មន្ត្រីសង្គមស៊ីវិល​ ទាមទារ​ឱ្យ​អាជ្ញាធរ​អនុវត្តច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​លើ​ជនជាតិចិន​ក្នុងខេត្តព្រះសីហនុ​

ដោយ ម៉ៅ សុធានី
2021.12.01
Share on WhatsApp
Share on WhatsApp
មន្ត្រីសង្គមស៊ីវិល​ ទាមទារ​ឱ្យ​អាជ្ញាធរ​អនុវត្តច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​លើ​ជនជាតិចិន​ក្នុងខេត្តព្រះសីហនុ​ ជនជាតិ​ចិន ៤ នាក់ត្រូវបាន​ចាប់​ខ្លួន បន្ទាប់​ពី​ធ្វើសកម្មភាព​ចាប់ជំរិត​ជនជាតិ​ចិន​ម្នាក់​នៅ​ខេត្តព្រះសីហនុ កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
រូប៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

មន្ត្រីអង្គការសង្គមស៊ីវិល​ ជំរុញដល់អាជ្ញាធរខេត្តព្រះសីហនុ អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​លើ​បញ្ហា​អសន្តិសុខសង្គម​ និង​បទល្មើស​ដែល​បានបង្កឡើង​ដោយ​ជនជាតិចិន​។ ពួកគេសង្កេតឃើញថា​​ អាជ្ញាធរមូលដ្ឋាន​អនុវត្តធូររលុង ស្របពេល​ដែល​មាន​ករណីផ្ទុះអាវុធ​ និង​មាន​ការ​នាំ​ចូល​គ្រឿងញៀន​ទ្រង់ទាយ​ធំ​ជា​បន្តបន្ទាប់​ក្នុង​ខេត្តព្រះសីហនុ​។

តំបន់ឆ្នេរសមុទ្រ​ខេត្តព្រះសីហនុ​ ដែលមានឈ្មោះ​អតីតព្រះមហាក្សត្រខ្មែរ​ផងនោះ​ ប្រជាពលរដ្ឋ​មើលឃើញថា ​មានការរីកចម្រើន​យ៉ាងឆាប់រហ័ស​ ដូចជា មានអគារស្អេក​ស្កះរីកដូចផ្សិត​ តាមរយៈ​លំហូរជនជាតិចិន​មក​វិនិយោគ​។ ទន្ទឹមការ​អភិវឌ្ឍ​ក្នុង​ខេត្ត​មួយ​នេះ​ ​ត្រូវបាន​គេ​មើលឃើញ​ថា​ ទី​ក្រុងមាត់សមុទ្រមូយនេះ​ កំពុង​ក្លាយ​ជា​កន្លែង​ប្រមូលផ្ដុំ​បងតូចបងធំ​ មាន​អ្នករត់ពន្ធ​គ្រឿងញៀន​ អំពើពេស្យាចារ​ សកម្មភាព​ចាប់ជម្រិតទារប្រាក់​ និង​មានការប្រើប្រាស់អាវុធទំនើបៗ​ បាញ់​បោះតាមទីសាធារណៈ​ រវាងជនជាតិចិន​និង​ជនជាតិចិន​ឥតស្រាកស្រាន្ត​។ ប្រការនេះ​ សង្គមស៊ីវិលព្រួយបារម្ភ​ថា​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ម្ចាស់ស្រុករស់នៅ​ភ័យខ្លាច​ នឹង​ជះឥទ្ធិពល​កាន់​តែ​អាក្រក់​មក​លើ​សង្គមកម្ពុជា​។

ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍន៍លោក យង់ គឹមអេង សង្កេត​ឃើញ​ថា​ បញ្ហាអសន្តិសុខសង្គម​ក្នុង​ខេត្តព្រះសីហនុ​ដែលបង្កឡើង​ដោយជនជាតិចិន​នៅ​តែ​បន្ត​កើត​ឡើង​ឥតឈប់ឈរ​។ លោកបន្តថា​ បើ​ទោះ​បី​អាជ្ញាធរមូលដ្ឋាន​មាន​ការ​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​ ការប្រើប្រាស់អាវុធដោយខុសច្បាប់​ និង​ការ​លួច​បើក​បនល្បែង​តាមប្រព័ន្ធអនឡាញ​ ក៍​ក្រុមជនជាតិ​ចិន​ហាក់​មិន​ញញឺត​នឹង​អាជ្ញាធរខ្មែរឡើយ ហើយ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បាញ់បោះ​នៅ​តាមដង​ផ្លូវសាធារណៈ​ធ្វើ​ឱ្យ​ពលរដ្ឋ​ព្រួយបារម្ភ​ពវីសុវត្ថិភាព៖ «ការបាញ់បោះ​ដោយ​មានការប្រើប្រាស់អាវុធ​នេះ​ជា​កង្វល់​មួយ​ដែលសាធារណៈជន​តែងតែ​លើក​ឡើង​ជា​ទូទៅ​ ហើយ​ក៍​បាន​ផ្ដល់​ឥទ្ធិពល​ដ៍​អាក្រក់​សម្រាប់​សង្គមខ្មែរដែរ​។ មាន​ទាំងបាញ់បោះ​ គ្រឿងញៀន​ ប្រព្រឹត្តិ​អំពើព្រៃផ្សៃ​ ក្នុង​នោះ​ក៍​មាន​ការ​បាញ់​តបត​ជា​មួយសមត្ថកិច្ច​ជា​ហូរហែ​ពេល​ដែល​ចុះ​បង្ក្រាប​កន្លងមក​»

ទោះបីរដ្ឋាភិបាល​សម្រេចបិទបនល្បែង​កាស៊ីណូ​អនឡាញ​(Online)​កាល​ពី​ខែសីហា​ ឆ្នាំ២០១៩​ ក្តី​ ​ក៏អាជីវកម្មបនល្បែងកាស៊ីណូ​មួយចំនួន​នៅ​តែ​បើកដំណើរ​ការធម្មតា​ ចំណែក​ការ​ជម្រិតទារ​ប្រាក់​ពី​សំណាក់​ជនជាតិចិន​នៅ​តែ​កើត​មាន​​ឥត​ថម​ថយ​។ ជាង​នេះ​ទៅ​ទៀត​ កន្លង​មក​មាន​ក្រុមប្រដាប់អាវុធជន​ជាតិចិន​កាន់កាប់អាវុធសេរីទំនើបៗ​ បាញ់​បោះ​នៅ​តាមហាងផឹកស៊ី​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច។

កាលពីដើមខែតុលាកន្លងទៅអាជ្ញាធរបាន​ឃាត់ខ្លួន​ឧក្រិដ្ឋជន​ចាប់ជំរិតជនជាតិចិន​ជាច្រើន​នាក់ និង​បាន​ដកហូត​អាវុធ​វែង ខ្លី ​ចំនួន ៧ ដើមរួមមាន​កាំភ្លើង​​ម៉ាក​អាកា ៤៧ (AK 47) មួយ​ដើម កាំភ្លើង​វែង​ម៉ាក អឹម ហ្វ័រ (M4) មួយ​ដើម កាំភ្លើងខ្លី​ម៉ាក​កា ៥៤ (K54) ពីរ​ដើម កាំភ្លើងខ្លី​ម៉ាកកា ៥៩ (K59) មួយ​ដើម កាំភ្លើងខ្លី​ម៉ាក​សេអេហ្វ ៩៨ (CF98) មួយ​ដើម និង​កាំភ្លើង​ខ្លី​ម៉ាក​រ៉ូឡូ​មួយ​ដើម ព្រម​ទាំង​គ្រាប់​កាំភ្លើង​ជាច្រើន​គ្រាប់។

លោក យង់ គឹមអេង​ ទាមទារ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​មានការស៊ើបអង្កេត​ឱ្យ​បាន​ល្អិតល្អន់​ដើម្បី​សុវត្ថិភាពដល់ប្រជាពលរដ្ឋ។ លោកបន្តថា​ក្នុង​ដំណើរការ​ស៊ើបអង្កេត​របស់អាជ្ញាធរ​និងក្រសួងពាក់ព័ន្ធ​ត្រូវមានតម្លាភាព​ រដ្ឋាភិបាល​ត្រូវវែកមុខ​រក​ប្រភពចម្បង​អ្នក​ដែល​បាន​លក់អាវុធ​ឱ្យ​ជនជាតិចិន​ប្រើប្រាស់​ដោយ​ខុសច្បាប់​ រួមទាំងមេខ្លោងរត់ពន្ធគ្រឿងញៀន​ចូល​មក​កម្ពុជា​។ លោកបារម្ភថា​ សកម្មភាព​បទល្មើស​របស់​ឧក្រិដ្ឋជនជាតិចិន​មក​នេះ​ បើ​នៅ​តែបន្តកើត​មាន​ទៀត​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់ដល់សង្គមជាតិ​ធ្ងន់ធ្ងរ​។

ឆ្លើយតបបញ្ហានេះ​ស្នងការនគរបាលខេត្តព្រះសីហនុលោក ជួន ណារិន​ ទទួល​ស្គាល់​ថា​ បទល្មើសភាគច្រើន ​គឺ​បង្កឡើងដោយជនជាតិចិន​ តែ​លោកអះអាងថា​អាជ្ញាធរ​​តែងតែ​ចុះបង្ក្រាប​បទល្មើស​ ដោយឃើញមួយបង្ក្រាប​មួយឃើញពីរបង្រ្កាបពីរ​។ លោកបន្តថា​ លោក​បានដាក់ពង្រាយកង​កម្លាំងប្រដាប់អាវុធ​បន្ថែមទៀត​ ដើម្បី​រៀបចំសណ្ដាប់ធ្នាប់​ និង​ការពារសន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​។ ចំណែក​រឿង​ក្តីស៊ើបអង្កេតជនល្មើស​ដែល​បាន​លក់អាវុធ​ឱ្យ​ជនជាតិចិន​វិញ​ លោក​ប្ដេជ្ញាចិត្ត​​ថា​នឹង​ស្វែងរកមុខ​មេខ្លោង​ដើម្បីផ្ដន្ទាទោស​តាមផ្លូវច្បាប់​ ដោយ​បាន​សហការ​ជា​មួយ​សមត្ថកិច្ចជំនាញ​និង​ព្រះរាជអាជ្ញា៖ «គឺត្រូវតែ​មាន​នាយកដ្ឋានជំនាញ​ដើម្បី​សហការ​ទាំងលើទាំងក្រោម​ ដោយ​មានការ​សម្របសម្រួល​ពីព្រះរាជអាជ្ញា​តាម​ផ្លូវច្បាប់​យើង​អត់​ទុកចោល​ទេ​រឿងនេះ​។ ទោះបី​ជា​យើង​បង្ក្រាប​បាន​មួយឬពីរ​ ក៍​បើកការ​ស៊ើបសួរ​ជំនួស​បន្ត​មិន​ឱ្យ​រលាត់​នីតិវិធីទេ​»។

របាយការណ៍​ស្នងការនគរបាលខេត្តព្រះសីហនុ​កាលពីឆ្នាំ២០១៩​ បង្ហាញថា​ អាជីវកម្ម​រួមមាន​ សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​ចំនួន​ជាង១រយកន្លែង (១៥​៦)​​ គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ចំនួន ​១៥០ ​កន្លែង។ កាស៊ីណូ​ចំនួន​ ៦២​ កន្លែង​ វិនិយោគ​ដោយ​ជនបរទេស ​៤៨​ កន្លែង។ ក្លិប​កំសាន្ត​ ខារ៉ាអូខេ​ ៤១​ កន្លែង​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន។ ហាង​ម៉ាស្សា​ចំនួន​ ៤៦ កន្លែង​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន។ ភោជនីយ​ដ្ឋាន​ជាង ៤រយកន្លែង (​៤៣៦) ក្នុងនោះ​ចំនួន ៩៥% គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​។

ជុំវិញរឿងនេះអ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុអ្នកស្រី ជ្រៀប សុធារី​ មានប្រសាសន៍ថា​ ទោះបី​រដ្ឋាភិបាល​ប្រកាសបិទល្បែងកាស៊ីណូអនឡាញ​ក្នុងឆ្នាំ២០១៩​ អ្នកលួចបើកអាជីវកម្ម​នេះ​នៅ​តែ​កើតមាន​ ហើយ​បទល្មើស​ដែលបង្កឡើង​ដោយ​ជនជាតិចិន​នៅ​កើត​មាន​ឡើង​ជា​បន្តបន្ទាប់​។ អ្នកស្រីបន្តថា​ ដើម្បី​កុំ​ឱ្យ​មាន​ការប្រើប្រាស់​អាវុធចាញ់បោះ​ដោយសេរី​ដូចពេលកន្លងមក គឺ​អាជ្ញាធរ​ត្រូវ​អនុវត្តច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ និង​ស៊ើបអង្កេត​រក​មេខ្លោង​ពាក់ព័ន្ធទាំងអស់​មកផ្ដន្ទាទោសតាមច្បាប់៖ «យើង​នៅតែមាន​ការព្រួយបារម្ភ​អញ្ចឹង​សម្រាប់ប្រជាពលរដ្ឋ​ក្នុងខេត្តព្រះសីហនុ​ ព្រោះវាមិនមែន​ជា​លើកទីមួយ​។ ទោះបី​ជា​រដ្ឋាភិបាល​ប្រកាស​ឱ្យ​បិទល្បែង​អនឡាញ​ក៍​ដោយ​ ប៉ុន្តែ​កាស៊ីណូ​នៅ​តែ​ដំណើរការ​លេង​ចឹង​គ្រាន់​តែ​មិន​សូវ​មាន​ភ្ញៀវ​។ បទល្មើស​ក៍​នៅ​តែ​កើត​មានដែរ​ ព្រោះ​រាល់ថ្ងៃ​ហ្នឹង​ការ​ចាញ់វាយគ្នា​នៅ​កណ្តាល​ផ្លូវ​ទី​សាធារណៈ​ក៍មាន​ទីប្រជុំជន​ក៍មាន​ កណ្តាលយប់​កណ្តាលអធ្រាត្រ​លឺ​ផ្ទុះអាវុធ​អីហ្នឹង​យើងក៍​មានការ​ព្រួយបារម្ភដែរ​»

មន្រ្តីសង្គមស៊ីវិលរូបនេះ​បន្ថែមថា​ អាជ្ញាធរមូលដ្ឋាន​អនុវត្តច្បាប់​នៅ​ខ្វះ​ចន្លោះ​ប្រហោង​ច្រើន​ ដូចជា​បណ្តែតបណ្តោយ​ឱ្យ​មាន​បនល្បែងកាស៊ីណូអនឡាញ​មួយ​ចំនួន​នៅ​ដំណើរការ​ មានការចាប់ជម្រិត​ ការជួញដូរគ្រឿងញៀន​ និង​ការកាន់កាប់​អាវុធខុសច្បាប់​ជាដើម​។

ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​២០២១ អាជ្ញាធរ​កម្ពុជា​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ជិត​១​ម៉ឺន​នាក់ (៩.៨២៨) និង​គ្រឿង​ញៀន​សរុប​ជាង​១ពាន់​គីឡូក្រាម (១.០៤៩)។ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​នោះ មាន​មនុស្ស​ជាង​៦​ពាន់​នាក់ (​៦​.០​៤​៤) ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿងញៀន ហើយ​​មនុស្ស​ជាង​៣​ពាន់​នាក់​ (៣.៧៨៤) រួម​ទាំង​ជន​បរទេស​ជាង​២រយ​នាក់​ទៀត (២១៧) ​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​គ្រឿងញៀន។

កាលពី​ឆ្នាំ​២០២០ សមត្ថកិច្ច​កម្ពុជា​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ជាង ៥០០ (៥២៣)​នាក់ ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា​។ សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជនជាតិ​ចិន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ភាគ​ច្រើន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ឃាតកម្ម ចាប់​ជំរិត​ទារប្រាក់ អំពើ​ហិង្សា ឆបោក ចោរកម្ម រត់ពន្ធ​ថ្នាំញៀន និង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។