ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថ្កោលទោស​ចំពោះ​ការ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​លើ​សកម្មជន​គណបក្ស​ប្រឆាំង

ដោយ សេក បណ្ឌិត
2021-11-28
Share
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថ្កោលទោស​ចំពោះ​ការ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​លើ​សកម្មជន​គណបក្ស​ប្រឆាំង លោក ស៊ិន ខុន កាល​ពេល​នៅ​មាន​ជីវិត និង​កញ្ញា វ៉ាន់​ ស្រី​ពេជ្រ ជាក្មួយ​ស្រី​​នៅពេលមកទទួលសពលោក ស៊ិន ខុន នៅវត្តចាស់​ដើម្បី​ដឹក​យក​ទៅ​ធ្វើបុណ្​យតាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើតកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។
រូបភាព៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថ្កោលទោស​ចំពោះ​ការ​សម្លាប់ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក ស៊ិន ខុន រួម​ទាំង​សកម្មភាព​វាយប្រហារ​លើ​សមាជិក​គណ​បក្ស​ប្រឆាំង និង​អ្នកការពារ​សិទ្ធិមនុស្ស​ដទៃទៀត​។ ពួកគេ​ចាត់ទុក​ការ​យាយី​ឥត​ស្រាកស្រាន្ត និង​ការ​សម្លាប់​សកម្មជន​ទាំងនោះ គឺជា​ការ​រំលោភបំពាន​លើ​មូលដ្ឋាន​លទ្ធិប្រជាធិបតេយ្យ ដែល​អាច​ប៉ះពាល់​ផល​ដល់​សន្តិភាព និង​ស្ថិរភាព​ប្រទេស​និង​តំបន់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៧​ស្ថាប័ន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា ថ្កោលទោស​ចំពោះ​ការ​សម្លាប់​សកម្មជន​គណបក្ស​ប្រឆាំង​លោក ស៊ិន ខុន ដែល​តែង​រិះគន់​ទង្វើ​ខុសឆ្គង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ចូលរួម​តវ៉ា​រក​យុត្តិធម៌​សង្គម​ជាដើម​។ សកម្មភាព​ទាំងនោះ​ត្រូវ​បាន​សង្គម​ស៊ីវិល​ចាត់ទុកថា​ការអនុវត្ត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​ខ្លួន ហើយ​ធានា​ដោយ​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដដែល​លើកឡើង​ថា ការ​សម្លាប់​សកម្មជន​បក្ស​ប្រឆាំង​លោក ស៊ិន ខុន នេះ ទំនង​ក្រោម​ហេតុផល​នយោបាយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ស្វែងរក​ឃាតករ ឬ​ជន​ដៃដល់​យម​មក​ផ្ដន្ទាទោស​តាមច្បាប់​។ សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស ហើយ​ទាមទារ​ឱ្យ​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា ស្នើ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ការវាយប្រហារ​លើ​លោក ស៊ិន ខុន កាលពី​ថ្ងៃទី​១២ ខែ​ឧសភា និង​ការ​សម្លាប់ កាល​ពី​ថ្ងៃទី២១ ខែ​វិច្ឆិកា។

ក្រុម​អង្គ​ការដែល​ចូលរួម​ធ្វើ​សេចក្តី​ថ្លែងការណ៍​នេះ មាន​ដូចជា​អង្គការ​សុខភាព​ស្ត្រី​កម្ពុជា (CWHO) វិទ្យាស្ថាន​ព្រំដែន​កម្ពុជា (CBI) សមាគម​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម (CAF) និង​អង្គការ​សមាគម​មួយ​ចំនួន​ទៀត ដែល​មក​ពី​សហរដ្ឋអាមេរិក កាណាដា និង​អូស្ត្រាលី​ជាដើម។

