ពលរដ្ឋ​​និង​​សង្គម​ស៊ីវិល​រិះគន់​ថា​ ជន​ជាតិ​ចិន​នៅ​ក្រុង​ប៉ោយប៉ែត​បង្ក​ហានិភ័យ​កាន់​តែ​ខ្លាំង​ដល់​ម្ចាស់​ស្រុក​ ដោយសារ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ធូររលុង

ដោយ ជី វិតា
2021-11-28
Share
ពលរដ្ឋ​​និង​​សង្គម​ស៊ីវិល​រិះគន់​ថា​ ជន​ជាតិ​ចិន​នៅ​ក្រុង​ប៉ោយប៉ែត​បង្ក​ហានិភ័យ​កាន់​តែ​ខ្លាំង​ដល់​ម្ចាស់​ស្រុក​ ដោយសារ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ធូររលុង ពលរដ្ឋខ្មែរចំនួន​ ១១ ​នាក់​ក្រោយសមត្ថកិច្ចសាកសួរនៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ប្រជាពលរដ្ឋ​​និង​​មន្ត្រី​សង្គម​ស៊ីវិល​ ព្រួយបារម្ភ​អំពី​​ជន​ជាតិ​ចិន​​បង្ក​ហានិភ័យ​កាន់​តែ​ខ្លាំង​ដល់​ពលរដ្ឋ​ម្ចាស់​ស្រុក ដោយសារ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ធូររលុង​។ ប្រតិកម្ម​​​នេះ​​ធ្វើ​ឡើង​​​ក្រោយ​ពី​​​ជនជាតិ​ចិន​​​បាន​បង្ក​ជម្លោះ​ជា​មួយ​​ជនជាតិ​ថៃ​ បណ្ដាល​ឱ្យ​​ផ្ទុះ​អាវុធ​នៅ​ក្នុង​ហាង​ផឹកស៊ី​មួយ​នៅ​ក្រុង​ប៉ោយប៉ែត​កាល​ពី​​​ថ្មីៗ​នេះ​ ហើយ​អាជ្ញាធរ​មិន​បាន​ចាប់​ជនជាតិ​បរទេស​ទាំង​នោះ​ទេ​ បែរ​​ចាប់​ពលរដ្ឋ​ខ្មែរ​ចំនួន​ ១១ ​នាក់​ទៅ​វិញ​។

ប្រជាពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្ត​បន្ទាយមានជ័យ​ រិះគន់​អាជ្ញាធរ​ថា ​មិន​គួរ​​បណ្ដោយ​​ឱ្យ​ជនជាតិ​ចិន​បង្ក​បញ្ហា​ដល់​ម្ចាស់​ស្រុក​​បែប​នេះ​ឡើយ​។ 

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​លោក​ស្រី ស សុជាតិ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ថា ​​​បញ្ហា​​ជម្លោះ​នេះ ​ផ្ដើម​ចេញ​ពី​ជនជាតិ​ចិន​និង​ថៃ គឺ​មិន​មែន​ពលរដ្ឋ​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​ទាំង ​១១ ​នាក់​នោះ​ទេ​។ ​ស្ត្រី​វ័យ ​៤៩ ​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា ​​​​​ចំណាត់​របស់​អាជ្ញាធរ​​​បែប​នេះ ​ជា​ការ​ធ្វើ​ឱ្យ​ជនជាតិ​ចិន​​មិន​អាច​ខ្លាច​ច្បាប់ ​ដែល​ពួកគេ​អាច​នឹង​​បង្ក​បញ្ហា​ដល់​ម្ចាស់​ស្រុក​​បន្តបន្ទាប់​ទៀត៖ «នេះ​ជា​ករណី​មួយ​ដែល​ឱ្យ​យើង​ប្រជាពលរដ្ឋ​​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ដោយសារ​តែ​គាត់​នៅ​តែ​មាន​អាទិភាព​ខ្ពស់​ ហើយ​នៅ​តែ​មាន​ប្រៀប​ គ្មាន​ច្បាប់ណា​ចាត់ចែង​​ទៅ​លើ​ពួកគាត់​ឱ្យ​មាន​របៀប​​រៀបរយ​​ទេ​។​ ដូច្នេះ​សូម​ឱ្យ​សមត្ថកិច្ច​ហ្នឹង​ធ្វើ​ការ​ស៊ើប​​អង្កេត​ហើយ​អនុវត្ត​ច្បាប់​​ឱ្យ​មាន​តម្លាភាព​​ដល់​ពលរដ្ឋ​ខ្មែរ​​ម្ចាស់​ប្រទេស​ដែល​គាត់​រង​គ្រោះ​»

ស្រដៀង​គ្នា​នេះ​ដែរ​ ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់​ទៀត​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​នឹង​សំឡេង​ថា ​​ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយប៉ែត​បង្ក​ហានិភ័យ​កាន់​តែ​ខ្លាំង​ដល់​ពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ថៃ។ ​ពលរដ្ឋ​រូប​នេះ បន្ត​ថា ​​ការ​ផ្ទុះ​អាវុធ​​នៅ​ក្នុង​ហាង​ផឹក​ស៊ី​មួយ​នៅ​ក្រុង​ប៉ោយប៉ែត​កាល​ពី​ថ្ងៃ​ទី​២០ ខែ​​​​វិច្ឆិកា​នោះ​ កើត​ឡើង​​ដោយ​សារ​ជនជាតិ​ចិន​​​​ខឹង​ជនជាតិ​ថៃ ​ចេញ​ទៅ​ធ្វើ​ការងារ​ជា​មួយ​ថៅកែ​ផ្សេង​។ ពលរដ្ឋ​រូប​នេះ​បន្ថែម​ថា ​​ជន​ជាតិ​ចិន ​មាន​ខ្នងបង្អែក​ ​ មន្ត្រី ប៉េអឹម​ ៣ នាក់ ស្លៀក​ពាក់​ស៊ីវិល​ រួម​មាន មេបញ្ជាការ​ប៉េអឹម​ក្រុង​សិរីសោភ័ណលោក​ យ៉ាន់ សុវណ្ណ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យលោក​ វណ្ណ លីហោ និង​ម្នាក់​ទៀត​មេបញ្ជាការ​រង​ប៉េអឹម​ ស្រុក​ស្វាយចេក​លោក ​ឆាន សុផុន។ ​ប្រភព​ដដែល​​បន្ត​ថា ពេល​នោះ​ជនជាតិ​ចិន​បាន​ស្នើ​ឱ្យ​​សមត្ថកិច្ច​ខ្មែរ​​ចាប់​ជនជាតិ​​ថៃ​​​ឱ្យ​ត្រឡប់​មក​ធ្វើ​ការ​ឱ្យ​​ចិន​វិញ​ ​ប៉ុន្តែ​ជនជាតិ​​ថៃ​មិន​ព្រម ក៏​ស្រាប់​តែ​មេបញ្ជាការ​ក្រុង​សិរីសោភ័ណលោក​ យ៉ាន់ សុវណ្ណ ​បាន​ដើរ​ទៅ​គ្រៀកក​ជនជាតិ​ថៃ ​នៅ​កន្លែងស៊ីផឹក​នោះក៏​មាន​ការ​ផ្ទុះ​អាវុធ​​កើត​ឡើង​។

ទាក់​ទង​នឹង​បញ្ហា​នេះ ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួល​បន្ទុក​អន្តោប្រវេសន្ត លោក អេង លីហួ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​ការ​ដែល​ផ្ទុះ​អាវុធ​នោះ​កើត​ឡើង​​ជា​ជម្លោះ​របស់​ក្រុម​ក្មេង​ទំនើង​ គឺ​មិន​មែន​ជម្លោះ​ជនជាតិ​ចិន​និង​ថៃ​នោះ​ទេ។ លោក​បន្ត​ថា ​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ចាប់​ខ្លួន​ ក្មេង​ទំនើង​​ចំនួន​១១​នាក់ បញ្ជូន​ទៅ​តុលាការ​ហើយ ។ ចំណែក​ការ​ចាត់​វិធាន​ការ​លើ​ជនជាតិ​ចិន​វិញ លោក​បញ្ជាក់​ថា ​សមត្ថកិច្ច​មាន​វិធាន​ការ​តឹងរ៉ឹង ដោយ​​មិន​អនុញ្ញាត​បរទេស​ណា​ម្នាក់​បង្ក​បញ្ហា​នៅ​ខេត្ត​បន្ទាយមានជ័យ​នោះ​ឡើយ៖ «ការ​ផ្ទុះ​អាវុធ​មាន​ប៉ុន្តែ​គ្រាន់​ថា យើង​សម្លឹង​មើល​ទៅ​យើង​គាត់​ថា គាត់​ជា​ជន​បរទេស​ ប៉ុន្តែ​តាម​ពិត​មិន​មែន​ទេ ជា​ក្មេង​ទំនើង​ ហើយ​គាត់​នៅ​តំបន់​ហ្នឹង​ភាគ​ច្រើន​គាត់​ចេះ​ថៃ​គាត់​និយាយ​ថៃ។ តាម​ពិត​គាត់​ជា​ខ្មែរ​ទេ វា​អត់​មាន​ពាក់ព័ន្ធ​ទេ អីចឹង​គ្រាន់​ថា ក្មេង​ទំនើង​ពេល​ដែល​គាត់​ជួប​ជុំគ្នា​ ហើយ​សុទ្ធតែ​ការ​ដែល​ជួប​ជុំ​គ្នា​ផឹក​ហូប​​ទៅ​ក៏​គាត់​ប៉ះ​គ្នា​អីចឹង។​ដល់​ពេល​សមត្ថកិច្ច​ទៅ​បង្ក្រាប​ដូច​ថា​ការ​ផឹក​ស្រវឹង​ប៉ះពាល់​ជា​មួយ​សមត្ថកិច្ច​អីចឹង​ទៅ។ អីចឹង​ធម្មតា​ទេ​សមត្ថកិច្ច​ត្រូវ​តែ​បង្ក្រាប​ហើយ​អា​អីចឹងៗ​នោះ​​»។

ទោះជាយ៉ាងណា វីដេអូ​ឃ្លិប​​​នៅ​ក្នុង​ហាង​ផឹក​ស៊ី​មួយ​នៅ​ក្រុង​ប៉ោយប៉ែត​កាល​ពី​យប់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​កន្លង​ទៅ បង្ហាញ​​ថា មាន​មនុស្ស​​ប្រមាណ​៣០​នាក់​​​កំពុង​តែ​អង្គុយ​ផឹកស៊ី​ជុំ​គ្នា ​ហើយ​មាន​បុរស​មាឌ​ដំបង​ម្នាក់​ពាក់អាវ​ស ដែល​​គេ​សង្ស័យ​ថា ជា​​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ ​លោក​យ៉ាន់ សុវណ្ណ ​បាន​ដើរ​សំដៅ ទៅ​គ្រៀក ក​ជា​ជនជាតិ​ថៃ​​ ហើយ​​ក៏​មាន​ការ​ផ្ទុះ​អាវុធ​​ជា​ច្រើន​គ្រាប់​​នៅក្នុង​ហាង​នោះ​​។​ ពលរដ្ឋ​ឱ្យ​ដឹង​ថា ការ​ផ្ទុះ​អាវុធ​នេះ​បណ្ដាល​ឱ្យ​​​​​​មេបញ្ជាការ​រង​ប៉េអឹម​ ស្រុក​ស្វាយចេក​ លោក ​ឆាន សុផុន​ រង​របួស​​។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​ប៉េអឹម​​ទាំង​៣​នាក់​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា។

ប៉ុន្តែ​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ លោក ប៊ន ប៊ិន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក (ប្រមាញ់​ជាយ​ដែនជម្លោះ​នោះ​កើត​ចេញ​ពី​ក្រុម​ក្មេង​ទំនើង​មាន​គ្នា​ប្រមាណ​៣០​នាក់ គឺ​មិន​មែន​​ក្រុម​មន្ត្រី​​ប៉េអឹម​នោះ​ទេ។

យ៉ាង​ណា​សារព័ត៌មាន​​ថៃ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៣​វិច្ឆិកា​ថា ​ជម្លោះ​ នៅ​ក្នុង​ហាង​ផឹកស៊ី​នោះ​កើត​ឡើង​ដោយ​បក្សពួក​របស់​ក្រុម​ជនជាតិ​ចិន​​បង្ក​ហិង្សា​លើ​ជនជាតិ​ថៃ​៤​នាក់​។ ប្រភព​ដដែល​ឱ្យ​ដឹង​ថា ​ពេល​នោះ​​បក្ស​ពួក​របស់​​ចិន ​ម្នាក់​បាន​ក្រៀក​ក​ជនជាតិ​ថៃ​​ ដោយសារ​ខឹង​ថៃ​ចេញ​ពី​ក្រុម​ហ៊ុន​របស់​ពួកគេ។​បច្ចុប្បន្ន​ជនជាតិ​ថៃ​ទាំង​៤​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ជួយ​អន្តរាគមន៍​​បញ្ជូន​​ត្រឡប់ទៅ​ប្រទេស​ថៃ​វិញ​ហើយ។

ជុំ​វិញ​រឿង​នេះ ​​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធិ មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​គួរតែ​ចាត់​វិធាន​ការ​ទៅ​លើ​ជនជាតិ​ចិន​ និង​មន្ត្រី​ប៉េអឹម​ដែល​ចាប់​ក្រៀក​ជនជាតិ​ថៃ​នោះ​ផ្ដន្ទាទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់ គឺ​មិន​មែន​ចាប់​​ពលរដ្ឋ​ខ្មែរ​ដែល​ផឹកស៊ី​នៅ​នោះ​ឡើយ​៖ «មួយ​ទៀត​បង្ក​ភាព​អយុត្តិធម៌​ ជនជាតិ​គេ​ដែល​​បង្ក​បទ​ល្មើស​នៅ​ស្រុក​ខ្មែរ​ហើយ​ អត់​ចាប់​បាន​ មក​ចាប់​បាន​តែ​ខ្មែរ​​គ្នា​ឯង​ អាហ្នឹង​វា​អយុត្តិធម៌​​មែនទែន​។​អាហ្នឹង​វា​ដោយសារ​គេ​មាន​មន្ត្រី​ទូត​​មក​ជួយ​​ការពារ​ជនជាតិ​គេ​ហើយ​ មួយ​ទៀត​មាន​អ្នក​កាង​​មន្ត្រី​ខ្មែរ​ហ្នឹង​ក៏​ស៊ុមគ្រលុំ​គ្នា​ជា​មួយ​អ្នក​​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ហ្នឹង​។​ចង់​និយាយ​ថា​បាន​ទទួល​ផល​ប្រយោជន៍​មួយ​​ចំនួន​អីចឹង​ទៅ​ដល់​ពេល​​អ្នក​ហ្នឹង​ធ្វើ​អំពើ​ផ្ដេសផ្ដាស​មិន​ហ៊ាន​ចាប់​គេ​ អាហ្នឹង​ពាក់ព័ន្ធ​ផល​ប្រយោជន៍​បាន​ជា​អត់​ចាប់​ហ្នឹង​»។

មន្ត្រី​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​សង្កេត​ឃើញ​ថា ជនជាតិ​ចិន​នៅ​ក្នុង​ប៉ោយប៉ែត​ភាគ​ច្រើន​​​ប្រកប​មុខ​របរ​បើក​ល្បែង​កាស៊ីណូ​តាម​អនឡាញ ដើម្បី​បោក​ប្រាស់​ជនជាតិ​ចិន ​ពលរដ្ឋ​ខ្មែរ​និង​ថៃ​។ ពួកគេ​បន្ត​ថា ​បច្ចុប្បន្ន​យ៉ាង​ហោច​ណាស់​មាន​ជនជាតិ​ចិន​ ថៃ​និង​ជនជាតិ​ផ្សេង​ទៀត​​ជាង ​​១ ម៉ឺន​នាក់ (១០.០០០) ​ស្នាក់​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​ជនជាតិ​ទាំង​​ គឺ​ចិន​បង្ក​បញ្ហា​ច្រើន​ជាង​គេ។​ កាល​ពី​ថ្ងៃ​ទី២៣ ខែ​តុលា ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​​បាន​ចាប់​ខ្លួន​ជនជាតិ​​ចិន​​​ ២ នាក់ ​ជា​មេការ​ ជនជាតិ​បង់ក្លាដេស (Bangladesh) ២នាក់​ និង​ជនជាតិ​ថៃ​ ១៤​ នាក់​នៅ​ក្នុង​បូរី​សានហូ​ក្រុង​ប៉ោយប៉ែត​ ​ពាក់​ព័ន្ធ​​នឹង​ការ​ចាប់​​ពង្រត់​និង​បង្ខាំង​​​ពលរដ្ឋ​ខ្មែរ​និង​​ថៃ​។ ​ប៉ូលិស​បាន​បញ្ជូន​ជនបរទេស​ទាំង ​៤ នាក់ ​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​ចាត់​​ការ​តាម​ច្បាប់។ ចំណែក​ជនជាតិ​ថៃ​ ១៤ ​នាក់​ត្រូវ​បាន​​​អាជ្ញាធរ​ខ្មែរ​បញ្ជូន​​ត្រឡប់​​ទៅ​​ប្រទេស​ថៃ​វិញ។

ពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល​ជឿ​ជាក់​ថា ​ប្រសិន​បើ​អាជ្ញាធរ​ខ្មែរ​នៅ​តែ​គ្មាន​​វិធាន​ការ​តឹងរ៉ឹង​លើ​ជន​ជាតិ​ចិន​​ដូច​សព្វ​ថ្ងៃ​នោះ​ក្រុង​ប៉ោយប៉ែត​អាច​នឹង​ក្លាយ​ជា​​កន្លែង​​​​ជនជាតិ​ចិន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​ដែល​បង្ក​ហានិភ័យ​ដល់​​ម្ចាស់​ប្រទេស​​ជា​​មិន​​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល