ទេរ​ប្រាក់​ពី​បរទេស​ចូល​មក​កម្ពុជា​គឺ​មាន​ចំនួន​ច្រើន​។​មាន​ន័យ​ថា​បច្ចុប្បន្ន​មាន​ពលរដ្ឋ​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ៗ​កំពុង​ចំណាក​ស្រុក​ចោល​គ្រួសារ​និង​កូន​ៗ​ ដើម្បី​ស្វែង​រក​កម្រៃ​មក​ចិញ្ចឹម​ក្រពះ​និង​ដោះ​បំណុល​។

អ្នក​ស្រី​សាយ ​សុខនី ​មិន​បាន​បង្ហាញ​មោទនភាព ​ចំពោះ​ទឹក​ប្រាក់​ដែល​ពលករ​ខ្មែរ​រក​បាន​នៅ​ក្រៅ​ប្រទេស​ទេ ​ក៏​ប៉ុន្តែ​អ្នក​ស្រី​ សំដែង​ក្ដី​ព្រួយ​បារម្ភ​លើ​បញ្ហា​ជា​ច្រើន​ទៅ​វិញ​។

លោកស្រី សាយ សុខនី៖ «ចំពោះ​សហជីព​មាន​ការ​ព្រួយ​បារម្ភ​មិន​ត្រេកអរ​ទេ​។​ចំណុច​ត្រេកអរ​មានតែ​មួយ​ទេ​គឺ​នៅ​ពេល​ដែល​ពលករ​កំពុង​ធ្លាក់​នៅ​ក្នុង​ជ្រោះ​អត់​ឃ្លាន​និង​បំណុល​ បាន​លុយ​ដែល​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​នោះ​​ផ្ញើ​មក​ឪពុក​ម្ដាយ​ឱ្យ​សង​បំណុល​គេ​។​ឱកាស​មួយ​ទៀត​គឺ​ពលករ​បាន​ទៅ​ពង្រីក​ជំនាញ​និង​ចំណេះដឹង​ ប៉ុន្តែ​ចំពោះ​សហជីព​មើល​ឃើញ​ថា​ភាព​អវិជ្ជមាន​​ច្រើន​ជាង​ភាព​វិជ្ជមាន​។​អវិជ្ជមាន​គឺ​ថា​កម្លាំង​ពលកម្ម​របស់​ជាតិ​បាត់បង់ ពីព្រោះ​កម្លាំង​ពលកម្ម​របស់​ជាតិ​មិន​មែន​​សម្រាប់​បម្រើ​ប្រទេស​ផ្សេង​ទេ ​គឺ​យើង​ខាត​បង់​ធំធេង​ណាស់​ប្រសិន​បើ​យើង​គិត​ពី​ការ​បាត់​កម្លាំង​សម្រាប់​បម្រើ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​​»

ទាក់ទង​រឿង​នេះ​ដែរ នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់​ លោក ​មឿន តុលា ​ក៏​ធ្លាប់​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ ការ​កេងប្រវ័ញ្ច​និង​ការ​ជួញដូរ​កម្លាំង​ពលកម្ម ​របស់​ពលករ​ខ្មែរ​ ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដែរ​។​លោក ​មឿន តុលា ​មាន​ប្រសាសន៍​ថា​មាន​ពលករ​ខ្មែរ​ខ្លះ ដែល​ក្រុមហ៊ុន​ឯក​ជន​នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​នា​តំបន់​អារ៉ាប់​និង​ចិន​ជា​ដើម​​ត្រូវ​បាន​គេ​ជួញដូរ​។

លោក ​មឿន តុលា៖ «​រដ្ឋ​មាន​គោលនយោបាយ​ឱ្យ​ជ្រើស​រើស​និង​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស​ហើយ​ដោយសារ​តែ​គោលនយោបាយ​ឬ​មួយ​ក៏​ការ​អនុវត្តន៍​ច្បាប់​នៅ​​ទន់​ខ្សោយ​ វា​ធ្វើ​ឱ្យ​​ក្រុមហ៊ុន​ឯកជន​​ដែល​មាន​ឱ​កា​ស​ជ្រើស​រើស​និង​បញ្ជូន​ពលករ​​ហ្នឹង​ដាក់​ពលករ​ឱ្យ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ជា​ទាសករ​សម័យ​ថ្មី​​។​ធ្វើការ​ដោយ​សង​បំណុល​គេ ធ្វើការ​ដោយ​អត់​បាន​ប្រាក់​ខែ​គ្រប់​គ្រាន់​ឬ​ក៏​អត់​បាន​ប្រាក់​ខែ​ទាំង​ស្រុង​​ឬ​ក៏​ធ្វើ​ការ​នៅ​ក្នុង​សម្ពោធ​មួយ​មិន​អាច​ធ្វើដំណើរ​ទៅ​ណា​បាន​ដោយសារ​តែ​គេ​ដក​លិខិត​ឆ្លង​ដែន​​ជាដើម។អា​ហ្នឹង​ក៏​គេ​ចាត់​ទុក​ថា​ជា​ការ​ជួញ​ដូរ​ហើយ​»

របាយការណ៍​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ពេល​បិទ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ឱ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ​មាន​ពលករ​ខ្មែរ​ចំនួន​ជាង ១​លាន​៣ សែន​នាក់​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​​។ ពលករ​ទាំង​នោះ ​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ ​(Thailand)​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ (South Korea)​ ​ប្រទេស​ម៉ាឡេស៊ី​ (Malaysia) ​ប្រទេស​ជប៉ុន ​(Japan) ​ប្រទេស​សិង្ហបុរី​ (Singapore) ​ប្រទេស​ចិន​ (China's Hong Kong) និង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ (Saudi Arabia)​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។