ឆ្លើយតប​រឿង​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ មិន​អាច​ទទួល​យក​បាន​ឡើយ ព្រោះ​ពួកគេ​មិន​មាន​ភស្តុតាង និង​ដាក់​កំហុស​លើ​រដ្ឋាភិបាល ហើយ​យក​ករណីនេះ​ធ្វើជា​រឿង​នយោបាយ។ លោក​អះអាង​ថា កម្ពុជា​គឺជា​ប្រទេស​មាន​អធិបតេយ្យភាព​ត្រឹមត្រូវ ដោយ​មិន​អាច​បង្កើត​ក្រុម​ស៊ើបអង្កេត​ជុំវិញ​ឃាតកម្ម​លើ​សកម្មជន​បក្ស​ប្រឆាំង​តម​តាម​សំណើ​នេះ​បានទេ​។ លោក​ជំរុញ​ឱ្យ​សង្គម​ស៊ីវិល​និង​អ្នក​ពាក់ព័ន្ធ​សហការ​ជាមួយ​សមត្ថកិច្ច និង​ដាក់​ភស្តុតាង​ទៅ​តុលាការ​វិញ៖ «ហ្នឹង​គឺជា​បុរេវិនិច្ឆ័យ​មួយ​ដែល​ដិតដាម​ក្នុង​ខួរ​ក្បាល ការ​គិត​របស់​អង្គការ​ទាំងនោះ ឱ្យ​តែ​អ្វីៗ​កើតឡើង​គឺ​ដាក់​កំហុស​មក​លើ​រដ្ឋាភិបាល ហើយ រឿង​ហ្នឹង​ពិបាក​នឹង​ទទួល​ណាស់ ហើយ​ក្នុង​របប​ស៊ីវិល័យ​អង្គហេតុ​ហ្នឹង​គេ​មើល​ឱ្យ​ច្បាស់​មិនមែន​អតីត​សមាជិក​របស់​គាត់​ស្លាប់ ឬក៏​មាន​គ្រោះថ្នាក់​កើតឡើង​ដោយសារ​រឿង​នយោបាយ​នោះ​ទេ»

លោក ស៊ិន ខុន អាយុ ៣១​ឆ្នាំ គឺជា​យុវជន​បក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ កាល​នៅ​មាន​ជីវិត លោក​តែង​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល និង​ភាព​អយុត្តិធម៌​សង្គម​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ហូរហែ រហូត​ដល់​ត្រូវ​បាន​គេ​គំរាមកំហែង និង​វាយ​ឱ្យ​របួស​ធ្ងន់ធ្ងរ​រួច​ម្ដង​ហើយ​។ ទោះជា​រង​ការ​វាយដំ​យ៉ាង​ណា​ក្តី លោក​នៅតែ​រក្សា​ជំហរ​នយោបាយ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ចេញមតិ​រិះគន់​បញ្ហា​នានា និង​ចូលរួម​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម​ដដែល​។ ក្រោយ​មក​លោក ស៊ិន ខុន ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​កាប់​ត្រូវ​ជា​ច្រើន​កាំបិត​នៅ​លើ​ដងខ្លួន បណ្ដាល​ឱ្យ​ដាច់​ជើង​មួយ​ចំហៀង​ត្រឹម​ភ្លៅ ស្លាប់​នៅ​មាត់​ទន្លេ​ក្បែរ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ កាល​ពី​វេលា​ម៉ោង ១ យប់ ឈាន​ចូល​ថ្ងៃទី​២១ ខែវិច្ឆិកា។

កាលពី​ថ្មីៗ​នេះ ជនសង្ស័យ​ម្នាក់​ឈ្មោះ សៀង ឆរ័ត្ន បាន​អះអាង​ថា រូបគេ​កាប់​លោក ស៊ិន ខុន មកពី​បញ្ហា​គំនុំ​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​នោះ ត្រូវ​បាន​ពលរដ្ឋ និង​អ្នក​ប្រើ​ហ្វេសប៊ុក​មួយចំនួន​រិះគន់ និង​សង្ស័យ​ថា ជា​ឆាកល្ខោន ព្រោះ​ពួកគាត់​យល់ថា​ករណីនេះ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ព្រោះ​លោក ស៊ិន ខុន ជា​មនុស្ស​ស្លូតបូត ចូលចិត្ត​ធ្វើ​ការងារ​សង្គម និង​មិន​ធ្លាប់​មាន​គំនុំ​ជាមួយ​អ្នកណា​ឡើយ។

បងស្រី​បង្កើត​យុវជន​គណបក្សប្រឆាំង លោក ស៊ិន ខុន លោកស្រី ស៊ិន យ៉ុន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​ថា រហូត​មក​ដល់​ពេល​នេះ ក្រុមគ្រួសារ​លោកស្រី​មិនទាន់​ទទួល​ដំណឹង​ពាក់ព័ន្ធ​ទៅ​នឹង​លទ្ធផល​ស្រាវជ្រាវ ឬ​ស៊ើបអង្កេត​ពី​សំណាក់​សមត្ថកិច្ច​នៅឡើយ​។ បងស្រី​ជនរងគ្រោះ​រូប​នេះ​បញ្ជាក់​ថា លោកស្រី​មិន​រំពឹង​ថា អាជ្ញាធរ​ផ្តល់​យុត្តិធម៌​ដល់​ប្អូនប្រុស​នោះ​ទេ។ លោកស្រី​យល់​ថា​មាន​តែ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​តាម​ការ​លើកឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ​ទេ ទើប​ប្អូនប្រុស​លោកស្រី​ទទួល​បាន​យុត្តិធម៌​ពិតប្រាកដ៖ «សោកស្តាយ​តែ​រហូត​ហ្នឹង ចងចាំ​ក្នុង​ជីវិត ត្រាំត្រែង​អ៊ីចឹង​ទៅ​ធ្វើ​មិច​បើ​គ្រួសារ​ក្រ​ចាត់ទុកជា​មោឃៈ ធ្វើ​មិន​លទ្ធភាព​យើង​អត់ អាហ្នឹង​អ៊ីចឹង​ហើយ​ខ្ញុំ​ខំ​ចង់​ឱ្យ​មាន​ការ​ស៊ើបអង្កេត»

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ប្រាប់​ថា លោក​មិន​មាន​សិទ្ធិ​បកស្រាយ​ពាក់ព័ន្ធ​សំណុំរឿង​ឃាតកម្ម​លើ​សកម្មជន​បក្ស​ប្រឆាំង​បាន​ទេ ព្រោះ​វា​គឺជា​រឿង​សម្ងាត់ និង​ស្ថិត​ក្នុង​ដំណាក់កាល ស៊ើបអង្កេត​នៅឡើយ ហើយ​លោក​រុញ​ឱ្យទៅ​សួរ​ស្ថាប័ន​អយ្យការ​វិញ​។ លោក​បន្ត​ថា បើ​ក្រុម​គ្រួសារ​ចង់​ដឹង​ពី​ដំណើរការ​រឿងនេះ ពួកគេ​គួរ​ពឹងពាក់​មេធាវី​ដើម្បី​សាកសួរ​ទៅ​តុលាការ៖ «នាំពាក្យ​តែ​អាវុធហត្ថ ផុតដៃ​អាវុធហត្ថ​គឺ​ខ្ញុំ​អត់​ដឹង​ដែរ ព្រោះ​ជា​ការ​ស៊ើបអង្កេត​របស់​គេ មន្ត្រី​នគរបាល​យុត្តិធម៌​គេ​ធ្វើការ​របស់​គេ​បញ្ជូន​ទៅ អ៊ីចឹង​ក្នុងនាម​អ្នកនាំពាក្យ​ពុំ​មាន​សិទ្ធិ​ឆ្លើយ​ពាក់ព័ន្ធ​ករណី​ហ្នឹង​ទេ»

វិទ្យុ​អាស៊ីសេរី​មិន​ទាក់ទង​អ្នកនាំពាក្យ​តុលាការក្រុង​ភ្នំពេញ លោក ប្លង់ សុផល ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃ​២៧ ខែវិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នកទទួល។

ចំណែក​គ្រួសារ​លោក ស៊ិន ខុន វិញ ពួកគាត់​សម្រេច​មិន​ដាក់​បណ្ដឹង​នោះ​ទេ ដោយសារ​ជីវភាព​ក្រីក្រ និង​គ្មាន​សង្ឃឹម​បាន​ទទួល​យុត្តិធម៌​ពិត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ការ​វាយ​ហារ​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា ដូចជា ការ​យាយី​តាមផ្លូវ​តុលាការ ការ​លប​វាយ និង​ការ​សម្លាប់​សកម្មជន​បក្ស​ប្រឆាំង និង​សមាជិក​សង្គម​ស៊ីវិល បាន​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់។ ករណី​ភាគច្រើន​ត្រូវ​បាន​សាធារណជន​រិះគន់​ថា មិន​មាន​យុត្តិធម៌​ពិតប្រាកដ​ឡើយ ហើយ​បង្កើត​បាន​ជា​វប្បធម៌ និទណ្ឌ​ភាព ដែល​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិមនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល