សង្គម​ស៊ីវិល​បារម្ភ​ពី​ករណី​បង្ខាំង​មនុស្ស និង​ចាប់ជំរិត​ផ្ទុះ​ឡើង​វិញ​នៅ​កម្ពុជា

ដោយ​ ថា ថៃ
2023.12.03
សង្គម​ស៊ីវិល​បារម្ភ​ពី​ករណី​បង្ខាំង​មនុស្ស និង​ចាប់ជំរិត​ផ្ទុះ​ឡើង​វិញ​នៅ​កម្ពុជា អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ។
RFA File

មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​ផ្ទុះ​ឡើងវិញ​នូវ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ការ​ចាប់​ជំរិត និង​បង្ខាំង​មនុស្ស​នៅ​លើ​ទឹកដី​កម្ពុជា បន្ទាប់ពី​អាជ្ញាធរ​បាន​បង្ក្រាប​ករណី​ទាំងនោះ​ជា​បន្តបន្ទាប់​កាលពី​ខែ​វិច្ឆិកា កន្លងទៅ​។ ពួកគាត់​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ ត្រូវ​បង្កើន​ការទប់ស្កាត់ និង​បង្ក្រាប​ឱ្យ​បាន​តឹងរ៉ឹង ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ការ​វិនិយោគ និង​កិត្តិយស​ប្រទេស​កម្ពុជា កាន់តែ​ខ្លាំង​ជាង​នេះ​ទៀត។

មន្ត្រី​សង្គម​ស៊ីវិល​កត់សម្គាល់​ថា បទល្មើស​នៃ​ការ​ចាប់​ជំរិត និង​បង្ខាំង​ធ្វើ​ទារុណកម្ម​មនុស្ស នៅ​តែ​បន្ត​មាន​វត្តមាន​លើទឹក​ដី​ប្រទេស​កម្ពុជា ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​បង្កើន​ការ​ទប់ស្កាត់ និង​បង្ក្រាប​ឱ្យ​កាន់តែ​ខ្លាំង។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២ ខែ​ធ្នូ ថា ការ​ផ្ទុះ​ករណី​ចាប់ជំរិត​បង្ខាំង​មនុស្ស​នៅ​ពេល​នេះ គឺជា​ក្ដី​បារម្ភ​ធំ​មួយ ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​ការ​វិនិយោគ​ពី​បរទេស។ លោក​បន្ត​ថា ទោះបីជា​ករណី​ចាប់ជំរិត​ទាំង​មាន​ទ្រង់ទ្រាយ​តូច ឬ​ធំ​ក្ដី តែ​វា​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ទូលំទូលាយ​ដែល​នឹង​ប៉ះពាល់​ដល់​កិត្តិយស​ប្រទេស​ជាតិ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​មាន​ឈ្មោះ​មិនល្អ​ក្នុង​ករណី​នេះ​ស្រាប់។

លោក យង់ គិមអេង៖ «អ៊ីចឹង​ត្រូវ​តែ​មាន​ប្រព័ន្ធ​ដើម្បី​ផ្ដល់​ព័ត៌មាន។ ប្រសិន​គេ​មាន​បញ្ហា គេ​ត្រូវ​ផ្ដល់​ព័ត៌មាន​យ៉ាងម៉េច​។ ត្រូវតែ​មាន​លេខ​ហតឡាញ (លេខ​ទូរស័ព្ទ​បន្ទាន់​) ហើយ​ប្រសិនបើ​គេ​មាន​ករណី​បែប​ហ្នឹង ហើយ​ខល​ទៅ ត្រូវតែ​ធ្វើ​អន្តរាគមន៍​ឱ្យ​លឿន ឱ្យ​ទាន់​ពេលវេលា មិន​អាច​ទុកចោល​បាន ហ្នឹង​បាន​ទៅរួច​។ ហើយ​ជា​វិធានការ​បង្ការ ធ្វើ​យ៉ាងម៉េច​វិធានការ​បង្ការ​ហ្នឹង​គឺត្រូវ​ធ្វើ​ឱ្យ​បាន​ហ្មត់ចត់ ហើយ​និង​ឱ្យ​បាន​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ។ ហើយ​តែ​ករណី​កើត​ឡើង​ហើយ គឺ​វា​អាច​ជះឥទ្ធិពល​មិន​ល្អ​ហើយ»

ការ​ព្រួយបារម្ភ​របស់​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ គឺ​បន្ទាប់ពី​អាជ្ញាធរ​បាន​បង្ក្រាប​ករណី​បង្ខាំង​មនុស្ស និង​ចាប់​ជំរិត ជា​ហូរហែ​បន្តបន្ទាប់​គ្នា​ក្នុង​ចំនួន​មួយ​ដ៏​ច្រើន ត្រឹម​រយៈពេល​មួយ​ខែ។

ក្នុង​នោះ​រួម​មាន ករណី​កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា អាជ្ញាធរ​បាន​ឃាត់ខ្លួន​ជន​ល្មើស​ចំនួន ១៣​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ម្នាក់ និង​ជនជាតិ​បង់ក្លាដេស (Bangladesh)​ចំនួន ១២​នាក់ នៅក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដោយ​សង្គ្រោះ​បាន​ជនជាតិ​ចិន ២​នាក់​។ ដោយ​ឡែក កាលពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា សមត្ថកិច្ច​នៅ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣៣​នាក់ មាន​ជនជាតិ​ខ្មែរ ចិន វៀតណាម ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស ដោយ​ខុសច្បាប់ និង​បើក​អនឡាញ​ខុសច្បាប់ និង​ករណី​ចាប់ជំរិត​ជាច្រើន​ផ្សេង​ទៀត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បី​សុំ​ការ​បកស្រាយ​ពី​ក្ដី​បារម្ភ​នេះ​បាន​ទេ នៅ​ថ្ងៃទី២ ធ្នូ។

ទាក់ទិន​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho)លោក អំ សំអាត យល់​ឃើញ​ថា ការ​បង្ក្រាប​ករណី​ទាំងនេះ​ជា​សញ្ញា​បង្ហាញ​ថា ការ​ជួញដូរ និង​បង្ខាំង​មនុស្ស នៅតែ​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​ព្រួយបារម្ភ។ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​បង្កើន​ការ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ទាំងនេះ​ឱ្យ​អស់ ជា​ពិសេស​ការ​រឹត​បន្តឹង និង​ទប់ស្កាត់​លំហូរ​ចូល​នូវ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​ភាគច្រើន​ជា​ជនបរទេស​ចូល​មក​កម្ពុជា ដើម្បី​ធ្វើ​សកម្មភាព​ខុសច្បាប់​ទាំងនេះ។

លោក អំ សំអាត៖ «ទីមួយ​គឺ​ត្រូវតែ​រឹត​បន្តឹង​នៅក្នុង​ការអនុវត្ត​ច្បាប់​សម្រាប់​កម្ពុជា ទៅលើ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​នៅ​កម្ពុជា​យើង។ ហើយ​ទីពីរ សហការ​ជាមួយ​បណ្ដា​ប្រទេសជិតខាង ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មាន​លំហូរ​នៃ​ឧក្រិដ្ឋជន ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​ទី​បី សហការ​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​កំណត់​នៃ​មុខសញ្ញា​ឧក្រិដ្ឋជន ដើម្បី​តាម​ឃ្លាំមើល ឬក៏​ដើម្បី​ធ្វើការ​ទប់ស្កាត់ ដើម្បី​កុំឱ្យ​ឆ្លង​ចូល​មក​ក្នុង​ប្រទេស​កម្ពុ​ជា​យើង»

របាយការណ៍​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) ចេញ​ផ្សាយ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ បង្ហាញ​ថា ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួមមាន ឡាវ​(Lao) និង​មីយ៉ាន់ម៉ា (Myanmar) ដែល​កំពុង​មាន​ភាព​សកម្ម​ខ្លាំង​ក្នុង​ការ​ជួញដូរ​មនុស្ស បង្ខំ​ឱ្យធ្វើ​ឧក្រិដ្ឋកម្ម បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ និង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​។ ក្នុង​នោះ​រួមមាន​ការ​ធ្វើ​ទារុណកម្ម​ឃោរឃៅ​ទៅលើ​ជនរងគ្រោះ ដោយ​ការ​ឃុំខ្លួន បំបិទ​សិទ្ធិ​សេរីភាព ការ​ដកហូត​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ផ្ទាល់ខ្លួន ការ​រំលោភ​បំពាន​រាងកាយ វាយដំ និង​ការផ្ទេរ​ជនរងគ្រោះ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ផ្សេងទៀត​ជាដើម។

របាយការណ៍​ទាំងនេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​មិនមែន​ជា​កន្លែង​មាន​សុវត្ថិភាព ជាពិសេស​សម្រាប់​ជនបរទេស​នោះ​ឡើយ ដែល​បណ្ដាល​ឱ្យ​មានការ​ជះឥទ្ធិពល​អាក្រក់​ទៅលើ​វិស័យ​ទេសចរណ៍ និង​ការ​វិនិយោគ ជាពិសេស​គឺ​កិត្តិយស​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

មន្ត្រី​សង្គម​ស៊ីវិល​ថា មាន​តែ​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​ជនល្មើស ការ​រឹត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍ និង​ការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន​តែប៉ុណ្ណោះ ទើប​អាច​រំដោះ​កម្ពុជា​មិន​ឱ្យ​ជនល្មើស​យក​ធ្វើជា​កន្លែង​ធ្វើអំពើ​ខុសច្បាប់ ឆបោក ចាប់ជំរិត និង​ឃុំឃាំង​មនុស្ស​តទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។